បុណ្យរម្លឹក សន្តថូម៉ាស នៅអគីណូ
ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ពណ៌ស
លោកថូម៉ាស (១២២៥-១២៧៤) កើតក្នុងវង្សត្រកូលអភិជនអ៊ីតាលី។ កាលអាយុបាន ១៦ឆ្នាំ លោកសម្រេចចិត្តចូលបួសក្នុងក្រុមគ្រួសារដូមីនីកូដែលទើបនឹងកើតឡើង។ ញាតិសន្តានរបស់លោកមិនព្រមឱ្យលោកចូលបួសទេ ហើយបងប្អូនក៏ទៅចាប់លោកនាំចេញពីអារាមថែមទៀតផង។ ទោះជាយ៉ាងនេះក៏ដោយ ក៏លោកនៅតែទៅបន្តការអប់រំតទៅទៀត ហើយរៀននៅក្រុងកូឡូញ (ប្រទេសអាល្លឺម៉ង់) និងនៅមហាវិទ្យាល័យក្រុងប៉ារីស (ប្រទេសបារាំង)។ លោកទៅជាសាស្ត្រាចារ្យនៅក្រុងប៉ារី ក្រុងរ៉ូម និងក្រុងណាប៉ូលី (ប្រទេសអ៊ីតាលី)។ លោករៀបរៀងធ្វើសំយោគរវាងលទ្ធិនៃគ្រីស្តសាសនាដែលលោកទទួលពីដូនតា និងវប្បធម៌នៃសម័យរបស់លោកដោយយកទស្សនវិជ្ជាលោកអរីស្តូត និងលោកប្លាតុងមករិះគិត។ លោកបានសរសេរសៀវភៅជាច្រើនក្បាលដែលប្រមែលប្រមូលយោបល់ទេវវិទ្យានៃគ្រីស្តសាសនា ហើយមានឥទ្ធិពលយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។
សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញ្ញាណ (ប្រាញ ៧ ,៧-១០.១៥-១៦)
ខ្ញុំទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គប្រោសប្រទានឱ្យមានសុភនិច្ឆ័យ។ ខ្ញុំទូលសូមព្រះអង្គ ព្រះអង្គក៏ប្រទានឱ្យខ្ញុំមានគំនិតនៃព្រះប្រាជ្ញាញាណ។ ខ្ញុំយល់ឃើញថា មានព្រះប្រាជ្ញាញាណ ប្រសើរជាងមានរាជបល្ល័ង្ក និងអំណាចគ្រប់គ្រងទៅទៀត។ បើប្រៀបនឹងព្រះប្រាជ្ញាញាណ ខ្ញុំចាត់ទុកទ្រព្យសម្បត្តិទាំងអស់ថាគ្មានតម្លៃ។ សូម្បីតែត្បូងពេជ្រដ៏មានតម្លៃក៏មិនអាចប្រៀបផ្ទឹមនឹងព្រះប្រាជ្ញាញាណដែរ។ បើប្រៀបផ្ទឹមនឹងព្រះប្រាជ្ញាញាណ មាសទាំងអស់ក្នុងពិភពលោកទាំងមូល ប្រៀបបីដូចជាខ្សាច់មួយក្តាប់តូច ហើយប្រាក់ក៏ប្រៀបដូចជាភក់ដែរ។ ខ្ញុំស្រឡាញ់ព្រះប្រាជ្ញាញាណជាងស្រឡាញ់សុខភាពល្អ និងសម្ផស្សទៅទៀត។ ខ្ញុំសម្រេចចិត្តយកព្រះប្រាជ្ញាញាណធ្វើជាពន្លឺនៃជីវិតរបស់ខ្ញុំ ព្រោះពន្លឺដែលចេញពីព្រះប្រាជ្ញាញាណមិនចេះស្រអាប់ឡើយ។ សូមព្រះជាម្ចាស់ប្រោសប្រទានឱ្យខ្ញុំចេះនិយាយប្រកបដោយវិចារណញ្ញាណ និងចេះគិតសមតាមព្រះអំណោយទានរបស់ព្រះអង្គ ដ្បិតព្រះអង្គជាមគ្គុទ្ទេសក៍របស់ព្រះប្រាជ្ញាញាណ ហើយតម្រង់ផ្លូវអ្នកប្រាជ្ញ ព្រះអង្គជាម្ចាស់របស់យើងទាំងអស់គ្នា ហើយជាម្ចាស់លើពាក្យសម្ដី ចិត្តគំនិត និងចំណេះឯកទេសរបស់យើង។
ទំនុកតម្កើងលេខ ១៩ ( ១៨ ),៨-១១
| ៨ | ព្រះធម្មវិន័យ | ល្អល្អះប្រពៃ | ប្រសើរថ្កើងថ្កាន |
| ផ្តល់កម្លាំងចិត្ត | ឥតមានស្រាកស្រាន្ត | អ្នកល្ងង់ប្រែប្រាណ | |
| ជាមានប្រាជ្ញា | ។ | ||
| ៩ | បញ្ជារបស់ | ព្រះម្ចាស់ទាំងអស់ | ត្រឹមត្រូវសត្យា |
| ឱ្យចិត្តអំណរ | សប្បាយក្រៃណា | បំភ្លឺចិន្តា | |
| ថ្លៃថ្លាត្រចង់ | ។ | ||
| ១០ | ការគោរពកោត | ព្រះអម្ចាស់សោត | វិសេសយល់យង់ |
| ស្ថិតស្ថេចិរកាល | តទៅគង់វង្ស | ការវិនិច្ឆ័យទ្រង់ | |
| ក៏ត្រង់ត្រឹមត្រូវ | ។ | ||
| ១១ | គួរឱ្យប្រាថ្នា | ចង់បានណាស់ណា | ជាងមាសឆ្អិនឆ្អៅ |
| ផ្អែមជាងទឹកឃ្មុំ | ខែចែត្រខែក្តៅ | ហូរជោរចេញទៅ | |
| ចាកពីបង្គង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ (មថ ២៣,៩-១០)
អាលេលូយ៉ា! អាលេលូយ៉ា!
ដ្បិតអ្នករាល់គ្នាមាន "ព្រះបិតា" ដែលគង់នៅស្ថានបរមសុខ ហើយមានតែព្រះគ្រីស្តមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គទេសក៍របស់អ្នករាល់គ្នា។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២៣,៨–១២)
រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឱ្យហៅខ្លួនថា “ព្រះគ្រូ” សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “ព្រះគ្រូ” តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។ កុំហៅនរណាម្នាក់នៅលើផែនដីនេះថា “ព្រះបិតា” ឱ្យសោះ ដ្បិតអ្នករាល់គ្នាមាន “ព្រះបិតា” តែមួយគត់ ដែលគង់នៅស្ថានបរមសុខ។ កុំឱ្យគេហៅអ្នករាល់គ្នាថា “មគ្គទេសក៍” ឡើយ ដ្បិតមានតែព្រះគ្រីស្ដមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គទេសក៍របស់អ្នករាល់គ្នា។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នា។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។