១៨ តុលា

Written on 18/10/2025
Sokhorn Oem

បុណ្យគោរព សន្តលូកាអ្នកនិពន្ធគម្ពីរដំណឹងល្អ
ពណ៌ក្រហម

លោកលូកាជាគ្រូពេទ្យ ជាមិត្តសម្លាញ់របស់គ្រីស្តទូតប៉ូល ហើយធ្វើដំណើរប្រកាសដំណឹងល្អជាមួយលោកដែរ។ តែលោកលូកាមិនសូវរ៉ាយរ៉ាប់អំពីខ្លួនលោកផ្ទាល់ទេ! តាមសេចក្តីដែលគ្រីស្តបរិស័ទតែងពោល តៗគ្នាពីដើមរៀងមក លោកនិពន្ធគម្ពីរដំណឹងល្អ និងគម្ពីរកិច្ចការគ្រីស្តទូត ដែលជាប្រវត្តិព្រះសហគមន៍ “តាំងពីដើមដំបូង”។ ក្នុងកណ្ឌទាំងពីរនោះ លោកចូលចិត្តបង្ហាញបញ្ជាក់អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សតូចតាច និងចំពោះអ្នកបាប លោកក៏ដាស់តឿនគ្រីស្តបរិស័ទឱ្យត្រេកអរ និងអធិដ្ឋានផង។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសសន្តលូកា ដើម្បីឱ្យលោកបង្ហាញបញ្ជាក់ធម៌មេត្តាករុណាដ៏​លើសលប់អស្ចារ្យរបស់ព្រះអង្គចំពោះជនក្រីក្រ។ សូមទ្រង់ព្រះមេត្តាប្រោសគ្រីស្តបរិស័ទទាំងឡាយឱ្យមានចិត្តថ្លើមតែមួយ សូមប្រោសមនុស្សគ្រប់ជាតិសាសន៍ឱ្យបានស្គាល់ការសង្គ្រោះរបស់ព្រះអង្គផង។

សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ២ (ធម ៤,៩-១៧)

ប្អូនជាទីស្រឡាញ់! ចូរ​លៃ‌លក​ទៅ​រក​ខ្ញុំ​ជា​ប្រញាប់។ លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​ថេស្សា‌ឡូនិក។ លោក​ក្រេស្កែន​បាន​ទៅ​ស្រុក​កាឡា‌ទី ហើយ​លោក​ទីតុស​ទៅ​ស្រុក​ដាល់ម៉ាទី។ មាន​តែ​លោក​លូកា​ម្នាក់​ប៉ុណ្ណោះដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​អាច​ជួយ​បំពេញ​មុខ‌ងារ​របស់​ខ្ញុំ​បាន។ ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌គូសឱ្យទៅ​ក្រុង​អេភេសូ។ ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការពូស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេសក្រាំង​ស្បែក។ លោក​អេឡិចសង់​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ ព្រះ‌អម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះជា​មិន​ខាន។ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​គាត់​ដែរ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។ ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ​ដោះ‌សា​ខ្លួន នៅ​លើក​ទី​មួយ គ្មាន​បង‌ប្អូន​ណា​ម្នាក់​មក​ជួយ​គាំទ្រ​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ‌ជាម្ចាស់​កុំ​ប្រកាន់​ទោស​គេ​ឡើយ!។ មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឱ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឱ្យខ្ញុំ​អាច​ប្រកាស​ព្រះ‌បន្ទូល​យ៉ាង​ក្បោះ‌ក្បាយឱ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ ព្រះ‌អង្គ​ក៏​បាន​ដោះ​លែង​ខ្ញុំឱ្យ​រួច​ពី​មាត់​សឹង្ហ​ដែរ។

