០៤ មករា ២០២៦

Written on 23/10/2026
Mary Siya Khim

បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(បុណ្យឱឡារិក)

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

 

ទំនុកតម្កើងលេខ ៤៧

 

ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

ប្រជាជន​ទាំង‌ឡាយ​អើយ ចូរ​ទះ​ដៃ​អបអរ‌សាទរ!
ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ដោយ​សប្បាយ​រីក‌រាយ!

ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រះ‌អង្គ​ជា​ទី​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ​ដ៏​ឧត្ដមដែល​គ្រង​រាជ្យ​លើ​ផែន‌ដី​ទាំង​មូល។

ព្រះ‌អង្គ​បាន​បង្ក្រាប​ជាតិ​សាសន៍​នានាឲ្យ​ធ្វើ​ជា​ចំណុះ​យើង
ហើយ​ដាក់​ប្រជា‌ជាតិ​នានាឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង។

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ទឹក​ដីឲ្យ​យើង​ទុក​ជា​មត៌ក ធ្វើឲ្យ​យើង​ខ្ពស់​មុខ​ក្រៃ‌លែង
គឺ​យើង​ជា​ពូជ‌ពង្ស​លោក​យ៉ាកុបដែល​ព្រះ‌អង្គ​ស្រឡាញ់។

ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​យាង​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ
ព្រះ‌អម្ចាស់​យាង​ទៅ​មុខ អម​ដោយ​សំឡេង​ត្រែ។

ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌ជាម្ចាស់!
ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើងថ្វាយ​ព្រះ‌មហា​ក្សត្រ​នៃ​យើង!

ដ្បិត​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា​ក្សត្រនៃ​ផែន‌ដី​ទាំង​មូល
ចូរ​នាំ​គ្នា​ស្មូត្រ​កំណាព្យ​ថ្វាយ​ព្រះ‌អង្គ​ទៅ!។

ព្រះ‌ជាម្ចាស់​គ្រង​រាជ្យ​លើ​ប្រជា‌ជាតិ​នានា
ព្រះ‌អង្គ​គង់​នៅ​លើ​បល្ល័ង្ក​ដ៏‌វិសុទ្ធ។
១០
អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា មក​ជួប‌ជុំគ្នាជា​មួយ​ប្រជាជន​នៃ​ព្រះ​របស់​លោក​អប្រា‌ហាំ
ដ្បិត​អ្នក​ដឹក​នាំ​ផែន‌ដី​ទាំង​មូលស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៨៦,១-១០

សូម​ថែ‌រក្សា​ជីវិត​ទូល‌បង្គំផង!

(បទព្រហ្មគីតិ)

១- ឱព្រះអម្ចាស់អើយ កុំកន្តើយផ្ទៀងព្រះកាណ៌  
  ស្តាប់ស័ព្ទខ្ញុំវាចា ហើយមេត្តាតបវិញផង
  ដ្បិតខ្ញុំជាមនុស្ស កម្សត់ខុសគេទាំងពួង  
  ទុរគតពេកកន្លង តោកយ៉ាកផងរាល់វេលា
២- សូមរក្សាជីវិត ឲ្យខ្ញុំស្ថិតផុតគ្រាំគ្រា  
  ដ្បិតខ្ញុំត្រង់ល្អជា ស្ម័គ្រគ្រប់គ្រាគ្មានគេចកែ
  សូមមេត្តាសង្គ្រោះ ដ្បិតខ្ញុំស្មោះឥតប្រួលប្រែ  
  ជាបម្រើនៅក្បែរ ពឹងផ្អែកតែលើម្ចាស់ថ្លៃ
៣- ឱព្រះអម្ចាស់អើយ អាណិតហើយសូមប្រណី  
  ខ្ញុំស្រែកទូលរាល់ថ្ងៃ រកព្រះអង្គមិនឈប់ឈរ
៤- ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យបម្រើល្អ  
  មានសប្បាយអំណរ តម្រង់រកព្រះអម្ចាស់
៥- បពិត្រព្រះម្ចាស់ខ្ញុំ ព្រះឧត្តមសប្បុរសណាស់  
  អត់ឱនមិនថ្កោលទោស តែងសន្តោសខ្ញុំបរិបូណ៌
  ព្រះអង្គតែងអាណិត អ្នកផ្តេកផ្តិតទ្រង់អាសូរ  
  អ្នកដែលដង្ហោយថ្ងូរ ហៅព្រះអង្គមកសង្គ្រោះ
៦- ឱព្រះអម្ចាស់អើយ ទ្រង់ផ្ទៀងហើយសូមសន្តោស  
  ពាក្យខ្ញុំស្រែករកនោះ សូមទ្រង់ប្រោសរូបខ្ញុំផង
៧- នៅថ្ងៃមានអាសន្ន ខ្ញុំបែរបន់មិនរំលង  
  អង្វររកព្រះអង្គ ទ្រង់ឆ្លើយត្រង់តបមកខ្ញុំ
៨- ឱព្រះជាអម្ចាស់ ទ្រង់ជាព្រះដ៏ឧត្តម  
  ព្រះអង្គសែនសក្តិសម គ្មានព្រះធំដូចទ្រង់ឡើយ
៩- បពិត្រព្រះអម្ចាស់ គ្រប់ជាតិសាសន៍ដែលកើតហើយ  
  គេនឹងមិនកន្តើយ តម្កើងកើយនាមព្រះអង្គ
១០- ព្រោះដ្បិតទ្រង់ជាព្រះ ដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់  
  នោះគឺមានតែទ្រង់ ដែលជាអង្គលើលោកា
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

