១១ មិថុនា ២០២៦

Written on 20/02/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី១០ ថ្ងៃព្រហស្បតិ៍

សន្តបារណាបាស ជាគ្រីស្តទូត

(បុណ្យរំឭកដោយចាំបាច់)

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៦៥-៧២

ខ្ញុំរងទុក្ខវេទនាក៏ប្រពៃដែរ

បន្ទរទី១ ៖ ទោះ​បី​មាស​ប្រាក់ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​តម្លៃស្មើនឹង​វិន័យ​របស់​ព្រះ‌អង្គ​ដែរ។

៦៥ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។
៦៦

សូម​បង្រៀន​ទូល‌បង្គំឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា
ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​លើ​វិន័យ​របស់​ព្រះ‌អង្គ។

៦៧
ពី​មុន​ទូល‌បង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា
ឥឡូវ​នេះ ទូល‌បង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ហើយ។
៦៨

ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស
សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​វិន័យរបស់​ព្រះ‌អង្គ!

៦៩
មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូល‌បង្គំ
តែ​ទូល‌បង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើតាមច្បាប់​របស់​ព្រះ‌អង្គ​ជា‌និច្ច។
៧០
អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត រីឯ​ទូល‌បង្គំ​វិញ
ទូល‌បង្គំពេញ​ចិត្ត​នឹង​វិន័យរបស់​ព្រះ‌អង្គ​ណាស់។
៧១
ទូល‌បង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ
ព្រោះ​ទូល‌បង្គំអាច​រៀន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។
៧២
ចំពោះ​ទូល‌បង្គំ ទោះ​បី​មាស​ប្រាក់ច្រើន​យ៉ាង​ណា​ក៏​ដោយ
ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​វិន័យ​របស់​ព្រះ‌អង្គ​ដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទោះ​បី​មាស​ប្រាក់ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​តម្លៃស្មើនឹង​វិន័យ​របស់​ព្រះ‌អង្គ​ដែរ។

ទំនុកតម្កើងលេខ ៥៦,២-៧.៩-១៤

ទុកចិត្តលើព្រះបន្ទូលរបស់ព្រះជាម្ចាស់

ទំនុកតម្កើងនេះ បង្ហាញពីទុក្ខលំបាករបស់ព្រះគ្រីស្ត (សន្តយេរ៉ូម)។

បន្ទរទី២ ៖ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វីឡើយ។

(បទព្រហ្មគីតិ)

២- ឱព្រះម្ចាស់ថ្លាថ្លៃ សូមប្រណីហើយមេត្តា  
  មនុស្សច្រើនណាស់ណា វាយប្រហារទូលបង្គំ
៣- ជារៀងរាល់ខែឆ្នាំ សត្រូវចាំចងគំនុំ  
  ដេញវាយប្រហារខ្ញុំ ធ្វើឫកធំមកប្រយុទ្ធ
៤- ឱព្រះជាម្ចាស់អើយ ថ្ងៃនេះហើយខ្ញុំតក់ស្លុត  
  ភ័យខ្លាចញ័ររន្ធត់ ផ្ញើជីវិតលើព្រះអង្គ
៥- ខ្ញុំកោតសរសើរព្រះ បន្ទូលច្បាស់មិនដែលឆ្គង  
  ទុកចិត្តលើព្រះអង្គ ខ្ញុំគ្មានហ្មងមិនខ្លាចអ្វី
៦- ជារៀងរាល់ថ្ងៃខែ គេតែងតែតិះដៀលស្តី  
  ឱរាខ្ញុំរីងរៃ មនុស្សចង្រៃតាមផ្តន្ទា
៧- គេឃ្លាំចាំតាមដាន មិនដែលខានរាល់វេលា  
  រកឱកាសផ្តន្ទា ចង់ប្រហារខ្ញុំឱ្យក្ស័យ
៩- ព្រះអង្គជ្រាបយ៉ាងច្បាស់ ខ្ញុំរងទុក្ខទោសឥតស្បើយ  
  ទ្រង់ជ្រាបមិនកន្តើយ ទឹកភ្នែកខ្ញុំរាល់វេលា
១០- ថ្ងៃខ្ញុំស្រែករកព្រះ ជាអម្ចាស់លើលោកា  
  សត្រូវថយគ្រប់គ្នា ខ្ញុំដឹងថាព្រះជួយខ្ញុំ
១១- ខ្ញុំកោតខ្លាចខ្លាំងណាស់ សន្យាច្បាស់ឥតបន្លំ  
  ព្រះបន្ទូលរងំ ធ្វើឱ្យខ្ញុំស្ញប់ស្ញែងក្រៃ
១២- ខ្ញុំទុកចិត្តលើព្រះ ជាអម្ចាស់រៀងរាល់ថ្ងៃ  
  មនុស្សដែលតែងតែក្ស័យ អាចធ្វើអ្វីរូបខ្ញុំបាន?
១៣- ឱព្រះជាម្ចាស់អើយ ពេលនេះហើយមិនហ៊ានខាន  
  ថ្វាយតង្វាយប៉ុន្មាន ដែលខ្ញុំបានពោលបែរបន់
១៤- ដ្បិតទ្រង់បានរំដោះ ខ្ញុំឱ្យរស់រានមានជន្ម  
  ការពារគ្រាអាសន្ន មិនឱ្យមានអ្វីរំខាន
  ឱ្យខ្ញុំបានដើរឆ្ពោះ រកភក្ត្រព្រះដោយសុខសាន្ត  
  ក្រោមពន្លឺថ្កើងថ្កាន បំភ្លឺស្ថានមនុស្សលោក
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វីឡើយ។

