០៨ ធ្នូ ២០២៥ (ម៉ោង៣ រសៀល)

Written on 19/11/2026
Mary Siya Khim

បុណ្យគោរពព្រះនាងព្រហ្មចារីនីម៉ារីមិនជំពាក់បាប

 

(បុណ្យឱឡារិក)

 

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

 

 

ទំនុកតម្កើងលេខ ១២៦

 

 

សេចក្តីសង្ឃឹមលើព្រះជាម្ចាស់

បង‌ប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បង‌ប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ (២ករ ១,៧)។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងភាពដ៏វិសុទ្ធ ព្រះអង្គដឹកដៃខ្ញុំ និងការពារខ្ញុំ។

ពេល​ព្រះ‌អម្ចាស់​នាំ​អស់​អ្នកដែល​ជាប់​ជា​ឈ្លើយត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ
យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។
យើង​សើច​សប្បាយ​ជា‌និច្ច យើង​ស្រែក​ជយ‌ឃោស
ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា គេ​បាន​ពោល​ថា:
«ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ!»។
ព្រះ‌អម្ចាស់​ពិត​ជា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យចំពោះ​យើង​មែន
ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​អំណរ​សប្បាយ។
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រោស​ប្រទាន​ឲ្យយើង​ខ្ញុំ​បាន​ចម្រុង​ចម្រើន​ឡើង​វិញ
ដូច​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែងមាន​ទឹក​ហូរ​ឡើង​វិញ​យ៉ាង​នោះ​ដែរ។
អ្នក​ណា​សាប​ព្រោះ​ទាំង​ទឹក​ភ្នែក អ្នក​នោះ​នឹង​ច្រូត​យក​ផល​យ៉ាង​សប្បាយ។
អ្នក​ណា​យក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះ​ ទាំង​យំ​សោក
អ្នក​នោះ​នឹង​កាន់​កណ្ដាប់​ស្រូវ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១៣១ (១៣០)

ទូល‌បង្គំមាន​ចិត្ត​ស្ងប់

(បទកាកគតិ)

១- បពិត្រព្រះម្ចាស់ ខ្ញុំជាមនុស្ស ដែលមិនអំនួត
  មិនវាយឫកខ្ពស់ មិនអាងមិនអួត មិនចង់ប្រកួត
    អ្នកតូចអ្នកទាប
  ខ្ញុំមិនលោភលន់ ចង់បានទ្រព្យធន គេជារៀងរាប
  មិនចង់បានអ្វី ដែលធំហួសប្រៀប លើសសមត្ថភាព
    របស់ខ្ញុំឡើយ
២- តែផ្ទុយទៅវិញ ចិត្តខ្ញុំពោរពេញ ស្ងៀមស្ងាត់ព្រងើយ
  ដូចជាកូនក្មេង ជាប់ទ្រូងម្តាយហើយ វាធ្វើកន្តើយ
    នឹងអ្វីទាំងអស់
៣- អ៊ីស្រាអែលអើយ កុំបង្អង់ឡើយ ទុកចិត្តលើព្រះ
  តាំងពីឥឡូវ តទៅឥតខ្ចោះ រហូតដល់អស់
    កប្បកល្បជានិច្ច
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

ទំនុកតម្កើងលេខ ១២៨

សុភមង្គល​របស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់

“សូមព្រះជាម្ចាស់ប្រទានពរដល់អ្នកពីស៊ីយ៉ូនមក” មានន័យថា ពីព្រះសហគមន៍ (Arnobius)

អ្នក​ណា​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!

អ្នក​នឹង​ទទួល​ផល​ពី​កិច្ច‌ការ​ដែល​អ្នក​បាន​ធ្វើ
អ្នក​នឹង​មាន​សុភមង្គល ហើយ​ចម្រុង‌ចម្រើន

នៅ​ក្នុង​ផ្ទះ ភរិយា​របស់​អ្នក​ប្រៀប​ដូច​ជា​ដើមទំពាំង‌បាយ‌ជូរដែល​មាន​ផ្លែ​ជា​ច្រើន
ហើយ​នៅ​ជុំ‌វិញ​តុ កូន​ប្រុសៗ​របស់​អ្នកក៏​ប្រៀប​បាន​នឹង​ដើម​អូលីវ​តូចៗ​ដែរ។

អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់នឹង​ទទួល​ព្រះ‌ពរ​បែប​នេះ។

សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​អ្នកពី​ភ្នំ​ស៊ីយ៉ូន
ហើយ​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​អ្នក អ្នក​នឹង​ឃើញ​សុភមង្គល​របស់​ក្រុង​យេរូ‌សាឡឹម

អ្នក​ក៏​នឹង​ឃើញ​ចៅ​របស់​អ្នក​ដែរ។
សូម​ឲ្យ​អ៊ីស្រា‌អែលបាន​ប្រកប​ដោយ​សេចក្ដីសុខ‌សាន្ត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងភាពដ៏វិសុទ្ធ ព្រះអង្គដឹកដៃខ្ញុំ និងការពារខ្ញុំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៥,២៥.២៦ក.២៧)

ព្រះគ្រីស្ត​បាន​ស្រឡាញ់​ព្រះសហគមន៍ ព្រះអង្គ​បូជា​ព្រះជន្ម​របស់ព្រះអង្គផ្ទាល់សម្រាប់​ព្រះ‌សហគមន៍ ដើម្បី​ប្រោស​ឲ្យ​ព្រះសហគមន៍​បាន​ទៅ​ជា​វិសុទ្ធ។ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នាំ​ព្រះសហគមន៍​នេះ​មក​ថ្វាយ​ព្រះ‌អង្គ​ផ្ទាល់ ជា​ព្រះសហគមន៍​ដ៏​រុងរឿង ឥត​ស្លាកស្នាម ឥត​ជ្រីវជ្រួញ និង​ឥត​ខ្ចោះ​ត្រង់ណា​ឡើយ គឺ​ឲ្យ​ទៅ​ជា​វិសុទ្ធ ឥត​សៅហ្មង។

បន្ទរ៖ ឱព្រះមាតានៃព្រះជាម្ចាស់ ដែលមិនជំពាក់បាប
—សូមប្រទានអំណរសប្បាយដល់ពិភពលោកទាំងមូល។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺចិត្តគំនិតនាងម៉ារីជាព្រះមាតានៃព្រះបុត្រា ព្រះអង្គឲ្យទៅសួរសុខទុក្ខនាងអេលីសាបិត។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំសុខចិត្តធ្វើតាមការបំភ្លឺរបស់ព្រះវិញ្ញាណ ដោយលើកតម្កើងព្រះអង្គគ្រប់ពេល វេលារួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!