០៧ ឧសភា ២០២៦

Written on 29/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៥ ថ្ងៃព្រហស្បតិ៍

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,១៧-២៤

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

១៧ សូមប្រណីសន្តោសទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ
នោះទូលបង្គំនឹងមានជីវិត ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១៨
សូមបើកភ្នែកទូលបង្គំ នោះទូលបង្គំនឹងមើលឃើញ
ភាពថ្លៃថ្នូរដ៏អស្ចារ្យនៃធម្មវិន័យរបស់ព្រះអង្គ។
១៩
ទូលបង្គំស្នាក់នៅជាបណ្តោះអាសន្នលើផែនដីនេះ
សូមកុំលាក់វិន័យរបស់ព្រះអង្គនឹងទូលបង្គំឡើយ។
២០
ចិត្តទូលបង្គំតែងតែផ្តោតទៅរកសេចក្តីដែលព្រះអង្គបានសម្រេចជានិច្ច។
២១
ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង
ដែលជាជនត្រូវបណ្តាសា វង្វេងឆ្ងាយពីវិន័យរបស់ព្រះអង្គ។
២២
សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ
កុំឱ្យមានគេត្មះតិះដៀល និងមើលងាយទូលបង្គំឡើយ
ព្រោះទូលបង្គំកាន់តាមដំបូន្មានរបស់ព្រះអង្គហើយ។
២៣
ទោះបីជាមេដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំយ៉ាងណាក៏ដោយ
ក៏ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនេះ
នៅតែសញ្ជឹងគិតពីក្រិត្យវិន័យរបស់ព្រះអង្គជានិច្ច។
២៤
ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់
ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ២៥

ការទូលសុំលើកលែងទោស និងការសង្រ្គោះ

សេចក្តីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តឡើយ (រ៉ូម ៥,៥)។

(ក)

(បទពាក្យ ៧)

១- ឱព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្ត ផ្ចង់ទាំងគំនិតឥតរវាត  
  ទៅលើព្រះអង្គមិនឃ្លាងឃ្លាត នឹកហើយគិតទៀតមិនបែកចិត្ត
២- បពិត្រព្រះម្ចាស់ទូលបង្គំ ពេលនេះរូបខ្ញុំផ្ញើជីវិត  
  កុំឱ្យទូលបង្គំត្រូវខកចិត្ត ព្រោះខ្មាំងជុំជិតមានជោគជ័យ
៣- អស់អ្នកសង្ឃឹមលើព្រះអង្គ នឹងមិនត្រូវបង់ខកចិត្តអ្វី  
  គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃ ទើបខកចិត្តក្រៃអ្វីក៏គ្មាន
៤- ឱព្រះអម្ចាស់ទូលបង្គំ សូមជួយណែនាំនិងបង្រៀន  
  ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន វិសុទ្ធហួសស្មាននៃព្រះអង្គ
៥- សូមជួយអប់រំខ្ញុំឱ្យរស់ តាមក្តីពិតស្មោះព្រះអង្គផង  
  ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ
៦- ឱព្រះអម្ចាស់សូមកុំភ្លេច ចាំជាប់ជានិច្ចពេញព្រះទ័យ  
  ដែលធ្លាប់អាណិតពន់ពេកក្រៃ ករុណាប្រណីខ្ញុំជានិច្ច
៧- សូមបំភ្លេចបាបនិងកំហុស ដែលខ្ញុំមានទោះច្រើនឬតិច  
  នៅពីក្មេងខ្ចីសូមបំភ្លេច ទ្រង់គ្មានកលកិច្ចសូមមេត្តា
៨- ព្រះអម្ចាស់មានព្រះហឫទ័យ សប្បុរសពេកក្រៃករុណា  
  សូមជួយបង្ហាញពីមាគ៌ា មនុស្សបាបរាល់គ្នាបានស្គាល់ផង
៩- ព្រះអង្គនាំមនុស្សដែលមានចិត្ត សុភាពសុចរិតតាមគន្លង  
  មាគ៌ាត្រឹមត្រូវល្អផូរផង់ មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ
១០- មាគ៌ារបស់ព្រះអម្ចាស់ សម្តែងយ៉ាងច្បាស់ករុណាធម៌  
  ដល់អ្នកគោរពទោះក្រីក្រ ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ
១១- ឱព្រះអម្ចាស់ប្រណីប្រោស កុំប្រកាន់ទោសខ្ញុំធ្ងរធ្ងន់  
  អំពើទុច្ចរិតមានពីមុន សូមក្រាបកាយលន់តួព្រះម្ចាស់
១២- អស់អ្នកគោរពហើយកោតខ្លាច ឫទ្ធីអំណាចបានស្គាល់ច្បាស់  
  ទ្រង់បង្ហាញផ្លូវឥតក្រឡះ ដែលគេត្រូវជ្រើសតាមចិន្តា
១៣- នោះគាត់បានសុខមានមង្គល ឥតមានខ្វាយខ្វល់គ្រប់វេលា  
  ពូជពង្សកូនចៅទាំងអស់គ្នា គ្រងស្រុកទុកជាកេរមរត៌ក
១៤- ព្រះតែងសម្តែងភក្តីភាព អ្នកតូចអ្នកទាបយ៉ាងស្ម័គ្រស្មោះ  
  អ្នកដែលកោតខ្លាចទ្រង់សប្បុរស ឱ្យគេទាំងអស់ស្គាល់មេត្រី
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(ខ)

