០៤ វិច្ឆិកា

Written on 20/02/2026
Catholic Faith Cambodia

បុណ្យរម្លឹកសន្តហ្សាលក័រឡូស បូរ៉ូមេ​ជាអភិបាល
ពណ៌ស

កាលលោកក័រឡូ (១៥៣៨-១៥៨៤) អាយុម្ភៃពីរឆ្នាំ សម្តេចប៉ាបពីយូទី ៤ ហៅលោកឱ្យធ្វើជាទីប្រឹក្សា។ លោកខ្នះខ្នែងបង្រួមអភិបាលព្រះសហគមន៍ទាំងឡាយ ដើម្បីបង្ហើយមហាសន្និបាតក្រុងត្រែនតូ (១៥៦៣)។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ (ប្រទេសអ៊ីតាលី) ហើយយកចិត្តទុកដាក់កែទម្រង់ព្រះសហគមន៍ជាច្រើននាក់យកតម្រាប់តាមលោក។ លោកក៏ប្រថុយជិវិតសុខចិត្តបម្រើអ្នកជំងឺ ដែរ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតាំងសន្ត ក័រឡូប៉ូរ៉ូមេឱ្យកែតម្រង់ និងណែនាំព្រះសហគមន៍ឱ្យកាន់តាមព្រះបន្ទូលរបស់ព្រះយេស៊ូឱ្យកាន់តែប្រសើរឡើងៗ! សូមឱ្យព្រះសហគមន៍បង្ហាញព្រះភ័ក្ររបស់ព្រះគ្រីស្ត ដល់មនុស្សលោកសព្វថ្ងៃនេះផង។

សូមថ្លែងព្រះគម្ពីកិច្ចការគ្រីស្ដទូត (កក ២០,១៧-១៨.២៨-៣២.៣៨)

លោក​ប៉ូល​បាន​ចាត់​គេ​ពី​ក្រុង​មីលេតឱ្យ​ទៅ​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យនៃ​ព្រះ‌សហគមន៍នៅ​ក្រុង​អេភេសូ​មក។ លុះ​គេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ដូច្នេះ សូម​បង‌ប្អូន​ថែ‌រក្សា​ខ្លួន​ឯង និង​ថែ‌រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​បាន​ផ្ទុក‌ផ្ដាក់ឱ្យ​បង‌ប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឱ្យ​បង‌ប្អូន​ថែ‌រក្សា​ព្រះ‌សហគមន៍​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះ‌អង្គ​បាន​លោះ​មក ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។ ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ត​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បង‌ប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា‌ប្រណី​ឡើយ ថែម​ទាំង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន​នាំ​គ្នា​ពោល​ពាក្យ​បញ្ឆោត ដើម្បី​ទាក់‌ទាញ​ពួក​សាវ័កឱ្យ​ទៅ​តាម​គេ​ទៀត​ផង។ ហេតុ​នេះ សូម​បង‌ប្អូន​ប្រុង​ស្មារតី​ឱ្យ​មែន​ទែន ដោយ​នឹក​ចាំ​ថា ខ្ញុំ​បាន​ដាស់‌តឿន​បង‌ប្អូន​គ្រប់ៗ​រូប​ទាំង​ទឹក​ភ្នែកក្នុង​រវាង​បី​ឆ្នាំ ទាំង​យប់ ទាំង​ថ្ងៃ ឥត​មាន​ឈប់​ឡើយ។ ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង‌ប្អូន​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ផ្ញើ​នឹង​ព្រះ‌បន្ទូល​ស្ដី​អំពី​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ។ មាន​តែ​ព្រះ‌អង្គ​ទេដែល​អាច​កសាង​បង‌ប្អូន​ឡើង​ជា​ព្រះ‌សហគមន៍ ព្រម​ទាំង​ឱ្យបង‌ប្អូន​ទទួល​មត៌ករួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ។ ជា​ពិសេស គេ​ព្រួយ​ចិត្ត​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក គេ​ក៏​ជូន​ដំណើរ​លោក​រហូត​ដល់​សំពៅ។

ទំនុកតម្កើងលេខ ១១០ (១០៩),១-៤ បទកាកគតិ

ព្រះអម្ចាស់មាន បន្ទូលមកកាន់ ព្រះរាជាខ្ញុំ
  ថាសូមអញ្ជើញ អង្គុយខាងស្តាំ កុំនៅសំងំ
    ចាំយើងចាត់ចែង
  ទំរាំយើងច្បាំង បង្ក្រាបពួកខ្មាំង ចិត្តធំឥតក្រែង
  យើងដាក់វានៅ ក្រោមជើងព្រះស្តែង ឱ្យវាចំបែង
    អ្នកកុំខ្វល់ខ្វាយ
សូមព្រះប្រទាន ព្រះករុណាបាន លាតសន្ធឹងឆ្ងាយ
  ព្រះរាជ្យព្រះអង្គ ពីស៊ីយ៉ូននាយ តទៅអន្លាយ
    បង្ក្រាបលើខ្មាំង
ថ្ងៃព្រះករុណា កេណ្ឌទ័ពនោះណា ប្រជាទូទាំង
  រួមនិងយុវជន ស្ម័គ្រស្មោះទៅច្បាំង ដូចសន្សើមខ្លាំង
    ធ្លាក់ចុះរាល់ថ្ងៃ
ព្រះអម្ចាស់មាន បន្ទូលថ្កើងថ្កាន សន្យាថ្លាថ្លៃ
  យើងបូជាចារ្យ ជាអចិន្ត្រៃយ៍ យកតាមនិស្ស័យ
    មែលគីសេដែក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១០,១១-១៦) 

ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ គង្វាល​ដ៏​ល្អ​តែង‌តែ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្លួន។ រីឯ​អ្នក​ស៊ី​ឈ្នួល​វិញ​កាល​គេ​ឃើញ​ចចក​មក​ដល់ គេ​រត់​ចោល​ចៀម ទុកឱ្យ​ចចក​ខាំ​អូស​យក​ទៅ ហើយ​ដេញ​កម្ចាត់‌កម្ចាយ​ជា​មិន​ខាន ពី‌ព្រោះ​អ្នក​នោះ​មិន‌មែន​ជា​គង្វាល ហើយ​ក៏​មិន‌មែន​ជា​ម្ចាស់​របស់​ចៀម​ផង។ អ្នក​នោះ​មិន​ខ្វល់‌ខ្វាយ​នឹង​ចៀម​ឡើយ ព្រោះ​គេ​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ។ ខ្ញុំ​ហ្នឹង​ហើយ​ជា​គង្វាល​ដ៏​ល្អ។ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិតដើម្បី​ចៀម​របស់​ខ្ញុំ។ ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រោសសន្តក័រឡូឱ្យទៅជាអភិបាលមួយរូបដ៏មានប្រាជ្ញាវាងវៃ ដើម្បីថែរក្សាការពារជំនឿព្រះសហគមន៍។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទបង្កើតមគ្គផងជាច្រើន ស្របតាមដំណឹងល្អរបស់ព្រះអង្គ។ សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលតង្វាយ ដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តក័រឡូនេះផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ ព្រះអង្គបានប្រោសសន្តក័រឡូឱ្យមានចិត្តក្លាហានដើម្បីថែរក្សាជំនឿព្រះសហគមន៍យ៉ាងណា សូមទ្រង់ព្រះមេត្តាប្រទានសេចក្តីក្លាហាននេះឱ្យយើងខ្ញុំផងដែរ។ សូមឱ្យយើងខ្ញុំស្ម័គ្រចិត្តនឹងបំពេញភារកិច្ចរបស់ខ្លួន ព្រមទាំងមានចិត្តស្រឡាញ់ហួសប្រមាណផង។