រដូវធម្មតា សប្តាហ៍ទី២៥ ថ្ងៃចន្ទ
សន្តម៉ាថាយ ជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
(បុណ្យគោរព)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១៩,៨-១៥
សូមសរសើរតម្កើងព្រះជាម្ចាស់ ដែលបានប្រទានធម្មវិន័យនៃសេចក្តីស្រឡាញ់មកយើង
ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ (មថ ៥,៤៨)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ចូរទៅប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ (អាលេលូយ៉ា!)។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ «ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក» (អាលេលូយ៉ា!)។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ «អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ» (អាលេលូយ៉ា!)។
| ៨ | ធម្មវិន័យរបស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឱ្យមានកម្លាំងចិត្តឡើងវិញ បណ្តាំរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត ធ្វើឱ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា |
| ៩ | បទបញ្ជារបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឱ្យមានអំណរសប្បាយ បទបញ្ញត្តិរបស់ព្រះអម្ចាស់ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឱ្យបានភ្លឺថ្លា។ |
| ១០ | ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតរៀងទៅ។ ការវិនិច្ឆ័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់ |
| ១១ | គួរឱ្យប្រាថ្នាជាងចង់បានមាសសុទ្ធដ៏ច្រើន ហើយផ្អែមជាងទឹកឃ្មុំ ដែលហូរចេញពីសំបុកទៅទៀត។ |
| ១២ | ធម្មវិន័យបំភ្លឺទូលបង្គំជាអ្នកបម្រើព្រះអង្គ ហើយដោយប្រព្រឹត្តតាម ទូលបង្គំទទួលផលយ៉ាងបរិបូណ៌។ |
| ១៣ | គ្មាននរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្ត ដោយអចេតនានោះបានឡើយ សូមលើកលែងទោសឱ្យទូលបង្គំនូវកំហុសណា ដែលទូលបង្គំមិនដឹងខ្លួននោះផង។ |
| ១៤ | សូមការពារទូលបង្គំឱ្យរួចពីចិត្តអំនួត សូមកុំឱ្យចិត្តអួតបំប៉ោងនេះ សោយរាជ្យលើទូលបង្គំបានឡើយ ធ្វើដូច្នេះទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។ |
| ១៥ | ឱព្រះអម្ចាស់ដែលជាថ្មដា និងជាព្រះដែលការពារទូលបង្គំអើយ! សូមប្រោសប្រណីទទួលពាក្យរបស់ទូលបង្គំ និងសេចក្តីដែលទូលបង្គំពោលក្នុងចិត្ត នៅចំពោះព្រះភក្រ្តព្រះអង្គផង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៧
ពាក្យអធិដ្ឋានរបស់អ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ដែលត្រូវគេនិយាយមួលបង្កាច់
ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ (យក ៥,៩)។
(ក)
(បទពាក្យ ៧)
| ២- | ឱព្រះជាអម្ចាស់ខ្ញុំអើយ | ខ្ញុំសូមពឹងហើយលើព្រះអង្គ | |
| សង្គ្រោះរំដោះនិងទ្រទ្រង់ | រួចពីអន្លង់អ្នកបៀតបៀន | ។ | |
| ៣- | ក្រែងលោគេហែកទូលបង្គំ | ដូចសត្វសិង្ហខាំដោយស្រេកឃ្លាន | |
| នោះគ្មាននរណាអាចនឹងហ៊ាន | រំដោះឱ្យបានរួចជីវិត | ។ | |
| ៤- | ឱព្រះអម្ចាស់ទូលបង្គំ | ប្រសិនបើខ្ញុំបានប្រព្រឹត្ត | |
| ដូចពាក្យគេថាដោយគ្មានគិត | ប្រឡាក់ដាមដិតក្តីកខ្វក់ | ។ | |
| ៥- | ប្រសិនបើទូលបង្គំបាន | ប្រព្រឹត្តសាមាន្យចិត្តអាក្រក់ | |
| តបនឹងមិត្តភក្តិដោយគំរក់ | រឹបអូសលួចឆក់យកទ្រព្យា | ។ | |
| ៦- | សូមឱ្យសត្រូវខ្មាំងដេញទាន់ | និងឱ្យគេជាន់ឈ្លីប្រហារ | |
| ព្រមទាំងកិត្តិយសខ្ញុំនេះណា | ទម្លាក់អាត្មាក្នុងភក់ចុះ | ។ | |
| ៧- | ឱព្រះអម្ចាស់សូមតើនឡើង | ពិរោធឱ្យប៉ើងតបចំពោះ | |
| អំពើឃោរឃៅសត្រូវនោះ | ដ្បិតអង្គសប្បុរសតែងតាំងច្បាប់ | ។ | |
| ៨- | សូមឱ្យប្រជាជាតិនានា | ចោមរោមនាំគ្នាមកត្រងត្រាប់ | |
| ជុំវិញព្រះអង្គល្អគួរគាប់ | លើអស់មនុស្សសព្វសត្វនានា | ។ | |
| ៩- | ព្រះអង្គជាចៅក្រមវិនិច្ឆ័យ | ប្រជាប្រុសស្រីគ្រប់អង្គា | |
| ព្រះអម្ចាស់អើយសូមមេត្តា | ទូលបង្គំនេះណាអ្នកស្លូតត្រង់ | ។ | |
| ១០- | សូមឈប់ធ្វើអំពើទុច្ចរិត | ជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង | |
| បពិត្រព្រះដ៏សុចរិតថ្កើង | សូមព្រះអង្គឈ្វេងយល់ចិត្តមនុស្ស | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
| ១១ | ព្រះជាម្ចាស់ជាខែលការពារខ្ញុំ ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តត្រង់។ |
| ១២ | ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត ព្រះអង្គតែងតែដាក់ទោស អ្នកប្រព្រឹត្តអំពើអាក្រក់ជារៀងរាល់ថ្ងៃ។ |
| ១៣ | មនុស្សអាក្រក់មិនដូរគំនិតទេ គេនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់ |
| ១៤ | គេនឹងរៀបចំអាវុធ ដើម្បីប្រហារអ្នកដទៃ ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។ |
| ១៥ | អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ អ្នកនោះនឹងបង្កើតការបោកបញ្ឆោត។ |
| ១៦ | អ្នកណាជីករណ្តៅកាន់តែជ្រៅទៅៗ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅ ដែលខ្លួនបានជីកនោះជាមិនខាន។ |
| ១៧ | អំពើទុច្ចរិតដែលគេបានប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។ |
| ១៨ | ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គមានព្រះហឫទ័យសុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ចូរទៅប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ (អាលេលូយ៉ា!)។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៥,១៩ខ-២០)
ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រីស្តថា ទុកឱ្យព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនឱ្យជានានឹងព្រះអង្គវិញទៅ។
—ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក» អាលេលូយ៉ា!
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ «ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក» (អាលេលូយ៉ា!)។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ៥,១២ក.១៤)
គ្រីស្ដទូតបាននាំគ្នាសម្ដែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើព្រះអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។
—ពួកគេថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យពួកគេ អាលេលូយ៉ា!
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ «អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ» (អាលេលូយ៉ា!)។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ៥,៤១-៤២)
ក្រុមគ្រីស្ដទូតចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានឱ្យគេមានកិត្តិយសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។ ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះយេស៊ូគ្រីស្ដនៅក្នុងព្រះវិហារ និងនៅតាមផ្ទះ ឥតឈប់ឈរឡើយ។
—ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់ដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសសន្តម៉ាថាយ ជាអ្នកទារពន្ធម្នាក់ឱ្យទៅជាគ្រីស្តទូត។ ដោយពឹងលើគំរូ និងពាក្យទូលអង្វររបស់លោក យើងខ្ញុំសូមអង្វរព្រះអង្គមេត្តាការពារយើងខ្ញុំឱ្យជាប់ចិត្តដើរតាមព្រះអង្គជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!