បុណ្យរម្លឹក
សន្តឆាល ល្វង់ហ្គា និងសហជីវិន
ជាមរណសាក្សី នៅយូហ្គាន់ដា
ពណ៌ក្រហម
នៅថ្ងៃ៣ ខែមិថុនា ១៨៨៦ ស្តេចត្រាញ់ម្នាក់នៅស្រុកយូហ្គាន់ដា (ទ្វីបអាហ្វ្រិក) ធ្វើទារុណកម្មគ្រីស្តបរិស័ជាតិយូហ្គាន់ដា ២២នាក់។ ពេលគេកំពុងដុតទាំងរស់ អ្នកទាំងនោះនៅតែអធិដ្ឋាន និងច្រៀងលើកតម្កើងព្រះជាម្ចាស់។
សូមថ្លែងព្រះគម្ពីរម៉ាកាបាយទី២ (២មបា ៧,១-២.៩-១៤)
មានគ្រាមួយនោះ គេចាប់ស្ត្រីម្នាក់ និងកូនទាំងប្រាំពីរនាក់របស់គាត់។ ព្រះបាទអន់ចូគូសបញ្ជាឱ្យគេយកអ្នកទាំងនោះទៅវាយនឹងរំពាត់ខ្សែតី បង្ខំឱ្យបរិភោគសាច់ជ្រូកដែលវិន័យហាមបរិភោគ។ កូនម្នាក់បានទូលស្តេចក្នុងនាមបងប្អូនទាំងប្រាំពីរនាក់ថា៖ «តើព្រះករុណាសព្វព្រះហឫទ័យចង់ដឹងអ្វីពីទូលបង្គំយើងខ្ញុំ? ទូលបង្គំយើងខ្ញុំស៊ូស្លាប់ ប្រសើរជាងប្រព្រឹត្តល្មើសនឹងវិន័យរបស់ដូនតា»។ កាលជិតផុតដង្ហើម គាត់ទូលស្តេចថា៖ «ព្រះករុណាជាស្តេចពាល! ព្រះករុណាប្រហារជីវិតទូលបង្គំយើងខ្ញុំនៅពេលនេះ តែព្រះមហាក្សត្រនៃពិភពលោកនឹងប្រោសយើងឱ្យរស់ឡើងវិញ មានជីវិតអស់កល្បជានិច្ច ព្រោះទូលបង្គំយើងខ្ញុំស៊ូស្លាប់ដើម្បីគោរពវិន័យរបស់ព្រះអង្គ»។ បន្ទាប់មក គេយកកូនទីបីទៅធ្វើទារុណកម្មទៀត។ ពេលពេជ្ឈឃាដបញ្ជាឱ្យលៀនអណ្តាត គាត់ក៏ធ្វើតាមភ្លាម និងហុចដៃឱ្យគេកាត់ដោយមិនញញើត។ គាត់ប្រកាសយ៉ាងម៉ឺងម៉ាត់ថា៖ «ខ្ញុំទទួលអវៈយវៈទាំងនេះពីព្រះអម្ចាស់មក ខ្ញុំសុខចិត្តលះបង់អវៈយវៈនេះ ដោយគោរពវិន័យព្រះអង្គ! ខ្ញុំសង្ឃឹមថា ព្រះអង្គមុខជាប្រទានអាវៈយវៈទាំងនេះឱ្យខ្ញុំវិញមិនខាន»។ ព្រះរាជា និងរាជបរិពារទាំងអស់ងឿងឆ្ងល់យ៉ាងខ្លាំង ដោយឃើញយុវបុរសនេះមានចិត្តក្លាហាន មិនខ្លាចឈឺចុកចាប់ដូច្នេះ។ កាលយុវបុរសនោះបាត់បង់ជីវិតទៅ គេក៏នាំកូនទីបួនមកធ្វើទារុណកម្មយ៉ាងឃោរឃៅដូចបងៗដែរ។ ពេលជិតផុតដង្ហើម យុវបុរសនោះប្រកាសថា៖ «ស៊ូស្លាប់ដោយដៃមនុស្ស ប្រសើរជាងរស់នៅតទៅទៀត ទូលបង្គំយើងខ្ញុំរង់ចាំព្រះជាម្ចាស់ប្រោសយើងឱ្យរស់ឡើងវិញ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ រីឯព្រះករុណាវិញមិនរស់ឡើងវិញទេ!»។
ទំនុកតម្កើងលេខ ១២៤(១២៣), ២-៥.៧-៨ បទពាក្យ ៧
| ២ | ប្រសិនបើគ្មានព្រះអម្ចាស់ | នៅខាងយើងនោះគ្រប់វេលា | |
| ពេលណាសត្រូវលើកគ្នីគ្នា | សម្រុកពុះពារវាយលើយើង | ។ | |
| ៣ | ពេលណាគេមានកំហឹងខ្លាំង | គេមកប្រឆាំងយើងនឹងប៉ើង | |
| គេនឹងត្របាក់លេបដូចភ្លើង | មិនឱ្យពួកយើងសុខសាន្តឡើយ | ។ | |
| ៤ | យើងនឹងលិចលង់ក្នុងសមុទ្រ | ភិតភ័យតក់ស្លុតឥតមានស្បើយ | |
| ទឹកហូរនាំយើងគ្មានកោះត្រើយ | ទៅកាន់ទីឆ្ងាយគ្មានគោលដៅ | ។ | |
| ៥ | ពេលយើងកំពុងអស់កម្លាំង | មានទឹកកួចខ្លាំងពន្លិចទៅ | |
| ដល់បាតជលសាដ៏សែនជ្រៅ | ជីវិតយើងត្រូវលង់ក្សិណក្ស័យ | ។ | |
| ៧ | យើងរួចជីវិតដូចបក្សី | គេចផុតពីដៃព្រានព្រៃហើយ | |
| គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ | យើងបានធូរស្បើយរស់ជីវ៉ា | ។ | |
| ៨ | ព្រះអម្ចាស់បានសង្គ្រោះយើង | ដោយព្រះនាមថ្កើងមានចេស្តា | |
| គឺព្រះអង្គដែលមានមេត្តា | បង្កើតវេហា និងផែនដី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១២,២៥)
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេ នឹងរក្សាជីវិតខ្លួនឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១២,២៤-២៦)
ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដីហើយ បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។ អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួនក្នុងពិភពលោកនេះទេ នឹងរក្សាជីវិតខ្លួនឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។