បុណ្យរម្លឹក សន្ដបាស៊ីល និងសន្ដក្រេគ័រ
ជាជនដ៏ប្រសើរឧត្ដមនៅណាស៊ីយ៉ាង
ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ពណ៌ស
សន្ត បាស៊ីល និងសន្តគ្រេគ័រកើតនៅស្រុកកាប៉ាដូស (ប្រទេសទួរគីសព្វថ្ងៃ ) ប្រហែលនៅ គ.ស ៣៣៩។ លោកទាំងពីរទៅរៀនជាមួយគ្នានៅមហាវិទ្យាល័យក្រុងអាថែននាប្រទេសក្រិក។ កាលលោកទាំងពីរត្រឡប់ទៅស្រុកវិញ លោកនាំគ្នាចូលបួសអស់ជាច្រើនឆ្នាំ ។លោកបាស៊ីលមានសកម្មភាពខាងចាត់ចែង និងណែនាំគ្រីស្តបរិស័ទ ដូច្នេះ លោកបង្កើតអារាមនៅជិតក្រុងសេសារេ ហើយតែងក្បួនតម្រាសម្រាប់បុព្វជិត។ ក្បួនតម្រាលនេះមានឥទ្ធិពលយ៉ាងខ្លាំងបំផុតទៅលើបព្វជិតទាំងប៉ុន្មាននៅគ្រប់កន្លែង។ សន្តបេណេឌីកតូអនុវត្តតាមក្បួនតម្រាលនេះដែរ។ នៅឆ្នាំ ៣៧០ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងសេសារេជាស្រុកកំណើត។ លោកទាមទារសេរីភាពនៃព្រះសហគមន៍ពីរដ្ឋអំណាច។ លោកតែងទេសនាប្រឆាំងនឹងលោកអរីយូស ដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយអំពីព្រះគ្រីស្ត។ តែព្រះចៅអធិរាជគាំទ្រលោកអរីយូស។ លោកបានសរសេរសៀវភៅជាច្រើនក្បាលអំពីទេវវិទ្យា ជាពិសេសអំពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ទាំងឪពុក ទាំងម្តាយ ទាំងបងស្រី និងប្អូនប្រុសពីរនាក់ក៏ជាសន្តបុគ្គលដែរ ។
លោកក្រេគ័រ (ឆ្នាំ៣៣៥-៣៩០) ទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងកុងស្តង់ទីណូប។ លោកក៏ប្រឆាំងនឹងលោកអារីយូសដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយអំពីព្រះគ្រីស្ត។ ដោយខ្មាំងធ្វើបាបលោកខ្លាំងពេក លោកលាលែងមុខងាររបស់ខ្លួនទៅរស់នៅក្រុងណាស៊ីយ៉ាង។ លោកនិពន្ធសៀវភៅជាច្រើនអំពីទេវវិទ្យា។
អត្ថបទទី១៖ សូមថ្លែងលិខិត១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ២,១០-១៦
បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់បានសម្ដែងឱ្យយើងដឹងអំពីគម្រោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ព្រះអង្គឈ្វេងយល់ដែរ។ ចំពោះមនុស្សលោក គ្មាននរណាយល់អំពីមនុស្សបាន ក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯព្រះជាម្ចាស់ក៏ដូច្នោះដែរ គ្មាននរណាម្នាក់យល់អំពីព្រះអង្គបាន ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ។ ចំពោះយើង យើងពុំបានទទួលវិញ្ញាណលោកីយ៍ទេ គឺយើងបានទទួលព្រះវិញ្ញាណដែលមកពីព្រះជាម្ចាស់ ដើម្បីឱ្យស្គាល់អ្វីៗដែលព្រះអង្គប្រោសប្រទានមកយើង។ យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះឡើយ គឺយើងប្រើតែពាក្យណាដែលព្រះវិញ្ញាណបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាងវិញ្ញាណដល់មនុស្សដែលបានទទួលព្រះវិញ្ញាណ។ រីឯមនុស្សដែលពុំបានទទួលព្រះវិញ្ញាណ ក៏ពុំអាចទទួលសេចក្ដីណាដែលមកពីព្រះវិញ្ញាណបានដែរ ព្រោះគេយល់ថា សេចក្ដីទាំងនោះជារឿងលេលា ហើយគេពុំអាចយល់បានទេ មានតែព្រះវិញ្ញាណប៉ុណ្ណោះដែលប្រទានឱ្យមនុស្សយើងអាចវិនិច្ឆ័យសេចក្ដីទាំងនោះបាន។ រីឯអ្នកដែលបានទទួលព្រះវិញ្ញាណវិនិច្ឆ័យបានទាំងអស់ ហើយគ្មានអ្នកណាវិនិច្ឆ័យអ្នកនោះបានឡើយ ដ្បិតក្នុងគម្ពីរមានចែងថា៖«តើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើអ្នកណាអាចថ្វាយយោបល់ព្រះអង្គបាន?»។ រីឯយើងវិញ យើងមានគំនិតរបស់ព្រះគ្រីស្តហើយ។
