០៦ កុម្ភៈ

Written on 11/11/2025
Sokhorn Oem

បុណ្យរម្លឹក
សន្តប៉ូល មីគី និងសហជីវិន
ជាមរណសាក្សីនៅប្រទេសជប៉ុន
ពណ៌ក្រហម

ថ្ងៃ ៥ កុម្ភៈ ១៥៩៧ នៅក្រុងណាកាសាគី (ប្រទេសជប៉ុន) រដ្ឋអំណាច​ជប៉ុន​ឆ្កាង​សម្លាប់​គ្រីស្ត​បរិស័ទ​ជប៉ុន១៧នាក់ និងគ្រីស្តបរិស័ទបរទេសចំនួន ៩នាក់។ ក្នុងចំណោម​អ្នក​ទាំងនោះ​មាន​លោក​ ប៉ូល​មីគី ជាបព្វជិត មានគ្រូបង្រៀន មានអ្នកបកប្រែភាសា មានគ្រូពេទ្យ ២នាក់ ហើយ​មាន​កូន​ក្មេង​អាយុ១១ និង១៣ ឆ្នាំផង។ ពេលជាប់លើឈើឆ្កាង លោកប៉ូល​មីគី​នៅតែ​ដាស់តឿ​ន​អ្នក​រង​គ្រោះ​ជា​មួយ ហើយប្រៀនប្រដៅអ្នកដទៃឱ្យជឿលើព្រះគ្រីស្ត។ លោកអត់ទោសឱ្យអ្នកដែលប្រហារ​ជីវិតលោកដែរ​។ នៅជាទីបញ្ចប់ ទាហានក៏ចាក់ទម្លុះបេះដូងរបស់ពួកគេ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គពិតជាកម្លាំង និងជាសេចក្តីក្លាហាន​នៃ​សន្ត​បុគ្គលទាំងឡាយ! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅសន្តប៉ូមីគី និងសហជីវិនរបស់លោក ដែល​បាត់​បង់​ជីវិតលើឈើឆ្កាង ដើម្បីទទួលជិវិតដ៏ពេញលេញ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យកាន់ជំនឿ​ជាប់​រហូត​ដល់អវសានកាលនៃជីវិតផង ។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី (កាឡ ២,១៩-២០)

ដោយ‌សារ​វិន័យ ខ្ញុំ​បាន​រួច​ពី​អំណាច​របស់​វិន័យ​ដើម្បី​ឱ្យខ្ញុំ​មាន​ជីវិត​រស់​នៅ​សម្រាប់​ព្រះ‌ជាម្ចាស់។ ខ្ញុំ​បាន​ជាប់​ឆ្កាង​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់ គឺ​ព្រះ‌គ្រីស្ត​ទេ​តើដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​ខ្ញុំ។

ទំនុកតម្កើងលេខ ១២៦ (១២៥), ១-៦ បទព្រហ្មគីតិ

ពេលព្រះដឹកនាំអ្នក ដែលជំពាក់ខ្លួនជាឈ្លើយ  
  មកក្រុងស៊ីយ៉ូនហើយ យើងធូរស្បើយដូចយល់សប្តិ
យើងសើចហ៊ោរសប្បាយ អរក្អាកក្អាយឥតមានឈប់  
  ស្រែកជ័យឃោសន៍សាយសព្វ លាន់សូរស័ព្ទគ្រប់ទិសា
  ពេលនោះក្នុងចំណោម ជាតិទាំងព្រមគេពោលថា៖  
  «ព្រះម្ចាស់មានចេស្តា ធ្វើអស្ចារ្យចំពោះគេ»
ព្រះអង្គបានធ្វើការ ដ៏អស្ចារ្យអ្វីម៉េ្លះទេ  
  យើងលែងគិតគ្នាន់គ្នេរ បានល្ហើយល្ហែអរសប្បាយ
ឱ! ព្រះម្ចាស់ឧត្តម សូមប្រោសខ្ញុំឱ្យរីកសាយ  
  ដូចរហោស្ថានឆ្ងាយ សូមប្រែក្លាយមានទឹកហូរ
អ្នកណាសាបព្រោះស្រូវ ដោយសោកសៅគួរអាសូរ  
  ទាំងទឹកភ្នែកជន់ជោរ នឹងច្រូតយកទាំងសប្បាយ
គេយកពូជទៅព្រោះ ទាំងស្រណោះយំសោកស្តាយ  
  ក្រោយមកគេប្រែក្លាយ ហ៊ោសប្បាយដោយអំណរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា
!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៨,១៦–២០)

 សាវ័ក​ទាំង​ដប់​មួយ​រូបនាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​ព្រះ‌យេស៊ូ​បាន​ប្រាប់​ឱ្យ​គេ​ទៅ។ កាល​គេ​បាន​ឃើញ​ព្រះ‌អង្គ គេ​ក្រាប​ថ្វាយ‌បង្គំ ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​សង្ស័យ។ ព្រះ‌យេស៊ូ​យាង​ចូល​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី។ ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឱ្យ​ធ្វើ​ជា​សាវ័ក ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឱ្យ​គេក្នុង​ព្រះ‌នាម​ព្រះ‌បិតា ព្រះ‌បុត្រា និង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ ត្រូវ​បង្រៀន​គេ​ឱ្យ​ប្រតិ‌បត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព‌លោក»។