២៦ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី២១ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក (២ថស ៣,៦-១០.១៦-១៨)

បងប្អូនអើយ! យើងសូមរម្លឹកដាស់តឿនបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងថា ចូរចៀសចេញឱ្យឆ្ងាយពីបងប្អូនណា ដែលរស់នៅដោយឥតសណ្ដាប់ធ្នាប់ ផ្ទុយនឹងរបៀបដែលយើងបានទទួលយកមកបង្រៀនបងប្អូន។ បងប្អូនជ្រាបស្រាប់ហើយថា ត្រូវ​យកតម្រាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូនដោយឥតសណ្ដាប់ធ្នាប់នោះឡើយ យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ដោយឥតបង់ប្រាក់ទេ។ យើងខំធើ្វការហត់នឿយទំាងយប់ ទំាងថ្ងៃ កុំឱ្យនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។ ត្រង់នេះ មិនមែនមានន័យថា យើងគ្មានសិទ្ធិនឹងឱ្យគេផ្គត់ផ្គង់នោះឡើយ ប៉ុន្ដែយើងធើ្វដូច្នេះ ទុកជាគំរូឱ្យបងប្អូនយកតម្រាប់តាម ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធើ្វការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។ សូមព្រះអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដ ប្រទានសេចក្ដីសុខសាន្ដគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទំាងអស់គ្នា!។ ពាក្យសួរសុខទុក្ខនេះ ខ្ញុំប៉ូលបានសរសេរដោយដៃខ្ញុំផ្ទាល់។ នេះជាហត្ថលេខាដែលខ្ញុំតែងចុះក្នុងគ្រប់លិខិត ខ្ញុំសរសេរដូច្នេះ។ សូមព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងប្រណីសន្ដោសបងប្អូនទំាងអស់គ្នា!។

ទំនុកតម្កើងលេខ ១២៨ (១២៧),១-២.៤-៥ បទកាកគតិ

១ អ្នកណាកោតខ្លាច លុះតាមអំណាច ព្រះជាអម្ចាស់
  ដើរតាមគន្លង ធម៌របស់ព្រះ អ្នកនោះឥតខ្វះ
    ពោរពេញដោយពរ ។
២ អ្នកនឹងបានផល ទទួលឥតខ្វល់ ពូនជាគំនរ
  ពីការអ្នកធើ្វ អ្នកឥតវឹកវរ អ្នកមានជំហរ
    សុខសប្បាយជុំ ។
៤ នេះជាអំណោយ ទ្រង់ប្រទានឱ្យ តាមក្ដីប្រាថ្នា
  ដល់អ្នកកោតខ្លាច អំណាចចេស្ដា បានភោគផលា
    មិនពិបាករក ។
៥ សូមទ្រង់ប្រសិទ្ធិ ពរជ័យវិចិត្រ ពីស្ថានសួគ៌មក
  ជារៀងរាល់ថ្ងៃ កុំបាច់លៃលក ដើរតត្រុករក
    ក្នុងជីវិតអ្នក ។

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (ហប៤,១២)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ​ និងគំនិតក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៣,២៧-៣២) 

ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយ​សព្វបែបយ៉ាង។ អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសម្ដែងឫកពារខាងក្រៅឱ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាមនុស្សសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញទៅមក។ ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឱ្យពួកព្យាការី ព្រមទំាងតុបតែងផ្នូររបស់មនុស្សសុចរិតដោយពោលថា ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេក្នុងការសម្លាប់ពួកព្យាការីឡើយ។ អ្នករាល់គ្នាពោលដូច្នេះ បាន​សេច​ក្ដីថា អ្នករាល់គ្នាចោទខ្លួនឯងថា ជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ដូច្នេះ ចូរនំាគ្នាបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នា ឱ្យបានសម្រេចទៅ!»