៣០ វិច្ឆិកា

Written on 26/02/2026
Catholic Faith Cambodia

បុណ្យគោរពសន្តអន់ដ្រេ ជាគ្រីស្តទូត
ពណ៌ក្រហម

 

លោកអន់ដ្រេ ជាអ្នកនេសាទត្រីនៅភូមិបេតសៃដា និងជាកូនសិស្សលោកយ៉ូហាន បាទីស្ត។ លោកទទួលស្គាល់ព្រះយេស៊ូទុកជាព្រះគ្រីស្ត រួចហើយចេញទៅហៅស៊ីម៉ូនសិលាជាបង ដើម្បីនាំមកគាល់ព្រះយេស៊ូ។ លោកលះបង់អ្វីៗទាំងអស់ដើម្បីរួមដំណើរតាមព្រះយេស៊ូដែលតែងតាំងលោកធ្វើជាគ្រីស្តទូតម្នាក់។ ក្រោយពីបានប្រកាសដំណឹងល្អអំពីព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង លោកត្រូវគេឆ្កាងសម្លាប់តាមព្រះអម្ចាស់។ សន្តអន់ដ្រេ ជាឧបការីព្រះសហគមន៍ទីក្រុង កុងស្តង់ទីនូព ដូចសន្តសិលា ជាឧបការីព្រះសហគមន៍ទីក្រុងរ៉ូម។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់នៃពីភពលោកទាំងមូល! ព្រះអង្គប្រោសសន្តអន់ដ្រេឱ្យប្រកាសដំណឹងល្អ និងណែនាំព្រះសហគមន៍ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសព្រះសហគមន៍នៅប្រទេសកម្ពុជាឱ្យរីកចម្រើនឡើងតាមព្រះហឫទ័យព្រះអង្គផង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម (រម ១០,៩-១៨)

ប្រសិន​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌អម្ចាស់ ហើយ​បើ​ចិត្ត​អ្នក​ជឿ​ថា ព្រះ‌ជាម្ចាស់​ពិត​ជា​បាន​ប្រោស​ព្រះ‌យេស៊ូ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន នោះ​អ្នក​នឹង​ទទួល​ការ​សង្គ្រោះ​ជា​មិន​ខាន ដ្បិត​បើ​ចិត្ត​យើង​ជឿ យើង​នឹង​បាន​សុចរិត ហើយ​បើ​មាត់​យើង​ប្រកាស​ជំនឿ នោះ​យើង​នឹង​ទទួល​ការ​សង្គ្រោះ ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា៖ «អ្នក​ណា​ជឿ​លើ​ព្រះ‌អង្គ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ»។ ដូច្នេះ សាសន៍​យូដា និង​សាសន៍​ក្រិកមិន​ប្លែក​ពី​គ្នា​ត្រង់​ណា​ទេ គេ​ទាំង​អស់​គ្នា​មាន​ព្រះ‌អម្ចាស់​តែ​មួយ​ដែល​មាន​ព្រះ‌ហឫទ័យ​ទូលាយដល់​អស់​អ្នក​អង្វរ​រក​ព្រះ‌អង្គ ដ្បិត «អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ»​។ ប៉ុន្តែ ឱ្យគេ​អង្វរ​រក​ព្រះ‌អង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឱ្យគេ​ជឿ​លើ​ព្រះ‌អង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល? ឱ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស? ឱ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឱ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថា៖ «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មកប្រសើរ​រុង‌រឿង​ណាស់​ហ្ន៎!»​។ ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​ទេ​ដែល​ព្រម​ស្ដាប់​តាម​ដំណឹង‌ល្អ ដូច​ព្យាការីអេសាយ​បាន​ថ្លែង​ទុក​មក​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​ជឿ​សេចក្ដី​ដែល​យើង​និយាយ​ឱ្យ​ស្ដាប់?»​។ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះកើត​មក​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ដ​។ ប៉ុន្តែ ខ្ញុំ​សូម​សួរ​ថា តើ​ពួក​គេ​មិន​ដែល​បាន​ឮ​ទេ​ឬ? ទេ ពួក​គេ​ប្រាកដ​ជា​បាន​ឮ​ហើយ។ «សំឡេង​របស់​គេ​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញលើ​ផែន‌ដី​ទាំង​មូល ហើយ​ពាក្យ​សម្ដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយរហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព‌លោក»។

ទំនុកតម្កើងលេខ ១៩ (១៨),២-៥ បទកាកគតិ

ផ្ទៃមេឃថ្លាថ្លែង រុងរឿងស្ញប់ស្ញែង របស់ព្រះម្ចាស់
  អាកាសវេហាស៍ ក៏បានប្រកាស ពីស្នាព្រះហស្ត
    របស់ព្រះអង្គ
ថ្ងៃមួយពោលប្រាប់ ថ្ងៃមួយទៀតស្តាប់ មិននៅរេរង់
  យប់មួយទៀតប្រាប់ យប់ផ្សេងឱ្យដឹង អំពីដំណឹង
    ល្បីល្បាញអស្ចារ្យ
មិនប្រើសម្តី មិនចារសេចក្តី ឬប្រើភាសា
  ហើយក៏មិនចេញ សូរស័ព្ទវាចា បន្តិចឡើយណា
    ឱ្យគេដឹងឮ
ដំណឹងទាំងនោះ ឮឆ្ងាយសាយសុះ ពេញពាសរន្ទឺ
  លើភពផែនដី ទីងងឹតភ្លឺ លាន់ល្បីរន្ទឺ
    គ្មានសល់ចន្លោះ  

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៤,១៩)

អាលេលូយ៉ា! អាលេលូយ៉ា!
លោកអន់ដ្រេជាសាវ័កដែលព្រះយេស៊ូត្រាស់ហៅមុនគេ មានប្រសាសន៍ទៅកាន់លោកស៊ីម៉ូនសិលាជាបងថា៖ “យើងបានរកព្រះមេស្សីឃើញហើយ”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៤,១៨-២២)

ព្រះយេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទកំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​សិលា និង​លោក​អន់ដ្រេជា​ប្អូន​របស់​គាត់។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឱ្យនេសាទ​មនុស្ស​វិញ»។ អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះ‌អង្គ​ទៅ។ ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​ឆ្ងាយ​បន្ដិច ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​របស់​លោក​សេបេដេកំពុង​តែ​រៀប‌ចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេដេជា​ឪពុក។ ព្រះ‌អង្គ​ក៏​ត្រាស់‌ហៅ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ចាក‌ចោល​ទូក ចាក‌ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! នៅថ្ងៃគោរពសន្តអន់ដ្រេ យើងខ្ញុំសូមថ្វាយសក្ការបូជានេះ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ សូមថែរក្សាព្រះសហគមន៍របស់ព្រះអង្គផង។

ធម៌លើកតម្កើង

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ជាព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើង និងអរព្រះគុណព្រះអង្គ! ព្រះអង្គពិតជាគង្វាលដែលមានព្រះហឫទ័យស្មោះត្រង់ មិនដែលលះបង់ព្រះសហគមន៍ព្រះអង្គឡើយ គឺព្រះអង្គនៅតែថែរក្សាការពារព្រះសហគមន៍ដោយសារគ្រីស្តទូត។ សព្វថ្ងៃនេះ ក៏ព្រះអង្គនៅតែណែនាំព្រះសហគមន៍ដោយចាត់ចែងឱ្យមានគង្វាលបន្តមុខងារពីគ្រីស្តទូតក្នុងព្រះនាមព្រះបុត្រាព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទុកជាអាហារផ្តល់កម្លាំង។ សូមទ្រង់ព្រះមេត្តប្រោសយើងខ្ញុំឱ្យសុខចិត្តលីឈើឆ្កាងរបស់ព្រះយេស៊ូ សូមឱ្យយើងខ្ញុំរួមរស់ជាមួយព្រះអង្គ ក្នងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជានិច្ចផង។