១៥ ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអង្គជានិច្ច
ព្រោះព្រះអង្គរំដោះទូលបង្គំឱ្យរួចពីអន្ទាក់។
១៦
សូមព្រះអង្គបែរព្រះភក្ត្រមកទូលបង្គំ
ហើយប្រណីសន្តោសទូលបង្គំផង!
ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។
១៧
ទូលបង្គំលំបាកចិត្តពន់ពេកណាស់
សូមដកការតប់ប្រមល់នេះចេញពីចិត្តទូលបង្គំផង។
១៨
សូមទតមកទុក្ខវេទនា និងទុក្ខព្រួយរបស់ទូលបង្គំ
សូមអត់ទោសឱ្យទូលបង្គំបានរួចពីអំពើបាបទាំងប៉ុន្មានផង។
១៩
សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើន
គេស្អប់ទូលបង្គំខ្លាំងណាស់។
២០
សូមការពារជីវិត និងរំដោះទូលបង្គំផង!
ទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ
សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!
២១
ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ច សូមរក្សាជីវិតទូលបង្គំ
ព្រោះទូលបង្គំមានចិត្តសប្បុរស និងទៀងត្រង់!។
២២
ឱព្រះអម្ចាស់អើយ!
សូមរំដោះអ៊ីស្រាអែលឱ្យរួចពីទុក្ខវេទនាទាំងប៉ុន្មានផង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១២,១៣)

យើង​ទាំង​អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា​ក្តី សាសន៍​ក្រិក​ក្តី អ្នក​ងារ​ក្តី អ្នក​ជា​ក្តី ក៏​យើង​បាន​ទទួល​ពិធី​ជ្រមុជក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ ដើម្បី​ផ្សំ​គ្នា​ឡើង​ជា​ព្រះ‌កាយ​តែ​មួយ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ព្រះ‌វិញ្ញាណ​តែ​មួយ​ដែរ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទត ៣,៥ខ-៧)

ព្រះ‌អង្គ​សង្គ្រោះ​យើង ដោយ​លាង​ជម្រះ​យើង​ឲ្យ​បាន​កើត​ជា​ថ្មី និង​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ ព្រះ‌អង្គ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​យ៉ាង​បរិបូណ៌ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌សង្គ្រោះ​របស់​យើង ដើម្បីឲ្យ​យើង​បាន​សុចរិត ដោយ‌សារ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ និង​ឲ្យ​យើង​បាន​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច​ជា​មត៌ក តាម​សេចក្ដីសង្ឃឹម​របស់​យើង។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ១,១២-១៤)

ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្ត​រីក‌រាយ ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន មាន​សមត្ថ‌ភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធនៅ​ក្នុង​ពន្លឺ។ ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដីងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យនៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះ‌អង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។

បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

ឱព្រះបិតាដ៏មានធម៌មេត្តាករុណាដ៏លើសលប់ ! ព្រះអង្គសង្គ្រោះអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ ដោយផ្តល់សេរីភាពដ៏ពិតប្រាកដដល់គេ។ សូមព្រះអង្គមេត្តាប្រោសឱ្យព្រះសហគមន៍របស់ព្រះអង្គ ចេះគោរព និងការពារសេរីភាពនេះ ព្រមទាំងណែនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ ចូលរួមជាមហាគ្រួសារតែមួយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !