រដូវបុណ្យចម្លង សប្តាហ៍ទី២ ថ្ងៃចន្ទ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,៤១-៤៨
ខ្ញុំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ
បន្ទរ៖ អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
| ៤១ | ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ សូមសង្គ្រោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! |
| ៤២ | សូមជួយទូលបង្គំឱ្យឆ្លើយតបនឹងអ្នក ដែលជេរប្រមាថទូលបង្គំ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ |
| ៤៣ | សូមកុំឱ្យទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្តីពិតឡើយ ដ្បិតទូលបង្គំសង្ឃឹមលើការសម្រេចរបស់ព្រះអង្គហើយ។ |
| ៤៤ | ទូលបង្គំនឹងគោរពតាមធម្មវិន័យរបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ។ |
| ៤៥ | ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី ដ្បិតទូលបង្គំស្វែងរកច្បាប់របស់ព្រះអង្គ។ |
| ៤៦ | ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គទូលស្តេចនានា ទូលបង្គំនឹងមិនខ្មាស់ឡើយ។ |
| ៤៧ | ទូលបង្គំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ ទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់។ |
| ៤៨ | ទូលបង្គំលើកដៃប្រណម គោរពវិន័យរបស់ព្រះអង្គ ព្រោះទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់ ទូលបង្គំចង់សញ្ជឹងគិតអំពីក្រិត្យវិន័យរបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៤០,២-១៤.១៧-១៨
ពាក្យអរព្រះគុណ និងពាក្យទូលសូមជំនួយ
“ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ” (ហប ១០,៥)។
(ក)
(បទពាក្យ ៧)
| ២- | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
| ស្តាប់សូរសម្រែកមិនលំអៀង | ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ | ។ | |
| ៣- | ព្រះអង្គយកខ្ញុំពីរណ្តៅ | ពីភក់ជ្រាំជ្រៅយកមកដាក់ | |
| នៅលើថ្មដាគ្មានថ្នាំងថ្នាក់ | ថែទាំទុកដាក់ខ្ញុំរុងរឿង | ។ | |
| ៤- | ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង | បទថ្មីសំនៀងលើកតម្កើង | |
| មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង | ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច | ។ | |
| ៥- | មនុស្សណាដែលបានផ្ញើជីវិត | លើព្រះមានឫទ្ធិដ៏អង់អាច | |
| មិនបែរគោរពទៅខ្លបខ្លាច | ព្រះមានអំណាចព្រះបោកប្រាស | ។ | |
| ៦- | បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំ | ព្រះអង្គឧត្តមប្រសើរណាស់ | |
| ការអស្ចារ្យទ្រង់ច្រើនដេរដាស | ជាព្រះសង្គ្រោះមិនបែកបែរ | ។ | |
| ព្រះអង្គក៏មានគម្រោងការ | ច្រើនឥតឧបមាឥតងាករេ | ||
| គ្មាននរណាស្មើព្រះអង្គទេ | ការអស្ចារ្យទ្វេរាប់មិនអស់ | ។ | |
| ៧- | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
| ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតំរិះនៃព្រះអង្គ | ។ | |
| ៨- | ដូច្នេះទូលបង្គំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង្គ | |
| ទូលបង្គំប្រព្រឹត្តឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ | |
| ៩- | ទូលបង្គំពេញចិត្តធ្វើតាម | ព្រះហឫទ័យអម្ចាស់គ្រប់ទិសទី | |
| វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
| ១០ | ទូលបង្គំបានប្រកាសឱ្យអង្គប្រជុំដ៏ធំ ដឹងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំនឹងថ្លែងឥតឈប់ឈរឡើយ។ |
| ១១ | ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គ ទុកក្នុងចិត្តទូលបង្គំទាល់តែសោះ ទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ដែលបានសង្គ្រោះទូលបង្គំ ទូលបង្គំពុំអាចនៅស្ងៀម មិនប្រកាសអំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គ នៅកណ្ដាលអង្គប្រជុំធំបានឡើយ។ |
| ១២ | ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថា ព្រះអង្គតែងតែអាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គ តែងតែតាមការពារទូលបង្គំជានិច្ច។ |
| ១៣ | មានទុក្ខលំបាកច្រើនឥតគណនារួបរឹតទូលបង្គំ កំហុសរបស់ទូលបង្គំផ្ទាល់បានតាមយាយីទូលបង្គំ ធ្វើឱ្យទូលបង្គំស្រវាំងភ្នែកមើលអ្វីលែងឃើញ កំហុសទូលបង្គំមានចំនួនច្រើនជាងសរសៃសក់របស់ទូលបង្គំទៅទៀត ទូលបង្គំលែងមានកម្លាំងប្រឈមមុខទៀតហើយ។ |
| ១៤ | ឱព្រះអម្ចាស់អើយ សូមមេត្តារំដោះទូលបង្គំផង! ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់! |
| ១៧ | រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមឱ្យគេបានសប្បាយរីករាយរួមជាមួយព្រះអង្គ! សូមឱ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះរបស់ព្រះអង្គ ថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះអម្ចាស់!»។ |
| ១៨ | ទូលបង្គំជាមនុស្សកំសត់ទុរគត តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។ ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមយាងមកកុំបង្អង់ឡើយ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ អាលេលូយ៉ា ! អាលេលូយ៉ា ! អាលេលូយ៉ា !
ពេលព្រឹក (ម៉ោង៩)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ១,១៧-១៨)
ពេលខ្ញុំឃើញលោក ខ្ញុំដួលសន្លប់បាត់ស្មារតី នៅទៀបជើងលោក។ លោកដាក់ដៃស្ដាំលើខ្ញុំ ទាំងពោលថាៈ «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ។
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!
ពេលថ្ងៃត្រង់ (ម៉ោង១២)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ២,៩.១២)
ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រីស្ត។ ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រីស្តហើយ ដោយបងប្អូនរួមក្នុងអង្គព្រះគ្រីស្ត បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រីស្តឲ្យមានព្រះជន្មរស់ឡើងវិញ។
—ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!
ពេលរសៀល (ម៉ោង៣)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ធម ២,៨.១១)
ចូរនឹកដល់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មរស់ឡើងវិញ ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ពាក្យនេះគួរឲ្យជឿ គឺថាៈ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ យើងក៏នឹងមានជីវិតរស់រួមជាមួយព្រះអង្គដែរ។
—ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គប្រោសឱ្យយើងខ្ញុំហៅព្រះអង្គថា «ព្រះបិតា»។ សូមព្រះអង្គមេត្តាប្រទានឱ្យយើងខ្ញុំមានចិត្តគំនិតស្របតាមឋានៈខ្លួនជាបុត្រធីតាព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!