បុណ្យរម្លឹកសន្តីតេរេសានៃព្រះយេស៊ូ ជាព្រហ្មចារិនីនៅក្រុងអាវីឡា
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ ពណ៌ស
ថ្ងៃទី១៥ ខែតុលា
នាងតេរេសា (១៥១៥-១៥៨២) កើតនៅក្រុងអាវីឡា (ប្រទេសអេស្ប៉ាញ)។ កាលនាងអាយុដប់ប្រាំបីឆ្នាំ នាងចូលបួសនៅអារាមកាមែល នៅក្រុងអាវីឡា។ ម្ភៃប្រាំពីរឆ្នាំក្រោយមក សន្តីតេរេសាស្ម័គ្រចិត្ត “ឬរងទុក្ខ ឬស្លាប់” ថ្វាយព្រះយេស៊ូ។ គាត់បានកែទម្រង់វិន័យក្រុមគ្រួសារកាមែលឱ្យបានស្របតាមក្បួនដើម ដោយបានបង្កើតអារាមជាច្រើនផង។ សន្តីតេរេសានិពន្ធសៀវភៅតំណាលអំពីដំណើរថ្វាយខ្លួនទៅព្រះជាម្ចាស់ ជាពិសេសអំពីការអប់រំអធិដ្ឋាន។ នៅឆ្នាំ ១៩៧០ សម្តេចប៉ាបប្រកាសថា សន្តីតេរេសានេះជា “គ្រូបាធ្យាយនៃព្រះសហគមន៍”។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសឱ្យព្រះវិញ្ញាណព្រះអង្គបំភ្លឺចិត្តគំនិតសន្តីតេរេសា ដើម្បីបង្ហាញផ្លូវគ្រីស្តបរិស័ទឱ្យតាមឋានៈជាបុត្រធីតាយ៉ាងពេញលក្ខណៈ។ សូមទ្រង់មេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យមានចំណងចង់រស់តាមរបៀបដែលគាប់ព្រះហឫទ័យព្រះអង្គ និងចះអធិដ្ឋានដូចសន្តីតេរេសា។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម( រ៉ូ ៨,២២-២៧)
យើងដឹងហើយថា មកទល់ថ្ងៃនេះ ពិភពលោកទាំងមូលកំពុងតែស្រែកថ្ងូរ និងឈឺចុកចាប់ដូចជាស្ត្រីដែលហៀបនឹងសម្រាលកូន។ មិនត្រឹមតែពិភពលោកប៉ុណ្ណោះទេ សូម្បីតែយើងដែលបានទទួលព្រះអំណោយទានដំបូងរបស់ព្រះវិញ្ញាណក៏ថ្ងូរក្នុងចិត្ត ទាំងទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងលោះរូបកាយយើងទាំងស្រុងដែរ ដ្បិតយើងបានទទួលការសង្គ្រោះតែក្នុងសេចក្ដីសង្ឃឹមប៉ុណ្ណោះ។ ប្រសិនបើយើងបានអ្វីដែលយើងសង្ឃឹមចង់បាន នោះមិនមែនហៅថាសង្ឃឹមទៀតទេ ព្រោះអ្វីៗដែលយើងបានហើយ តើយើងសង្ឃឹមចង់បានដូចម្ដេចទៀត!។ ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្តព្យាយាម។ យ៉ាងណាមិញ ព្រះវិញ្ញាណក៏យាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិស្ឋានដូចម្ដេច ដើម្បីឱ្យបានសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ព្រះអង្គទូលអង្វរឱ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។ រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ព្រះអង្គជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឱ្យប្រជាជនដ៏វិសុទ្ធស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
ទំនុកតម្កើងលេខ ១៩(១៨), ៨-១១ បទពាក្យ ៧
| ៨ | ព្រះធម្មវិន័យ | ល្អល្អះប្រពៃ | ប្រសើរថ្កើងថ្កាន |
| ផ្តល់កម្លាំងចិត្ត | ឥតមានស្រាកស្រាន្ត | អ្នកល្ងង់ប្រែប្រាណ | |
| ជាមានប្រាជ្ញា | ។ | ||
| ៩ | បញ្ជារបស់ | ព្រះម្ចាស់ទាំងអស់ | ត្រឹមត្រូវសត្យា |
| ឱ្យចិត្តអំណរ | សប្បាយក្រៃណា | បំភ្លឺចិន្តា | |
| ថ្លៃថ្លាត្រចង់ | ។ | ||
| ១០ | ការគោរពកោត | ព្រះអម្ចាស់លោត | វិសេសយល់យង់ |
| ស្ថិតស្ថេចិរកាល | តទៅគង់វង្ស | ការវិនិច្ឆ័យទ្រង់ | |
| ក៏ត្រង់ត្រឹមត្រូវ | ។ | ||
| ១១ | គួរឱ្យប្រាថ្នា | ចង់បានណាស់ណា | ជាងមាសឆ្អិនឆ្អៅ |
| ផ្អែមជាងទឹកឃ្មុំ | ខែចែត្រខែក្តៅ | ហូរជោរចេញទៅ | |
| ចាកពីបង្គង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
«ចូរទុកសេចក្តីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នា។ អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំស្ថិតនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។»
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (៦, ៤៣-៤៥ ឬ ១៥,១-៨)
«ដើមឈើល្អមិនដែលឱ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញក៏មិនដែលឱ្យផ្លែល្អដែរ ដ្បិតគេស្គាល់ដើមឈើបានដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែឧទុម្ពរ ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ។ មនុស្សល្អតែងប្រព្រឹត្តអំពើល្អ ព្រោះចិត្តរបស់គេល្អ រីឯមនុស្សអាក្រក់ តែងប្រព្រឹត្តអំពើអាក្រក់ ព្រោះចិត្តរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន»។ មានអ្នកទារពន្ធ និងមនុស្សបាបទាំងអស់នាំគ្នាចូលមកជិតព្រះយេស៊ូ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ពួកខាងគណៈផារីស៊ី និងពួកបណ្ឌិតខាងវិន័យរអ៊ូរទាំថា៖«មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។ព្រះយេស៊ូមានព្រះបន្ទូលទៅគេជាប្រស្នានេះថា៖«ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា មានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះរហូតទាល់តែបានឃើញវិញ។កាលរកឃើញហើយ គាត់ត្រេកអរណាស់ គាត់ក៏លើកចៀមដាក់លើ ក ត្រឡប់មកផ្ទះវិញហៅមិត្តភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថានបរមសុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនត្រូវការកែប្រែចិត្តគំនិត»។ «ម្យ៉ាងទៀត ឧបមាថា ស្ត្រីម្នាក់មានប្រាក់ដប់ដួង ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀងបោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជានេះដោយអនុគ្រោះ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត ចំពោះព្រះអង្គ សូមប្រោសយើងខ្ញុំឱ្យរស់តាមរបៀបដែលគាប់តាមព្រះហឫទ័យព្រះអង្គ ដូចសន្តីតេរេសា ដោយថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារដែលផ្ដល់កម្លាំង។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបម្រើព្រះអង្គអស់ពីចិត្តគំនិត អស់អំពីប្រាជ្ញា និងអស់ពីកម្លាំងជានិច្ច ដូចសន្តីតេរេសាផង។