៣០ កញ្ញា

Written on 16/02/2026
Sokhorn Oem

បុណ្យរម្លឹក សន្ដយេរ៉ូម ជាបូជាចារ្យ
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ពណ៌ស

លោកយេរ៉ូម (៣៤០-៤២០) ជាជាតិដាម៉ាស់ម្នាក់ (ប្រទេសអាស៊ីសព្វថ្ងៃ) ដែលទៅរៀនសូត្រ នៅក្នុងក្រុងរ៉ូម។ នៅទីនេះលោកចាប់ចិត្តស្រឡាញ់ការសិក្សា។ បន្ទាប់មក លោកចូលបួសជាឥសីនៅវាលរហោស្ថានស្រុកស៊ីរ៉ី រួចលោកទទួលមុខងារជាបូជាចារ្យនៅព្រះសហ​គមន៍អន់ទីយ៉ូក ហើយត្រឡប់មកក្រុងរ៉ូម ធ្វើជាស្មៀនសម្តេចប៉ាបដាមាស់ ហើយលោកបកប្រែព្រះគម្ពីរជាភាសាឡាតាំង។ កាលលោកអាយុហាសិបឆ្នាំហើយ លោករស់នៅក្នុងអារាមនៅបេតលេអែម ទាំងនិពន្ធសេចក្តីអត្ថាធិប្បាយព្រះគម្ពីរផង។  លោកតែងពោលថា៖ “អ្នកដែលមិនស្គាល់ព្រះគម្ពីរ អ្នកនោះក៏មិនស្គាល់ព្រះគ្រីស្តដែរ”។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រោសប្រទានឱ្យសន្តយេរ៉ូមស្រឡាញ់ព្រះគម្ពីរយ៉ាងខ្លាំង ព្រមទាំងឱ្យរស់នៅតាមដំបូន្មានព្រះគម្ពីរផង។​ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយល់ព្រះបន្ទូលរបស់ព្រះអង្គកាន់តែច្បាស់ឡើងៗ សូមប្រោសយើងខ្ញុំ ឱ្យមានចិត្តឧស្សាហ៍ប្រកាសព្រះបន្ទូលព្រះអង្គឱ្យមនុស្សទាំងឡាយស្គាល់ផង។

សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ (២ធម ៣,១៤-១៧)

ចំពោះ​អ្នក ត្រូវ​កាន់​តាម​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​យក​ធ្វើ​ជា​គោល​ជំនឿឱ្យខ្ជាប់‌ខ្ជួន​ឡើង! អ្នក​ដឹង​ច្បាស់​ហើយ​ថា អ្នក​បាន​រៀន​សេចក្ដី​ទាំង​នេះ​ពី​នរណា​មក!។ អ្នក​ស្គាល់​ព្រះ‌គម្ពីរ​តាំង​តែ​ពី​នៅ​កុមារ​ម៉្លេះ ហើយ​ព្រះ‌គម្ពីរ​អាច​ផ្ដល់ឱ្យអ្នក​មាន​ប្រាជ្ញា ដើម្បី​នឹង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​ព្រះ‌គ្រីស្ត‌យេស៊ូ។ គ្រប់​អត្ថ‌បទ​គម្ពីរ សុទ្ធ​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បំភ្លឺ​ឱ្យ​តែងនិង​មាន​ប្រយោជន៍​​សម្រាប់​បង្រៀនរក​ខុស​ត្រូវ កែ​តម្រង់ និង​អប់រំ​ឱ្យ​រស់​តាម​សេចក្ដី​សុចរិត ក្នុង​គោល​បំណង​ឱ្យ​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់មាន​សមត្ថ‌ភាព និង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​ចំពូក។

ទំនុកតម្កើងលេខ ១១៩ (១១៨), ៩-១៤ បទពាក្យ ៧

តើពួកយុវជនធ្វើយ៉ាងណា ឱ្យមានកិរិយាល្អត្រឹមត្រូវ  
  គឺប្រតិបត្តិត្រង់តាមផ្លូវ មាគ៌ាតទៅនៃព្រះអង្គ
១០ ខ្ញុំខំស្វះស្វែងមិនមានឈប់ ទោះថ្ងៃឬយប់ចិត្តតម្រង់  
  កុំទុកឱ្យខ្ញុំនៅត្រមង់ វង្វេងវង្វង់ពីវិន័យ
១១ ខ្ញុំសូមតាំងចិត្តថែរក្សា បន្ទូលសន្យាដ៏ប្រពៃ  
  នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វី ឱ្យទាស់ព្រហឫទ័យទ្រង់ឡើយណា
១២ បពិត្រព្រះម្ចាស់ដ៏ឧត្តម ទូលបង្គំខ្ញុំលើកហត្ថា  
  តម្កើងព្រះអង្គសូមមេត្តា បង្រៀនខ្ញុំណាស្គាល់វិន័យ
១៣ ខ្ញុំតែងតែពោលឥតឈរឈប់ រៀបរាប់សព្វគ្រប់នូវសេចក្តី  
  ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃ សម្រេចព្រះទ័យផ្តល់ជាទាន
១៤ ទូលបង្គំត្រេកអរអនេក ដោយបានពឹងផ្អែកដំបូន្មាន  
  ប្រៀបដូចជាខ្ញុំទទួលបាន សម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ
១៥ ទូលបង្គំនឹងពិចារណា ច្បាប់គ្រប់ប្រការទ្រង់ណែនាំ  
  សញ្ជឹងពីមាគ៌ាឧត្តម ព្រះអង្គរឹងមាំជាប់ជានិច្ច

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ២៤,៤៤-៤៩) 

បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ក្នុង​គម្ពីរ​ព្យាការី និង​ក្នុង​គម្ពីរ​ទំនុក‌តម្កើង ត្រូវ​តែ​កើត​មាន»។ ព្រះ‌អង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេឱ្យ​យល់​អត្ថ‌ន័យ​គម្ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​ឡើងស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន គឺ​ព្រះ‌គ្រីស្ដត្រូវ​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ អ្នក​រាល់​គ្នា​ត្រូវ​ប្រកាសក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ឱ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ‌ប្រែ​ចិត្ត​គំនិត ដើម្បី​ឱ្យ​បាន​រួច​ពី​បាប គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម​ត​ទៅ។ អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ។ ខ្ញុំ​នឹង​ចាត់​ព្រះ‌វិញ្ញាណ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នាតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បិតា​ខ្ញុំ។ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​​នេះ រហូត​ដល់​ព្រះ‌ជាម្ចាស់​ប្រទាន​ឱ្យអ្នក​រាល់​គ្នា​មាន​ឫទ្ធា‌នុភាព»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំបានទទួលព្រះបន្ទូលព្រះអង្គដោយចិត្តស្មោះ ហើយយើងខ្ញុំសូមថ្វាយសក្ការបូជានេះដើម្បីអរព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ និងប្រោសបង្រួមយើងខ្ញុំចូលក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តនៅថ្ងៃរំឭកសន្តយេរ៉ូម។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់នឹងព្រះបន្ទូលព្រះអង្គ និងប្រព្រឹត្តតាមផង។