ទំនុកតម្កើងលេខ ១៤៥ (១៤៤),១០-១៣.១៧-១៨ បទកាកគតិ

១០ បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
  នាំគ្នាតម្កើង រុងរឿងសិរី រាស្រ្តទាំងប្រុសស្រី
    ក៏ថ្កើងទ្រង់ដែរ
១១ គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
  របស់ព្រះអង្គ ឥតមានប្រួលប្រែ អានុភាពឥតកែ
    ព្រះអង្គនៅគង់
១២ ដើម្បីឱ្យមនុស្ស ទាំងស្រីទាំងប្រុស គ្រប់គ្នាបានដឹង
  ពីការអស្ចារ្យ របស់ព្រះអង្គ រស្មីរឿងរុង
    ចិញ្ចែងចិញ្ចាច
១៣ ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច
  គ្រងរាជ្យអស់កល្ប ព្រោះទ្រង់ជាស្តេច បារមីអង់អាច
    ស្ថិតយូរវស្សា
  ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា
  អ្វីដែលទ្រង់ធើ្វ សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា
    ករុណាអាសូរ
១៧ ព្រះជាអម្ចាស់ ធ្វើសព្វទាំងអស់ នូវរាល់កិច្ចការ
  ដោយព្រះហឫទ័យ សុចរិតថ្លៃថ្លា សន្តោសករុណា
    ទ្រង់បានប្រព្រឹត្ត
១៨ ព្រះអម្ចាស់គង់ នៅជិតអែបអង្គ កៀកកើយនែបនិត្យ
  នឹងអ្នកអង្វរ ដោយសុទ្ធចិត្ត រកព្រះអង្គពិត
    មិនយាងទៅណា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ១៥,១៦)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ខ្ញុំបានជ្រើសរើសអ្នករាល់គ្នាពីកណ្តាលលោកីយ៍មក ហើយតែងតាំងអ្នករាល់គ្នាឱ្យទៅ និងបង្កើតផល ឱ្យផលដែលនៅស្ថិតស្ថេរ»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១០,១-៩)

ក្រោយ​មក ព្រះ‌អម្ចាស់​ជ្រើស​យក​សាវ័ក​ចិត‌សិប​ពីរ​រូប​ទៀត ហើយ​ចាត់​គេ​ពីរៗ​នាក់​ឱ្យ​ទៅ​តាម​ភូមិ តាម​ស្រុក​នានា ដែល​ព្រះ‌អង្គ​បម្រុង​នឹង​យាង​ទៅ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖«ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ​ឱ្យចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក។ ចូរ​នាំ​គ្នា​ទៅ​ចុះ! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដូច​ឱ្យកូន​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​ជម្រាប​សួរ​អ្នក​ណា​តាម​ផ្លូវ​ដែរ។ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ មុន​ដំបូង​ត្រូវ​ពោល​ថា “សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្តដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ”។ បើ​នៅ​ក្នុង​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​សេចក្ដី​សុខ‌សាន្ត នោះ​គេ​នឹង​បាន​សុខ‌សាន្ត ដូច​ពាក្យ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ បើ​គ្មាន​អ្នក​ណា​ចូល​ចិត្ត​សេចក្ដី​សុខ‌សាន្ត​ទេ សេចក្ដី​សុខ‌សាន្ត​នឹង​វិល​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​ជូន​អ្នក​រាល់​គ្នា​ចុះ ព្រោះ​អ្នក​ធ្វើ​ការ​តែង‌តែ​ទទួល​ប្រាក់​ឈ្នួល។ មិន​ត្រូវ​ចេញ​ពី​ផ្ទះ​មួយ​ទៅ​នៅ​ផ្ទះ​មួយ​ទៀត​ឡើយ។ បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា ហើយ​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ត្រូវ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​រៀប​ជូន​ចុះ។ ត្រូវ​ប្រោស​អ្នក​ជំងឺ​ក្នុង​ភូមិ​នោះ​ឱ្យ​បាន​ជា ហើយ​ប្រាប់​អ្នក​ភូមិ​ថាៈ “ព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់​នៅ​ជិត​អ្នក​រាល់​គ្នា​ហើយ”។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តលូកា។ សូមទ្រង់ព្រះមេត្តាព្យាបាលយើងខ្ញុំឱ្យរួចពីកិលេសតណ្ហា ដើម្បីយើងខ្ញុំអាចបម្រើព្រះអង្គដោយចិត្តស្មោះ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជានិច្ចផង។

ធម៌លើកតម្កើង

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ជាព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើង និងអរព្រះគុណព្រះអង្គ! ព្រះអង្គពិតជាគង្វាលដែលមានព្រះហឫទ័យស្មោះត្រង់ មិនដែលលះបង់ព្រះសហគមន៍ព្រះអង្គឡើយ គឺព្រះអង្គនៅតែថែរក្សាការពារព្រះសហគមន៍ដោយសារគ្រីស្តទូត។ សព្វថ្ងៃនេះ ក៏ព្រះអង្គនៅតែណែនាំព្រះសហគមន៍ដោយចាត់ចែងឱ្យមានគង្វាលបន្តមុខងារពីគ្រីស្តទូតក្នុងព្រះនាមព្រះបុត្រាព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តនៅថ្ងៃគោរពសន្តលូកា។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ។ សូមពង្រឹងជំនឿរបស់យើងខ្ញុំ ស្របតាមដំណឹងល្អរបស់ព្រះគ្រីស្ត ដូចសន្តលូកាបានបញ្ជូនមកយើងខ្ញុំផង។