១២ វិច្ឆិកា

Written on 24/02/2026
Catholic Faith Cambodia

បុណ្យរម្លឹកសន្តយ៉ូសាផាត ជាអភិបាល
ព្រះសហគមន៍ និងជាមរណសាក្សី
ពណ៌ក្រហម

លោកយ៉ូហាន គុនសេវិស (ប្រ.១៥៨០-១៦២៣) ជាគ្រីស្តបរិស័ទអ័រទូដុសម្នាក់។ លោកចូលព្រះសហគមន៍កាតូលិក ហើយបួសនៅក្រុងវិលណា រួចលោកបង្កើតអារាមជាច្រើនដែលត្រឡប់ទៅជាកន្លែងដែលគ្រីស្តបរិស័ទអ័រទូដុស និងកាតូលិកមានទំនាក់ទំនងជាមួយគ្នា។ បន្ទាប់មក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងប៉ូឡូញ។ ដោយលោកខិតខំយកចិត្តទុកដាក់បង្រួមគ្រីស្តបរិស័ទដែលបែកបាក់គ្នា មានគេស្អប់លោកជាខ្លាំងរហូតដល់ប្រហារជីវិតលោក។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់! ព្រះអង្គប្រោសប្រទានឱ្យសន្តយ៉ូសាផាតមានចិត្តស្រឡាញ់ រហូតល់ប្តូរជិវិតសម្រាប់ប្រជារាស្ត្រព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ឱ្យយើងខ្ញុំផង! សូមប្រោសយើងខ្ញុំឱ្យហ៊ានប្រថុយជីវិតសម្រាប់បងប្អូន ដូចសន្តយ៉ូសាផាតដែរ។

សូមថ្លែងលិខិតផ្ញើជូនគ្រីស្ដបរិស័ទជាតិហេប្រឺ (ហប ១០,៣២-៣៦)

សូម​នឹក​ចាំ​ពី​គ្រា​ដំបូងដែល​បង‌ប្អូន​ទើប​នឹង​ទទួល​ពន្លឺ​ពី​ព្រះ‌ជាម្ចាស់​ថ្មីៗ។ ពេល​នោះ បង‌ប្អូន​បាន​តស៊ូ​យ៉ាង​ខ្លាំង ហើយ​បង‌ប្អូន​ក៏​បាន​រង‌ទុក្ខ​លំបាក​ជា​ច្រើន ពេល​ខ្លះ បង‌ប្អូន​ត្រូវ​គេ​ប្រមាថ​មើល‌ងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បង‌ប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។ បង‌ប្អូន​បាន​រួម​ទុក្ខ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង បង‌ប្អូន​សុខ​ចិត្ត​ឱ្យគេ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​បង‌ប្អូនដោយ​រីក‌រាយ ដ្បិត​បង‌ប្អូន​ដឹង​ថា បង‌ប្អូន​មាន​សម្បត្តិ​សួគ៌​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត‌ស្ថេរ​រហូត។ ហេតុ​នេះ សូម​បង‌ប្អូន​កុំ​លះ‌បង់​ចិត្ត​រឹង‌ប៉ឹងដែល​នឹង​ធ្វើ​ឱ្យបង‌ប្អូន​ទទួល​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ គឺ​ត្រូវ​មាន​ចិត្ត​ស៊ូ​ទ្រាំ ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ និង​ទទួល​ផលតាម​ព្រះ‌បន្ទូល​សន្យា

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

អ្នកមិនប្រព្រឹត្ត តាមមនុស្សទុច្ចរិត មិនស្តាប់ទូន្មាន
  ហើយមិនចូលចិត្ត ដើរតាមស្នាមដាន អ្នកនោះនឹងមាន
    មង្គលពេកក្រៃ
តែតាមការពិត ពួកគេចូលចិត្ត នឹងធម្មវិន័យ
  របស់ព្រះម្ចាស់ ទាំងយប់ទាំងថ្ងៃ សញ្ជឹងរំពៃ
    ឥតមានភ្លេចភ្លឹក
អ្នកនោះប្រៀបបាន ដើមឈើល្អថ្កាន ដុះក្បែរផ្លូវទឹក
  មិនស្លោកស្រពោន ឱ្យផលផ្លែស្លឹក ចម្រើនសន្ធឹក
    តាមកាលរដូវ
រីមនុស្សអាក្រក់ មានចិត្តគម្រក់ កេរ្តិ៍ឈ្មោះអាស្រូវ
  ពួកគេប្រៀបបាន អង្កាមដែលត្រូវ ខ្យល់ផាត់ប៉ើងទៅ
    បាចសាចខ្ចាត់ខ្ចាយ
ថ្ងៃព្រះអម្ចាស់ វិនិច្ឆ័យទោស ជនពាលទាំងឡាយ
  ព្រមទាំងមនុស្សបាប មិនស្ថិតស្ថេរឡើយ ត្រូវតែឃ្លាតឆ្ងាយ
    ពីអ្នកសុចរិត
ដ្បិតព្រះអម្ចាស់ ស្គាល់ប្រាកដណាស់ មាគ៌ាប្រណីត
  នៃមនុស្សល្អ ស្មោះសរសុចរិត មាគ៌ាឧក្រិដ្ឋ
    នាំខ្លួនអន្តរាយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (១១, ៤៥-៥២) 

