០៧ កុម្ភៈ ២០២៦

Written on 23/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៤ ថ្ងៃសៅរ៍

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១៦៩-១៧៦

សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គ

បន្ទរទី១ ៖ សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។

១៦៩ ឱព្រះអម្ចាស់អើយ ! សូមឱ្យសូរសម្រែករបស់ទូលបង្គំលាន់ឮទៅដល់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណា តាមព្រះបន្ទូលរបស់ព្រះអង្គ។
១៧០
សូមឱ្យពាក្យទទូចអង្វររបស់ទូលបង្គំបានលាន់ឮទៅដល់ព្រះអង្គ
សូមរំដោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។
១៧១
សូមឱ្យទូលបង្គំពោលពាក្យសរសើរតម្កើងព្រះអង្គឥតឈប់
ដ្បិតព្រះអង្គបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់។
១៧២
ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើងព្រះបន្ទូលសន្យារបស់ព្រះអង្គ
ដ្បិតវិន័យទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែសុចរិត។
១៧៣
សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ
ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។
១៧៤
បពិត្រព្រះអម្ចាស់ ! ទូលបង្គំប្រាថ្នាសូមឱ្យព្រះអង្គសង្គ្រោះទូលបង្គំ
ទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។
១៧៥
សូមឱ្យទូលបង្គំមានជីវិត ដើម្បីសរសើរតម្កើងព្រះអង្គ!
សូមឱ្យសេចក្តីដែលព្រះអង្គបានសម្រេច ជួយលើកទឹកចិត្តទូលបង្គំ។
១៧៦
ទូលបង្គំនៅវិលវល់ដូចចៀមវង្វេង
សូមយាងមករកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គផង!
ដ្បិតទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គឡើយ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។

ទំនុកតម្កើងលេខ ៤៥

ព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះអង្គ

“ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!” (មថ ២៥,៦)។

បន្ទរទី២ ៖ បពិត្រ​ព្រះជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

(ក)

(បទព្រហ្មគីតិ)

២- ពាក្យខ្ញុំពោលពីរោះ ដ៏ស្ម័គ្រស្មោះពីដួងចិត្ត  
  តែងបទថ្វាយមហាក្សត្រ សូមឱ្យបទដូចកវី
៣- ព្រះអង្គល្អជាងគេ រកគ្មានទេវោហារស្តី  
  ព្រះប្រទានពរជ័យ មានសិរីទាំងអំណាច
៤- វីរបុរសឫទ្ធិ គន់គាប់ចិត្តសែនអង់អាច  
  សូមពាក់ព្រះខ័ន្តរាជ្យ ភ្លឺចិញ្ចាចចិញ្ចែងទៅ
៥- សូមគង់លើរាជរថ យាងតយុទ្ធនឹងសត្រូវ  
  ការពារពាំងទុកនូវ រឿងត្រឹមត្រូវនឹងសុចរិត
  សូមទ្រង់បានជោគជ័យ ដ៏ថ្លាថ្លៃអស់ពីចិត្ត  
  ដោយបារមីមានឫទ្ធិ ដ៏ប្រណីតនៃព្រះអង្គ
៦- សូមឱ្យព្រួញដ៏មុត ស្រួចបំផុតជួយតម្រង់  
  ឱ្យព្រួញនៃព្រះអង្គ បាញ់តម្រង់ទ្រូងបច្ចា
  សូមគ្រប់ប្រជាជាតិ កុំបីឃ្លាតឃ្លាទៅណា  
  ឱ្យធ្លាក់ក្រោមបាទា ព្រះរាជាដ៏មានឫទ្ធិ
៧- រាជាដ៏ខ្ពស់ខ្ពង់ បល្ល័ង្កទ្រង់នៅស្ថេរស្ថិត  
  គ្រងរាជ្យមិនរខិត គង់នៅពិតដោយយុត្តិធម៌
៨- ព្រះអង្គសព្វព្រះទ័យ នឹងសេចក្តីសុចរិតល្អ  
  អំពើអយុត្តិធម៌ ទ្រង់មិនគាប់ព្រះហឫទ័យ
  ហេតុនេះព្រះជាម្ចាស់ ដែលជាព្រះដ៏ប្រពៃ  
  ជ្រើសរើសអង្គក្សត្រថ្លៃ ពីចំណោមមិត្រព្រះអង្គ
  ចាក់ប្រេងអភិសេក មិនអល់អែកល្អផូរផង់  
  ប្រទានឱ្យព្រះអង្គ មានសព្វទាំងក្តីសប្បាយ
៩- រាជាគ្រងភូសា ល្អអស្ចារ្យក្រអូបសាយ  
  តន្ត្រីប្រគុំថ្វាយ ក្នុងប្រាសាទភ្លុកដំរី
១០- ស្រីស្នំទាំងប៉ុន្មាន ស្រស់ភុំផានជាបុត្រី  
  របស់ស្តេចផែនដី អង្គក្សត្រីយ៍គង់ខាងស្តាំ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ បពិត្រ​ព្រះជាម្ចាស់ បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

បន្ទរទី៣ ៖ ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី តុប‌តែង​ខ្លួន​ទទួល​ស្វាមី។

(ខ)

