២១ កុម្ភៈ ២០២៦

Written on 31/12/2025
Mary Siya Khim

ថ្ងៃសៅរ៍ ក្រោយបុណ្យរោយផេះ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១៦៩-១៧៦

សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មាន​ព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

១៦៩ ឱព្រះអម្ចាស់អើយ ! សូមឱ្យសូរសម្រែករបស់ទូលបង្គំលាន់ឮទៅដល់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណា តាមព្រះបន្ទូលរបស់ព្រះអង្គ។
១៧០
សូមឱ្យពាក្យទទូចអង្វររបស់ទូលបង្គំបានលាន់ឮទៅដល់ព្រះអង្គ
សូមរំដោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។
១៧១
សូមឱ្យទូលបង្គំពោលពាក្យសរសើរតម្កើងព្រះអង្គឥតឈប់
ដ្បិតព្រះអង្គបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់។
១៧២
ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើងព្រះបន្ទូលសន្យារបស់ព្រះអង្គ
ដ្បិតវិន័យទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែសុចរិត។
១៧៣
សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ
ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។
១៧៤
បពិត្រព្រះអម្ចាស់ ! ទូលបង្គំប្រាថ្នាសូមឱ្យព្រះអង្គសង្គ្រោះទូលបង្គំ
ទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។
១៧៥
សូមឱ្យទូលបង្គំមានជីវិត ដើម្បីសរសើរតម្កើងព្រះអង្គ!
សូមឱ្យសេចក្តីដែលព្រះអង្គបានសម្រេច ជួយលើកទឹកចិត្តទូលបង្គំ។
១៧៦
ទូលបង្គំនៅវិលវល់ដូចចៀមវង្វេង
សូមយាងមករកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គផង!
ដ្បិតទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គឡើយ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៤៥

ព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះអង្គ

“ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!” (មថ ២៥,៦)។

(ក)

(បទព្រហ្មគីតិ)

២- ពាក្យខ្ញុំពោលពីរោះ ដ៏ស្ម័គ្រស្មោះពីដួងចិត្ត  
  តែងបទថ្វាយមហាក្សត្រ សូមឱ្យបទដូចកវី
៣- ព្រះអង្គល្អជាងគេ រកគ្មានទេវោហារស្តី  
  ព្រះប្រទានពរជ័យ មានសិរីទាំងអំណាច
៤- វីរបុរសឫទ្ធិ គន់គាប់ចិត្តសែនអង់អាច  
  សូមពាក់ព្រះខ័ន្តរាជ្យ ភ្លឺចិញ្ចាចចិញ្ចែងទៅ
៥- សូមគង់លើរាជរថ យាងតយុទ្ធនឹងសត្រូវ  
  ការពារពាំងទុកនូវ រឿងត្រឹមត្រូវនឹងសុចរិត
  សូមទ្រង់បានជោគជ័យ ដ៏ថ្លាថ្លៃអស់ពីចិត្ត  
  ដោយបារមីមានឫទ្ធិ ដ៏ប្រណីតនៃព្រះអង្គ
៦- សូមឱ្យព្រួញដ៏មុត ស្រួចបំផុតជួយតម្រង់  
  ឱ្យព្រួញនៃព្រះអង្គ បាញ់តម្រង់ទ្រូងបច្ចា
  សូមគ្រប់ប្រជាជាតិ កុំបីឃ្លាតឃ្លាទៅណា  
  ឱ្យធ្លាក់ក្រោមបាទា ព្រះរាជាដ៏មានឫទ្ធិ
៧- រាជាដ៏ខ្ពស់ខ្ពង់ បល្ល័ង្កទ្រង់នៅស្ថេរស្ថិត  
  គ្រងរាជ្យមិនរខិត គង់នៅពិតដោយយុត្តិធម៌
៨- ព្រះអង្គសព្វព្រះទ័យ នឹងសេចក្តីសុចរិតល្អ  
  អំពើអយុត្តិធម៌ ទ្រង់មិនគាប់ព្រះហឫទ័យ
  ហេតុនេះព្រះជាម្ចាស់ ដែលជាព្រះដ៏ប្រពៃ  
  ជ្រើសរើសអង្គក្សត្រថ្លៃ ពីចំណោមមិត្រព្រះអង្គ
  ចាក់ប្រេងអភិសេក មិនអល់អែកល្អផូរផង់  
  ប្រទានឱ្យព្រះអង្គ មានសព្វទាំងក្តីសប្បាយ
៩- រាជាគ្រងភូសា ល្អអស្ចារ្យក្រអូបសាយ  
  តន្ត្រីប្រគុំថ្វាយ ក្នុងប្រាសាទភ្លុកដំរី
១០- ស្រីស្នំទាំងប៉ុន្មាន ស្រស់ភុំផានជាបុត្រី  
  របស់ស្តេចផែនដី អង្គក្សត្រីយ៍គង់ខាងស្តាំ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

(ខ)

១១ ព្រះអង្គម្ចាស់ក្សត្រីយ៍អើយ ! សុំត្រង់ត្រាប់ស្តាប់ពាក្យខ្ញុំ
ចូរកុំនឹកនាប្រជារាស្ត្រ និងព្រះរាជវង្សរបស់ព្រះនាងទៀតអី !
១២
សូមឱ្យព្រះមហាក្សត្រគាប់ព្រះហឫទ័យនឹងសម្ជស្សរបស់ព្រះនាង
ចូរក្រាបថ្វាយបង្គំព្រះរាជាទៅ! ព្រះករុណាជាម្ចាស់របស់ព្រះនាងហើយ។
១៣
ប្រជារាស្ត្រនៅក្រុងទីរ៉ុស និងប្រជារាស្ត្រដែលមានច្រើនជាងគេក្នុងពិភពលោក
នឹងនាំតង្វាយមកថ្វាយព្រះនាង គេនាំគ្នាមកផ្គាប់ផ្គុនព្រះនាង។
១៤
ព្រះអង្គម្ចាស់ក្សត្រីគង់នៅក្នុងព្រះបរមរាជវាំង
ព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់
ព្រះភូសារបស់ព្រះនាងលម្អទៅដោយមាស។
១៥
គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រ ទាំងគ្រងព្រះភូសាចម្រុះពណ៌
មានពួកភីលៀងហែហមពីក្រោយ ចូលទៅគាល់ព្រះរាជាផង។
១៦
ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជា
ដោយមានបណ្តាជនបន្លឺសំឡេងអបអរសាទរយ៉ាងសប្បាយ។
១៧
បពិត្រព្រះរាជា ! សូមឱ្យព្រះរាជ្យបុត្រឡើងគ្រងរាជ្យតពីព្រះអយ្យកោរបស់ព្រះអង្គ។
ព្រះករុណានឹងតែងតាំងព្រះរាជ្យបុត្រាឱ្យគ្រប់គ្រងទូទាំងនគរ។
១៨
ទូលបង្គំនឹងថ្លាថ្លែង រំលឹកពីព្រះនាមរបស់ព្រះករុណារហូតតទៅ
ហើយប្រជារាស្ត្រនានា ក៏នឹងនាំគ្នាលើកតម្កើងព្រះករុណាអស់កល្បជាអង្វែងតរៀងទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ៣,១៩-២០)

យើង​ស្ដីបន្ទោស និង​ប្រដែប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន ហើយ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង!។ មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៤,២១-២២)

អ៊ីស្រា‌អែល​ដែល​ជា​កូន​ចៅ​យ៉ាកុប​អើយ ចូរ​ចង​ចាំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​បង្កើត​អ្នក ដើម្បី​ឲ្យ​បម្រើ​យើង អ៊ីស្រា‌អែល​អើយ យើង​នឹង​មិន​បំភ្លេច​អ្នក​ចោល​ឡើយ! យើង​លុប​បំបាត់​ទោស និង​កំហុស​របស់​អ្នក ដូច​ពពក​រសាត់​បាត់​ទៅ ចូរ​វិល​ត្រឡប់​មក​រក​យើង​វិញដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។

បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ​ទៅ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៦,៧ខ-៨)

បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផលតាម​ពូជ​នោះ​ឯង។ អ្នក​ណា​សាប​ព្រោះ​តាម​លោកីយ៍ អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល ដែល​តែង‌តែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ​វិញ នឹង​ច្រូត​យក​ផលជា​ជីវិត​អស់​កល្បជានិច្ច មក​ពីព្រះ‌វិញ្ញាណ។

បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូល‌បង្គំថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គអាណិតអាសូរយើងខ្ញុំជាអ្នកបាប សូមព្រះអង្គមេត្តាថែរក្សាការពារ និងគាំទ្រយើងខ្ញុំ ដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គជានិច្ចផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !