ថ្ងៃទី២៤ ខែមករា

Written on 10/11/2025
Sokhorn Oem

បុណ្យរម្លឹក សន្តហ្វ្រង់ស័រ នៅសាល
ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ពណ៌ស

លោកហ្វ្រង់ស្វ័រ (១៥៦៧-១៦២២) កើតនៅក្នុងគ្រួសារត្រកូលខ្ពង់ខ្ពស់មួយនៅភូមិសាលក្នុង​ស្រុក​សាវ័រ (ប្រទេសបារាំងសព្វថ្ងៃ )។ លោក​យកចិត្តទុដាក់បង្រួបបង្រួមគ្រីស្តបរិស័ទកាតូលិក និង​ប្រូតេ​ស្តង់​ដែលបាក់បែកគ្នា។ កាលលោកអាយុ៣៥ឆ្នាំ លោកទទួលបន្ទុក​ជាអភិបាល​ព្រះសហគមន៍​ក្រុង​សឺណែវ។ លោកតែងធ្វើដំណើរទៅសួរសុខទុក្ខគ្រីស្តបរិស័ទ អប់រំក្មេងៗខាងគ្រីស្តសាសនា អប់រំ​ក្រុម បូជា​ចារ្យ។ នៅឆ្នាំ១៦១០ លោកបង្កើតក្រុមគ្រួសារបព្វជិកាមួយគឺ “ក្រុមគ្រួសាររបស់ព្រះនាងម៉ារីដែ​ល​ទៅសួរសុខទុក្ខនាងអេលីសាបិត”។ នៅពេលក្រោយក្រុមគ្រួសារបព្វជិកាជាច្រើនបាន​ក្រេប​ជញ្ជ​ក់​​ពី​គោ​ល​​គំនិតរបស់លោក ក្នុងការបង្ហាត់បង្រៀនក្មេងៗ។ លោកនិពន្ធសៀវភៅ និងលិ​ខិតដែល​មានខ្លឹមសារ​ខាងគ្រីស្តសាសនាជាច្រើនផង ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា (ទក ៦,៣-៩)

អ៊ីស្រា‌អែល​អើយចូរ​ស្ដាប់​វិន័យ និង​បទ‌បញ្ជា ហើយ​យក​ទៅ​កាន់ និង​ប្រតិបត្តិ​តាម​ចុះ ដើម្បី​ឱ្យ​អ្នក​មាន​សុភមង្គល ហើយ​កើន​ចំនួន​ច្រើន​ឥត​គណនា​នៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នកបាន​សន្យា​ជា​មួយ​អ្នក។អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​យើងមួយ​ព្រះ‌អង្គ​គត់ដែល​ពិត​ជា​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នកឱ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។ ត្រូវ​ទុក​ឱ្យព្រះ‌បន្ទូល​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជា‌និច្ច។ ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឱ្យវា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។ ត្រូវ​ចង​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​សញ្ញាជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក។ ចូរ​សរសេរ​លើ​ក្រប​ទ្វារ​ផ្ទះ និង​ក្លោង​ទ្វារ​ក្រុង​របស់​អ្នក»។

ទំនុកតម្កើងលេខ ១១២ ( ១១១ ),១-៩ បទពាក្យ ៧

អ្នកឱនកោតខ្លាចព្រះអម្ចាស់ ប្រតិបត្តិច្បាស់តាមព្រះទ័យ  
  ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល
ពូជរបស់គេមានអំណាច ចិត្តក្លាអង់អាចគ្មានកង្វល់  
  ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត
ក្នុងផ្ទះជនដែលមានចិត្តធម៌ មានទ្រព្យបវរល្អប្រណីត  
  សេចក្តីសុចរិតនៅស្ថេរស្ថិត ព្រះអង្គអាណិតឱ្យពរជាប់
ក្នុងទីងងឹតមានពន្លឺ លេចឡើងបំភ្លឺមិនស្រអាប់  
  ចិត្តគាត់ប្រណីល្អគួរគាប់ សន្តោសលើសព្វជនប្រុសស្រី
ជនណាដែលមានចិត្តទូលាយ យកអ្វីទៅឱ្យអ្នកផងខ្ចី  
  ព្រមទាំងរកស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត
កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ ទីជិតទីឆ្ងាយមិនរលត់  
  ជនគ្រប់សម័យតែងចាំស្ទាត់ នឹកទៅដល់គាត់ជាប់ជានិច្ច
អ្នកនោះមិនស្លុតមិនព្រឺខ្លាច មានចិត្តអង់អាចមិនខ្លាចល្បិច  
  មិនខ្លាចគេដៀលត្មះពន្លិច ហើយផ្ញើជីវិតលើព្រះម្ចាស់
គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់  
  ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត
គាត់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្មោះសរស្ម័គ្រពិតៗ  
  ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ១៣,៣៤

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំឱ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១១,២៥–៣០)

នៅ​ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឡើង​ថា៖ «បពិត្រ​ព្រះ‌បិតាជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ និង​ជា​អម្ចាស់​នៃ​ផែន‌ដី ទូល‌បង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​សម្ដែង​ការ​ទាំង​នេះ​ឱ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះ‌អង្គ​បាន​លាក់​មិន​ឱ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ មែន​ហើយ! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សម្រេច​ដូច្នេះ។ ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌បុត្រាក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតាក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យសម្ដែង​ឱ្យ​ស្គាល់​នោះ​ដែរ»។ «អស់​អ្នក​ដែល​នឿយ‌ហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​ឱ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។ ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។