០៨ ធ្នូ ២០២៥ (ម៉ោង ១២ថ្ងៃត្រង់)

Written on 20/11/2026
Mary Siya Khim

បុណ្យគោរពព្រះនាងព្រហ្មចារីនីម៉ារីមិនជំពាក់បាប

(បុណ្យឱឡារិក)

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

 

ទំនុកតម្កើងលេខ ១២៣

 

ព្រះជាម្ចាស់ជាសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្តព្រះអង្គ

មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!» (មថ ២០,៣០)។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះ‌អម្ចាស់មាន​អំណរ​សប្បាយ​ជា​ខ្លាំង ព្រោះ​តែ​អ្នក។ ព្រះរបស់អ្នកនឹងទតមើលមកអ្នក ដោយអំណររហូតតទៅ។

ឱ​ព្រះ‌អម្ចាស់​ដែល​គង់​នៅស្ថាន​បរម‌សុខ​អើយ
ទូល‌បង្គំងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ព្រះ‌អង្គ។

យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើង ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​ប្រណី‌សន្ដោស
ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន
និង​ដូច​ស្ត្រីបម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រីរបស់​ខ្លួន​យ៉ាង​នោះ​ដែរ។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី‌សន្ដោស​យើង​ខ្ញុំ
សូម​ប្រណី‌សន្ដោស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ត្រូវ​គេ​ប្រមាថ​ខ្លាំង​ណាស់។

យើង​ខ្ញុំ​ពុំ​អាច​ទ្រាំ‌ទ្រនឹង​ការ​មើល‌ងាយ​ពី​សំណាក់​មនុស្ស​ព្រហើន
ព្រម​ទាំង​ការ​ប្រមាថ​ពី​សំណាក់​មនុស្ស​វាយ‌ឫក​ខ្ពស់បាន​ទៀត​ឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១២៤ (១២៣)

ជំនួយរបស់យើងស្ថិតក្នុងព្រះនាមរបស់ព្រះអម្ចាស់

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោកប៉ូលថា៖ «កុំ​ខ្លាច​អី…. ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ (កក ១៨,៩-១០)។

(បទពាក្យ ៧)

១- ប្រសិនបើគ្មានព្រះអម្ចាស់ មិនជួយសន្តោសគាំទ្រទេ  
  សូមអ៊ីស្រាអែលពោលហូរហែ ពោលកុំទំនេរទាំងអស់គ្នា
២- ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងនោះគ្រប់វេលា  
  ពេលណាសត្រូវលើកគ្នីគ្នា សម្រុកពុះពារវាយលើយើង
៣- ពេលណាគេមានកំហឹងខ្លាំង គេមកប្រឆាំងយើងនឹងប៉ើង  
  គេនឹងត្របាក់លេបដូចភ្លើង មិនឲ្យពួកយើងសុខសាន្តឡើយ
៤- យើងនឹងលិចលង់ក្នុងសមុទ្រ ភិតភ័យតក់ស្លុតឥតមានស្បើយ  
  ទឹកហូរនាំយើងគ្មានកោះត្រើយ ទៅកាន់ទីឆ្ងាយគ្មានគោលដៅ
៥- ពេលយើងកំពុងអស់កម្លាំង មានទឹកកួចខ្លាំងពន្លិចទៅ  
  ដល់បាតជលសាដ៏សែនជ្រៅ ជីវិតយើងត្រូវលង់ក្សិណក្ស័យ
៦- សូមលើកតម្កើងព្រះអម្ចាស់ ដ្បិតទ្រង់ជាព្រះមានបារមី  
  ទ្រង់ពុំប្រគល់យើងក្នុងដៃ ធ្វើរំពានៃពួកនោះឡើយ
៧- យើងរួចជីវិតដូចបក្សី គេចផុតពីដៃព្រានព្រៃហើយ  
  គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ យើងបានធូរស្បើយរស់ជីវ៉ា
៨- ព្រះអម្ចាស់បានសង្គ្រោះយើង ដោយព្រះនាមថ្កើងមានចេស្តា  
  គឺព្រះអង្គដែលមានមេត្តា បង្កើតវេហានិងផែនដី
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ១២៥

ព្រះអម្ចាស់ថែរក្សាប្រជារាស្រ្តរបស់ព្រះអង្គ

សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដីសុខ‌សាន្តដល់​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​របស់​ព្រះ‌អង្គ (កាឡ ៦,១៦)។

អ្នក​ណា​ផ្ញើជីវិត​លើ​ព្រះ‌អម្ចាស់ អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូន
ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ឥត​រង្គើសោះ​ឡើយ។

ភ្នំ​នានា​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​ណា
ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជុំ‌វិញ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
តាំង​ពី​ពេល​នេះ រហូត​ដល់​អស់​កល្ប‌ជានិច្ចយ៉ាង​នោះ​ដែរ

ដ្បិត​មនុស្ស​អាក្រក់​ពុំ​អាច​គ្រប់‌គ្រងលើ​ទឹក​ដី​របស់​មនុស្ស​សុចរិត​ទេ
ដូច្នេះ មនុស្ស​សុចរិត​គ្មាន​ចិត្ត​លំអៀង​ទៅប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ។

ព្រះ‌អម្ចាស់​អើយ សូម​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ទៀង​ត្រង់។

រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀច‌វេរ​វិញ
សូម​ព្រះ‌អម្ចាស់​នាំ​គេ​យក​ទៅ​ធ្វើទោស
ជា​មួយអស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។
សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ប្រកបដោយ​សេចក្ដី​សុខ‌សាន្ត!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះ‌អម្ចាស់មាន​អំណរ​សប្បាយ​ជា​ខ្លាំង ព្រោះ​តែ​អ្នក។ ព្រះរបស់អ្នកនឹងទតមើលមកអ្នក ដោយអំណររហូតតទៅ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ១,១១-១២)

ព្រះ‌ជាម្ចាស់​បាន​ជ្រើសរើស​យើង​ទុក​ដោយ​ឡែក ក្នុង​អង្គ​ព្រះ‌គ្រីស្ត ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន‌ការ​របស់​ព្រះ‌អង្គ ដែល​សម្រេច​គ្រប់​កិច្ច‌ការ​ទាំង​អស់​ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ គឺ​យើង​ដែល​បាន​សង្ឃឹម​លើ​ព្រះ‌គ្រីស្ត​មុន​គេ​បង្អស់។

បន្ទរ៖ ទូលបង្គំបន្លឺសំឡេង​តម្កើង​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ
—អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺចិត្តគំនិតនាងម៉ារីជាព្រះមាតានៃព្រះបុត្រា ព្រះអង្គឲ្យទៅសួរសុខទុក្ខនាងអេលីសាបិត។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំសុខចិត្តធ្វើតាមការបំភ្លឺរបស់ព្រះវិញ្ញាណ ដោយលើកតម្កើងព្រះអង្គគ្រប់ពេល វេលារួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!