រដូវបុណ្យចម្លង សប្តាហ៍ទី៤ ថ្ងៃសុក្រ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,១៦១-១៦៨
អ្នកស្រឡាញ់ធម្មវិន័យបានសេចក្តីសុខសាន្ត
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
| ១៦១ | ពួកមេដឹកនាំបៀតបៀនទូលបង្គំ ដោយគ្មានមូលហេតុ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើឱ្យទូលបង្គំភ័យខ្លាច។ |
| ១៦២ | ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ដូចអ្នកទទួលជយភណ្ឌដ៏មានតម្លៃលើសលប់ដូច្នោះដែរ។ |
| ១៦៣ | ទូលបង្គំស្អប់ខ្ពើមការកុហក ទូលបង្គំស្រឡាញ់តែធម្មវិន័យរបស់ព្រះអង្គប៉ុណ្ណោះ។ |
| ១៦៤ | ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដង ព្រោះតែការសម្រេចដ៏សុចរិតរបស់ព្រះអង្គ។ |
| ១៦៥ | អស់អ្នកដែលស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គបានសុខសាន្តលើសលប់ គ្មានអ្វីអាចធ្វើឱ្យគេជំពប់ដួលបានឡើយ។ |
| ១៦៦ | បពិត្រព្រះអម្ចាស់! ទូលបង្គំរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។ |
| ១៦៧ | ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ ទូលបង្គំស្រឡាញ់ដំបូន្មាននេះពិតមែន។ |
| ១៦៨ | ទូលបង្គំប្រព្រឹត្តតាមច្បាប់ និងតាមដំបូន្មានរបស់ព្រះអង្គ អ្វីៗដែលទូលបង្គំបានធ្វើ ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ១៣៣
អំណរសប្បាយ ពេលបងប្អូននៅរស់ជុំគ្នា
យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីព្រះជាម្ចាស់… (១យហ ៤,៧)។
(បទពាក្យ ៧)
| ១- | បងប្អូនទាំងអស់ចេះរួមរស់ | ចេះស្រួលចេះស្រុះរស់នឹងគ្នា | |
| គឺល្អប្រពៃឥតគណនា | សប្បាយអស្ចារ្យត្រេកត្រអាល | ។ | |
| ២- | គឺប្រៀបបីដូចជាទឹកអប់ | ក្រអូបឈ្ងុយឈ្ងប់ហូរសព្វក្បាល | |
| មកពុកចង្កាហើយរាលដាល | ចុះមកដោយអាវលោកអរ៉ុន | ។ | |
| ៣- | ប្រៀបបីដូចជាធ្លាក់សន្សើម | ពីហ៊ែម៉ូនភ្នំនិងស៊ីយ៉ូន | |
| ជាកន្លែងព្រះម្ចាស់ប្រទាន | ជីវិតឱ្យមានអស់កល្បកប្ប | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ១៤០,២-៩.១៣-១៤
ព្រះអង្គជាជម្រករបស់ទូលបង្គំ
“ឥឡូវនេះ ជិតដល់ពេលកំណត់ ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាបហើយ” (មថ ២៦,៤៥)។
| ២ | ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំឱ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំឱ្យរួចផុតពីមនុស្សឃោរឃៅ។ |
| ៣ | អ្នកទាំងនោះ គិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយស្វែងរកជំលោះជារៀងរាល់ថ្ងៃ! |
| ៤ | អណ្តាតរបស់គេប្រៀបបាននឹងដាវដ៏មុត មាត់របស់គេពោរពេញទៅដោយពិសពុល ដូចពស់វែក។ |
| ៥ | ឱព្រះអម្ចាស់អើយ! សូមការពារទូលបង្គំ កុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់មនុស្សអាក្រក់! សូមការពារទូលបង្គំឱ្យរួចផុតពីមនុស្សឃោរឃៅ ដែលឃុបឃិតគ្នាចង់ផ្តួលរំលំទូលបង្គំ! |
| ៦ | មនុស្សអួតបំប៉ោងនាំគ្នាបង្កប់ចំរូង និងដាក់ខ្សែចាំទាក់ទូលបង្គំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្តៅចាំចាប់ទូលបង្គំ។ |
| ៧ | ខ្ញុំទូលព្រះអម្ចាស់ថា ៖ “ព្រះអង្គជាព្រះនៃទូលបង្គំ!” ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំទទូចអង្វរ! |
| ៨ | បពិត្រព្រះអម្ចាស់! ព្រះអង្គសង្គ្រោះដោយព្រះចេស្តារបស់ព្រះអង្គ នៅពេលធ្វើសឹកសង្គ្រាម ព្រះអង្គការពារទូលបង្គំ។ |
| ៩ | ឱព្រះអម្ចាស់អើយ! សូមកុំឱ្យសេចក្តីប៉ងប្រាថ្នារបស់មនុស្សអាក្រក់បានសម្រេចឡើយ ហើយក៏កុំបណ្តោយឱ្យផែនការរបស់គេបានជោគជ័យដែរ។ |
| ១៣ | ខ្ញុំដឹងថា ព្រះអម្ចាស់រកយុត្តិធម៌ឱ្យមនុស្សកំសត់ទុគ៌ត ព្រះអង្គការពារមនុស្សក្រីក្រ។ |
| ១៤ | ពិតមែនហើយ! មនុស្សសុចរិតនឹងនាំគ្នាលើកតម្កើងព្រះនាមរបស់ព្រះអង្គ មនុស្សសុចរិតនឹងរស់នៅមុខព្រះភក្ត្រព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ពេលព្រឹក (ម៉ោង៩)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ២,៣២.៣៦)
ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះឱ្យរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។ ហេតុនេះ សូមឱ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រីស្ដហើយ»។
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!
ពេលថ្ងៃត្រង់ (ម៉ោង១២)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៣,២៧-២៨)
បងប្អូនទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីឱ្យបានរួមជាមួយព្រះគ្រីស្ត បងប្អូនក៏មានព្រះគ្រីស្តនៅជាប់ជាមួយដែរ។ ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ត្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងព្រះគ្រីស្តយេស៊ូ។
—ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!
ពេលរសៀល (ម៉ោង៣)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៥,៧-៨)
សូមបងប្អូនជម្រះខ្លួនឱ្យបរិសុទ្ធផុតពីមេម្សៅចាស់នោះទៅ ដើម្បីឱ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេ ដ្បិតគេបានសម្លាប់ព្រះគ្រីស្តធ្វើជាយញ្ញបូជារបស់យើង ក្នុងឱកាសបុណ្យចម្លងរួចស្រេចទៅហើយ។ ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំបុ័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំបុ័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។
—ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសឱ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ តាមព្រះបន្ទូលសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឱ្យយល់ពីគម្រោងការដ៏អស្ចារ្យនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!