០៥ មិថុនា

Written on 03/02/2026
Sokhorn Oem

បុណ្យរម្លឹក
សន្តបូនីហ្វាស ជាអភិបាលព្រះសហគមន៍
និងជាមរណសាក្សី ពណ៌ក្រហម

លោកជាជនជាតិអង់គ្លេសម្នាក់ឈ្មោះ វិលព្រិឌ (៦៧៣-៧៥៤)។ លោកបួសខាងក្រុមគ្រួសារសន្តបេណេឌីកតូ។ លោកទៅនាំដំណឹងល្អដល់ប្រទេសអាល្លឺម៉ង់ ដោយដើរពាសពេញស្រុកនោះ ទាំងបង្កើតអារាមជាច្រើន។ លោកឧស្សាហ៍ទាក់ទងជាមួយសម្តេចប៉ាប ដែលតែងតាំងលោកឱ្យធ្វើជាអភិបាលព្រះសហគមន៍ និងដាក់ឈ្មោះលោកថា “បូនីហ្វាស” គឺអ្នកប្រព្រឹត្តអំពើល្អ។​ ជនពាលប្រហារ​ជីវិតលោកនៅពេលលោកធ្វើដំណើរទៅប្រកាសដំណឹងល្អ ក្នុងជន្មាយុប៉ែតសិបឆ្នាំ។ 

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសសន្តបូនីហ្វាសឱ្យមានចិត្តអង់អាចប្រកាសដំណឹងល្អរបស់ព្រះអង្គ ដោយឥតញញើតនរណាឡើយ។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងមានចិត្តក្លាហានជានិច្ច ហ៊ានធ្វើសាក្សីពីជំនឿរបស់ខ្លួន ដូចសន្តបូនីហ្វាសផង។

សូមថ្លែងព្រះគម្ពីរព្យាការីអេសា (អស ៥២,៧-១០)

 អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹង‌ល្អៗ​មកប្រសើរ​រុង‌រឿង​ណាស់​ហ្ន៎ គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខ‌សាន្ត! គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះ គេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា “ព្រះ​របស់​អ្នក​សោយ​រាជ្យ​ហើយ!”។ នេះ​ជា​សំឡេង​របស់​អ្នក​យាម​ក្រុង! ពួក​គេ​បន្លឺ​សំឡេង​ឡើង និង​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ពួក​គេ​ឃើញ​ព្រះ‌អម្ចាស់​យាង​ត្រឡប់​មកក្រុង​ស៊ីយ៉ូន​វិញដោយ​ផ្ទាល់​នឹង​ភ្នែក។ គំនរ​បាក់‌បែក​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ​ប្រជាជន​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​លោះ​ក្រុង​យេរូ‌សាឡឹម​មក​វិញ​ហើយ! ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌បារមី​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ឱ្យ​ប្រជា‌ជាតិ​ទាំង​អស់​ឃើញមនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដីនឹង​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។

ទំនុកតម្កើងលេខ ៩៦ (៩៥),១-៣,៧-១០ បទព្រហគីតិ

ចូរច្រៀងបទថ្មីថ្វាយ ព្រះម្ចាស់ថ្លៃកុំឈរឈប់  
  មនុស្សនៅលើពិភព ច្រៀងកុំឈប់ថ្វាយព្រះអង្គ
ចូរច្រៀងថ្វាយព្រះម្ចាស់ តម្កើងព្រះនាមត្រចង់  
  ប្រកាសរាល់ថ្ងៃផង ពីបំណងដ៏ថ្លាថ្លៃ
ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិទីទៃ  
  នូវរុងរឿងសិរី ព្រះហស្តថ្លៃដ៏អស្ចារ្យ
ប្រជាទាំងឡាយអើយ កុំកន្តើយចូរតម្រង់  
  លើកតម្កើងព្រះអង្គ ថ្លែងឥតហ្មងពីឫទ្ធា
លើកតម្កើងសិរី រុងរឿងជ័យព្រះនាមា  
  យកតង្វាយគ្រប់គ្នា ទៅព្រះវិហារថ្វាយក្សត្រា
ចូរក្រាបថ្វាយបង្គំ ពេលទ្រង់សម្តែងបាដិហារីយ៍  
  មនុស្សលើផែនលោកា ញ័រកាយាចំពោះភក្ត្រ
១០ ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិច្រើននាក់  
  ថាទ្រង់គ្រងរាជ្យជាក់ ឥតបែកបាក់រឹងមាំល្អ
  ព្រះម្ចាស់គ្រប់គ្រងលើ សព្វសារពើមានអំណរ  
  ពេញដោយយុត្តិធម៌ រាស្រ្តអបអរពន់ពេកក្រៃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៥, ១-១១)

ថ្ងៃ​មួយ ព្រះ‌យេស៊ូ​គង់​នៅ​មាត់​បឹង​កេនេ‌សា‌រ៉ែត មាន​បណ្ដា‌ជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះ‌អង្គ ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន​របស់​គេ។ ព្រះ‌យេស៊ូ​យាង​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​ព្រះ‌អង្គ​សុំ​ឱ្យ​គាត់​ចេញ​ទូកទៅ​ឆ្ងាយ​ពី​ច្រាំង​បន្ដិច។ ព្រះ‌អង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។ លុះ​ព្រះ‌អង្គ​បង្រៀន​គេ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។ លោក​ស៊ីម៉ូន​តប​ទៅ​ព្រះ‌យេស៊ូ​វិញ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​លោក​គ្រូ​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។ គេ​ក៏​ទម្លាក់​អួន​ទៅ​ក្នុង​ទឹក ជាប់​ត្រី​យ៉ាង​ច្រើន​ស្ទើរ​តែ​ធ្លាយ​អួន។ គេ​បក់​ដៃ​ហៅ​មិត្ត‌ភក្ដិ​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឱ្យ​មក​ជួយ។ ពួក​នោះ​មក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ ស្ទើរ​តែ​នឹង​លិច។ ពេល​លោក​ស៊ីម៉ូន‌សិលា​ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​ឱ្យឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ព្រោះ​ទូល‌បង្គំ​ជា​មនុស្ស​បាប»។ លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយភ័យ​ស្ញប់‌ស្ញែង​ជា​ខ្លាំង នៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។ រីឯ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេដេដែល​នេសាទ​រួម​ជា​មួយ​លោក​ស៊ីម៉ូន ក៏​មាន​ចិត្ត​ដូច្នោះ​ដែរ។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី! ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។ ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ គេ​បោះ‌បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។