១៤ កុម្ភៈ ២០២៦

Written on 12/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៥ ថ្ងៃសៅរ៍

សន្តស៊ីរីល ជាបព្វជិត
និងសន្តម៉េតូដ ជាអភិបាលព្រះសហគមន៍

(បុណ្យរំឭកចាំបាច់)

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល 

ទំនុកតម្កើងលេខ ១១៩,៣៣-៤០

សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់​

បន្ទរទី១ ៖ សូម​នាំ​ទូល‌បង្គំដើរ​តាម​មាគ៌ានៃ​វិន័យ​របស់​ព្រះ‌អង្គ។

៣៣ ឱព្រះអម្ចាស់អើយ!
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់​
ដើម្បីឱ្យទូលបង្គំកាន់តាមគ្រប់ពេលវេលា! ។
៣៤
សូមប្រទានឱ្យទូលបង្គំមានប្រាជ្ញា
ទូលបង្គំនឹងកាន់តាមធម្មវិន័យរបស់ព្រះអង្គ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត! ។
៣៥
សូមនាំទូលបង្គំតាមមាគ៌ានៃវិន័យរបស់ព្រះអង្គ
ដ្បិតទូលបង្គំពេញចិត្តនឹងវិន័យទាំងនេះណាស់។
៣៦
សូមទាក់ទាញចិត្តទូលបង្គំ ឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ មិនមែនឱ្យរកកំរៃឡើយ!
៣៧
សូមទាញអារម្មណ៍ទូលបង្គំ ឱ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ
សូមឱ្យទូលបង្គំមានជីវិត ដោយសារមាគ៌ារបស់ព្រះអង្គ!
៣៨
សូមសម្រេចចំពោះទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ
តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា សម្រាប់អស់អ្នកគោរពកោតខ្លាចព្រះអង្គ។
៣៩
សូមកុំឱ្យមាននរណាជេរប្រមាថទូលបង្គំ ជាការដែលទូលបង្គំខ្លាចរអែងណាស់
ដ្បិតការសម្រេចរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។
៤០
ទូលបង្គំប្រាថ្នាចង់ធ្វើតាមច្បាប់របស់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយសេចក្តីសុចរិតរបស់ព្រះអង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូម​នាំ​ទូល‌បង្គំដើរ​តាម​មាគ៌ានៃ​វិន័យ​របស់​ព្រះ‌អង្គ។

ទំនុកតម្កើងលេខ ៣៤

ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អម្ចាស់

បើបងប្អូនពិតជាបានក្រេបជញ្ជក់ដឹងថា
ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស​មែន! (១សល ២,៣)។

បន្ទរទី២ ៖ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងមិនខ្វះអ្វីសោះឡើយ។

(ក)

(បទកាកគតិ)

២- ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា
  សូមលើកតម្កើង ព្រះអង្គគ្រប់គ្រា ឥតមានរួញរា
    ឈប់ឈរសោះឡើយ
៣- ខ្ញុំខ្ពស់មុខព្រោះ ព្រះម្ចាស់សង្គ្រោះ ខ្ញុំមិនកន្តើយ
  ចូរអ្នកទន់ទាប ស្តាប់កុំព្រងើយ នឹងបានធូរស្បើយ
    អំណរខ្លាំងក្លា
៤- សូមមកប្រកាស នឹងខ្ញុំឱ្យច្បាស់ ដោយពោលឡើងថា
  ព្រះម្ចាស់ថ្កុំថ្កើង រុងរឿងក្រៃណា យើងនាំគ្នីគ្នា
    តម្កើងព្រះអង្គ
៥- ខ្ញុំបានស្វែងរក ព្រះម្ចាស់តបមក ឥតមានបង្អង់
  ទ្រង់បានរំដោះ ខ្ញុំអស់ទុក្ខផង តក់ស្លុតមួរហ្មង
    ឆ្លងផុតទាំងអស់
៦- អ្នកដែលសម្លឹង ឆ្ពោះទៅព្រះអង្គ បានសុខឥតមោះ
  ផុតអស់ទុក្ខសោក វិយោគរងគ្រោះ ពួកគេទាំងនោះ
    មិនខកចិត្តឡើយ
៧- អស់អ្នកកំសត់ និងមនុស្សទុរគត គេស្រែកដង្ហោយ
  ហៅរកព្រះអង្គ ទ្រង់សណ្តាប់ហើយ សង្គ្រោះគេឱ្យ
    ផុតពីគ្រោះកាច
៨- ទេវទូតរបស់ ព្រះម្ចាស់ទាំងអស់ ថែទាំអ្នកខ្លាច
  រក្សាការពារ គេក្រោមអំណាច រំដោះឱ្យរួច
    ផុតពីទុក្ខភ័យ
៩- ចូរអ្នកផ្អែកពឹង ពិសោធន៍ឱ្យដឹង ថាព្រះម្ចាស់ថ្លៃ
  ទ្រង់មានមេត្តា សប្បុរសពេកក្រៃ អស់ជនប្រុសស្រី
    មានជ័យមង្គល
១០- ឱប្រជារាស្ត្រ របស់ព្រះម្ចាស់ ចូរកោតខ្លាចដល់
  ព្រះម្ចាស់នៃយើង បានសុខឥតខ្វល់ មិនជួបអំពល់
    ឬខ្វះខាតអ្វី
១១- អ្នកមានមុខជា ជួបទុក្ខវេទនា ខ្វះម្ហូបចំណី
  តែអ្នកដែលស្វែង រកព្រះម្ចាស់ថ្លៃ នឹងមិនខ្វះអ្វី
    សុខសាន្តតទៅ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងមិនខ្វះអ្វីសោះឡើយ។

បន្ទរទី៣ ៖ ចូរខិតខំស្វែងរកសេចក្តីសុខសាន្តយ៉ាងអស់ពីចិត្ត។

(ខ)

១២ កូនចៅអើយ! ចូរនាំគ្នាស្តាប់ពាក្យខ្ញុំ
ខ្ញុំនឹងប្រៀនប្រដៅអ្នកឱ្យចេះគោរពកោតខ្លាចព្រះអម្ចាស់
១៣
តើមាននរណាចង់បានអាយុវែង
និងចង់រស់នៅប្រកបដោយសុភមង្គលឬទេ?
១៤
ចូរទប់អណ្តាតកុំពោលពាក្យអាក្រក់
និងចៀសវាងនិយាយបោកបញ្ឆោត!។
១៥
ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ
ចូរខិតខំស្វែងរកសេចក្តីសុខសាន្តយ៉ាងអស់ពីចិត្ត។
១៦
ព្រះអម្ចាស់តែងតែរំពៃមើលមនុស្សសុចរិត
ព្រះអង្គក៏យកព្រះហឫទ័យទុកដាក់នឹងសម្រែករបស់ពួកគេ។
១៧
ព្រះអម្ចាស់តែងតែប្រឆាំងនឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់
កុំឱ្យមាននរណានឹកនាដល់ពួកគេទៀតឡើយ។
១៨
ពេលមនុស្សសុចរិតស្រែករកព្រះអម្ចាស់
ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យគេ
ព្រះអង្គរំដោះពួកគេឱ្យរួចពីគ្រោះកាចទាំងប៉ុន្មាន។
១៩
ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលគ្រាំចិត្ត
ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តសោកសង្រេង។
២០
មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន
ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេឱ្យរួចផុតគ្រប់ពេលវេលា។
២១
ព្រះអង្គតាមថែរក្សាគេជានិច្ច
គ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។
២២
អំពើអាក្រក់តែងបណ្តាលឱ្យមនុស្សពាលបាត់បង់ជីវិត
អ្នកដែលប្រឆាំងនឹងមនុស្សសុចរិត តែងតែទទួលទោសពុំខាន។
២៣
ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបម្រើរបស់ព្រះអង្គ
អស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ តែងតែរួចផុតពីទុក្ខទោស។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរខិតខំស្វែងរកសេចក្តីសុខសាន្តយ៉ាងអស់ពីចិត្ត។


