២២ មិថុនា ២០២៦

Written on 24/02/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី១២ ថ្ងៃចន្ទ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១២៩-១៣៦

ការស្មឹងស្មាធិ៍ទៅលើវិន័យរបស់ព្រះជាម្ចាស់

ដូច្នេះ​ សេចក្ដី​ស្រឡាញ់​នាំ​ឱ្យ​ប្រតិបត្តិតាម​វិន័យ​បាន​ពេញ​លក្ខណៈ (រ៉ូម ១៣,១០)។

បន្ទរទី១ ៖ សូមពង្រឹងទូលបង្គំឱ្យបានមាំមួន ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ។

១២៩ ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំធ្វើតាម។
១៣០
ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឱ្យចិត្តមនុស្សភ្លឺស្វាង
ហើយធ្វើឱ្យមនុស្សទន់ទាបចេះរិះគិតពិចារណា។
១៣១
ទូលបង្គំយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ
ដ្បិតទូលបង្គំចង់ស្គាល់វិន័យរបស់ព្រះអង្គខ្លាំងណាស់។
១៣២
សូមបែរព្រះភក្ត្រទតមកទូលបង្គំ សូមប្រណីសន្តោសទូលបង្គំផង
ដូចព្រះអង្គធ្លាប់ប្រណីសន្តោសដល់អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
១៣៣
សូមពង្រឹងទូលបង្គំឱ្យបានមាំមួន ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ
កុំបណ្តោយឱ្យទូលបង្គំធ្លាក់ទៅក្នុងអំណាចនៃអំពើទុច្ចរិតណាមួយឡើយ!។
១៣៤
សូមរំដោះទូលបង្គំឱ្យរួចផុតពីការជិះជាន់របស់មនុស្ស
ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
១៣៥
សូមសម្តែងព្រះហឫទ័យមេត្តាដល់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!។
១៣៦
ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយមិនគោរពតាមធម្មវិន័យរបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូមពង្រឹងទូលបង្គំឱ្យបានមាំមួន ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ។

ទំនុកតម្កើងលេខ ៨២

ការថ្កោលទោសចៅក្រមអាក្រក់

សូមបងប្អូនកុំវិនិច្ឆ័យទោសអ្នកណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន… (១ករ ៤,៥)។

បន្ទរទី២ ៖ មាន​តែ​ព្រះជាម្ចាស់​មួយ​ព្រះអង្គ​គត់​ដែល​បង្កើត​វិន័យ ហើយ​ព្រះ‌អង្គ​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស។ រីឯ​អ្នក​វិញ តើអ្នក​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ថ្កោល​ទោស​បង‌ប្អូន​ឯ​ទៀតៗ​ដូច្នេះ! ?

(បទពាក្យ ៧)

១- ព្រះម្ចាស់គង់ក្នុងអង្គប្រជុំ នៃស្ថានបរមសុខពេកក្រៃ  
  ទ្រង់តែងតែយាងមកកាត់ក្តី ក្នុងចំណោមនៃពួកទេវតា
២- ពេលណាទើបអ្នកឈប់កាត់ក្តី ដោយចិត្តអប្រីយ៍ដូច្នេះណា  
  ឱ្យមនុស្សអាក្រក់ចិត្តឫស្យា ឈ្នះគេដល់ទៅពេលណាទៀត
៣- ព្រះម្ចាស់មានព្រះបន្ទូលថា ចូររកយុត្តិធម៌កុំរវាត  
  ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិ កូនកំព្រាអត់មានឪម៉ែ
៤- ចូរកុំនៅស្ងៀមចេញរំដោះ អ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ  
  ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែ ជនអាក្រក់តែងតែធ្វើបាប
៥- តែគេមិនដឹងមិនយល់សោះ ចិត្តគេទុយ៌សជាដរាប  
  អំពើយុត្តិធម៌ក៏សូន្យសាប ដែលទុកសម្រាប់គ្រឹះផែនដី
៦- យើងនឹងប្រកាសថាអស់អ្នក រាល់គ្នាពិតជាក់ជាបុត្រី  
  បុត្រារបស់ម្ចាស់ផែនដី ជាព្រះស្កឹមស្កៃដ៏ខ្ពស់ខ្ពង់
៧- តែអ្នកត្រូវស្លាប់ដូចមនុស្សលោក ដែលដួលដេកស្តូកពុំអាចរស់  
  ស្លាប់ដូចជាមនុស្សទូទាំងអស់ ដូចអ្នកធំខ្ពស់បាត់តំណែង
៨- ឱព្រះម្ចាស់អើយសូមតើនឡើង វិនិច្ឆ័យកុំឆ្មើងឫទ្ធិគួរស្ញែង  
  ដ្បិតមនុស្សគ្រប់ជាតិទាំងនោះឯង ជារាស្ត្រឥតក្លែងនៃព្រះអង្គ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ មាន​តែ​ព្រះជាម្ចាស់​មួយ​ព្រះអង្គ​គត់​ដែល​បង្កើត​វិន័យ ហើយ​ព្រះ‌អង្គ​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស។ រីឯ​អ្នក​វិញ តើអ្នក​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ថ្កោល​ទោស​បង‌ប្អូន​ឯ​ទៀតៗ​ដូច្នេះ! ?

ទំនុកតម្កើងលេខ ១២០

ការប្រាថ្នាចង់បានសន្តិភាព

ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន (រ៉ូម ១២,១២)។

បន្ទរទី៣ ៖ ខ្ញុំស្រែកហៅព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។

នៅពេលមានអាសន្ន ខ្ញុំស្រែកហៅព្រះអម្ចាស់។ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។

ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំ
ឱ្យរួចផុតពីមនុស្សដែលពោលពាក្យកុហក និងបោកបញ្ឆោត!

អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើនឹងត្រូវទទួលទោសអ្វីខ្លះ?

គឺត្រូវតែរងនូវព្រួញរបស់អ្នកចំបាំង និងភ្លើងឆេះសន្ធោសន្ធៅប៉ុណ្ណោះ!

ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ
ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់!

ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលស្អប់សន្តិភាពជាយូរឆ្នាំកន្លងមកហើយ។

ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ខ្ញុំស្រែកហៅព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (លវ ២០,២៦)

អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ។ យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ជាតិ​សាសន៍​នានា ដើម្បី​ឱ្យ​អ្នក​រាល់គ្នា​ធ្វើជា​ប្រជាជន​របស់​យើង។

បន្ទរ៖ មាន​សុភមង្គល​ហើយ ប្រជា‌ជាតិ​ណាដែល​គោរព​បម្រើព្រះ‌អម្ចាស់ ទុក​ជា​ព្រះ​របស់​ខ្លួន!។
—មាន​សុភមង្គល​ហើយ ប្រជាជន​ណា​ដែល​ព្រះ‌អង្គ​បាន​ជ្រើសរើសទុក​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់!។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! ការងារ គឺជាព្រះអំណោយទានដែលព្រះអង្គប្រទានមកយើងខ្ញុំ និងជាការត្រាស់ហៅដែលនាំឱ្យយើងខ្ញុំមានកិត្តិយស ដោយប្រើប្រាស់នូវទេពកោសល្យដែលខ្លួនមាន ដើម្បីជាប្រយោជន៍រួម។ សូមព្រះអង្គណែនាំយើងខ្ញុំតាមកិច្ចការដែលយើងខ្ញុំប្រព្រឹត្ត និងសូមបង្រៀនឱ្យយើងខ្ញុំចេះរស់នៅរួមជាមួយព្រះវិញ្ញាណ ដែលបានបង្កើតយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ និងជាបងប្អូននឹងគ្នាក្នុងសេចក្តីស្រឡាញ់នោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ប្រាញ ១៥,១.៣)

បពិត្រព្រះនៃយើងខ្ញុំ! ព្រះអង្គមានព្រះហឫទ័យសប្បុរស និងស្មោះ ត្រង់ជានិច្ច! ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយគ្រប់គ្រងសត្វលោកទាំងអស់ដោយព្រះហឫទ័យមេត្តាករុណា។ ការស្គាល់ព្រះអង្គនាំឱ្យប្រព្រឹត្តតាមសេចក្តីសុចរិតដ៏ពេញលក្ខណៈ។ ការទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គ ក៏នាំឱ្យមានជីវិតអស់កល្បជានិច្ចដែរ។

បន្ទរ៖ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យប្រណី‌សន្ដោស និង​អាណិត‌អាសូរ។
—ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយព្រះ‌ហឫទ័យ​មេត្តា‌ករុណាដ៏​ស្មោះ‌ស្ម័គ្រ។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា ! ព្រះអង្គជាម្ចាស់ចម្ការ និងជាអ្នកច្រូតកាត់។ ព្រះអង្គសុចរិត ព្រះអង្គបានដាក់កិច្ចការឱ្យយើងខ្ញុំធ្វើ និងឱ្យប្រាក់ឈ្នួលមកយើងខ្ញុំ។ សូមព្រះអង្គមេត្តាជួយយើងខ្ញុំឱ្យចេះទទួលខុសត្រូវលើកិច្ចការ ដែលយើងខ្ញុំធ្វើនៅថ្ងៃនេះ ហើយសូមកុំឱ្យមានអ្វីមកបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបានឡើយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


ពេលរសៀល (ម៉ោង ៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (បារ ៤,២១-២២)

កូន​អើយ​ចូរ​ក្លាហាន​ឡើង ! ចូរ​ស្រែក​ដង្ហោយ​ហៅ​ព្រះជាម្ចាស់! ព្រះ‌អង្គ​មុខ​ជា​រំដោះ​កូន ឱ្យ​រួច​ពី​ដៃ​របស់​ខ្មាំង​សត្រូវ ដែល​សង្កត់​សង្កិន​កូនៗ។ ម្តាយ​សង្ឃឹម​ថា ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច​នឹង​សង្រ្គោះ​កូន។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ​បាន​ប្រោស​ឱ្យ​ម្តាយ​មាន​អំណរ គឺ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់កល្ប‌ជានិច្ច និង​ជា​ព្រះ​សង្រ្គោះ​របស់​កូន ព្រះ‌អង្គ​នឹង​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តាករុណា​ចំពោះ​កូន នៅ​ពេល​ឆាប់ៗ​ជា​ពុំ​ខាន។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​តែង​មាន​ព្រះ‌ហឫទ័យមេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​សប្បុរស​ជា‌និច្ច។
—សូម​កុំ​ភ្លេច​ថា តាំង​ពី​ដើម​រៀង​មក ព្រះ‌អង្គ​តែងតែ​សម្ដែងព្រះ‌ហឫទ័យ​អាណិត‌អាសូរ និង​ព្រះ‌ហឫទ័យមេត្តា​ករុណា​ចំពោះ
ទូលបង្គំជានិច្ច។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ឱ្យមកគោរពថ្វាយបង្គំព្រះអង្គ នៅពេលក្រុមគ្រីស្តទូតឡើងទៅអធិដ្ឋានក្នុងព្រះវិហារ នៅវេលានេះ។ យើងខ្ញុំសូមថ្វាយពាក្យអធិដ្ឋានទាំងនេះ ក្នុងព្រះនាមព្រះយេស៊ូ សូមឱ្យឫទ្ធានុភាពរបស់ព្រះអង្គយាងចុះមកសណ្ឋិតលើអស់អ្នកដែលហៅរកព្រះនាមព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !