១០ វិច្ឆិកា

Written on 24/02/2026
Catholic Faith Cambodia

បុណ្យរម្លឹកសន្តឡេអូ ជាជនដ៏ប្រសើរឧត្តមជាសម្តេចប៉ាប
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ពណ៌ស

លោកឡេអូ (ប្រ. ៣៩៥-៤៦១) ទទួលមុខងារធ្វើជាអភិបាលក្រុងរ៉ូមនៅ គ.ស ៤៤០។ លោកពូកែពន្យល់គម្ពីរយ៉ាងច្បាស់ ជាពិសេសលោកបញ្ជាក់លទ្ធិគ្រីស្តសាសនាអំពីឋានៈរបស់ព្រះយេស៊ូដែលពិតជាមនុស្សផង និងពិតជាព្រះជាម្ចាស់ផង។ អស់លោកអភិបាលដែលជួបជុំគ្នាជាមហាសន្និបាទក្រុងកាលសេដូននៅឆ្នាំ ៤៥១ ទទួលស្គាល់សេចក្តីដែលលោកតែងបង្រៀននោះ ទុកជំនឿរបស់ព្រះសហគមន៍។ លោកចាត់ចែងក្បួនពិធីជាច្រើនសម្រាប់ព្រះសហគមន៍អនុវត្ត។ លោកក៏មានចិត្ដក្លាហានធ្វើអន្តរាគមន៍ការពារក្រុងរ៉ូម ឱ្យរួចពីខ្មាំងដែលបម្រុងវាយសម្រុកក្រុងនោះ។ ឈ្មោះ “ឡេអូ” ប្រែថា “តោ”។ 

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមិនបណ្តោយឱ្យអំណាចរបស់មារឈ្នះព្រះសហគមន៍ឡើយ។ ព្រះអង្គក៏បានសាងព្រះសហគមន៍លើក្រុមគ្រីស្តទូត ដែលជាគ្រឹះដ៏មាំមួនមិនរង្គើ។ សូមទ្រង់ព្រះមេត្តាទទួលពាក្យអង្វររបស់សន្តឡេអូ សូមប្រោសប្រទាន​ឱ្យព្រះសហគមន៍កាន់ជាប់តាមសេចក្តីពិតជានិច្ច និងរស់នៅដោយសុខសាន្តផង។

សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ (បសរ ៣៩,៦-១០)

 ប្រសិន​បើ​ព្រះ‌អម្ចាស់​ដ៏​ឧត្តុង​ឧត្តម​សព្វ​ព្រះ‌ហប្ញ​ទ័យ គាត់​នឹង​ពោរ​ពេញ​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ គាត់​ពោល​សុទ្ធ​តែ​ពាក្យ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ក្នុង​ពេល​អធិដ្ឋាន គាត់​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ដែរ។ ព្រះ‌អង្គ​បំភ្លឺ​ការ​វិនិច្ឆ័យ និង​ចំណេះ​ដឹង​របស់​គាត់ឱ្យ​បាន​ត្រឹម​ត្រូវ។ គាត់​នឹង​រិះគិត​អំពី​ការ​អាថ៌​កំបាំង​ព្រះ‌ជាម្ចាស់។ គាត់​នឹង​បង្ហាញ​ការ​យល់​ដឹង​ដែល​គាត់​បាន​ទទួល ហើយ​គាត់​នឹង​ខ្ពស់​មុខ​ដោយ​សារ​វិន័យ​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។ មនុស្ស​ជា​ច្រើន​សរសើរ​លើក​តម្កើង​ប្រាជ្ញា​របស់​គាត់ ហើយ​មិន​បំភ្លេច​ចោល​គាត់​ទ្បើយ។ គេ​ចង​ចាំ​គាត់​ជា​ដរាប ​កេរ្ដិ៍​ឈ្មោះ​របស់​គាត់​ស្ថិត​នៅ​គ្រប់​តំណត​រៀង​ទៅ។ ប្រជា‌ជាតិ​ទាំង‌ឡាយនឹង​រៀប​រាប់​ពី​ប្រាជ្ញា​របស់​គាត់ ហើយ​សហគមន៍​នឹង​សរសើរ​តម្កើង​គាត់​ដែរ។ 