ទំនុកតម្កើងលេខ ១៤៥ (១៤៤), ៨-១៤ បទកាកគតិ
| ៨ | ព្រះជាអម្ចាស់ | ប្រកបដោយព្រះ | ហឫទ័យត្រចង់ |
| ប្រណីសន្តោស | ករុណាហ្មត់ហ្មង | អត់ធ្មត់កន្លង | |
| អាណិតមេត្តា | ។ | ||
| ៩ | ព្រះជាអម្ចាស់ | ព្រះទ័យសប្បុរស | លើមនុស្សលោកា |
| ទ្រង់មានព្រះទ័យ | សន្តោសករុណា | មនុស្សគ្រប់អាត្មា | |
| រស់ពេញផែនដី | ។ | ||
| ១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
| នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្តទាំងប្រុសស្រី | |
| ក៏ថ្កើងទ្រង់ដែរ | ។ | ||
| ១១ | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
| របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ | |
| ព្រះអង្គនៅគង់ | ។ | ||
| ១២ | ដើម្បីឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | គ្រប់គ្នាបានដឹង |
| ពីការអស្ចារ្យ | របស់ព្រះអង្គ | រស្មីរឿងរុង | |
| ចិញ្ចែងចិញ្ចាច | ។ | ||
| ១៣ | ព្រះរាជ្យព្រះអង្គ | ស្ថិតនៅយូរលង់ | ពេញដោយអំណាច |
| គ្រងរាជ្យអស់កល្ប | ព្រោះទ្រង់ជាស្តេច | បារមីអង់អាច | |
| ស្ថិតយូរវស្សា | ។ | ||
| ព្រះអម្ចាស់តែង | គោរពឥតក្លែង | បន្ទូលសន្យា | |
| អ្វីដែលទ្រង់ធើ្វ | សុទ្ធតែអស្ចារ្យ | សប្បុរសមេត្តា | |
| ករុណាអាសូរ | ។ | ||
| ១៤ | ព្រះអង្គលើកស្ទួយ | អ្នកហេវហត់ព្រួយ | ដួលយំស្រែកថ្ងូរ |
| ទ្រង់លើកអ្នកអស់ | សង្ឃឹមឱ្យឈរ | ពង្រឹងជំហរ | |
| ឱ្យល្អវិញបាន | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ (មថ ២៣,៩.១០)
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នករាល់គ្នាមាន «ព្រះបិតា» តែមួយគត់ ដែលគង់នៅស្ថានបរមសុខ ហើយមានតែព្រះគ្រីស្ដមួយព្រះអង្គប៉ុណ្ណោះ ដែលជា «មគ្គទេសក៍» របស់អ្នករាល់គ្នា។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤, ២៥ -៣៣
មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភក្ត្រទៅរកគេ ហើយមានព្រះបន្ទូលថា៖«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំដែរ។ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឱ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ឬយ៉ាងណា ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញមុខជាសើចចំអកឱ្យមិនខាន។ គេនឹងពោលថា “មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!”។ ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាមតទល់នឹងស្ដេចមួយអង្គទៀត ស្ដេចត្រូវគង់គិតគូរជាមុនសិនថា បើស្ដេចមានទ័ពមួយម៉ឺននាក់ តើស្ដេចអាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា បើឃើញថាមិនអាចតទល់បានទេ នោះស្ដេចនឹងចាត់រាជទូតឱ្យទៅសុំចរចារកសន្តិភាពក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ»។