២ តុលា ២០២៦

Written on 11/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី២៦ ថ្ងៃសុក្រ

ទេវទូតអ្នកការពារដ៏វិសុទ្ធ

 

(បុណ្យរំឭកចាំបាច់)

 

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,៧៣-៨០

សូមព្រះអង្គបំភ្លឺខ្ញុំ

បន្ទរទី១ ៖ សូម​សម្រាល​ទុក្ខ​ទូល‌បង្គំ ដោយ‌សារ​ព្រះ‌ហឫទ័យ​ស្មោះស្ម័គ្ររបស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា។

៧៣ ព្រះអង្គបានបង្កើតទូលបង្គំមក
ហើយប្រទានឱ្យទូលបង្គំបានរឹងប៉ឹងឡើង
សូមប្រទានឱ្យទូលបង្គំមានប្រាជ្ញា
ដើម្បីស្វែងយល់វិន័យរបស់ព្រះអង្គ។
៧៤
ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គឃើញទូលបង្គំ គេនឹងមានអំណរ
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
៧៥
បពិត្រព្រះអម្ចាស់! ទូលបង្គំដឹងថា
ការអ្វីដែលព្រះអង្គបានសម្រេច សុទ្ធតែសុចរិតទាំងអស់
ព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។
៧៦
សូមសម្រាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
តាមព្រះបន្ទូលសន្យាជាមួយទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ។
៧៧
សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើទូលបង្គំ
ដើម្បីឱ្យទូលបង្គំរស់រានមានជីវិតផង
ដ្បិតទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។
៧៨
សូមឱ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់
ដ្បិតពួកគេនិយាយមួលបង្កាច់ទូលបង្គំ
រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គ។
៧៩
សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ
ដើម្បីឱ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។
៨០
សូមជួយទូលបង្គំឱ្យប្រព្រឹត្តតាមក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យបានឥតខ្ចោះ
កុំឱ្យទូលបង្គំត្រូវអាម៉ាស់ឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូម​សម្រាល​ទុក្ខ​ទូល‌បង្គំ ដោយ‌សារ​ព្រះ‌ហឫទ័យ​ស្មោះស្ម័គ្ររបស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា។

ទំនុកតម្កើងលេខ ៥៩,២-៥.១០-១១.១៧-១៨

សូម​រំដោះ​ទូល‌បង្គំ​ឱ្យរួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ !

ព្រះបន្ទូលនៃការសង្រ្គោះទាំងនេះ បានបង្រៀនយើងពីការលះបង់ ដែលយើងគួរមានទៅព្រះបិតា (Eusebius of Caesarea)។

បន្ទរទី២៖ សូម​ការ‌ពារ​ទូល‌បង្គំឱ្យរួច​ពី​កណ្ដាប់​ដៃរបស់​អស់​អ្នកដែលប៉ុនប៉ង​ធ្វើបាប​ទូល‌បង្គំ។

(បទកាកគតិ)

២- ឱព្រះម្ចាស់អើយ សូមកុំកន្តើយ ជួយរំដោះខ្ញុំ
  ឱ្យរួចពីខ្មាំង សត្រូវតូចធំ វាមានគំនុំ
    ចង់ចាប់ធ្វើបាប
៣- សូមជួយរំដោះ ជីវិតឱ្យរស់ ជារៀងដរាប
  ផុតពីពួកពាល ពីអ្នកសាងបាប អាក្រក់ឆ្អេះឆ្អាប
    ពួកមនុស្សស្រេកឈាម
៤- ឱព្រះអម្ចាស់ ទោះខ្ញុំពុំខុស ក៏គេព្យាយាម
  ចាំស្ទាក់ប្រហារ ជីវិតខ្ញុំភ្លាម ពួកគេព្យាយាម
    ប្រឆាំងជានិច្ច
៥- ទោះខ្ញុំមិនខុស ក៏ពួកទាំងនោះ នៅតែមានល្បិច
  ពួនចាំស្ទាក់ចាប់ រូបខ្ញុំមិនភ្លេច សូមកុំកែគេច
    បែរភក្ត្រមើលផង
១០- ទូលបង្គំខំប្រឹង មើលទៅព្រះអង្គ មិនឱ្យខានខក
  ទ្រង់ជាកម្លាំង កំពែងជម្រក មិនឱ្យខ្មាំងមក
    ពាធាបំភ័យ
១១- ព្រះរបស់ខ្ញុំ ហឫទ័យទូលំ ទូលាយឥតបី
  មេត្តាករុណា សន្តោសប្រណី ឱ្យខ្ញុំសប្បាយ
    ដោយខ្មាំងចាញ់ដៃ
១៧- រីឯខ្ញុំវិញ ក្នុងចិត្តពោរពេញ សរសើរមិនឈប់
  ច្រៀងលើកតម្កើង ព្រះម្ចាស់ជាម្លប់ ថ្លែងមិនឈរឈប់
    ហឫទ័យមេត្តា
  ពេលព្រឹកព្រលឹម ថ្លែងទាំងញញឹម ពីក្តីករុណា
  របស់ព្រះអង្គ ជាកំពែងការ ជួយខ្ញុំនេះណា
    ពេលអាសន្នភ័យ
១៨- បពិត្រព្រះម្ចាស់ ព្រះអង្គជាព្រះ មានឫទ្ធិបារមី
  ទូលបង្គំនឹងស្មូត បទតម្កើងថ្វាយ ព្រះអង្គនេះហើយ
    ជាកំពែងមាំ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ៖ សូម​ការ‌ពារ​ទូល‌បង្គំ ឱ្យរួច​ពី​កណ្ដាប់​ដៃរបស់​អស់​អ្នកដែលប៉ុនប៉ង​ធ្វើបាប​ទូល‌បង្គំ។

ទំនុកតម្កើងលេខ ៦០

ពាក្យអធិដ្ឋានក្រោយពេលមានមហន្តរាយ

“អ្នករាល់គ្នាជួបទុក្ខវេទនាក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង ! ខ្ញុំបានឈ្នះលោកនេះហើយ” (យហ ១៦,៣៣)។

បន្ទរទី៣ ៖ អ្នកណារងទុក្ខលំបាក អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។

ឱព្រះអម្ចាស់អើយ! ព្រះអង្គបោះបង់ចោលយើងខ្ញុំហើយ
ព្រះអង្គធ្វើឱ្យយើងខ្ញុំបាក់ទ័ព
ទោះបីជាព្រះអង្គព្រះពិរោធនឹងយើងខ្ញុំក៏ដោយ
សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។

ព្រះអង្គបានធ្វើឱ្យផែនដីរញ្ជួយ និងប្រេះចេញពីគ្នា
ឥឡូវនេះ សូមព្រះអង្គភ្ជិតដីនេះ
ឱ្យបានជិតគ្នាឡើងវិញផង ព្រោះផែនដីកំពុងរង្គើ។

ព្រះអង្គធ្វើឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក
ព្រះអង្គដាក់ទោសយើងខ្ញុំស្ទើរតែវង្វេងស្មារតី។

ព្រះអង្គប្រទានទង់ជ័យជាសញ្ញា
ឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ អាចគេចផុតពីបរាជ័យ។

សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមឆ្លើយតបនឹងយើងខ្ញុំផង!
ដើម្បីឱ្យប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គបានរួចជីវិត។

ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈរបស់ព្រះអង្គមកថា ៖
“យើងនឹងយកជ័យជម្នះ យើងនឹងបំបែកស្រុកស៊ីគែម
យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកដល់ប្រជារាស្ត្ររបស់យើង។

ស្រុកកាឡាតជាទឹកដីរបស់យើង
ហើយស្រុកម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ
ស្រុកអេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង
ហើយស្រុកយូដាជាដំបងរាជ្យរបស់យើង។
១០
ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង
យើងបោះស្បែកជើងយើងនៅទឹកដីអេដុម
យកស្រុកនេះធ្វើជាកម្មសិទ្ធិហើយ។
យើងនឹងស្រែកជយោ ក្រោយពីបានឈ្នះស្រុកភីលីស្ទីន!”។
១១
តើនរណានាំខ្ញុំចូលទៅក្នុងទីក្រុងដ៏មាំមួនបាន?
តើនរណានាំខ្ញុំចូលទៅស្រុកអេដុម?
១២
ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំបាន!
ក៏ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គឈប់យាងទៅជាមួយកងទ័ពយើងខ្ញុំទៀតហើយ។
១៣
សូមយាងមកជួយយើងខ្ញុំឱ្យប្រឆាំងតទល់នឹងពួកសត្រូវផង
ដ្បិតការសង្គ្រោះមកពីមនុស្សលោកឥតបានការអ្វីសោះ។
១៤
បើព្រះជាម្ចាស់គង់នៅជាមួយយើងខ្ញុំ នោះយើងខ្ញុំនឹងមានជ័យជម្នះ
ព្រះអង្គនឹងបង្ក្រាបបច្ចាមិត្តរបស់យើងខ្ញុំឱ្យរាប។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នកណារងទុក្ខលំបាក អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ៥,១៧-២០)

ពេល​នោះ លោក​មហា‌បូជា‌ចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។ គេ​លើក​គ្នា​មក​ចាប់​ក្រុម​គ្រីស្ដទូត យក​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​សាធារណៈ។ លុះ​ដល់​យប់ មាន​ទេវទូតរបស់​ព្រះ‌អម្ចាស់មក​បើក​ទ្វារ​ពន្ធ‌នាគារ​ឱ្យ​ក្រុម​គ្រីស្ដទូត​ចេញ ទាំង​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ ហើយ​ប្រកាស​ព្រះ‌បន្ទូល​ទាំង​អស់​ដែល​ផ្ដល់​ជីវិត​នេះ​ឱ្យ​ប្រជាជន​ស្ដាប់​ទៅ»។
 
បន្ទរ៖ ទូលបង្គំច្រៀងថ្វាយ​ព្រះអង្គនៅ​ចំពោះ​មុខ​ពពួក​ទេវទូត។
—ទូលបង្គំក្រាប​នៅ​ក្នុង​ព្រះវិហារ​ដ៏វិសុទ្ធរបស់​ព្រះអង្គ ហើយ​ទូលបង្គំលើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១២,៧)

ពេល​នោះ ទេវទូតរបស់​ព្រះ‌អម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺភ្លឺក្នុង​ទីឃុំ‌ឃាំង។ ទេវទូត​ដាស់​លោក​សិលា​ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។
 
បន្ទរ៖ ព្រះ‌អម្ចាស់​បាន​ចាត់​ទេវទូត​របស់​ព្រះ‌អង្គ​មក​ដោះ​លែង​ខ្ញុំ
—ឱ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ហេរ៉ូដ។

ពេលរសៀល (ម៉ោង ៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១០,៣-៥)

ថ្ងៃ​មួយ ប្រមាណ​ជា​ម៉ោង​បី​រសៀល គាត់​បាន​និមិត្ត​ឃើញ​ទេវទូត​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​ច្បាស់ ទេវទូត​នោះ​ចូល​មក​ផ្ទះ​គាត់ ហៅ​គាត់​ថា៖ «លោក​គ័រនេល្យូស​អើយ!»។ លោក​គ័រនេល្យូស​សម្លឹង​មើល​ទៅ​ទេវទូត ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវទូត​ពោល​មក​គាត់​ថា៖ «ព្រះ‌ជាម្ចាស់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ ព្រះ‌អង្គ​ក៏​ជ្រាប​អំពី​ទាន​របស់​លោក​ដែរ ព្រះ‌អង្គ​មិន​ភ្លេច​ទេ។ សុំ​លោក​ចាត់​គេ​ឱ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ ឥឡូវ​នេះ អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​សិលា​មក។
 
បន្ទរ៖ ពាក្យ​អធិស្ឋាន​របស់​ប្រជាជន​ដ៏‌វិសុទ្ធ កើនឡើងដូចជាផ្សែងគ្រឿងក្រអូប
—ដែលហុយ​ចេញ​ពី​ដៃ​ទេវទូត នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះជាម្ចាស់។

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គដែលមានឧបការគុណហួសពីការស្មានសព្វព្រះហឫទ័យចាត់ទេវទូតដ៏វិសុទ្ធមកការពារយើងខ្ញុំ។ ពេលព្រះអង្គសណ្តាប់ឮសម្រែកទូលអង្វររបស់យើងខ្ញុំ សូមទ្រង់មេត្តាការពារយើងខ្ញុំគ្រប់ពេលវេលា តាមរយៈទេវទូតរបស់ព្រះអង្គ និងប្រោសឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច រួមជាមួយទេវទូតដ៏វិសុទ្ធទាំងឡាយ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!