៧ កក្កដា ២០២៦

Written on 27/02/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១៤ ថ្ងៃអង្គារ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៤៩-៥៦

វិន័យរបស់​ព្រះ‌អម្ចាស់

បន្ទរទី១ ៖ ពេល​ដែល​ទូលបង្គំ​ស្នាក់​អាស្រ័យជា​បណ្តោះអាសន្នក្នុងលោក​នេះ ទូល‌បង្គំបាន​យក​វិន័យ​របស់​ព្រះ‌អង្គមក​ធ្វើជា​ទំនុកតម្កើង។

៤៩
សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំ
ដ្បិតព្រះបន្ទូលនេះធ្វើឱ្យទូលបង្គំមានសង្ឃឹម!
៥០
 
នៅពេលទូលបង្គំមានទុក្ខវេទនា
ព្រះបន្ទូលសន្យានេះធ្វើឱ្យទូលបង្គំបានធូរស្បើយ
ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានធ្វើឱ្យទូលបង្គំមានជីវិតឡើងវិញ។
៥១
 
មនុស្សអួតបំប៉ោងនាំគ្នាចំអកដាក់ទូលបង្គំ
តែទូលបង្គំមិនឃ្លាតចាកពីធម្មវិន័យរបស់ព្រះអង្គឡើយ។
៥២
 
បពិត្រព្រះអម្ចាស់!
ទូលបង្គំនឹកដល់ការសម្រេចរបស់ព្រះអង្គកាលពីអតីតកាល
ហើយទូលបង្គំក៏បានធូរស្បើយក្នុងចិត្ត។
៥៣
 
មនុស្សពាលបានធ្វើឱ្យទូលបង្គំក្តៅក្រហាយយ៉ាងខ្លាំង
ព្រោះពួកគេបោះបង់ចោលធម្មវិន័យរបស់ព្រះអង្គ។
៥៤
 
នៅពេលដែលទូលបង្គំស្នាក់អាស្រ័យជាបណ្តោះអាសន្នក្នុងលោកនេះ
ទូលបង្គំយកក្រិត្យវិន័យរបស់ព្រះអង្គមកធ្វើជាទំនុកតម្កើង។
៥៥
 
បពិត្រព្រះអម្ចាស់! នៅពេលយប់ ទូលបង្គំនឹកដល់ព្រះនាមរបស់ព្រះអង្គ
ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអង្គ។
៥៦
 
ទូលបង្គំរកឃើញសុភមង្គល ដោយអនុវត្តតាមច្បាប់របស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ពេល​ដែល​ទូលបង្គំ​ស្នាក់​អាស្រ័យជា​បណ្តោះអាសន្នក្នុងលោក​នេះ ទូល‌បង្គំបាន​យក​វិន័យ​របស់​ព្រះ‌អង្គមក​ធ្វើជា​ទំនុកតម្កើង។

ទំនុកតម្កើងលេខ ៥៣

ភាពល្ងង់ខ្លៅរបស់មនុស្សមានបាប

គ្រប់ៗគ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយគ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ (រ៉ូម ៣,២៣)។

បន្ទរទី២ ៖ នៅពេលព្រះជាម្ចាស់ នាំប្រជារាស្ត្ររបស់ព្រះអង្គដែលជាឈ្លើយ ឱ្យត្រឡប់មកស្រុកវិញ ពូជរបស់លោកយ៉ាកុបត្រេកអរយ៉ាងខ្លាំង ពូជពង្សរបស់លោកអ៊ីស្រាអែលមានអំណរសប្បាយដ៏លើសលប់។

(បទពាក្យ ៧)

២-
មនុស្សលេលានាំគ្នាគិត
ថាតាមការពិតគ្មានព្រះទេ


គេខំប្រព្រឹត្តមិនកែប្រែ
រឿងថោកមិនកែគួរអាម៉ាស់
៣-
ព្រះម្ចាស់ទតពីស្ថានលើមក
ឃើញមនុស្សលោកមីរដេរដាស


