០២ ឧសភា

Written on 10/12/2025
Sokhorn Oem

ថ្ងៃទី០២ ឧសភា
បុណ្យរម្លឹក
សន្តអាថាណាស ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ពណ៌ស

 

លោកអាថាណាស (២៩៥-៣៧៥) កើតនៅក្រុងអាឡិចសង់ឌ្រី។ កាលលោកនៅពីក្មេង ព្រះចៅឌីយ៉ូ ក្លេស៊ីយ៉ាំងបៀតបៀនធ្វើទុក្ខបុកម្នេញព្រះសហគមន៍។ កាលអាយុប្រហែល ៣០ឆ្នាំ លោកមានមុខងារជាស្មៀនរបស់លោកអភិបាលក្រុងអលិច​សង់ឌ្រី​។​ ពេលនោះ បូជាចារ្យម្នាក់ឈ្មោះ អរីយ៉ូស តែងប្រៀនប្រដៅថា ព្រះយេស៊ូគ្រាន់តែជាមនុស្សប៉ុណ្ណោះ ពុំមែនជាព្រះជាម្ចាស់ទេ។ នៅឆ្នាំ ៣២៥ អភិបាលព្រះសហគមន៍ទាំងអស់ ជួបជុំគ្នាជាមហាសន្និបាតសកលនៅក្រុងនីសេ ដើម្បីជំទាស់នឹងសេចក្តីប្រៀនប្រដៅរបស់លោក អរីយូ៉សនោះ។ លោកអាថាណាសទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងអេឡិចសង់ឌ្រីនៅឆ្នាំ ៣២៨។ គ្រីស្តបរិស័ទដែលកាន់តាមលោកអរីយូ៉សជំទាស់នឹងលោកអថាណាសអស់រយៈពេល ៤៥ឆ្នាំ រហូតទៅប្តឹងព្រះចៅអធិរាជ ដែលទ្រង់និរទេសលោកប្រាំដង។ ទោះបីគេធ្វើបាបលោកយ៉ាងណាក៏ដោយ ក៏លោកនៅតែប្រកាសជំនឿដ៏ពិតប្រាកដអំពីព្រះយេស៊ូដែលពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយដែលកើតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ លោកយកចិត្តទុកដាក់នឹងការរស់នៅជាបព្វជិត និងជាឥសី ហើយបានសរសេរជីវប្រវត្តិរបស់សន្តអន់ទន ជាមិត្តសម្លាញ់របស់លោក។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានជ្រើសរើសសន្ត អថាណាស្ស ដើម្បីថែរក្សា និងការងារជំនឿរបស់ព្រហគមន៍ ចំពោះព្រះយេស៊ូដែលពិតជាព្រះបុត្រារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្គាល់ព្រះអង្គកាន់តែច្បាស់ និងស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗផង។

អត្ថបទទី១៖ សូមថ្លែងសិខិតទី១ របស់សន្ដយ៉ូហាន (១យហ ៥,១-៥)

អ្នក​ណា​ជឿ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ត អ្នក​នោះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ហើយ​អ្នក​ណា​ស្រឡាញ់​ព្រះ‌បិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ព្រះ‌អង្គ​ដែរ។ ដោយ​យើង​ស្រឡាញ់​ព្រះ‌ជាម្ចាស់ និង​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌អង្គ យើង​នឹង​ដឹង​ថា យើង​ពិត​ជា​ស្រឡាញ់​បុត្រ​ធីតា​របស់​ព្រះ‌ជាម្ចាស់។ យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាម​វិន័យ​របស់​ព្រះ‌អង្គ។ វិន័យ​របស់​ព្រះ‌អង្គ​មិន​តឹង‌តែង​ទេ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ‌ជាម្ចាស់សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ គឺ​ជំនឿ​របស់​យើង​ហ្នឹង​ហើយដែល​បាន​ឈ្នះ​លោកីយ៍។ តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់។

ទំនុកតម្កើងលេខ ៣៧( ៣៦) ,៣-៦.៣០ បទព្រហ្មគីតិ

ចូរធ្វើអំពើល្អ ចិត្តស្មោះសរផ្ញើជីវិត  
  លើព្រះដ៏សក្តិសិទ្ធ នោះអ្នកពិតជាសុខសាន្ត
ចូរស្វែងរកមង្គល កុំបីខ្វល់ឬខកខាន  
  ព្រះអង្គនឹងប្រទាន ឱ្យអ្នកមានតាមបំណង
ចូរផ្ញើព្រេងវាសនា ក្នុងហត្ថាព្រះអង្គផង  
  ព្រះអង្គនឹងគ្រប់គ្រង ឥតមានហ្មងតាមសន្យា
ព្រះអង្គនឹងបង្ហាញ ឱ្យគេឃើញយ៉ាងច្បាស់ថា  
  អ្នកសុចរិតថ្លៃថ្លា ដូចសុរិយាពេញរស្មី
៣០ មនុស្សសុចរិត គេចូលចិត្តត្រង់ត្រឹមត្រូវ  
  ពោលពាក្យមិនអាស្រូវ ឥតហ្មងសៅឥតងាករេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (រម ១៤,១៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់! ព្រះរាជ្យអាស្រ័យនៅលើសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ  (មថ ១០,២២–២៥)

មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែអ្នក​ណា​ស៊ូ‌ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។ ប្រសិន​បើ​គេ​បៀត‌បៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ។ ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រ​មនុស្ស​នឹង​មក​ដល់ មុន​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មានក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត។ ពុំ​ដែល​មាន​សិស្ស​ណា​ចេះ​ជាង​គ្រូ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​អ្នក​បម្រើ​ណា​ធំ​ជាង​ម្ចាស់​ដែរ បើ​សិស្ស​ចេះ​បាន​ដូច​គ្រូ ហើយ​អ្នក​បម្រើ​បាន​ដូច​ម្ចាស់ នោះ​ល្មម​គ្រប់‌គ្រាន់​ហើយ។ ប្រសិន​បើ​គេ​ឱ្យ​ឈ្មោះ​ម្ចាស់​ផ្ទះ​ថា បេល‌សេ‌ប៊ូល​​ទៅ​ហើយ គេ​មុខ​ជា​ឱ្យ​​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះរឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​មិន​ខាន»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមថ្វាយ កាយ វាចា ចិត្ត និងជំនឿរបស់ខ្លួនទុកជាសក្ការបូជាដែលមានជីវិត។ សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ សូមពង្រឹងជំនឿយើងខ្ញុំផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រទានព្រះកាយព្រះបុត្រាឱ្យយើងខ្ញុំទុកជាអាហារ។ ដោយយើងខ្ញុំប្រកាសជំនឿដូចសន្តអថាណាស្សថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះអង្គមែននោះ សូមទ្រង់ព្រះមេត្តាជួយយើងខ្ញុំឱ្យរស់នៅ តាមរបៀបរស់នៅសមនឹងឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គផង។