១១ មេសា ២០២៦

Written on 21/01/2026
Mary Siya Khim

ថ្ងៃសៅរ៍ សប្តាហ៍បុណ្យចម្លង

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៣៣-៤០

សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់​

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ព្រះ‌គ្រីស្ដដែល​រស់​ឡើង​វិញ​នោះ ព្រះ‌អង្គ​លែង​សោយ​ទិវង្គត​ហើយ អាលេលូយ៉ា !

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត អាលេលូយ៉ា !

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ អាលេលូយ៉ា !

៣៣ ឱព្រះអម្ចាស់អើយ !
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់​
ដើម្បីឱ្យទូលបង្គំកាន់តាមគ្រប់ពេលវេលា!។
៣៤
សូមប្រទានឱ្យទូលបង្គំមានប្រាជ្ញា
ទូលបង្គំនឹងកាន់តាមធម្មវិន័យរបស់ព្រះអង្គ
ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត! ។
៣៥
សូមនាំទូលបង្គំតាមមាគ៌ានៃវិន័យរបស់ព្រះអង្គ
ដ្បិតទូលបង្គំពេញចិត្តនឹងវិន័យទាំងនេះណាស់។
៣៦
សូមទាក់ទាញចិត្តទូលបង្គំ
ឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ មិនមែនឱ្យរកកំរៃឡើយ !
៣៧
សូមទាញអារម្មណ៍ទូលបង្គំ ឱ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ
សូមឱ្យទូលបង្គំមានជីវិតដោយសារមាគ៌ារបស់ព្រះអង្គ!
៣៨
សូមសម្រេចចំពោះទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ
តាមព្រះបន្ទូលដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នកគោរពកោតខ្លាចព្រះអង្គ។
៣៩
សូមកុំឱ្យមាននរណាជេរប្រមាថទូលបង្គំ
ជាការដែលទូលបង្គំខ្លាចរអែងណាស់
ដ្បិតការសម្រេចរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។
៤០
ទូលបង្គំប្រាថ្នាចង់ធ្វើតាមច្បាប់របស់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ
ដោយសេចក្តីសុចរិតរបស់ព្រះអង្គ !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៩៦

ព្រះអម្ចាស់ជាព្រះមហាក្សត្រ និងជាអ្នកវិនិច្ឆ័យទោសពិភពលោក

អ្នកទាំងនោះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន (វវ ១៤,៣)។

(ក)

(បទព្រហ្មគីតិ)

១- ចូរច្រៀងបទថ្មីថ្វាយ ព្រះម្ចាស់ថ្លៃកុំឈរឈប់  
  មនុស្សលើពិភព ច្រៀងកុំឈប់ថ្វាយព្រះអង្គ
២- ចូរច្រៀងថ្វាយព្រះម្ចាស់ តម្កើងព្រះនាមត្រចង់  
  ប្រកាសរាល់ថ្ងៃផង ពីបំណងដ៏ថ្លាថ្លៃ
៣- ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិទីទៃ  
  នូវរុងរឿងសិរី ព្រះហស្តថ្លៃដ៏អស្ចារ្យ
៤- ដ្បិតព្រះម្ចាស់ឧត្តម យើងត្រូវខំសរសើរថា  
  អស់ពីដួងចិន្តា ព្រះក្សត្រាប្រសើរខ្ពស់
៥- ព្រះនៃសាសន៍ផ្សេងណា មិនបានការអ្វីទាំងអស់  
  រីឯព្រះអម្ចាស់ ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ
៦- មានពន្លឺរស្មី ចែងចាំងក្រៃល្អពន់ពេក  
  ដំណាក់គន់គាប់ភ្នែក បារមីប្លែកថ្កើងត្រចង់
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

(ខ)

ប្រជាជាតិទាំងឡាយអើយ!
ចូរនាំគ្នាលើកតម្កើងសីរីរុងរឿងព្រះអម្ចាស់ !
ចូរថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ!។

ចូរលើកតម្កើងសីរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់
ចូរនាំគ្នាយកតង្វាយចូលមកក្នុងព្រះវិហាររបស់ព្រះអង្គ !

ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ !
មនុស្សនៅលើផែនដីទាំងមូលអើយ!
ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ !
១០
ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា
ព្រះអម្ចាស់គ្រងរាជ្យ ពិភពលោកនៅតែរឹងមាំឥតរង្គើឡើយ។
ព្រះអម្ចាស់គ្រប់គ្រងលើប្រជារាស្ត្រនានាដោយយុត្តិធម៌។
១១
ចូរឱ្យផ្ទៃមេឃមានអំណរសប្បាយ ចូរឱ្យផែនដីរីករាយឡើង
ចូរឱ្យសមុទ្រ និងអ្វីៗដែលមានជីវិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង !
១២
ចូរឱ្យស្រែចម្ការ និងអ្វីៗដែលស្ថិតនៅទីនោះ ត្រេកអរសប្បាយ
ចូរឱ្យព្រៃព្រឹក្សាទាំងប៉ុន្មាន ស្រែកហ៊ោរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់
១៣
ដ្បិតព្រះអង្គយាងមក ព្រះអង្គយាងមកវិនិច្ឆ័យផែនដី
ព្រះអង្គនឹងវិនិច្ឆ័យផែនដីដោយយុត្តិធម៌
ព្រះអង្គនឹងវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ព្រះ‌គ្រីស្ដដែល​រស់​ឡើង​វិញ​នោះ ព្រះ‌អង្គ​លែង​សោយ​ទិវង្គត​ហើយ អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៥,១០-១១)

បើ​ព្រះ‌ជាម្ចាស់​សម្រុះសម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​សោយ​ទិវង្គត ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ព្រះ‌អង្គ​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ព្រះ‌ជន្ម​របស់​ព្រះ‌បុត្រា​ថែម​ទៀត ជា​ពុំ‌ខាន។ មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា​អម្ចាស់​នៃ​យើង ដែល​ព្រះ‌អង្គ​បាន​សម្រុះ‌សម្រួល​ឲ្យ​យើង​ជា​នា​នឹង​ព្រះ‌ជាម្ចាស់​វិញ​នៅ​ពេល​នេះ។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា !
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១៥,២០-២២)

ព្រះ‌គ្រីស្ត​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់។ បើ​មនុស្ស​លោក​ត្រូវ​ស្លាប់​ព្រោះ​តែ​មនុស្ស​ម្នាក់ គេ​ក៏​នឹង​រស់​ឡើង​វិញ​ដោយ‌សារ​មនុស្ស​តែ​ម្នាក់​ដែរ។ មនុស្ស​ទាំង​អស់​បាន​ស្លាប់​រួម​ជា​មួយ​លោក​អដាំ​យ៉ាង​ណា គេ​ក៏​នឹង​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​យ៉ាង​នោះ​ដែរ។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា !
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៥,១៤-១៥)

ដ្បិត​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត​បាន​ជំរុញ​យើង ដោយ​យើង​យល់​ឃើញ​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​សម្រាប់​មនុស្ស​ទាំង​អស់ នោះ​មនុស្ស​ទាំង​អស់​ក៏​ដូច​ជា​បាន​ស្លាប់​ដែរ។ ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ជីវិតលែង​រស់​សម្រាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សម្រាប់​ព្រះ‌អង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។

បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា !
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ដោយអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គសព្វព្រះហឫទ័យឲ្យបុត្រធីតារបស់ព្រះអង្គ កើនចំនួនឡើងជាលំដាប់។ សូមទ្រង់ព្រះមេត្តាថែរក្សាបុត្រធីតាដែលទើបនឹងកើតថ្មីនេះ បានទទួលជីវិតអស់កល្បជានិច្ចរួមជាមួយព្រះគ្រីស្ត។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!