ថ្ងៃទី១៣ ខែឆ្នូ

Written on 20/11/2025
Sokhorn Oem

បុណ្យរម្លឹក សន្តីលូស៊ី
ជាព្រហ្មចារិនី និងជាមរណសាក្សី
ពណ៌ស

នាងលូស៊ី (ឈ្មោះនេះមានន័យថា “ពន្លឺ”) ជាស្ត្រីអ៊ីតាលីម្នាក់។ រដ្ឋអំណាចធ្វើទារុណកម្មនាងនៅក្រុងស៊ីរ៉ាកូស (កោះស៊ីស៊ីល) ប្រហែលនៅឆ្នាំ៣០៤។ តាំងពីសតវត្សទី៦ ព្រះសហគមន៍ក្រុងរ៉ូមតែងតែគោរពនាង។

អត្ថបទទី១៖ សូមថ្លែងលិខិតទី ២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស

អ្នក​ណា​ចង់​អួត‌អាង​ត្រូវ​អួត‌អាងអំពី​កិច្ច‌ការដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​។ អ្នក​ដែល​គួរ​ឱ្យគេ​ទុក​ចិត្ត មិន​មែន​អ្នក​ដែល​តែង‌តាំង​ខ្លួន​ឯង​ទេ គឺ​អ្នក​ដែល​ព្រះ‌អម្ចាស់​តែង‌តាំង​នោះ​វិញ។ ព្រោះ​ខ្ញុំ​ប្រច័ណ្ឌ​បង‌ប្អូន ដោយ​ចិត្ត​ប្រច័ណ្ឌ​មក​ពី​ព្រះ‌ជាម្ចាស់ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​បង‌ប្អូនឱ្យធ្វើ​ជា​គូ​ដណ្ដឹង នឹង​ស្វាមី​តែ​មួយ​គត់ គឺ​ខ្ញុំ​នាំ​បង‌ប្អូន​មក ដូច​ជា​នាំ​ក្រមុំ​ព្រហ្មចារីយក​ទៅ​ថ្វាយ​ព្រះ‌គ្រីស្ត។

ទំនុកតម្កើងលេខ ៨៤,៣-៦.៨.១១ បទព្រហ្មគីតិ

៣. ខ្ញុំសែនអន្ទះសារ ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់
  ចង់ចូលវិហារព្រះ ជាអម្ចាស់ទាំងចិត្តកាយ ។
  ចិត្តចង់នៅជាមួយ ព្រះអង្គជួយមិនរសាយ
  អស់ពីកម្លាំងកាយ មិនមានណាយរួមទាំងចិត្ត ។
៤. ត្រចៀកកាំនិងចាប ជាដរាបវានែបនិត្យ
  សំបុកធ្វើនៅជិត អាសនៈពិតនៃព្រះអង្គ ។
៥. អស់អ្នកដែលបានស្នាក់ ក្នុងដំណាក់ដ៏ត្រចង់
  មានសុខ មង្គលផង សរសើរថ្កើងទ្រង់មិនឈប់ ។
៦. អ្នកណាដែលផ្អែកពឹង លើកម្លាំងព្រះជាម្លប់
  ដ្បិតគេស្វែងមិនឈប់ ដំណាក់គាប់ដោយស្មោះសរ ។
៨. គេខិតកាន់តែជិត ឥតភ័យភិតព្រួយចំបែង
  មានកម្លាំងក្រៃលែង នឹកស្ញប់ស្ញែងគ្រប់អាត្មា ។
  នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ដ៏ថ្លៃថ្លា
  លើភ្នំដ៏អស្ចារ្យ ឈ្មោះហៅថាភ្នំស៊ីយ៉ូន ។
១១. មួយថ្ងៃដែលនៅក្នុង វិហារទ្រង់សប្បាយក្រៃ
  ជាងរស់មួយពាន់ថ្ងៃ នៅកន្លែងដទៃទៀត ។
  ខ្ញុំបានសម្រេចចិត្ត ឈរនៅជិតមិនចង់ឃ្លាត
  ជាជាងស្នាក់នៅបៀត លំនៅញាតិមនុស្សអាក្រក់ ។
 

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទំន ៨៥,៨)

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមសង្គ្រោះយើងខ្ញុំផង!។​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៥, ១-១៣)

«ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខប្រៀប​បាន​ទៅ​នឹង​ស្ត្រី​ក្រមុំ​ដប់​នាក់ ដែល​យក​ចង្កៀង​ចេញ​ទៅ​ទទួល​ស្វាមី។ ក្នុង​ចំណោម​ពួក​នាង មាន​ប្រាំ​នាក់​ជា​ស្ត្រី​ឥត​គំនិត ប្រាំ​នាក់​ទៀត​ជា​ស្ត្រី​ឈ្លាស​វៃ។ ស្ត្រី​ឥត​គំនិត​យក​ចង្កៀង​ទៅ តែ​មិន​យក​ប្រេង​ទៅ​បង្ការ​ជា​មួយ​ទេ។ រីឯ​ស្ត្រី​ឈ្លាស​វៃ​វិញ នាង​បាន​យក​ចង្កៀង​ទៅមាន​ទាំង​ប្រេង​បង្ការ​ផង។ ដោយ​ស្វាមី​ក្រ​មក​ដល់ នាង​ទាំង​ដប់​នាក់​ងោក‌ងុយ​ពេក ក៏​ដេក​លក់​ទាំង​អស់​គ្នា​ទៅ។ លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ មាន​គេ​ស្រែក​ឡើង​ថា “ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!”។ ស្ត្រី​ក្រមុំ​ទាំង​នោះ​ក៏​ក្រោក​ឡើង​រៀប‌ចំ​អុជ​ចង្កៀង។ ស្ត្រី​ឥត​គំនិត​និយាយ​ទៅ​កាន់​ស្ត្រី​ឈ្លាស​វៃ​ថា “សុំ​ចែក​ប្រេង​ឱ្យយើង​ខ្លះ​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​អស់​ហើយ”។ ស្ត្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថា “ទេ​មិន​បាន​ទេ! បើ​យើង​ចែក​ឱ្យពួក​នាង ក្រែង​មិន​គ្រាន់​សម្រាប់​យើង​ផង សម្រាប់​ពួក​នាង​ផង។ ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ!”។ នៅ​ពេល​ស្ត្រី​ឥត​គំនិត​ទាំង​ប្រាំ​ចេញ​ទៅ​រក​ទិញ​ប្រេង​ផុត​ទៅ ស្រាប់​តែ​ស្វាមី​មក​ដល់ ឯ​ស្ត្រី​ប្រាំ​នាក់​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច នាំ​គ្នា​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​លោក ហើយ​គេ​បិទ​ទ្វារ​ជិត។ ក្រោយ​មក ស្ត្រី​ប្រាំ​នាក់​ទៀត​មក​ដល់ ស្រែក​ហៅ​ថាៈ “លោក​ម្ចាស់ លោក​ម្ចាស់! សូម​បើក​ទ្វារ​ឱ្យ​យើង​ខ្ញុំ​ចូល​ផង!”។ ស្វាមី​ឆ្លើយ​ទៅ​វិញ​ថាៈ “ខ្ញុំ​សុំ​ប្រាប់ឱ្យ​នាង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ!”។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា បុត្រ​មនុស្ស​នឹង​មក​ដល់​ថ្ងៃ​ណា ពេល​ណា​ឡើយ»។