ជន​ជាតិ​យូដា​ជា​ច្រើន​នាក់ដែល​មក​ផ្ទះ​នាង​ម៉ារី បាន​ឃើញ​ព្រះ‌យេស៊ូ​ធ្វើ​កិច្ច‌ការ​ទាំង​នោះ ក៏​ជឿ​លើ​ព្រះ‌អង្គ។ ប៉ុន្តែ មាន​គ្នា​គេ​ខ្លះ​ទៅ​ជួប​ពួក​ខាង​គណៈ​ផារីស៊ីរៀប‌រាប់​នូវ​កិច្ច‌ការ​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ។ ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ីបាន​កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មក​ប្រជុំ ហើយ​ពោល​ថា៖«អ្នក​នោះ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន តើ​យើង​គិត​ធ្វើ​ដូច​ម្ដេច?។ ប្រសិន​បើ​យើង​បណ្ដោយ​ឱ្យគាត់​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត ប្រជាជន​មុខ​តែ​ជឿ​ទៅ​លើ​គាត់​ទាំង​អស់​គ្នា ហើយ​ជន​ជាតិ​រ៉ូម៉ាំង​នឹង​មក​បំផ្លាញ​ព្រះ‌វិហារ​ និង​បំបាត់​ជាតិ​សាសន៍​របស់​យើង​ជា​មិន​ខាន»។ នៅ​ក្នុង​ចំណោម​ពួក​គេ មាន​លោក​ម្នាក់​ឈ្មោះ កៃផាស ដែល​ជា​មហា‌បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖«អស់​លោក​ពុំ​យល់​អ្វី​សោះ! តើ​អស់​លោក​គិត​មិន​ឃើញ​ទេ​ឬ​ថា បើ​មនុស្ស​តែ​ម្នាក់​ស្លាប់ ជា​ប្រយោជន៍​ដល់​ប្រជា‌​រាស្ដ្រ​នោះ ប្រសើរ​ជាង​ទុក​ឱ្យ​ជាតិ​ទាំង​មូល​ត្រូវ​វិនាស!»។ លោក​មាន​ប្រសាសន៍​ដូច្នេះ មិន‌មែន​ផុស​ចេញ​ពី​គំនិត​ខ្លួន​ឯង​ផ្ទាល់​ឡើយ គឺ​ក្នុង​ឋានៈ​ជា​មហា‌បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ លោក​បាន​ទាយ​ថា ព្រះ‌យេស៊ូ​ត្រូវ​សោយ​ទិវង្គត ដើម្បី​ជា​ប្រយោជន៍​ដល់​សាសន៍​យូដា មិន​គ្រាន់​តែ​ជា​ប្រយោជន៍​ដល់​សាសន៍​នេះ​ប៉ុណ្ណោះ​ទេ គឺ​ដើម្បីឱ្យ​កូន​ចៅ​របស់​ព្រះ‌ជាម្ចាស់ដែល​បែក‌ខ្ញែក​គ្នា មក​រួប‌រួម​ជា​ប្រជាជន​តែ​មួយ។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាម្ចាស់ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! សូមព្រះអង្គទ្រង់ព្រះមេត្តាប្រទានពរដល់យើងខ្ញុំដែលថ្វាយតង្វាយទាំងនេះ។ សូមប្រោសពង្រឹងជំនឿរបស់យើងខ្ញុំឱ្យបានដូចសន្តយ៉ូសាផាត ដែលថែរក្សាការពារជំនឿនេះរហូតដល់បូជាជីវិតដែរ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណឱ្យយាងមកពង្រឹងទឹកចិត្តរបស់យើងខ្ញុំឱ្យមានចិត្តក្លាហាន សុខចិត្តបូជាជីវិតដើម្បីបង្រួបបបង្រួមព្រះសហគមន៍ជាធ្លុងតែមួយផង។