ក្រែងលោមានម្នាក់វាងវៃឈ្លាស
រវៃរវាសរកព្រះអង្គ
៤-
ពួកគេវង្វេងទាំងអស់គ្នា
ជាមនុស្សពាលាកាចយង់ឃ្នង


រកអ្នកដែលមានចិត្តទៀងត្រង់
សូម្បីម្នាក់ផងក៏មិនបាន
៥-
តើអ្នកដែលចូលចិត្តប្រព្រឹត្ត
អំពើទុច្ចរិតទាំងប៉ុន្មាន


សុទ្ធតែល្ងង់ល្ងិតខ្វះវិញ្ញាណ
ទើបពួកគេហ៊ានធ្វើច្នោះឬ?

ជីវិតគេរស់ព្រោះកឹបគៃ
លើរាស្ត្ររាល់ថ្ងៃទាំងបញ្ឈឺ


គេធ្វើមិនដឹងធ្វើមិនឮ
មិនដែលព្រួយព្រឺស្រែករកព្រះ
៦-
ទោះបីជាគ្មានមូលហេតុអ្វី
គួរឱ្យភិតភ័យទាល់តែសោះ


ក៏ពួកគេភ័យស្លន់ទាំងអស់
គ្មានដឹងអ្វីសោះជាន់ជើងគ្នា

ដ្បិតព្រះជាម្ចាស់ធ្វើឱ្យខ្មាំង
ដែលធ្លាប់ប្រឆាំងនឹងប្រជា


ស្លាប់ខ្លួនចោលឆ្អឹងគ្រប់ៗគ្នា
ដោយសារឫទ្ធាព្រះខ្ពង់ខ្ពស់
៧-
សូមព្រះអង្គគង់ក្នុងបុរី
ស៊ីយ៉ូនប្រិមប្រីយ៍ជួយសង្គ្រោះ


ជនជាតិអ៊ីស្រាអែលទាំងនោះ
ឱ្យវិលមករស់ក្នុងស្រុកវិញ

ពូជលោកយ៉ាកុបអរសប្បាយ
សំណើចក្អាកក្អាយឥតទោម្នេញ


ឯពូជលោកអ៊ីស្រាអែលវិញ
អំណរពោរពេញដ៏លើសលប់

សូមកោតសរសើរព្រះបិតា
ព្រះបុត្រានិងព្រះវិញ្ញាណ


ដែលគង់ស្ថិតស្ថេរឥតសៅហ្មង
យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ នៅពេលព្រះជាម្ចាស់ នាំប្រជារាស្ត្ររបស់ព្រះអង្គដែលជាឈ្លើយ ឱ្យត្រឡប់មកស្រុកវិញ ពូជរបស់លោកយ៉ាកុបត្រេកអរយ៉ាងខ្លាំង ពូជពង្សរបស់លោកអ៊ីស្រាអែលមានអំណរសប្បាយដ៏លើសលប់។

ទំនុកតម្កើងលេខ ៥៤

សូម​រក​យុត្តិធម៌​ឱ្យទូល‌បង្គំផង

ព្យាការីទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គរំដោះគាត់ ឱ្យរួចពីការព្យាបាទរបស់ខ្មាំងសត្រូវ (Cassian)។

បន្ទរទី៣ ៖ ព្រះជាម្ចាស់យាងមកសង្គ្រោះខ្ញុំ ព្រះអម្ចាស់ការពារជីវិតខ្ញុំ។

ឱព្រះជាម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំ
ដោយសារព្រះបារមីនៃព្រះនាមព្រះអង្គ!
សូមរកយុត្តិធម៌ឱ្យទូលបង្គំ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គផង។

ឱព្រះជាម្ចាស់អើយ! សូមព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំ
សូមផ្ទៀងព្រះការណ៍ស្តាប់ពាក្យរបស់ទូលបង្គំផង

