០១ មេសា ២០២៦

Written on 16/01/2026
Mary Siya Khim

ថ្ងៃពុធពិសិដ្ឋ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,៥៧-៦៤

ទូល‌បង្គំ​ឥត​ភ្លេច​វិន័យ​របស់​ព្រះ‌អង្គ​ទេ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះ‌អង្គ​ស្រឡាញ់​សាវ័ក​របស់​ព្រះ‌អង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។

៥៧ បពិត្រព្រះអម្ចាស់! ទូលបង្គំសូមទូលព្រះអង្គថា
ការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ ជាចំណែកមត៌ករបស់ទូលបង្គំ។
៥៨
ទូលបង្គំខិតខំអស់ពីចិត្ត ឱ្យគាប់ព្រះហឫទ័យព្រះអង្គ
សូមប្រណីសន្តោសទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង !
៥៩
ទូលបង្គំរិះគិតអំពីកិរិយាមាយាទរបស់ទូលបង្គំ
ទូលបង្គំក៏បោះជំហានមករកដំបូន្មានរបស់ព្រះអង្គវិញ។
៦០
ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ
ឥតធ្វេសប្រហែសសោះឡើយ។
៦១
មនុស្សអាក្រក់បានធ្វើឱ្យទូលបង្គំជាប់អន្ទាក់របស់គេ
តែទូលបង្គំឥតភ្លេចវិន័យរបស់ព្រះអង្គទេ។
៦២
នៅពាក់កណ្តាលអធ្រាត្រ ទូលបង្គំក្រោកឡើង
ដើម្បីលើកតម្កើងព្រះអង្គ ព្រោះតែការសម្រេចដ៏ត្រឹមត្រូវរបស់ព្រះអង្គ។
៦៣
ទូលបង្គំរួមចិត្តគំនិតជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
គឺអ្នកដែលប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
៦៤
បពិត្រព្រះអម្ចាស់!
ផែនដីពេញទៅដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
សូម​បង្រៀន​ឱ្យ​ទូល‌បង្គំ​ស្គាល់​វិន័យរបស់​ព្រះ‌អង្គ !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៥៥,២-១៥.១៧-២៤

ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ដែល​ត្រូវ​គេ​ក្បត់​ចិត្ត

ព្រះយេស៊ូចាប់ផ្តើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ (មក ១៤,៣៣)។

(ក)

(បទពាក្យ ៧)

២- ឱព្រះជាម្ចាស់អើយសូមមេត្តា សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ  
  ដែលខំអង្វរទទូចសុំ សូមទ្រង់សណ្តាប់កុំគេចចេញ
៣- ពេលទ្រង់ស្តាប់ពាក្យខ្ញុំរួចហើយ សូមកុំកន្តើយតបមកវិញ  
  ព្រោះខ្ញុំចុកចាប់ទុក្ខទោម្នេញ ទុក្ខព្រួយពោរពេញក្នុងអាត្មា
៤- ពេលឮសម្រែកខ្មាំងសត្រូវ មនុស្សពាលកំឡៅចិត្តឫស្យា  
  ឱ្យរូបខ្ញុំរងទុក្ខវេទនា ហើយតាមប្រហារដោយកំហឹង
៥- ទូលបង្គំតក់ស្លុតពន់ពេកក្រៃ ញាប់ញ័រភិតភ័យអស់ព្រលឹង  
  ស្រយង់ស្រយុតនៅមិននឹង ដូចគ្មានព្រលឹងខ្លាចមរណា
៦- ទូលបង្គំរន្ធត់ពន់ពេកក្រៃ ដូចជាមានអ្វីផ្តាច់សង្ខារ  
  ព្រឺព្រួចក្នុងចិត្តឥតឧបមា ដូចមនុស្សជរាឈឺដុនដាប
៧- ទូលបង្គំតែងនឹកគិតថា បើខ្ញុំនេះណាប្រែមានស្លាប  
  ខ្ញុំនឹងហោះហើររៀងដរាប រកទីសម្រាប់ជ្រកលាក់ខ្លួន
៨- ខ្ញុំនឹងហោះហើរទៅឱ្យឆ្ងាយ ទៅឯទីនាយសំងំពួន  
  ដេកទាំងយប់ថ្ងៃឱ្យបាត់សូន្យ ក្នុងរហោស្ថានស្មសានស្ងាត់
៩- ខ្ញុំនឹងភៀសខ្លួនទៅឱ្យឆ្ងាយ មិននៅរៀងអាយទៅឱ្យបាត់  
  បើទៅឱ្យឆាប់ល្អពេកក្តាត់ ជៀសឱ្យរួចផុតព្យុះសង្ឃរា
១០- ឱព្រះអម្ចាស់ថ្លៃខ្ញុំអើយ សូមជួយកុំឱ្យពួកបច្ចា  
  និយាយស្តាប់បានគ្រប់អាត្មា ព្រោះតែពួកវាចិត្តអប្រីយ៍
១១- ទាំងយប់ទាំងថ្ងៃមានសុទ្ធតែ ទាស់ទែងឥតល្ហែមិនដឹងអី  
  អំពើពាលាកាប់ប្រល័យ សាហាវពេកក្រៃទាំងក្រៅក្នុង
១២- ក្នុងក្រុងមានតែឧក្រិដ្ឋកម្ម រាល់ថ្ងៃខែឆ្នាំមិនរំលង  
  នៅតាមទីផ្សារតាមភូមិផង ជិះជាន់ប៉ុនប៉ងបោកប្រាសគ្នា
១៣- ពួកអ្នកដែលតែងជេរតិះដៀល មិនមែនពួកពាលចិត្តឫស្យា  
  បើវាជាពួកធ្លាប់ផ្តន្ទា នោះខ្ញុំពាំងវាជាមិនខាន
១៤- គឺឯងធ្លាប់នៅជាមួយខ្ញុំ ធ្លាប់នៅជួបជុំសែនសុខសាន្ត  
  ជាអ្នកជិតស្និទ្ធឥតរំខាន ជាមិត្តកល្យាណធ្លាប់ស្ម័គ្រស្មោះ
១៥- យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា គ្រប់ពេលវេលាមិនទំនាស់  
  ធ្លាប់ថ្វាយបង្គំព្រះជាម្ចាស់ វិសុទ្ធពេកណាស់ក្នុងដំណាក់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(ខ)

