១៨ កុម្ភៈ ២០២៦

Written on 26/12/2025
Mary Siya Khim

ថ្ងៃពុធ បុណ្យរោយផេះ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ២២

ព្រះជាម្ចាស់សណ្តាប់ឮទុក្ខលំបាករបស់ជនដ៏វិសុទ្ធ

ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «ឱ​ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំចោល​ដូច្នេះ?» (មថ ២៧,៤៦)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

(ក)

ឱព្រះនៃទូលបង្គំ! ឱព្រះនៃទូលបង្គំអើយ!
ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?
ទូលបង្គំស្រែកអង្វរ តែពុំឃើញព្រះអង្គសង្គ្រោះទូលបង្គំសោះ។

ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ
នៅពេលយប់ក៏ទូលបង្គំស្រែកដែរ តែមិនបានធូរស្បើយឡើយ។

ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្ក
ជនជាតិអ៊ីស្រាអែលតែងនាំគ្នាសរសើរតម្កើងព្រះអង្គ។

បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គ
អស់លោកផ្ញើជីវិតលើព្រះអង្គជានិច្ច ព្រះអង្គក៏បានរំដោះអស់លោក។

លោកស្រែកអង្វររកព្រះអង្គ លោកក៏បានរួចពីខ្មាំងសត្រូវ
ដោយផ្ញើជីវិតលើព្រះអង្គ ពួកលោកនឹងមិនខកចិត្តឡើយ។

រីឯទូលបង្គំវិញ គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន
មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។

អស់អ្នកដែលឃើញទូលបង្គំ ចំអកឱ្យទូលបង្គំគ្រប់ៗគ្នា
គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។

គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយ ឱ្យព្រះអង្គរំដោះគាត់ទៅ
បើព្រះអង្គស្រឡាញ់គាត់ ឱ្យព្រះអង្គសង្គ្រោះគាត់ទៅ!” ។
១០
ឱព្រះអម្ចាស់អើយ ព្រះអង្គបានប្រោសឱ្យទូលបង្គំចេញពីផ្ទៃម្តាយមក
ព្រះអង្គក៏បានផ្ញើទូលបង្គំទៅឱ្យអ្នកម្តាយបំបៅ។
១១
កាលពីទូលបង្គំកើតមក ព្រះអង្គបានទទួលទូលបង្គំធ្វើជាកូន
ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងពីមុនពេលដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(ខ)

(បទកាកគតិ)

១២- ពេលខ្ញុំជួបភ័យ អាសន្នខ្លាំងក្រៃ គ្មានអ្នកដឹងឮ
  មិនមានអ្នកជួយ ផុតភ័យព្រួយព្រឺ សូមទ្រង់ដឹងឮ
    កុំទៅឆ្ងាយខ្ញុំ
១៣- សត្រូវច្រើននាក់ ចោមរោមពួនស្ទាក់ រួមរឹតជិតជុំ
  ប្រៀបបានគោបា ឡោមព័ទ្ធរូបខ្ញុំ ដូចគោមកចោម
    ពីស្រុកបាសាន
  ពួកគេប្រឹងបើក មាត់គេកម្រើក ប្រឆាំងឥតស្រាន្ត
  នឹងទូលបង្គំ ដូចសិង្ហសាមាន្យ បម្រុងហែកប្រាណ
    ស៊ីជាអាហារ
១៥- កម្លាំងខ្ញុំខ្សោយ មិនត្រឡប់ឡើយ ដូចខ្សែជលសា
  ដែលហូរធ្លាក់ទៅ មិនវិលឡើយណា ឆ្អឹងសាច់ផងរ៉ា
    រលេះបាត់អស់
  ទឹកចិត្តក្លាហាន ដែលខ្ញុំធ្លាប់មាន បែរជាហេវខ្សោះ
  បីដូចក្រមួន រលាយរលោះ ឥតមានសល់សោះ
    ព្រោះកម្តៅថ្ងៃ
១៦- បំពង់កស្ងួត ដូចដីប្រេះហួត ស្គមស្គាំងរីងរៃ
  អណ្តាតខ្ញុំស្អិត ដិតជាប់ពេកក្រៃ ទ្រង់ឱ្យខ្ញុំក្ស័យ
    ចូលទៅក្នុងដី
១៧- ពួកឆ្កែព័ទ្ធខ្ញុំ មានជនមួយក្រុម វាមកញាំញី
  ជាជនទុរយស ក្រវែលគ្រប់ទី ទម្លុះជីវី
    ជើងដៃខ្លួនប្រ្រាណ
១៨- រូបខ្ញុំអាចរាប់ ឆ្អឹងជំនីរគ្រប់ មានទាំងប៉ុន្មាន
  សត្រូវទុយ៌ស ចិត្តដូចតិរច្ឆាន សម្លក់រំខាន
    សម្លឹងមកខ្ញុំ
១៩- ពួកគេដោះយក ខោអាវខ្ញុំមក ចែកចាយគ្នាជុំ
  នាំគ្នាចាប់ឆ្នោត យកខោអាវខ្ញុំ ធ្វើដោយមិនសម
    ជាល្បែងសប្បាយ
២០- ឱព្រះម្ចាស់អើយ កុំនៅកន្តើយ ឱ្យខ្ញុំឃ្លាតឆ្ងាយ
  ទ្រង់ជាកម្លាំង គាំទ្ររាងកាយ សូមយាងមកអាយ
    សង្គ្រោះប្រញាប់
២១- សូមដោះលែងខ្ញុំ ឱ្យផុតទុក្ខធំ បានលឿនឆាប់ៗ
  ផុតពីមុខដាវ ដែលគេចាក់កាប់ សូមជួយប្រញាប់
    ពីចង្កូមឆ្កែ
២២- សូមសង្គ្រោះខ្ញុំ ឱ្យផុតទុក្ខធំ ពីមាត់សឹង្ហដែរ
  ឱ្យផុតពីស្នែង សូមជួយបំបែរ ឆ្លើយតបកុំល្ហែ
    មកទូលបង្គំ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