១១ ព្រះអង្គម្ចាស់ក្សត្រីយ៍អើយ ! សុំត្រង់ត្រាប់ស្តាប់ពាក្យខ្ញុំ
ចូរកុំនឹកនាប្រជារាស្ត្រ និងព្រះរាជវង្សរបស់ព្រះនាងទៀតអី !
១២
សូមឱ្យព្រះមហាក្សត្រគាប់ព្រះហឫទ័យនឹងសម្ជស្សរបស់ព្រះនាង
ចូរក្រាបថ្វាយបង្គំព្រះរាជាទៅ! ព្រះករុណាជាម្ចាស់របស់ព្រះនាងហើយ។
១៣
ប្រជារាស្ត្រនៅក្រុងទីរ៉ុស និងប្រជារាស្ត្រដែលមានច្រើនជាងគេក្នុងពិភពលោក
នឹងនាំតង្វាយមកថ្វាយព្រះនាង គេនាំគ្នាមកផ្គាប់ផ្គុនព្រះនាង។
១៤
ព្រះអង្គម្ចាស់ក្សត្រីគង់នៅក្នុងព្រះបរមរាជវាំង
ព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់
ព្រះភូសារបស់ព្រះនាងលម្អទៅដោយមាស។
១៥
គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រ ទាំងគ្រងព្រះភូសាចម្រុះពណ៌
មានពួកភីលៀងហែហមពីក្រោយ ចូលទៅគាល់ព្រះរាជាផង។
១៦
ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជា
ដោយមានបណ្តាជនបន្លឺសំឡេងអបអរសាទរយ៉ាងសប្បាយ។
១៧
បពិត្រព្រះរាជា ! សូមឱ្យព្រះរាជ្យបុត្រឡើងគ្រងរាជ្យតពីព្រះអយ្យកោរបស់ព្រះអង្គ។
ព្រះករុណានឹងតែងតាំងព្រះរាជ្យបុត្រាឱ្យគ្រប់គ្រងទូទាំងនគរ។
១៨
ទូលបង្គំនឹងថ្លាថ្លែង រំលឹកពីព្រះនាមរបស់ព្រះករុណារហូតតទៅ
ហើយប្រជារាស្ត្រនានា ក៏នឹងនាំគ្នាលើកតម្កើងព្រះករុណាអស់កល្បជាអង្វែងតរៀងទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី តុប‌តែង​ខ្លួន​ទទួល​ស្វាមី។


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ដន ៦,២៧ខ-២៨ក)

ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្បជានិច្ច។ ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​មិន​សាប‌សូន្យ​ឡើយ ព្រះ‌អង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។ ព្រះអង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក ព្រះ‌អង្គ​សម្ដែង​ទីសម្គាល់ និង​ឫទ្ធិបាដិហារិយ៍នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី។

បន្ទរ៖ ចូរ​ឈប់​ច្បាំង ចូរ​ដឹង​ថា យើង​នេះ​ហើយ​ជា​ព្រះ‌ជាម្ចាស់។
—យើង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា ហើយ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដ៏មានតេជានុភាពសព្វប្រការ! សូមព្រះអង្គចាក់បង្ហូរពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធមកលើប្រជារាស្រ្តរបស់ព្រះអង្គ ដើម្បីការពារយើងខ្ញុំឱ្យរួចផុតពីខ្មាំងសត្រូវទាំងឡាយ និងឱ្យយើងខ្ញុំមានអំណរសប្បាយក្នុងការច្រៀងកោតសរសើរព្រះអង្គផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៥,៥-៧)

សូមព្រះជាម្ចាស់ដែលជួយសម្រាលទុក្ខ និងជួយឱ្យចេះស៊ូទ្រាំ ប្រោសប្រទានឱ្យបងប្អូនរួមគ្នា មានចិត្តគំនិតតែមួយ ស្របតាមព្រះគ្រីស្តយេស៊ូ ដើម្បីឱ្យបងប្អូនមានចិត្តថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង។

បន្ទរ៖ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យនឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
—ព្រះ‌អង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាប ដោយ​សង្គ្រោះ​ពួក​គេ។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបំពេញយើងខ្ញុំជាមួយនឹងពន្លឺដ៏រីករាយនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គអស់កល្បជានិច្ច។ សូមឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់ និងស្រឡាញ់បងប្អូនឯទៀតៗផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ៤,៨.៩ខ)

បង‌ប្អូន​អើយ សូម​បងប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃ‌ថ្នូរ សុចរិត បរិសុទ្ធ គួរ​ឱ្យ​ស្រឡាញ់ គួរ​ឱ្យ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​ឱ្យ​កោត​សរសើរ។ ធ្វើដូច្នេះ ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​ នឹង​គង់​ជា​មួយ​បង‌ប្អូន​មិន​ខាន។

បន្ទរ៖ ឱ​ព្រះ‌មហា​ក្សត្រ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​សូម​លើក​តម្កើងព្រះ‌អង្គ!។
—ទូល‌បង្គំសូម​សរសើរ​តម្កើង​ព្រះ‌នាមរបស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមប្រោសឱ្យសន្តិភាពដែលយើងខ្ញុំទូលសូម អាចកើតឡើងយ៉ាងពិតប្រាកដ សូមឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងខ្ញុំ ពោរពេញដោយអំណរសប្បាយ ហើយតាមរយៈពាក្យទូលអង្វររបស់ព្រះនាងព្រហ្មចារិនីម៉ារី សូមឱ្យយើងខ្ញុំអាចចូលក្នុងព្រះរាជ្យរបស់ព្រះអង្គយ៉ាងសុខសាន្តផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !