០៣ មករា ២០២៦

Written on 24/10/2026
Mary Siya Khim

ចាប់ពីថ្ងៃទី២ មករា ដល់បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

រដូវបុណ្យព្រះយេស៊ូប្រសូត

(ព្រះនាមដ៏វិសុទ្ធរបស់ព្រះយេស៊ូ)

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៣៣-៤០

សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់​

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ នាងម៉ារីចងចាំព្រះបន្ទូលទាំងនេះទុកក្នុងចិត្ត ថែមទាំងត្រិះរិះពិចារណាទៀតផង។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ភ្នែករបស់ទូលបង្គំបានឃើញការសង្រ្គោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់។

៣៣ ឱព្រះអម្ចាស់អើយ!
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់​
ដើម្បីឱ្យទូលបង្គំកាន់តាមគ្រប់ពេលវេលា! ។
៣៤
សូមប្រទានឱ្យទូលបង្គំមានប្រាជ្ញា
ទូលបង្គំនឹងកាន់តាមធម្មវិន័យរបស់ព្រះអង្គ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត! ។
៣៥
សូមនាំទូលបង្គំតាមមាគ៌ានៃវិន័យរបស់ព្រះអង្គ
ដ្បិតទូលបង្គំពេញចិត្តនឹងវិន័យទាំងនេះណាស់។
៣៦
សូមទាក់ទាញចិត្តទូលបង្គំ ឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ មិនមែនឱ្យរកកំរៃឡើយ!
៣៧
សូមទាញអារម្មណ៍ទូលបង្គំ ឱ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ
សូមឱ្យទូលបង្គំមានជីវិត ដោយសារមាគ៌ារបស់ព្រះអង្គ!
៣៨
សូមសម្រេចចំពោះទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ
តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា សម្រាប់អស់អ្នកគោរពកោតខ្លាចព្រះអង្គ។
៣៩
សូមកុំឱ្យមាននរណាជេរប្រមាថទូលបង្គំ ជាការដែលទូលបង្គំខ្លាចរអែងណាស់
ដ្បិតការសម្រេចរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។
៤០
ទូលបង្គំប្រាថ្នាចង់ធ្វើតាមច្បាប់របស់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយសេចក្តីសុចរិតរបស់ព្រះអង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៣៤

ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អម្ចាស់

បើបងប្អូនពិតជាបានក្រេបជញ្ជក់ដឹងថា
ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស​មែន! (១សល ២,៣)។

(ក)

(បទកាកគតិ)

២- ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា
  សូមលើកតម្កើង ព្រះអង្គគ្រប់គ្រា ឥតមានរួញរា
    ឈប់ឈរសោះឡើយ
៣- ខ្ញុំខ្ពស់មុខព្រោះ ព្រះម្ចាស់សង្គ្រោះ ខ្ញុំមិនកន្តើយ
  ចូរអ្នកទន់ទាប ស្តាប់កុំព្រងើយ នឹងបានធូរស្បើយ
    អំណរខ្លាំងក្លា
៤- សូមមកប្រកាស នឹងខ្ញុំឱ្យច្បាស់ ដោយពោលឡើងថា
  ព្រះម្ចាស់ថ្កុំថ្កើង រុងរឿងក្រៃណា យើងនាំគ្នីគ្នា
    តម្កើងព្រះអង្គ
៥- ខ្ញុំបានស្វែងរក ព្រះម្ចាស់តបមក ឥតមានបង្អង់
  ទ្រង់បានរំដោះ ខ្ញុំអស់ទុក្ខផង តក់ស្លុតមួរហ្មង
    ឆ្លងផុតទាំងអស់
៦- អ្នកដែលសម្លឹង ឆ្ពោះទៅព្រះអង្គ បានសុខឥតមោះ
  ផុតអស់ទុក្ខសោក វិយោគរងគ្រោះ ពួកគេទាំងនោះ
    មិនខកចិត្តឡើយ
៧- អស់អ្នកកំសត់ និងមនុស្សទុរគត គេស្រែកដង្ហោយ
  ហៅរកព្រះអង្គ ទ្រង់សណ្តាប់ហើយ សង្គ្រោះគេឱ្យ
    ផុតពីគ្រោះកាច
៨- ទេវទូតរបស់ ព្រះម្ចាស់ទាំងអស់ ថែទាំអ្នកខ្លាច
  រក្សាការពារ គេក្រោមអំណាច រំដោះឱ្យរួច
    ផុតពីទុក្ខភ័យ
៩- ចូរអ្នកផ្អែកពឹង ពិសោធន៍ឱ្យដឹង ថាព្រះម្ចាស់ថ្លៃ
  ទ្រង់មានមេត្តា សប្បុរសពេកក្រៃ អស់ជនប្រុសស្រី
    មានជ័យមង្គល
១០- ឱប្រជារាស្ត្រ របស់ព្រះម្ចាស់ ចូរកោតខ្លាចដល់
  ព្រះម្ចាស់នៃយើង បានសុខឥតខ្វល់ មិនជួបអំពល់
    ឬខ្វះខាតអ្វី
១១- អ្នកមានមុខជា ជួបទុក្ខវេទនា ខ្វះម្ហូបចំណី
  តែអ្នកដែលស្វែង រកព្រះម្ចាស់ថ្លៃ នឹងមិនខ្វះអ្វី
    សុខសាន្តតទៅ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

(ខ)

១២ កូនចៅអើយ! ចូរនាំគ្នាស្តាប់ពាក្យខ្ញុំ
ខ្ញុំនឹងប្រៀនប្រដៅអ្នកឱ្យចេះគោរពកោតខ្លាចព្រះអម្ចាស់
១៣
តើមាននរណាចង់បានអាយុវែង និងចង់រស់នៅប្រកបដោយសុភមង្គលឬទេ?
១៤
ចូរទប់អណ្តាតកុំពោលពាក្យអាក្រក់ និងចៀសវាងនិយាយបោកបញ្ឆោត!។
១៥
ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ
ចូរខិតខំស្វែងរកសេចក្តីសុខសាន្តយ៉ាងអស់ពីចិត្ត។
១៦
ព្រះអម្ចាស់តែងតែរំពៃមើលមនុស្សសុចរិត
ព្រះអង្គក៏យកព្រះហឫទ័យទុកដាក់នឹងសម្រែករបស់ពួកគេ។
១៧
ព្រះអម្ចាស់តែងតែប្រឆាំងនឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់
កុំឱ្យមាននរណានឹកនាដល់ពួកគេទៀតឡើយ។
១៨
ពេលមនុស្សសុចរិតស្រែករកព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យគេ
ព្រះអង្គរំដោះពួកគេឱ្យរួចពីគ្រោះកាចទាំងប៉ុន្មាន។
១៩
ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលគ្រាំចិត្ត
ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តសោកសង្រេង។
២០
មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន
ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេឱ្យរួចផុតគ្រប់ពេលវេលា។
២១
ព្រះអង្គតាមថែរក្សាគេជានិច្ច គ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។
២២
អំពើអាក្រក់តែងបណ្តាលឱ្យមនុស្សពាលបាត់បង់ជីវិត
អ្នកដែលប្រឆាំងនឹងមនុស្សសុចរិត តែងតែទទួលទោសពុំខាន។
២៣
ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបម្រើរបស់ព្រះអង្គ
អស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ តែងតែរួចផុតពីទុក្ខទោស។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៤,៧)

តើ​ប្រជា‌ជាតិ​ដ៏​ធំ​ណា​មួយ​មាន​ព្រះ​ដែល​គង់​នៅ​ជិត​គេ ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​គង់​នៅ​ជិត​យើង គ្រប់​ពេល​យើង​អង្វរ​រក​ព្រះ‌អង្គ?។
 
បន្ទរ៖ ព្រះអម្ចាស់បាននឹកចាំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ អាលេលូយ៉ា!
—ព្រះអង្គបានថែរក្សាជំនឿប្រជាជនអ៊ីស្រាអែល អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ នាងម៉ារីចងចាំព្រះបន្ទូលទាំងនេះទុកក្នុងចិត្ត ថែមទាំងត្រិះរិះពិចារណាទៀតផង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១២,៥-៦)

ចូរ​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​ផ្សេងៗ​ដ៏​អស្ចារ្យ​បំផុត ចូរ​ប្រកាស​ពី​ការ​អស្ចារ្យ​ទាំង​នេះឱ្យ​មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​ដឹង​ផង! អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ!ដ្បិត​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែលដែល​គង់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ព្រះ‌អង្គ​ឧត្តុង្គ‌ឧត្ដម!។
 
បន្ទរ៖ នៅចុងបំផុតនៃផែនដីទាំងមូល អាលេលូយ៉ា!
—បានឃើញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ភ្នែកទូលបង្គំបានឃើញការសង្រ្គោះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឱ្យប្រជា‌ជាតិ​ទាំង​អស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (តប ១៤,៦-៧)

មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែន​ដី​ទាំង​មូល នឹង​ប្រែ​ចិត្ត​គំនិត ហើយ​នាំ​គ្នា​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ដោយ​ស្មោះ។ ពួក​គេ​នាំ​គ្នា​ឈប់​គោរព​បម្រើ​ព្រះ‌ក្លែង‌ក្លាយ ដែល​ចេះ​តែ​បញ្ឆោត​គេ និង​នាំ​ពួក​គេ​ឱ្យ​វង្វេង​ទៀត​ហើយ។ ពួក​គេ​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត។ ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ នឹង​ទទួល​ការ​សង្គ្រោះ នៅ​ថ្ងៃ​នោះ ព្រោះ​ពួក​គេ​នឹក​គិត​ដល់​ព្រះ‌ជាម្ចាស់​ដោយ​ចិត្ត​ស្មោះ គេ​ជួប​ជុំគ្នា និង​នាំ​គ្នា​មក​ក្រុង​យេរូ‌សាឡឹម​វិញ។ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឱ្យ​ពួក​គេ​រស់​នៅ​លើ​ទឹក​ដី​របស់​លោក​អប្រា‌ហាំ ដោយ​សុខ‌សាន្ត អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌ជាម្ចាស់​ដោយ​ចិត្ត​ស្មោះ នឹង​មាន​អំណរ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ព្រម​ទាំង​អំពើ​ទុច្ចរិត នឹង​ត្រូវ​អន្ត‌រាយ​បាត់​ពី​ផែន​ដី​នេះ។
 
បន្ទរ៖ ធម៌មេត្តាករុណា និងសេចក្តីពិត បានមកជាមួយគ្នា អាលេលូយ៉ា!
—យុត្តិធម៌ និងសេចក្តីសុខសាន្តជួបគ្នានៅលើផែនដី អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រោសប្រទានឱ្យយើងខ្ញុំមានចក្ខុវិស័យថ្មីនៃសិរីរុងរឿង ដោយព្រះគ្រីស្តជាព្រះបុត្រាព្រះអង្គយាងមក។ ទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី ដើម្បីចែករំលែកជីវិតឱ្យយើងខ្ញុំ។ សូមឱ្យយើងខ្ញុំចូលរួមចំណែកក្នុងជីវិតអស់កល្បជានិច្ច នៃសិរីរុងរឿងរបស់ព្រះរាជ្យព្រះអង្គដែលគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!