ទំនុកតម្កើងលេខ ៣៧ (៣៦),៣-៦.៣០-៣១ បទព្រហ្មគីតិ

ចូរធ្វើអំពើល្អ ចិត្តស្មោះសរផ្ញើជីវិត  
  លើព្រះដ៏សក្តិសិទ្ធ នោះអ្នកពិតជាសុខសាន្ត
ចូរស្វែងរកមង្គល កុំបីខ្វល់ឬខកខាន  
  ព្រះអង្គនឹងប្រទាន ឱ្យអ្នកមានតាមបំណង
ចូរផ្ញើព្រេងវាសនា ក្នុងហត្ថាព្រះអង្គផង  
  ព្រះអង្គនឹងគ្រប់គ្រង ឥតមានហ្មងតាមសន្យា
ព្រះអង្គនឹងបង្ហាញ ឱ្យគេឃើញយ៉ាងច្បាស់ថា  
  អ្នកសុចរិតថ្លៃថ្លា ដូចសុរិយាពេញរស្មី
៣០ មនុស្សសុចរិត គេចូលចិត្តត្រង់ត្រឹមត្រូវ  
  ពោលពាក្យមិនអាស្រូវ ឥតហ្មងសៅឥតងាករេ
៣១ វិន័យព្រះអម្ចាស់ ដិតជាប់ច្បាស់ក្នុងចិត្តគេ  
  មិនឃ្លាតចាកបែកបែរ ពីមាគ៌ាព្រះអង្គឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៦,១៣-១៩) 

កាល​ព្រះ‌យេស៊ូ​យាង​មក​ដល់​ស្រុក​សេសារេ‌ភីលីព ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សាវ័ក​ថា៖«មនុស្ស​ទាំង‌ឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?»។ គេ​ទូល​ថា៖«អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការីអេលី អ្នក​ខ្លះ​ទៀត​ថាលោក​ជា​ព្យាការី​យេរេមី ឬ​ជា​ព្យាការី​ណា​មួយ​រូប»។ ព្រះ‌អង្គ​សួរ​គេ​ទៀត​ថា៖«ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ស៊ីម៉ូន‌​សិលា​ទូល​ព្រះ‌អង្គ​ថា៖«លោក​ជា​ព្រះ‌គ្រីស្ដ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖«ស៊ីម៉ូន​កូន​លោក​យ៉ូណាស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន អ្នក​ដឹង​សេចក្ដី​នេះមិន‌មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍​ទេ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខបាន​សម្ដែង​ឱ្យ​អ្នក​ដឹង។ ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​សិលា ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍របស់​ខ្ញុំ។ សេចក្ដី​ស្លាប់​ពុំ​មាន​អំណាច​លើ​ព្រះ‌សហ‌គមន៍​នេះ​ឡើយ ខ្ញុំ​នឹង​ប្រគល់​កូន​សោ​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ឱ្យអ្នក។ អ្វីៗ​ដែល​អ្នក​ចង​នៅ​លើ​ផែន‌ដី​នេះ ព្រះ‌ជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម‌សុខ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយនៅ​លើ​ផែន‌ដី ព្រះ‌ជាម្ចាស់​ក៏​នឹង​ស្រាយ​នៅ​ស្ថាន​បរម‌សុខ​ដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តឡេអូ។ សូមប្រោសព្រះសហគមន៍ឱ្យចម្រើនឡើង ដោយមានអ្នកដឹកនាំដែលគាប់ព្រះហឫទ័យព្រះអង្គផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារដែលផ្តល់កម្លាំង។ សូមទ្រង់ព្រះមេត្តាណែនាំព្រះសហគមន៍សព្វថ្ងៃនេះដែរ សូមឱ្យព្រះសហគមន៍មានសេរីភាពកាន់តែទូលំទូលាយឡើង អាចប្រកាសជំនឿដោយអង់អាចជានិច្ចផង។