បុណ្យរម្លឹក ទេវទូតអ្នកការពារដ៏វិសុទ្ធ
ពណ៌ស
នុងព្រះគម្ពីរ មានចែងអំពីទេវទូតថែរក្សាការពារមនុស្ស ឬនាំសាររបស់ព្រះជាម្ចាស់ឱ្យគេ។ ព្រះសហគមន៍ឱ្យគ្រីស្តបរិស័ទគោរពទេវទូត ក្នុងគោលបំណងដាស់តឿនគេឱ្យផ្ញើជិវិតលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដែលថែរក្សា និងការពារមនុស្សលោកជានិច្ច។
សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ២៣,២០-២៣)
យើងនឹងចាត់ទេវទូតមួយរូបឱ្យដើរនៅមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ។ ទេវទូតនឹងនាំអ្នកចូលទៅក្នុងស្រុកដែលយើងបានរៀបចំទុកសម្រាប់អ្នក។ អ្នកត្រូវតែយកចិត្តទុកដាក់ស្តាប់បង្គាប់ទេវទូត ហើយមិនត្រូវធ្វើអ្វីប្រឆាំងនឹងលោកឡើយ។ បើអ្នកបះបោរ ទេវទូតមិនអត់ទោសឱ្យទេ ដ្បិតលោកជាតំណាងរបស់យើង។ ប្រសិនបើអ្នកស្តាប់បង្គាប់ទេវទូត ហើយប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងសត្រូវរបស់អ្នក ហើយយើងក៏ធ្វើជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នកដែរ។ទេវទូតរបស់យើងនឹងដើរពីមុខអ្នក ហើយនាំអ្នកចូលទៅក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ី ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ យើងនឹងបំផ្លាញអ្នកទាំងនោះឱ្យវិនាសសូន្យ។
ទំនុកតម្កើងលេខ ៩១ (៩០), ១-៦.១០-១១ បទកាកគតិ
| ១ | អ្នកដែលរស់ក្រោម | ការថែគ្រប់គ្រង | របស់ព្រះម្ចាស់ |
| ជាព្រះខ្ពង់ខ្ពស់ | វិសុទ្ធពេកណាស់ | មានឫទ្ធិតេជះ | |
| បារមីខ្លាំងក្រៃ | ។ | ||
| ២ | ខ្ញុំសូមទូលថា | «ព្រះអម្ចាស់ជា | ជម្រកយប់ថ្ងៃ |
| និងជាកំពែង | ជ្រកកោនផុតភ័យ | មិនបង្អង់អី | |
| ផ្ញើកាយជីវិត» | ។ | ||
| ៣ | ព្រះម្ចាស់តែងតែ | ជួយមិនគេចកែ | ឱ្យអ្នករួចផុត |
| ចេញពីអន្ទាក់ | ពួកជនទុច្ចរិត | ជំងឺរាតត្បាត | |
| ចង្រៃឧបទ្រព | ។ | ||
| ៤ | ទ្រង់នឹងការពារ | រូបអ្នកគ្រប់គ្នា | នៅជ្រកក្រោមម្លប់ |
| បារមីព្រះអង្គ | ទាំងថ្ងៃទាំងយប់ | ឥតមានឈរឈប់ | |
| ម្លប់ដ៏ត្រជាក់ | ។ | ||
| ព្រះហឫទ័យ | មេត្តាប្រណី | មិនដែលថ្នាំងថ្នាក់ | |
| របស់ព្រះអង្គ | ជួយការពារអ្នក | ជាអាវក្រោះពាក់ | |
| របស់អ្នកហើយ | ។ | ||
| ៥ | នៅពេលរាត្រី | អ្នកនឹងមិនភ័យ | អំពីអ្វីឡើយ |
| អាសន្នគ្រប់យ៉ាង | ចៀសផុតធូរស្បើយ | ពេលថ្ងៃក៏ដោយ | |
| ក៏អាចរួចផុត | ។ | ||
| ៦ | អ្នកនឹងមិនអាច | ជួបគ្រោះកំណាច | ក្នុងយប់ងងឹត |
| ទាំងមហន្តរាយ | ទោះនៅឆ្ងាយជិត | ថ្ងៃត្រង់ក៏ផុត | |
| មិនអាចជួបសោះ | ។ | ||
| ១០ | គ្មានទុក្ខវេទនា | ណាមកពាធា | ធ្វើឱ្យអ្នកភ័យ |
| ទោះជាគ្រោះកាច | ឧបសគ្គចង្រៃ | ចូលមិនបានអី | |
| ដល់លំនៅអ្នក | ។ | ||
| ១១ | ដ្បិតព្រះអម្ចាស់ | នឹងបញ្ជាច្បាស់ | ទេវទូតគ្រប់ថ្នាក់ |
| តាមជួយរក្សា | ការពាររូបអ្នក | គ្រប់ទីសំណាក់ | |
| ដែលអ្នកនឹងនៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ដន ៣,៥៨)
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរទេវទូតទាំងអស់របស់ព្រះជាម្ចាស់កោតសរសើរលើព្រះអង្គ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៨,១-៥.១០)
ពេលនោះ សាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូហើយទូលថា៖«តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ?»។ព្រះអង្គហៅក្មេងតូចម្នាក់ឱ្យមកឈរនៅកណ្ដាលចំណោមពួកសាវ័ក រួចមានព្រះបន្ទូលថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឱ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខឡើយ។ អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។ ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវទូតរបស់ពួកគេស្ថិតនៅឯស្ថានបរមសុខ ទាំងឃើញព្រះភក្ត្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខគ្រប់ពេលវេលាផង។