ទំនុកតម្កើងលេខ ៩៨

ព្រះ‌អម្ចាស់​យាង​មក​ជំនុំ‌ជម្រះ​ផែន‌ដី

ចូរ​ច្រៀង​បទ​ថ្មីថ្វាយ​ព្រះ‌អម្ចាស់! ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើការ​អស្ចារ្យ
ព្រះ‌អង្គ​យក​ជ័យ‌ជម្នះ​ដោយ​ឫទ្ធិ‌បារមី និង​ព្រះ‌ចេស្ដា​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

ព្រះ‌អម្ចាស់​បាន​បង្ហាញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ប្រជា‌ជាតិ​នានា ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

ព្រះ‌អង្គ​តែង‌តែ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រចំពោះ​កូន​ចៅ​អ៊ីស្រា‌អែល​ជា‌និច្ច។
មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទីដាច់​ស្រយាល​នៃ​ផែន‌ដី
បាន​ឃើញ​ការ​សង្គ្រោះ​នៃ​ព្រះ​របស់​យើង។

មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​អើយ
ចូរ​បន្លឺ​សំឡេង​តម្កើង​ព្រះ‌អម្ចាស់​ដោយ​អំណរ !
ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ព្រម​ទាំង​ស្មូត្រ​ទំនុក‌តម្កើង!

ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ដេញ​ពិណ
គឺ​ដេញ​ពិណ​លើក​ទំនុក​យ៉ាង​ពីរោះ

ចូរ​លើក​តម្កើង​ព្រះ‌អង្គ​ដោយ​ផ្លុំ​ត្រែ និង​ផ្លុំ​ស្នែង
ចូរ​បន្លឺសំឡេង​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ‌មហា​ក្សត្រ!

សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ហើយ​ផែន‌ដី
និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែន‌ដី ចូរ​នាំ​គ្នា​បន្លឺសំឡេង​យ៉ាង​អឺង‌កង!

ទន្លេ​ទាំង‌ឡាយ ចូរ​អបអរ‌សាទរភ្នំ​ទាំង‌ឡាយ ចូរ​ស្រែក​ហ៊ោ​ព្រមៗ​គ្នា​ឡើង

នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​យាង​មក​គ្រប់‌គ្រង​ផែន‌ដី
ព្រះ‌អង្គ​គ្រប់‌គ្រង​ផែន‌ដី​ដោយ​យុត្តិធម៌
ព្រះ‌អង្គ​គ្រប់‌គ្រង​ប្រជាជន​ទាំង‌ឡាយដោយ​ទៀង​ត្រង់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ស្គាល់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ១៥,៤)

«បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ! តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម​ព្រះ‌អង្គ! ដ្បិត​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏‌វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំព្រះ‌អង្គ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះ‌អង្គវិនិច្ឆ័យ​ដោយ​យុត្តិធម៌»។
 
បន្ទរ៖ ព្រះអង្គបានទតមកផែនដី។
—ព្រះអង្គជាបុរសម្នាក់ក្នុងចំណោមបុរសទាំងឡាយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះគ្រីស្តយេស៊ូបានយាងមកនាំដំណឹងល្អ អំពីសេចក្តីសុខសាន្តទៅដល់អស់អ្នកដែលនៅឆ្ងាយ និងអស់អ្នកដែលនៅជិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៩,៦)

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅរបស់​លោក​យ៉ាកុប​ឱ្យ​ងើប​ឡើង និង​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ឱ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ គឺ​យើង​តែង‌តាំង​អ្នក​ឱ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើងរហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។
 
បន្ទរ៖ ប្រជាជាតិទាំងអស់នឹងឃើញសិរីរុងរឿងនៃព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា។
—ហើយស្តេចទាំងឡាយនៅលើផែនដី នឹងទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ យើងបានតែងតាំង​អ្នក ឱ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជាជាតិ​នានា ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សក ២,១៥)

«នៅ​ថ្ងៃ​នោះ ប្រជា‌ជាតិ​ជា​ច្រើននឹង​ជំពាក់​ចិត្ត​លើ​យើង ជា​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលបាន​ចាត់​ខ្ញុំ​ឱ្យ​មក​រក​អ្នក។
 
បន្ទរ៖ ប្រជាជនទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង។
—ចូរច្រៀងសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ ដើម្បីស្គាល់ព្រះអង្គ និងឲ្យស្គាល់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឲ្យខិតខំស្វែងរកសេចក្តីពិត និងពង្រឹងជំនឿរបស់យើងខ្ញុំជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!