រដូវរង់ចាំ សប្តាហ៍ទី១ ថ្ងៃចន្ទ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៩,៨-១៥
សូមសរសើរតម្កើងព្រះជាម្ចាស់ ដែលបានប្រទានធម្មវិន័យនៃសេចក្តីស្រឡាញ់មកយើង
ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទ្រង់គ្រប់លក្ខណ៍យ៉ាងណា
សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ (មថ ៥,៤៨)។
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច”? នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
៨ ធម្មវិន័យរបស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឱ្យមានកម្លាំងចិត្តឡើងវិញ
បណ្តាំរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត ធ្វើឱ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា
៩ បទបញ្ជារបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឱ្យមានអំណរសប្បាយ
បទបញ្ញត្តិរបស់ព្រះអម្ចាស់ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឱ្យបានភ្លឺថ្លា។
១០ ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតរៀងទៅ។
ការវិនិច្ឆ័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់
១១ គួរឱ្យប្រាថ្នាជាងចង់បានមាសសុទ្ធដ៏ច្រើន
ហើយផ្អែមជាងទឹកឃ្មុំ ដែលហូរចេញពីសំបុកទៅទៀត។
១២ ធម្មវិន័យបំភ្លឺទូលបង្គំជាអ្នកបម្រើព្រះអង្គ
ហើយដោយប្រព្រឹត្តតាម ទូលបង្គំទទួលផលយ៉ាងបរិបូណ៌។
១៣ គ្មាននរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្ត ដោយអចេតនានោះបានឡើយ
សូមលើកលែងទោសឱ្យទូលបង្គំនូវកំហុសណា ដែលទូលបង្គំមិនដឹងខ្លួននោះផង។
១៤ សូមការពារទូលបង្គំឱ្យរួចពីចិត្តអំនួត
សូមកុំឱ្យចិត្តអួតបំប៉ោងនេះ សោយរាជ្យលើទូលបង្គំបានឡើយ
ធ្វើដូច្នេះទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
១៥ ឱព្រះអម្ចាស់ដែលជាថ្មដា និងជាព្រះដែលការពារទូលបង្គំអើយ!
សូមប្រោសប្រណីទទួលពាក្យរបស់ទូលបង្គំ
និងសេចក្តីដែលទូលបង្គំពោលក្នុងចិត្ត នៅចំពោះព្រះភក្រ្តព្រះអង្គផង។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៧
ពាក្យអធិដ្ឋានរបស់អ្នកគោរពកោតខ្លាចព្រះជាម្ចាស់
ដែលត្រូវគេនិយាយមួលបង្កាច់
ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ (យក ៥,៩)។
(ក)
(បទពាក្យ ៧)
| ២- | ឱព្រះជាអម្ចាស់ខ្ញុំអើយ | ខ្ញុំសូមពឹងហើយលើព្រះអង្គ | |
| | សង្គ្រោះរំដោះនិងទ្រទ្រង់ | រួចពីអន្លង់អ្នកបៀតបៀន | ។ |
| ៣- | ក្រែងលោគេហែកទូលបង្គំ | ដូចសត្វសិង្ហខាំដោយស្រេកឃ្លាន | |
| | នោះគ្មាននរណាអាចនឹងហ៊ាន | រំដោះឱ្យបានរួចជីវិត | ។ |
| ៤- | ឱព្រះអម្ចាស់ទូលបង្គំ | ប្រសិនបើខ្ញុំបានប្រព្រឹត្ត | |
| | ដូចពាក្យគេថាដោយគ្មានគិត | ប្រឡាក់ដាមដិតក្តីកខ្វក់ | ។ |
| ៥- | ប្រសិនបើទូលបង្គំបាន | ប្រព្រឹត្តសាមាន្យចិត្តអាក្រក់ | |
| | តបនឹងមិត្តភក្តិដោយគំរក់ | រឹបអូសលួចឆក់យកទ្រព្យា | ។ |
| ៦- | សូមឱ្យសត្រូវខ្មាំងដេញទាន់ | និងឱ្យគេជាន់ឈ្លីប្រហារ | |
| | ព្រមទាំងកិត្តិយសខ្ញុំនេះណា | ទម្លាក់អាត្មាក្នុងភក់ចុះ | ។ |
| ៧- | ឱព្រះអម្ចាស់សូមតើនឡើង | ពិរោធឱ្យប៉ើងតបចំពោះ | |
| | អំពើឃោរឃៅសត្រូវនោះ | ដ្បិតអង្គសប្បុរសតែងតាំងច្បាប់ | ។ |
| ៨- | សូមឱ្យប្រជាជាតិនានា | ចោមរោមនាំគ្នាមកត្រងត្រាប់ | |
| | ជុំវិញព្រះអង្គល្អគួរគាប់ | លើអស់មនុស្សសព្វសត្វនានា | ។ |
| ៩- | ព្រះអង្គជាចៅក្រមវិនិច្ឆ័យ | ប្រជាប្រុសស្រីគ្រប់អង្គា | |
| | ព្រះអម្ចាស់អើយសូមមេត្តា | ទូលបង្គំនេះណាអ្នកស្លូតត្រង់ | ។ |
| ១០- | សូមឈប់ធ្វើអំពើទុច្ចរិត | ជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង | |
| | បពិត្រព្រះដ៏សុចរិតថ្កើង | សូមព្រះអង្គឈ្វេងយល់ចិត្តមនុស្ស | ។ |
| | សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | |
| | ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
១១ ព្រះជាម្ចាស់ជាខែលការពារខ្ញុំ
ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តត្រង់។
១២ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត
ព្រះអង្គតែងតែដាក់ទោសអ្នកប្រព្រឹត្តអំពើអាក្រក់ជារៀងរាល់ថ្ងៃ។
១៣ មនុស្សអាក្រក់មិនដូរគំនិតទេ
គេនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់
១៤ គេនឹងរៀបចំអាវុធ ដើម្បីប្រហារអ្នកដទៃ
ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
១៥ អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ
អ្នកនោះនឹងបង្កើតការបោកបញ្ឆោត។
១៦ អ្នកណាជីករណ្តៅកាន់តែជ្រៅទៅៗ
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅ ដែលខ្លួនបានជីកនោះជាមិនខាន។
១៧ អំពើទុច្ចរិតដែលគេបានប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ
អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
១៨ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គមានព្រះហឫទ័យសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១០,២០-២១)
នៅគ្រានោះ ជនជាតិអ៊ីស្រាអែលដែលនៅសល់ គឺពូជពង្សរបស់លោកយ៉ាកុបដែលរួចពីស្លាប់ លែងពឹងផ្អែកលើប្រជាជាតិដែលវាយប្រហារខ្លួនទៀតហើយ ពួកគេនឹងផ្ញើជីវិតទាំងស្រុងលើព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។ ប្រជាជនដែលនៅសេសសល់ គឺកូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងនាំគ្នាវិលមករកព្រះដ៏មានឫទ្ធិចេស្ដាវិញ។
បន្ទរ៖ សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះនាមរបស់ព្រះអម្ចាស់។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់
ព្រះអង្គ!។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់នៅជាមួយនាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១០,២៤.២៧)
ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងដែលរស់នៅក្នុងក្រុងស៊ីយ៉ូនអើយ! មិនត្រូវខ្លាចជនជាតិអាស្ស៊ីរី ដែលកំពុងតែលើកព្រនង់ និងលើកដំបងវាយអ្នករាល់គ្នា ដូចជនជាតិអេស៊ីប ធ្លាប់វាយកាលពីមុននោះឡើយ។ នៅគ្រានោះ ព្រះអង្គនឹងយកអម្រែកចេញពីស្មារបស់អ្នករាល់គ្នា ព្រះអង្គយកនឹមរបស់ខ្មាំងសត្រូវចេញពីករបស់អ្នករាល់គ្នា។ នឹមនោះត្រូវខ្ទាតចេញ ដោយសារភាពសម្បូណ៌សប្បាយ។
បន្ទរ៖ ឱព្រះអម្ចាស់អើយ ពេលណាព្រះអង្គគាប់ព្រះហឫទ័យនឹងប្រជារាស្ដ្រ របស់ព្រះអង្គសូមនឹកដល់ទូលបង្គំផង!។
—ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច”? នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះមហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១៣,២២ខ—១៤,១ក)
ពេលកំណត់របស់ក្រុងបាប៊ីឡូនជិតមកដល់ឥតពន្យារឡើយ។ ព្រះអម្ចាស់ អាណិតអាសូរដល់ពូជពង្សលោកយ៉ាកុប ព្រះអង្គនៅតែជ្រើសរើសជនជាតិអ៊ីស្រាអែលដដែល ព្រះអង្គនឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។
បន្ទរ៖ ឱព្រះអម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាអម្ចាស់យើងខ្ញុំអើយ ! តាំងពីដើម ព្រះអង្គសព្វព្រះហឫទ័យសង្រ្គោះមនុស្សលោក។
សូមព្រះអង្គមេត្តាដាស់តឿនចិត្តគំនិតយើងខ្ញុំ ឲ្យយកចិត្តទុកដាក់ទទួលព្រះបុត្រាព្រះអង្គដែលកំពុងយាងមក។
សូមព្រះអង្គប្រោសឲ្យយើងខ្ញុំព្យាយាមអធិដ្ឋាន ព្រមទាំងប្រុងស្មារតីនៅថៃ្ងដែលព្រះគ្រីស្តគោះទ្វារ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
- សូមកោតសរសើរព្រះអម្ចាស់!
- សូមអរព្រះគុណព្រះជាម្ចាស់!