១៧ រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់
ព្រះអម្ចាស់មុខជានឹងសង្គ្រោះខ្ញុំមិនខាន។
១៨
ខ្ញុំតប់ប្រមល់ ស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គ
ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច
ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំហើយ។
១៩
ទោះបីមានខ្មាំងសត្រូវលើកគ្នាសន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្តី
ក៏ព្រះអង្គរំដោះខ្ញុំឱ្យបានរួចជីវិតដែរ។
២០
ព្រះជាម្ចាស់គ្រងរាជ្យតាំងពីដើមរៀងមក
សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំ ហើយបំបាក់មុខពួកគេទៅ!
អ្នកទាំងនោះមិនដូរគំនិតទេ ពួកគេក៏មិនគោរពកោតខ្លាចព្រះជាម្ចាស់ដែរ។
២១
អ្នកនោះតែងតែវាយប្រហារមិត្តសម្លាញ់
ហើយបំពានលើពាក្យសន្យារបស់ខ្លួនទៀតផង។
២២
ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត
តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ
ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
២៣
ចូរផ្ញើជីវិតលើព្រះអម្ចាស់ នោះព្រះអង្គនឹងជួយគាំទ្រអ្នកជាមិនខាន
ព្រះអង្គមិនដែលទុកឱ្យមនុស្សសុចរិតត្រូវបរាជ័យឡើយ។
២៤
ឱព្រះជាម្ចាស់អើយ! សូមធ្វើឱ្យពួកគេធ្លាក់រណ្តៅទៅ!
ពួកគេសុទ្ធតែជាឃាតករ និងជនបោកប្រាស់
សូមកុំឱ្យពួកគេអាចរស់បានពាក់កណ្តាលអាយុរបស់ខ្លួនឡើយ
ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះ‌អង្គ​ស្រឡាញ់​សាវ័ក​របស់​ព្រះ‌អង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ធម ២,៤-៦)

ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដីពិត​យ៉ាង​ច្បាស់ ដ្បិត​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ មាន​ស្ពាន‌មេត្រី​តែ​មួយ​រវាង​ព្រះ‌ជាម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះ‌គ្រីស្ត‌យេស៊ូ​ដែល​ជា​មនុស្ស។ ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្មដើម្បី​លោះ​មនុស្ស​ទាំង​អស់។នេះ​ជា​សក្ខី‌ភាព​មួយ ដែល​ព្រះ‌អង្គ​បាន​បង្ហាញ​នៅ​ពេល​កំណត់។

បន្ទរ៖ ព្រះអង្គសព្វព្រះហឫទ័យប្រគល់ព្រះកាយព្រះអង្គ ទុកជាយញ្ញបូជា
—ព្រះអង្គមិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ គឺ​ដូច​ព្រះ‌បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៥,៣)

ដ្បិត​ព្រះ‌គ្រីស្ដ​ពុំ​បាន​ស្វែង​រក​អ្វី ដែល​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ផ្ទាល់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​ចែង​ទុក​មក​ថា «ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក​ដែល​តិះ‌ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើទូលបង្គំ»។

បន្ទរ៖ លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង
—លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើងមក​ដាក់​លើ​ខ្លួន​លោក។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៩,២៨)

ព្រះ‌គ្រីស្ត​ក៏​បាន​ថ្វាយ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​តែ​មួយ​ដង ធ្វើជា​យញ្ញ‌បូជា ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះ‌អង្គ​នឹង​យាង​មក​ម្ដង​ទៀត តែ​លើក​នេះ គ្មាន​ទាក់​ទាម​អ្វីនឹង​បាប​ទេ គឺ​ព្រះ‌អង្គ​យាង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ។

បន្ទរ៖ ចូរយើងគោរពថ្វាយបង្គំព្រះឈើឆ្កាង
—យើងខ្ញុំបានទទួលអគ្គសញ្ញានៃការសង្រ្គោះ ដោយសារព្រះឈើឆ្កាង។

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះបុត្រាសព្វព្រះហឫទ័យសោយទិវង្គតនៅលើឈើឆ្កាង ដើម្បីរំដោះយើងខ្ញុំឲ្យរួចពីអំណាចរបស់មារ។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំបានចូលរួមក្នុងសិរីរុងរឿងរបស់ព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ។ យើងខ្ញុំសូមអង្វរព្រះអង្គដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!