ទំនុកតម្កើងលេខ ៥៧

ពាក្យអធិដ្ឋាននៅពេលកើតទុក្ខព្រួយ

ក្នុងទំនុកតម្កើងនេះ ប្រាប់យើងអំពីទុក្ខលំបាករបស់ព្រះអម្ចាស់ (សន្តអូគូស្ទីន)។

បន្ទរទី៣ ៖ បពិត្រព្រះអម្ចាស់ ! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ។

ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ
សូមអាណិតមេត្តាទូលបង្គំផង! ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ
ទូលបង្គំសូមជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ
រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។

ខ្ញុំស្រែកហៅរកព្រះដ៏ខ្ពង់ខ្ពស់បំផុត
គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។

សូមព្រះអង្គប្រទានការសង្គ្រោះពីស្ថានបរមសុខមកខ្ញុំ
សូមព្រះអង្គវាយប្រហារអស់អ្នកដែលបៀតបៀនខ្ញុំ
សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ

ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធខ្ញុំ ប្រៀបដូចជាសិង្ហដែលប្រុងស៊ីសាច់មនុស្ស
ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្តាតរបស់គេដូចដាវដ៏មុត។

ឱព្រះជាម្ចាស់អើយ!
សូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។

សត្រូវរបស់ទូលបង្គំ នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ ធ្វើឱ្យទូលបង្គំអស់សង្ឃឹម។
ពួកគេជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្តៅនោះ។

បពិត្រព្រះជាម្ចាស់! ទូលបង្គំទុកចិត្តលើព្រះអង្គ
ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតទំនុកតម្កើង

ឱព្រលឹងខ្ញុំអើយ! ចូរភ្ញាក់ឡើង!
ចូរពិណ និងឃឹមរបស់ខ្ញុំអើយ! ចូរបន្លឺសំឡេងឡើង
ខ្ញុំនឹងដាស់ព្រះអាទិត្យឱ្យរះឡើង
១០
បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ ក្នុងចំណោមប្រជាជាតិនានា
១១
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
១២
ឱព្រះជាម្ចាស់អើយ!
សូមបង្ហាញភាពថ្កុំថ្កើងឧត្តុង្គឧត្តមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
សូមឱ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ។


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១,១៦-១៧)

ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹងល្អ​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។ ដំណឹងល្អ​នេះ​សម្ដែង​ឱ្យ​ដឹង​ថា ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឱ្យ​មនុស្ស​សុចរិត ដោយ‌សារ​ជំនឿ និង​ឱ្យ​គេ​កាន់​តាម​ជំនឿ ដូច​មាន​ចែង​ទុក​មក​ថាៈ «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយ‌សារ​ជំនឿ»។
 
បន្ទរ៖ សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល 
—ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ រហូតដល់ស្រុកដាច់ ស្រយាលនៃពិភពលោក។

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ២,២ខ-៤)

ព្រះជាម្ចាស់​បាន​ប្រទាន​ឱ្យ​យើង​មាន​ចិត្ត​អង់អាច​ប្រកាស​ដំណឹងល្អរបស់​ព្រះ‌អង្គ​ដល់​បង‌ប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ សេចក្ដីដែល​យើង​ទូន្មានមិន​មែន​មក​ពី​ការ​ភាន់‌ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កលល្បិច​ណា​ឡើយ។ មុន​នឹង​ប្រគល់​មុខ‌ងារ​ផ្សាយ​ដំណឹងល្អ​មក​យើង ព្រះ‌ជាម្ចាស់​បាន​ល្បង​មើល​ចិត្ត​យើងយ៉ាង​ណា យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​ឱ្យ​គាប់​ព្រះហឫទ័យ​ព្រះ‌ជាម្ចាស់​ដែល​ល្បង​មើល​ចិត្ត​យើង​នោះ​វិញ។
 
បន្ទរ៖ ក្រុមគ្រីស្តទូតបានប្រកាន់ខ្ជាប់នូវសាររបស់ព្រះគ្រីស្ត
—ពួកគេថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យពួកគេ។

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ធម ១,៨ខ-៩)

អ្នក​ត្រូវ​តែ​រងទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹងល្អ ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឱ្យ​មក​ធ្វើជា​ប្រជារាស្ដ្រ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។
 
បន្ទរ៖ ចូរអរសប្បាយរីករាយឡើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
—ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ។

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យញែកសន្តបារណាបាសទៅជាមនុស្សម្នាក់ ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងជំនឿចេញទៅប្រកាសដំណឹងល្អដល់ប្រជាជាតិនានា។ សូមព្រះអង្គមេត្តាប្រោសឱ្យអស់អ្នកជឿហ៊ានប្រកាសព្រះបន្ទូលព្រះអង្គ និងប្រព្រឹត្តតាមផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
 
-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !