២៦ កក្កដា

Written on 11/02/2026
Sokhorn Oem

បុណ្យរម្លឹក សន្ដីហាណ្ណា និងសន្ដយ៉ូហាគីម
ជាមាតាបិតារបស់ព្រះនាងម៉ារី 
ពណ៌ស

 

គ្មាននណារម្នាក់ដឹងច្បាស់ថា ឪពុកម្តាយរបស់នាងម៉ារីជានរណាទេ សូម្បីតែឈ្មោះក៏គ្មាននរណាដឹងដែរ តែគ្រីស្តបរិស័ទពីដើមតែងតែតំណាលរឿងដ៏សែនពិរោះអំពីនាងម៉ារី កាលនៅកុមារនៅឡើយ។ ទោះបីរឿងទាំងនេះគ្មានសារៈសំខាន់ក្នុងជំនឿរបស់គ្រីស្តបរិស័ទក៏ដោយ ក៏យើងអាចគោរពឪពុកម្តាយនាងម៉ារីដែលបានអប់រំកូនស្រីរបស់ខ្លួនតាមរបៀបដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែរ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ជាព្រះនៃបុព្វបុរសទាំងឡាយ! ព្រះអង្គប្រោសប្រទានឱ្យសន្តីហាណ្ណា និងសន្តយ៉ូហាគីម បង្កើតកូនដែលនឹងទៅជាព្រះមាតានៃព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះពរឱ្យព្រះសហគមន៍ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ សូមឱ្យព្រះសហគមន៍យកចិត្តទុកដាក់អបរំមនុស្សលោកឱ្យស្គាល់សម្លៃដ៏ខ្ពស់ខ្ពស់របស់ខ្លួនផង។

សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក (បសរ ៤៤, ១.១០-១៥)

ឥឡូវ​នេះ យើង​នាំ​គ្នា​សរសើរ​តម្កើង​វីរ‌បុរស​ដ៏​ល្បី គឺ​បុព្វ‌បុរស​របស់​យើង​គ្រប់​ជំនាន់​រៀង​មក។ រីឯ​បុព្វ‌បុរស​យើងជា​មនុស្ស​មាន​ចិត្ត​សប្បុរស មនុស្ស​ជំនាន់​ក្រោយមិន​បំភ្លេច​អំពើ​សុចរិត​របស់​អស់​លោក​ឡើយ។ ទ្រព្យ‌សម្បត្តិ​របស់​គាត់​ត្រូវ​ផ្ទេរ​ឱ្យ​ពូជ​ពង្ស​គាត់ គឺ​កូន​ចៅ​គាត់​ក៏​បាន​ទទួល​កេរ​មត៌ក​ពី​គាត់​ដែរ។ ពូជ​ពង្ស​របស់​គាត់​កាន់​តាម​សម្ពន្ធ‌មេត្រី​ជា‌និច្ច ដោយ​សារ​គាត់​ កូន​ចៅ​របស់​គាត់​ក៏​កាន់​តាម​គាត់​ដែរ។ ពូជ​ពង្ស​របស់​គាត់​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត ហើយ​ភាព​ថ្កុំ​ថ្កើង​រុង​រឿង​របស់​គាត់មិន​សាប​សូន្យ​ឡើយ។ សព​របស់​គាត់​បាន​សម្រាក​ក្នុង​ផ្នូរ​ដោយ​សុខ​សាន្ត រីឯ​ឈ្មោះ​របស់​គាត់​ស្ថិត​ស្ថេរ​នៅ​ជា​រហូត​តរៀង​ទៅ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​ពោល​រៀប​រាប់​អំពី​ប្រាជ្ញា​របស់​គាត់ ហើយ​សហគមន៍​ក៏​សរសើរ​តម្កើង​គាត់​ដែរ។

ទំនុកតម្កើងលេខ ១៣២ (១៣១),១១.១៣-១៤.១៧-១៨

១១ ព្រះអង្គបានសន្យា នឹងស្តេចដាវីឌល្អឯក  
  យើងនឹងតែងតាំងពូជ ឱ្យគ្រងរាជ្យជាបន្ត ។
១៣ ព្រះអម្ចាស់បានជ្រើស ពិនិត្យរើសក្រុងថ្កើងថ្កាន  
  ជាទីល្អចំណាន ស៊ីយ៉ូនបានជាលំនៅ ។
១៤ យើងនឹងស្នាក់សម្រាក មួយរយៈមិនចេញទៅ  
  ចង់រស់ស្នាក់និត្យនៅ មិនចេញទៅកន្លែងណា ។
១៧ ទីនេះយើងឱ្យស្តេច មានអំណាចខ្ពស់ពន់ពេក  
  កើតពីពូជដាវីឌ ឱ្យស្នងរាជ្យពេលនេះណា ។
  យើងនឹងរៀបចំឱ្យ ស្តេចអង្គក្រោយមានចេស្តា  
  គ្រងរាជ្យយូរវស្សា ជួសក្សត្រាយើងអភិសេក ។
១៨ យើងនឹងធ្វើឱ្យខ្មាំង បាក់មុខខ្លាំងខ្មាសពន់ពេក  
  តែយើងនឹងឱ្យរាជ្យ យើងអភិសេកបានថ្កុំថ្កើង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៣,១១.១៦-១៧) 

ព្រះ‌យេស៊ូតប​ទៅ​សាវ័ក​វិញ​ថា៖ «មក​ពី​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឱ្យ​អ្នក​រាល់​គ្នា​យល់គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ រីឯ​អ្នក​ដទៃ​វិញ ព្រះ‌អង្គ​មិន​ប្រទាន​ឱ្យ​យល់​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ព្រោះ​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្ដាប់​ឮ! ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មាន​ព្យាការី និង​មនុស្ស​សុចរិតជា​ច្រើន​មាន​បំណង​ចង់​ឃើញ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ​ទេ គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​ឡើយ!។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានពរឱ្យយើងខ្ញុំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គមកលោកអាប្រាហាំ និងពូជពង្សរបស់លោក។ សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយព្រះអង្គ ដើម្បីអរព្រះគុណព្រះអង្គ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រាប្រសូតក្នុងវង្សគ្រួសាររបស់មនុស្សសាមញ្ញធម្មតា។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំដែលបានទទួលព្រះកាយព្រះបុត្រាក្នុងអភិបូជានេះបានកើតជាថ្មី នឹងរស់នៅតាមឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គផង។