០៤ មេសា ២០២៦ (ម៉ោង១២ថ្ងៃត្រង់)

Written on 19/01/2026
Mary Siya Khim

ថ្ងៃសៅរ៍ពិសិដ្ឋ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១២៣

ព្រះជាម្ចាស់ជាសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្តព្រះអង្គ

មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!» (មថ ២០,៣០)។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះ‌អង្គ​បាន​រំដោះព្រលឹងទូល‌បង្គំឲ្យ​រួច​ផុត​ពីស្ថាន​មច្ចុរាជ។

ឱ​ព្រះ‌អម្ចាស់​ដែល​គង់​នៅស្ថាន​បរម‌សុខ​អើយ
ទូល‌បង្គំងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ព្រះ‌អង្គ។

យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើង
ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​ប្រណី‌សន្ដោស
ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន
និង​ដូច​ស្ត្រីបម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រីរបស់​ខ្លួន​យ៉ាង​នោះ​ដែរ។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី‌សន្ដោស​យើង​ខ្ញុំ
សូម​ប្រណី‌សន្ដោស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ត្រូវ​គេ​ប្រមាថ​ខ្លាំង​ណាស់។

យើង​ខ្ញុំ​ពុំ​អាច​ទ្រាំ‌ទ្រនឹង​ការ​មើល‌ងាយ​ពី​សំណាក់​មនុស្ស​ព្រហើន
ព្រម​ទាំង​ការ​ប្រមាថ​ពី​សំណាក់​មនុស្ស​វាយ‌ឫក​ខ្ពស់បាន​ទៀត​ឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១២៤ (១២៣)

ជំនួយរបស់យើងស្ថិតក្នុងព្រះនាមរបស់ព្រះអម្ចាស់

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោកប៉ូលថា៖ «កុំ​ខ្លាច​អី…. ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ (កក ១៨,៩-១០)។

(បទពាក្យ ៧)

១- ប្រសិនបើគ្មានព្រះអម្ចាស់ មិនជួយសន្តោសគាំទ្រទេ  
  សូមអ៊ីស្រាអែលពោលហូរហែ ពោលកុំទំនេរទាំងអស់គ្នា
២- ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងនោះគ្រប់វេលា  
  ពេលណាសត្រូវលើកគ្នីគ្នា សម្រុកពុះពារវាយលើយើង
៣- ពេលណាគេមានកំហឹងខ្លាំង គេមកប្រឆាំងយើងនឹងប៉ើង  
  គេនឹងត្របាក់លេបដូចភ្លើង មិនឲ្យពួកយើងសុខសាន្តឡើយ
៤- យើងនឹងលិចលង់ក្នុងសមុទ្រ ភិតភ័យតក់ស្លុតឥតមានស្បើយ  
  ទឹកហូរនាំយើងគ្មានកោះត្រើយ ទៅកាន់ទីឆ្ងាយគ្មានគោលដៅ
៥- ពេលយើងកំពុងអស់កម្លាំង មានទឹកកួចខ្លាំងពន្លិចទៅ  
  ដល់បាតជលសាដ៏សែនជ្រៅ ជីវិតយើងត្រូវលង់ក្សិណក្ស័យ
៦- សូមលើកតម្កើងព្រះអម្ចាស់ ដ្បិតទ្រង់ជាព្រះមានបារមី  
  ទ្រង់ពុំប្រគល់យើងក្នុងដៃ ធ្វើរំពានៃពួកនោះឡើយ
៧- យើងរួចជីវិតដូចបក្សី គេចផុតពីដៃព្រានព្រៃហើយ  
  គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ យើងបានធូរស្បើយរស់ជីវ៉ា
៨- ព្រះអម្ចាស់បានសង្គ្រោះយើង ដោយព្រះនាមថ្កើងមានចេស្តា  
  គឺព្រះអង្គដែលមានមេត្តា បង្កើតវេហានិងផែនដី
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ១២៥

ព្រះអម្ចាស់ថែរក្សាប្រជារាស្រ្តរបស់ព្រះអង្គ

សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដីសុខ‌សាន្ត ដល់​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​របស់​ព្រះ‌អង្គ (កាឡ ៦,១៦)។

អ្នក​ណា​ផ្ញើជីវិត​លើ​ព្រះ‌អម្ចាស់ អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូន
ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ឥត​រង្គើសោះ​ឡើយ។

ភ្នំ​នានា​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​ណា
ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជុំ‌វិញ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ តាំង​ពី​ពេល​នេះ
រហូត​ដល់​អស់​កល្ប‌ជានិច្ចយ៉ាង​នោះ​ដែរ

ដ្បិត​មនុស្ស​អាក្រក់​ពុំ​អាច​គ្រប់‌គ្រងលើ​ទឹក​ដី​របស់​មនុស្ស​សុចរិត​ទេ
ដូច្នេះ មនុស្ស​សុចរិត​គ្មាន​ចិត្ត​លំអៀង​ទៅប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ។

ព្រះ‌អម្ចាស់​អើយ សូម​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ទៀង​ត្រង់។

រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀច‌វេរ​វិញ
សូម​ព្រះ‌អម្ចាស់​នាំ​គេ​យក​ទៅ​ធ្វើទោស
ជា​មួយអស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។
សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ប្រកបដោយ​សេចក្ដី​សុខ‌សាន្ត!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះ‌អង្គ​បាន​រំដោះព្រលឹងទូល‌បង្គំឲ្យ​រួច​ផុត​ពីស្ថាន​មច្ចុរាជ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ២,១ខ-២)

ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប យើង​មាន​ព្រះ​ដ៏​ជួយ​ការ‌ពារ​កមួយ​ព្រះ‌អង្គ គង់​នៅ​ទល់​មុខ​ព្រះ‌បិតា គឺ​ព្រះ‌យេស៊ូ‌គ្រីស្ត​ដ៏​សុចរិត។ ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្ម ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។

បន្ទរ៖ ជីវិត​របស់​មនុស្ស​ត្រូវ​ស្លាប់ ឬ​រស់ស្រេច​តែ​លើ​ព្រះ‌អម្ចាស់
—គេ​ត្រូវ​ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ឬ​ឡើង​មក​វិញ ក៏​ស្រេច​តែ​លើព្រះ‌អង្គ​ដែរ។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងដែលមានព្រះជន្ម គង់នៅអស់កល្បជានិច្ច ! ព្រះបុត្រាតែមួយរបស់ព្រះអង្គបានយាងចុះមក ក្នុងចំណោមមនុស្សស្លាប់ និងបានរស់ឡើងវិញ ពោរពេញដោយសិរីរុងរឿង។ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសប្រជារាស្រ្តដ៏ស្មោះត្រង់របស់ព្រះអង្គ ដែលបានរួមស្លាប់ជាមួយព្រះបុត្រា ក្នុងអគ្គសញ្ញាជ្រមុជទឹក ឲ្យរស់ឡើងវិញ ទៅជាអង្គតែមួយនឹងព្រះអង្គនៅស្ថានបរមសុខ ដែលទ្រង់គង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !