២២ កក្កដា ២០២៦

Written on 11/02/2026
Sokhorn Oem

បុណ្យគោរព សន្ដីម៉ារីម៉ាដាឡា ជាទូតរបស់គ្រីស្តទូត
ពណ៌ស

 

ក្នុងគម្ពីរដំណឹងល្អទាំងបួនកណ្ឌមានរ៉ាយរ៉ាប់អំពីស្រ្តីៗ ដែលឈរចាំនៅក្បែរឈើឆ្កាងព្រះយេស៊ូ។ លោកលូកាបញ្ជាក់ថា “ស្ត្រីទាំងនោះបានបម្រើព្រះយេស៊ូតាំងពីស្រុកកាលីឡមក”។ ក្នុងចំណោមស្ត្រីទាំងនោះមាននាងម៉ារីពីភូមិម៉ាដាឡាជាដើម។ ព្រះយេស៊ូបានប្រោស​ឱ្យនាងរួចពីអំណាចរបស់មារ។ ដោយព្រះយេស៊ូជម្រះចិត្តគំនិតរបស់នាង នាងមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង។ នាងម៉ារីម៉ាដា​ឡាទៅយំមុខផ្នូរព្រះយេស៊ូ។ នាងយល់ថា ទោះបីព្រះយេស៊ូសោយទិវង្គតក៏ដោយ ក៏ព្រះអង្គនៅតែជាព្រះអម្ចាស់របស់នាងដដែល។ ព្រះគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿង បានប្រទានឱ្យនាងមានភារកិច្ចប្រកាសដំណឹងឱ្យក្រុមគ្រីស្តទូតថា ព្រះអង្គពិតជាទទួលព្រះជន្មថ្មីដ៏រុងរឿងមែន!។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះបុត្រាជាទីស្រឡាញ់របស់ព្រះអង្គបានផ្ញើឱ្យនាងម៉ារីម៉ាដាឡាមុនគេបង្អស់ប្រកាសដំណឹងល្អអំពីព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿង។ ​ដោយនាងម៉ារីជួយអង្វរ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រកាសដំណឹងល្អនេះឱ្យមនុស្សលោកសព្វថ្ងៃ ព្រមទាំងឱ្យថ្ងៃណាមួយយើងខ្ញុំយល់សិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរបទចម្រៀងព្រះបាទសាឡូម៉ូន (បច ៣,១-៤ក)

ពេលយប់នៅលើគ្រែ ខ្ញុំស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ ខ្ញុំស្វែងរកគាត់តែរកពុំឃើញទេ។ ខ្ញុំក៏ក្រោកឡើងដើរពាសពេញទីក្រុងដើម្បីស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំនៅតាមផ្លូវ នៅតាមផ្សារ ខ្ញុំស្វែងរកគាត់ តែរកពុំឃើញឡើយ។ ខ្ញុំបានជួបនឹងពួកអ្នកយាមល្បាតទីក្រុង ខ្ញុំសួរថា “តើអ្នករាល់គ្នាបានឃើញម្ចាស់ចិត្តរបស់ខ្ញុំទេ?” ខ្ញុំដើរហួសពួកអ្នកយាមល្បាតបន្តិចទៅ ខ្ញុំក៏បានជួបម្ចាស់ចិត្តរបស់ខ្ញុំ។ ខ្ញុំឱបគាត់ជាប់ឥតដកដៃឡើយ ខ្ញុំនាំគាត់ចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ ចូលទៅក្នុងបន្ទប់របស់ម្តាយដែលបានបង្កើតខ្ញុំមក។

ឬសូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (២ករ ៥,១៤-១៧)

បងប្អូនជាទីស្រឡាញ់!
ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ ព្រះគ្រីស្តសោយទិវង្គតសម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ ព្រះគ្រីស្តសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឱ្យអ្នកទាំងអស់ដែលមានជីវិតលែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលសោយទិវង្គត និងទទួលព្រះជន្មថ្មីរុងរឿងសម្រាប់គេ។ ដូច្នេះ តាំងពីពេលនេះតទៅ យើងឈប់រាប់នរណាម្នាក់តាមរបៀបធម្មតាហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រីស្ត កាលព្រះអង្គនៅជាមនុស្ស​ធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមរបៀបមុនទៀតឡើយ។ ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រីស្ត អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។

ទំនុកតម្កើងលេខ ៦៣ (៦២),២-៦.៨-៩ បទកាកគតិ

បពិត្រព្រះម្ចាស់ ទ្រង់ពិតជាព្រះ នៃទូលបង្គំ
  ខ្ញុំខំស្វែងរក មិននៅសំងំ តាំងពីព្រលឹម
    ស្វះស្វែងដើររក
  រូបខ្ញុំស្រេកឃ្លាន ព្រះប្រាជ្ញាញាណ អាល័យនឹងភ្នក
  ដូចដីប្រេះបែក គ្មានភ្លៀងធា្លក់មក ខ្ញុំដើរកាត់ជ្រក
    គ្រប់ទីទិសា
សូមឱ្យរូបខ្ញុំ បានឃើញព្រះអង្គ ក្នុងទីសក្ការ
  ខ្ញុំចង់ឃើញណាស់ បារមីឫទ្ធា អំណាចចេស្តា
    របស់ព្រះអង្គ
ព្រះទ័យមេត្តា សន្តោសករុណា ប្រសើរឥតហ្មង
  ខ្ញុំនឹងពោលពាក្យ សរសើរតម្កើង សិរីរុងរឿង
    ព្រះម្ចាស់មានឫទ្ធិ
ខ្ញុំសូមថ្លាថ្លែង អំណរក្រៃលែង អស់មួយជីវិត
  ខ្ញុំសូមលើកដៃ បង្គំថ្វាយថ្វាត់ ព្រះនាមវិសុទ្ធ
    ព្រះអង្គតែមួយ
ខ្ញុំនឹងសប្បាយ ឥតមានខ្វល់ខ្វាយ ព្រោះមានព្រះជួយ
  បានសុខរមនា គ្មានភ័យគ្មានព្រួយ ព្រះម្ចាស់តែមួយ
    ខ្ញុំច្រៀងតម្កើង
ព្រោះតែព្រះអង្គ បានជួយតម្រង់ រូបខ្ញុំជានិច្ច
  ខ្ញុំច្រៀងខ្ញុំរាំ សប្បាយពន់ពេក ឥតមានរារែក
    ក្រោមម្លប់បារមី
ចិត្តខ្ញុំជំពាក់ ឥតមានស្រាន្តស្រាក នឹកគិតអាល័យ
  ទៅដល់ព្រះម្ចាស់ ទោះយប់ឬថ្ងៃ ទ្រង់គាំទ្រឱ្យ
    រីកមុខស្រស់ថា្ល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រឹកថ្ងៃបុណ្យចម្លង នាងម៉ារីម៉ាដាឡានាំដំណឹងមកប្រាប់ពួកសាវ័កថា​៖ “នាងខ្ញុំឃើញផ្នូររបស់ព្រះគ្រីស្តដែលមាន​ព្រះជន្មគង់នៅ! យើងខ្ញុំឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលទទួលព្រះជន្មថ្មីដ៏រុងរឿង!”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,១-២.១១-១៨

នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថា មានគេយកថ្មចេញ​ពីមាត់ផ្នូរផុតទៅហើយ។ នាង​ក៏​រត់​មក​ជម្រាប​លោក​ស៊ីម៉ូន‌សិលា និង​សាវ័ក*​ម្នាក់​ទៀត ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់​ថា៖ «គេ​យក​ព្រះ‌អម្ចាស់​ចេញ​ពី​ផ្នូរ​បាត់​ហើយ យើង​មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ទេ!»។ នាង​ម៉ារី​ឈរ​យំ​នៅ​ខាង​ក្រៅ ក្បែរ​មាត់​ផ្នូរ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរទាំងយំ ឃើញទេវទូតពីររូបស្លៀកពាក់សអង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ ទេវទូតពោលមកកាន់នាងថា៖ “នាងអើយ! ម្តេចក៏នាងយំ?” នាងឆ្លើយទៅទេវទូតវិញថា៖ “មានគេយកព្រះសពព្រះអម្ចាស់របស់ខ្ញុំទៅបាត់ មិនដឹងជាគេយកព្រះអង្គទៅដាក់នៅឯណាឡើយ”។ ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមើលព្រះអង្គមិនស្គាល់ទេ។ ព្រះយេស៊ូសួរនាងថា៖ «នាងអើយ!​ ម្តេចក៏នាងយំ? នាងរកអ្នកណា?»។ នាងទូលព្រះអង្គ​ថា៖ “លោកម្ចាស់! ប្រសិនបើលោកបានយកព្រះសពទៅ សូមប្រាប់ឱ្យនាងខ្ញុំដឹងផងថា លោកដាក់នៅឯណា នាងខ្ញុំនឹងទៅយក”។ នាងពោលដូច្នេះ​ មកពីនាងស្មានថា ជាអ្នកថែរក្សាសួនច្បារ។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ “រ៉ាបូនី!” ប្រែថា “ព្រះគ្រូ!”។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សូមទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតារបស់ខ្ញុំដែលជាព្រះបិតារបស់អ្នករាល់គ្នាដែរ»។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញទៅជម្រាបពួកសាវ័កថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជម្រាបអំពីសេចក្តីដែលព្រះអង្គមានព្រះបន្ទូលមកនាង។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមព្រះអង្គព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តីមារីម៉ាដាឡានេះដោយអនុគ្រោះ ដូចព្រះបុត្រាសព្វព្រះហឫទ័យទទួលការបម្រើ និងសេចក្តីស្រឡាញ់របស់នាងកាលពីដើមដែរ។

ពាក្យអរព្រះគុណ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានប្រោសប្រទានឱ្យយើងខ្ញុំចូលរួមក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងខ្ញុំមានចិត្តស្រឡាញ់ព្រះយេស៊ូយ៉ាងស្មោះ ដូចសន្តីម៉ារីម៉ាដាឡាកាលពីដើម សូមឱ្យយើងខ្ញុំមានចិត្តក្លាហានហ៊ានប្រកាសជំនឿរបស់យើងខ្ញុំផង។