ដ្បិតជនបរទេសលើកគ្នាប្រឆាំងនឹងទូលបង្គំ
មនុស្សឃោរឃៅចង់ដកជីវិតទូលបង្គំ
ចិត្តអ្នកទាំងនោះ មិនអើពើនឹងព្រះជាម្ចាស់ទេ។

ព្រះជាម្ចាស់យាងមកសង្គ្រោះខ្ញុំ ព្រះអម្ចាស់ការពារជីវិតខ្ញុំ។

ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ ដោយស្មោះអស់ពីចិត្ត
បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។

ព្រះអង្គបានរំដោះទូលបង្គំ ឱ្យរួចផុតពីគ្រោះអាសន្នគ្រប់បែបយ៉ាង
ទូលបង្គំឃើញខ្មាំងសត្រូវរបស់ទូលបង្គំបរាជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាម្ចាស់យាងមកសង្គ្រោះខ្ញុំ ព្រះអម្ចាស់ការពារជីវិតខ្ញុំ។


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១២,៤-៦)

មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ព្រះ‌អង្គ​ទេ ដែល​ប្រទាន​ឱ្យ។ មាន​មុខ‌ងារ​ផ្សេងៗ​ពី​គ្នា តែ​យើង​បម្រើ​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ដដែល។ មាន​សកម្ម‌ភាព​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ទេ ដែល​បំពេញ​សកម្ម‌ភាព​ទាំង​នោះ នៅ​ក្នុង​មនុស្ស​ទាំង​អស់។
 
បន្ទរ៖ ព្រះ‌អង្គ​នឹង​សង្គ្រោះ​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។
  • សិរីរុង​រឿង​របស់​ព្រះ‌អង្គ​នឹង​មក​សណ្ឋិតនៅ​លើ​ទឹក​ដី​របស់​យើង។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកសណ្ឋិតលើក្រុមគ្រីស្តទូត ហេតុនេះ សូមព្រះអង្គចាត់ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់នេះ ឱ្យយាងមកសណ្ឋិតលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គនៅចំពោះមុខអ្នកដទៃផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១២,១២-១៣)

ព្រះគ្រីស្តប្រៀបបានទៅនឹងរូបកាយមួយដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។ យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្តី សាសន៍ក្រិកក្តី អ្នកងារក្តី អ្នកជាក្តី ក៏យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។
 
បន្ទរ៖ ឱ​ព្រះ‌បិតា​ដ៏‌វិសុទ្ធ​អើយ! សូម​ថែ‌រក្សា​អ្នក​ទាំង​នោះ ដោយ​ព្រះ‌នាមព្រះ‌អង្គផង។
  • ដើម្បី​ឱ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គបានបង្ហាញឱ្យលោកសិលាស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យទទួល ការសង្គ្រោះ។ សូមឱ្យរាល់កិច្ចការដែលយើងខ្ញុំធ្វើ បានលើកតម្កើងព្រះអង្គ និងនាំយកគម្រោងការនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដល់មនុស្សទាំងអស់ផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១២,២៤ខ.២៥-២៦)

ព្រះ‌ជាម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដីថ្លៃ‌ថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះ‌ខាត ដើម្បី​កុំ​ឱ្យ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​ឱ្យ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃ‌ថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។
 
បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! សូម​ប្រមែ‌ប្រមូល​យើង​ខ្ញុំ​ពី ចំណោមប្រជា‌ជាតិ​នានា​មក​វិញ។
  • ដើម្បី​ឱ្យ​យើង​ខ្ញុំ​លើក​តម្កើងព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា! ព្រះអង្គបានចាត់ទេវទូតឱ្យទៅជួបលោកគ័រនេល្យូស ដើម្បីបង្ហាញផ្លូវទៅកាន់ការសង្រ្គោះ។ សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការមនុស្សធម៌ ដើម្បីសង្គ្រោះដល់ពិភពលោក ដូច្នេះ ព្រះសហគមន៍អាចនាំយើងខ្ញុំ និងមនុស្សទាំងអស់ចូលទៅចំពោះព្រះភក្រ្តព្រះអង្គ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!