០៨ ធ្នូ ២០២៥ (ម៉ោង ៩ព្រឹក)

Written on 21/11/2026
Mary Siya Khim

បុណ្យគោរពព្រះនាងព្រហ្មចារីនីម៉ារីមិនជំពាក់បាប

 

(បុណ្យឱឡារិក)

 

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

 

ទំនុកតម្កើងលេខ ១២០

 

ការចង់បានសន្តិភាព

ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិដ្ឋាន (រ៉ូម ១២,១២)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ សូមលើកតម្កើងព្រះអម្ចាស់នៃជីវិត! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះរូបខ្ញុំ។

នៅ​ពេល​មាន​អាសន្ន ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្សដែល​ពោល​ពាក្យ​កុហក និង​បោក​បញ្ឆោត!

អ្នក​និយាយ​បោក​បញ្ឆោត​ដូច្នេះ តើ​បាន​ទទួល​អ្វី​ខ្លះ?

គឺ​មាន​តែ​ទទួល​ព្រួញ​របស់​អ្នក​ចម្បាំង និង​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ​តែ​ប៉ុណ្ណោះ!

ខ្ញុំ​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​មនុស្ស​កាច​សាហាវ
ហើយ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ព្រៃ‌ផ្សៃ​ដូច្នេះ វេទនា​ណាស់!

ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ចូល​ចិត្តសន្តិ‌ភាព ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ។

ពេល​ខ្ញុំ​និយាយ​ពី​សន្តិ‌ភាព ពួក​គេ​បែរ​ជា​ប្រកាស​សង្គ្រាម​ទៅ​វិញ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១២១ (១២០)

ព្រះជាម្ចាស់ថែរក្សាប្រជារាស្រ្តរបស់ព្រះអង្គ

ពួក​គេ​នឹង​លែង​ឃ្លាន លែង​ស្រេក​ទៀត​ហើយ ព្រះ‌អាទិត្យ និង​កម្ដៅ​គ្រប់​យ៉ាង ក៏​នឹង​លែង​ធ្វើ​ទុក្ខ​គេ​ទៀត​ដែរ (វវ ៧,១៦)។

(បទពាក្យ ៧)

១- ខ្ញុំងើបមុខឡើងភ្នែកសម្លឹង ឯនាយល្វើយល្វឹងទៅដល់ភ្នំ  
  ថាតើនរណានឹងជួយខ្ញុំ ឲ្យផុតទុក្ខធំគ្រប់ៗគ្រា
២- គឺមានតែអង្គព្រះអម្ចាស់ ដែលប្រណីប្រោសរាល់វេលា  
  ទ្រង់បង្កើតដីផ្ទៃមេឃា ព្រះអង្គគឺជាព្រះសង្គ្រោះ
៣- សូមទ្រង់មេត្តាកុំបណ្តោយ ឲ្យជើងអ្នកធ្លោយរងរបួស  
  ករុណាអាសូរជួយសង្គ្រោះ កុំឲ្យមានគ្រោះឬត្រូវដួល
៤- ព្រះអង្គដែលថែទាំការពារ ស្រាអែលគ្រប់គ្នាបានសុខស្រួល  
  ព្រះអង្គសង្គ្រោះមិនឲ្យដួល ទ្រង់មិនប្រែប្រួលផ្ទុំលក់ឡើយ
៥- ព្រះអម្ចាស់តែងរក្សាថែ ការពារឥតល្ហែមិនកន្តើយ  
  ទ្រង់គង់នៅខាងស្តាំអ្នកហើយ កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់
៦- ព្រះអាទិត្យរះក្នុងពេលថ្ងៃ មិនធ្វើទុក្ខអ្វីភ្លឺគ្រងគ្រប់  
  ឯព្រះច័ន្ទចរនៅពេលយប់ ទុក្ខសោកក៏ឈប់ដល់អ្នកដែរ
៧- ព្រះអម្ចាស់នឹងថែរក្សា រារាំងបាំងការពារថ្នមថែ  
  ហេតុការណ៍អាក្រក់ទ្រង់បង្វែរ មិនឲ្យកើតក្បែររូបអ្នកឡើយ
៨- ព្រះម្ចាស់ថែអ្នកគ្មានឈរឈប់ អ្វីៗសព្វគ្រប់មិនកន្តើយ  
  កិច្ចការអ្នកធ្វើនឹងធូរស្បើយ ពីពេលនេះហើយតរៀងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ១២៩

ពួក​គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំ

គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំតាំង​ពី​ខ្ញុំ​នៅ​ក្មេង-
សូម​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា-

គេ​តែងតែ​នាំ​គ្នា​ធ្វើបាប​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង
ប៉ុន្តែ គេ​ពុំ​អាច​យក​ជ័យ‌ជម្នះ​លើ​ខ្ញុំ​បាន​ឡើយ។

គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំគេ​បាន​ធ្វើគន្លង​យ៉ាង​វែង។

ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សុចរិត
ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់​ចេញ​ពី​ខ្ញុំ។

សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូនត្រូវ​អាម៉ាស់ និង​ដក​ខ្លួន​ថយ!

សូម​ឲ្យ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះ
ហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!

សូម្បី​គេ​ច្រូត​ស្មៅ​នោះ ក៏​ក្តាប់​មិន​ពេញ​ដៃ
ហើយ​ក៏​ពុំ​មាន​ល្មម​សម្រាប់​ឲ្យចង​ជា​កណ្ដាប់​បាន​ដែរ។

សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ ពោល​ទៅ​ពួក​គេ​ថា:
«សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរអ្នក​រាល់​គ្នា» សោះ​ឡើយ។
យើង​សូម​ជូន​ពរ​អ្នក​រាល់​គ្នាក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ សូមលើកតម្កើងព្រះអម្ចាស់នៃជីវិត! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះរូបខ្ញុំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ១,៤)

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​វិសុទ្ធ និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។

បន្ទរ៖ នៅថ្ងៃនេះ យើងខ្ញុំប្រារព្ធបុណ្យព្រះនាងព្រហ្មចារិនីម៉ារីមិនជំពាក់បាប។
—ព្រះនាងបានជាន់ក្បាលសត្វពស់ ដោយជើងរបស់ព្រះនាង។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺចិត្តគំនិតនាងម៉ារីជាព្រះមាតានៃព្រះបុត្រា ព្រះអង្គឲ្យទៅសួរសុខទុក្ខនាងអេលីសាបិត។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំសុខចិត្តធ្វើតាមការបំភ្លឺរបស់ព្រះវិញ្ញាណ ដោយលើកតម្កើងព្រះអង្គគ្រប់ពេល វេលារួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!