(គ)

២៣ ទូលបង្គំនឹងថ្លែងអំពីព្រះនាមរបស់ព្រះអង្គ ឱ្យបងប្អូនទូលបង្គំស្គាល់
ទូលបង្គំនឹងលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំ។
២៤
អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ!
ចូរសរសើរតម្កើងព្រះអង្គ!
អ្នកទាំងអស់ដែលជាពូជពង្សលោកយ៉ាកុបអើយ!
ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
២៥
ព្រះអង្គមិនបោះបង់ចោល ឬធ្វើព្រងើយកន្តើយនឹងមនុស្សទុគ៌ត មានទុក្ខវេទនាទេ
ព្រះអង្គមិនលាក់ព្រះភក្ត្រចំពោះគេឡើយ
ពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គ ទ្រង់ព្រះសណ្តាប់គេ។
២៦
ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ
ទូលបង្គំលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំដ៏ធំ
ទូលបង្គំនឹងលាបំណន់នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
២៧
មនុស្សទន់ទាបបរិភោគឆ្អែតស្កប់ស្កល់
អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។
ចូរឱ្យអ្នករាល់គ្នាអាយុយឺនយូរ និងបានសេចក្តីសុខសាន្ត!
២៨
មនុស្សទាំងប៉ុន្មានដែលនៅលើផែនដីទាំងមូល នឹងនឹកឃើញព្រះអម្ចាស់
ហើយនាំគ្នាវិលមករកព្រះអង្គវិញ
ប្រជាជាតិទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
២៩
ព្រះអម្ចាស់ជាព្រះមហាក្សត្រ
ព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។
៣០
ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
អស់មនុស្សលោកដែលរមែងតែងស្លាប់ ក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែរ។
៣១
មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើព្រះអម្ចាស់
ហើយគេនឹងថ្លែងអំពីព្រះអង្គប្រាប់កូនចៅ។
៣២
គេប្រកាសប្រាប់ប្រជាជនដែលនឹងកើតមកតាមក្រោយ
អំពីសេចក្តីសុចរិតរបស់ព្រះអង្គ
គឺព្រះអម្ចាស់បានរំដោះប្រជារាស្ត្ររបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ១៨,៣០ខ-៣២)

ចូរ​វិល​ត្រឡប់​មក​វិញ ហើយ​លះ‌បង់​អំពើ​ទុច្ចរិត​ទាំង​អស់ កុំ​បណ្តោយ​ឲ្យ​កំហុស​របស់​អ្នក​រាល់​គ្នា បំផ្លាញ​ជីវិត​អ្នក​រាល់​គ្នា​ឡើយ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ចូរ​បោះ​បង់​ចោល​អំពើ​ទុច្ចរិត​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ចូរ​មាន​ចិត្ត​គំនិត​ថ្មី និង​វិញ្ញាណ​ថ្មី! ជន​ជាតិ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ ដ្បិត​យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​នរណា​ម្នាក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​រាន​មាន​ជីវិត» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់-។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សក ១,៣ខ-៤ខ)

«ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ កុំ​ធ្វើដូច​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ។ ពួក​ព្យាការី​នៅ​ជំនាន់​ដើម​ធ្លាប់​ប្រកាស​ប្រាប់​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​វិល​មក​វិញ ដោយ​ងាក​ចេញ​ពី​មាគ៌ា​អាក្រក់ ហើយ​ឈប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ទៅ!” ។

បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ​ទៅ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ដន ៤,២៤ខ)

«សូម​ព្រះ‌អង្គ​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សម្ដែង​ព្រះ‌ហឫទ័យ​អាណិតអាសូរ​ចំពោះ​មនុស្ស​ទុរគត​វិញ ធ្វើដូច្នេះ​ ព្រះ‌ករុណា​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត»។

បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូល‌បង្គំថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! ព្រះអង្គត្រាស់ហៅយើងខ្ញុំជាគ្រីស្តបរិស័ទឲ្យវិលត្រឡប់មករកព្រះអង្គវិញ។ សូមព្រះអង្គប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ យាងមកកែប្រែចិត្តគំនិតយើងខ្ញុំ និងប្រោសឲ្យយើងខ្ញុំមានកម្លាំងអាចរំងាប់កិលេសតណ្ហាគ្រប់បែបយ៉ាង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!