រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃចន្ទ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១២៩-១៣៦
ការស្មឹងស្មាធិ៍ទៅលើវិន័យរបស់ព្រះជាម្ចាស់
ដូច្នេះសេចក្ដីស្រឡាញ់នាំឲ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
| ១២៩ | ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំធ្វើតាម។ |
| ១៣០ | ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឱ្យចិត្តមនុស្សភ្លឺស្វាង ហើយធ្វើឱ្យមនុស្សទន់ទាបចេះរិះគិតពិចារណា។ |
| ១៣១ | ទូលបង្គំយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតទូលបង្គំចង់ស្គាល់វិន័យរបស់ព្រះអង្គខ្លាំងណាស់។ |
| ១៣២ | សូមបែរព្រះភក្ត្រទតមកទូលបង្គំ សូមប្រណីសន្តោសទូលបង្គំផង ដូចព្រះអង្គធ្លាប់ប្រណីសន្តោសដល់អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។ |
| ១៣៣ | សូមពង្រឹងទូលបង្គំឱ្យបានមាំមួន ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ កុំបណ្តោយឱ្យទូលបង្គំធ្លាក់ទៅក្នុងអំណាចនៃអំពើទុច្ចរិតណាមួយឡើយ!។ |
| ១៣៤ | សូមរំដោះទូលបង្គំឱ្យរួចផុតពីការជិះជាន់របស់មនុស្ស ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ |
| ១៣៥ | សូមសម្តែងព្រះហឫទ័យមេត្តាដល់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!។ |
| ១៣៦ | ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយមិនគោរពតាមធម្មវិន័យរបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៨២
ការថ្កោលទោសចៅក្រមអាក្រក់
សូមបងប្អូនកុំវិនិច្ឆ័យទោសអ្នកណាមុនពេលកំណត់ឡើយ
ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន… (១ករ ៤,៥)។
(បទពាក្យ ៧)
| ១- | ព្រះម្ចាស់គង់ក្នុងអង្គប្រជុំ | នៃស្ថានបរមសុខពេកក្រៃ | |
| ទ្រង់តែងតែយាងមកកាត់ក្តី | ក្នុងចំណោមនៃពួកទេវតា | ។ | |
| ២- | ពេលណាទើបអ្នកឈប់កាត់ក្តី | ដោយចិត្តអប្រីយ៍ដូច្នេះណា | |
| ឱ្យមនុស្សអាក្រក់ចិត្តឫស្យា | ឈ្នះគេដល់ទៅពេលណាទៀត | ។ | |
| ៣- | ព្រះម្ចាស់មានព្រះបន្ទូលថា | ចូររកយុត្តិធម៌កុំរវាត | |
| ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិ | កូនកំព្រាអត់មានឪម៉ែ | ។ | |
| ៤- | ចូរកុំនៅស្ងៀមចេញរំដោះ | អ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ | |
| ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែ | ជនអាក្រក់តែងតែធ្វើបាប | ។ | |
| ៥- | តែគេមិនដឹងមិនយល់សោះ | ចិត្តគេទុយ៌សជាដរាប | |
| អំពើយុត្តិធម៌ក៏សូន្យសាប | ដែលទុកសម្រាប់គ្រឹះផែនដី | ។ | |
| ៦- | យើងនឹងប្រកាសថាអស់អ្នក | រាល់គ្នាពិតជាក់ជាបុត្រី | |
| បុត្រារបស់ម្ចាស់ផែនដី | ជាព្រះស្កឹមស្កៃដ៏ខ្ពស់ខ្ពង់ | ។ | |
| ៧- | តែអ្នកត្រូវស្លាប់ដូចមនុស្សលោក | ដែលដួលដេកស្តូកពុំអាចរស់ | |
| ស្លាប់ដូចជាមនុស្សទូទាំងអស់ | ដូចអ្នកធំខ្ពស់បាត់តំណែង | ។ | |
| ៨- | ឱព្រះម្ចាស់អើយសូមតើនឡើង | វិនិច្ឆ័យកុំឆ្មើងឫទ្ធិគួរស្ញែង | |
| ដ្បិតមនុស្សគ្រប់ជាតិទាំងនោះឯង | ជារាស្ត្រឥតក្លែងនៃព្រះអង្គ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ១២០
ការប្រាថ្នាចង់បានសន្តិភាព
ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន (រ៉ូម ១២,១២)។
| ១ | នៅពេលមានអាសន្ន ខ្ញុំស្រែកហៅព្រះអម្ចាស់។ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។ |
| ២ | ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំ ឱ្យរួចផុតពីមនុស្សដែលពោលពាក្យកុហក និងបោកបញ្ឆោត! |
| ៣ | អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើនឹងត្រូវទទួលទោសអ្វីខ្លះ? |
| ៤ | គឺត្រូវតែរងនូវព្រួញរបស់អ្នកចំបាំង និងភ្លើងឆេះសន្ធោសន្ធៅប៉ុណ្ណោះ! |
| ៥ | ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់! |
| ៦ | ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលស្អប់សន្តិភាពជាយូរឆ្នាំកន្លងមកហើយ។ |
| ៧ | ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ២,១១-១២)
ព្រះអង្គនឹងបន្ទាបមនុស្សមានចិត្តព្រហើន ព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង។ នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេដែលមនុស្សត្រូវលើកតម្កើង ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលបានកំណត់ថ្ងៃមួយទុកសម្រាប់ពង្រាបមនុស្សព្រហើន មនុស្សអួតអាង និងមនុស្សវាយឫក។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ
ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១២,២)
«ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
—ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ដន ៩,១៩)
"ព្រះអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! ព្រះអម្ចាស់អើយ សូមអត់ទោសឱ្យយើងខ្ញុំផង! ព្រះអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱព្រះនៃទូលបង្គំអើយ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមយាងមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ដ្រនេះ ជាកម្មសិទ្ធិរបស់ព្រះអង្គ”។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។
ពាក្យអធិដ្ឋាន
ឱព្រះជាអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាអើយ ! ព្រះអង្គសណ្តាប់ពាក្យទូលអង្វររបស់យើងខ្ញុំ ដោយចាត់ព្រះបុត្រាឱ្យយាងមករួមរស់ជាមួយមនុស្សលោក ទាំងប្រទានកិត្តិយសដ៏ថ្លៃថ្លាឱ្យយើងខ្ញុំ។ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំទទួលសិរីរុងរឿងរបស់ព្រះអង្គនៅថៃ្ងព្រះគ្រីស្តយាងមក។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!