ពេលព្រឺក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ពង្ស ៨,៦០-៦១)

ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងទទួលស្គាល់ថា មានតែព្រះអម្ចាស់ប៉ុណ្ណោះ ដែលពិតជាព្រះជាម្ចាស់ គឺគ្មានព្រះឯណាទៀតឡើយ។ ចូរមានចិត្តស្មោះ​ត្រង់​ចំពោះព្រះអម្ចាស់ជាព្រះនៃយើង ហើយប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះអង្គ និង​កាន់តាមបទបញ្ជារបស់ព្រះអង្គ ដូចអ្នករាល់គ្នាធ្វើនៅពេលនេះដែរ។
 
បន្ទរ៖ ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូល‌បង្គំឱ្យស្គាល់​មាគ៌ារបស់​ព្រះ‌អង្គ។
-ទូល‌បង្គំនឹង​ប្រព្រឹត្ត​តាម​សេចក្ដីពិត​របស់​ព្រះ‌អង្គ។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ! សូមព្រះអង្គចាត់ពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើប្រជារាស្រ្តព្រះអង្គ ដើម្បីឱ្យយើងខ្ញុំរួចផុតពីគ្រោះថ្នាក់របស់ខ្មាំងសត្រូវទាំងឡាយ ហើយយើងខ្ញុំអាចច្រៀងកោតសរសើរព្រះអង្គដោយអំណរសប្បាយផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ១៧,៩-១០)

ចិត្ត​របស់​មនុស្ស​តែង‌តែ​វៀច‌វេរមិន​អាច​កែ​តម្រង់​បាន​ឡើយហើយ​ក៏​គ្មាន​នរណា​អាច​មើល​ចិត្ត​ធ្លុះ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្សយើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេដូច្នេះ យើង​នឹង​តប​ស្នង​ឱ្យ​មនុស្ស​ម្នាក់ៗតាម​កិរិយា​មារយាទ​របស់​ខ្លួននិង​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
 
បន្ទរ៖ សូម​លើក‌លែង​ទោស​ឱ្យ​ទូល‌បង្គំ នូវ​កំហុស​ណា​ដែល​ទូល‌បង្គំមើល មិន​ឃើញនោះ​ផង។
-សូម​ការ‌ពារ​ទូល‌បង្គំឱ្យ​រួច​ពី​ចិត្ត​អួត​បំប៉ោង។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់! សូមព្រះអង្គបំពេញយើងខ្ញុំជាមួយនឹងពន្លឺដ៏ត្រចះ ត្រចង់នៃសេចក្តីស្រឡាញ់អស់កល្បជានិច្ចរបស់ព្រះអង្គ។ សូមឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ និងស្រឡាញ់បងប្អូនឯទៀតៗផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ប្រាញ ៧,២៧ក. ៨,១)

ព្រះ‌ប្រាជ្ញា​ញាណ​មាន​តែ​មួយ​អង្គ​គត់ តែ​ព្រះ‌អង្គ​អាច​សម្រេច​កិច្ច‌ការ​ទាំង​អស់​បាន។ ព្រះ‌ប្រាជ្ញា​ញាណ​លាត​ត្រដាង​ឫទ្ធា‌នុភាព​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង ហើយ​ត្រួត​ត្រា​អ្វីៗ​ទាំង​អស់ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស។
 
បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្តុង្គ‌ឧត្ដមណាស់។
-ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ជ្រៅ​ពន់​ប្រមាណ!។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យសន្តិភាពដែលយើងខ្ញុំទូលសូម អាចកើតឡើងយ៉ាងពិតប្រាកដ សូមឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងខ្ញុំ ពោរពេញដោយអំណរសប្បាយ ហើយតាមរយៈពាក្យទូលអង្វររបស់ព្រះនាងព្រហ្មចារិនីម៉ារី សូមឱ្យយើងខ្ញុំអាចចូលក្នុងព្រះរាជ្យរបស់ព្រះអង្គយ៉ាងសុខសាន្តផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!