០៧ ធ្នូ ២០២៦

Written on 14/12/2025
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃចន្ទ

សន្តអំប្រូស ជាអភិបាល និងជាគ្រូបាធ្យាយព្រះសហគមន៍

(បុណ្យរំឭកចាំបាច់)

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៤១-៤៨

ខ្ញុំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច”? នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

៤១ ឱព្រះអម្ចាស់អើយ!
សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ
សូមសង្គ្រោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
៤២
សូមជួយទូលបង្គំឱ្យឆ្លើយតបនឹងអ្នក ដែលជេរប្រមាថទូលបង្គំ
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
៤៣
សូមកុំឱ្យទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្តីពិតឡើយ
ដ្បិតទូលបង្គំសង្ឃឹមលើការសម្រេចរបស់ព្រះអង្គហើយ។
៤៤
ទូលបង្គំនឹងគោរពតាមធម្មវិន័យរបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ។
៤៥
ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី
ដ្បិតទូលបង្គំស្វែងរកច្បាប់របស់ព្រះអង្គ។
៤៦
ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គទូលស្តេចនានា
ទូលបង្គំនឹងមិនខ្មាស់ឡើយ។
៤៧
ទូលបង្គំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ
ទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់។
៤៨
ទូលបង្គំលើកដៃប្រណម គោរពវិន័យរបស់ព្រះអង្គ
ព្រោះទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់
ទូលបង្គំចង់សញ្ជឹងគិតអំពីក្រិត្យវិន័យរបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៤០,២-១៤.១៧-១៨

ពាក្យអរព្រះគុណ និងពាក្យទូលសូមជំនួយ

“ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ” (ហប ១០,៥)។

(ក)

(បទពាក្យ ៧)

២- ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង  
  ស្តាប់សូរសម្រែកមិនលំអៀង ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ ។
៣- ព្រះអង្គយកខ្ញុំពីរណ្តៅ ពីភក់ជ្រាំជ្រៅយកមកដាក់  
  នៅលើថ្មដាគ្មានថ្នាំងថ្នាក់ ថែទាំទុកដាក់ខ្ញុំរុងរឿង ។
៤- ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង បទថ្មីសំនៀងលើកតម្កើង  
  មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច ។
៥- មនុស្សណាដែលបានផ្ញើជីវិត លើព្រះមានឫទ្ធិដ៏អង់អាច  
  មិនបែរគោរពទៅខ្លបខ្លាច ព្រះមានអំណាចព្រះបោកប្រាស ។
៦- បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំ ព្រះអង្គឧត្តមប្រសើរណាស់  
  ការអស្ចារ្យទ្រង់ច្រើនដេរដាស ជាព្រះសង្គ្រោះមិនបែកបែរ ។
  ព្រះអង្គក៏មានគម្រោងការ ច្រើនឥតឧបមាឥតងាករេ  
  គ្មាននរណាស្មើព្រះអង្គទេ ការអស្ចារ្យទ្វេរាប់មិនអស់ ។
៧- ព្រះអង្គមិនចង់បានតង្វាយ យញ្ញបូជាថ្វាយអ្វីទាល់សោះ  
  ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ ស្តាប់ព្រះតំរិះនៃព្រះអង្គ ។
៨- ដូច្នេះទូលបង្គំសូមពោលថា បពិត្រករុណាដ៏ឧត្តុង្គ  
  ទូលបង្គំប្រព្រឹត្តឥតរេរង់ តាមសេចក្តីក្នុងព្រះគម្ពីរ ។
៩- ទូលបង្គំពេញចិត្តធ្វើតាម ព្រះហឫទ័យអម្ចាស់គ្រប់ទិសទី  
  វិន័យទ្រង់ដិតជាប់ជីវី ក្នុងចិត្តគិតពីទ្រង់ជានិច្ច ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

(ខ)

១០ ទូល‌បង្គំបាន​ប្រកាស​ឱ្យ​អង្គ​ប្រជុំដ៏​ធំ ដឹង​អំពី​សេចក្ដី​សុចរិត​របស់ព្រះ‌អង្គ
ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។
១១
ទូល‌បង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ទុក​ក្នុង​ចិត្ត​ទូល‌បង្គំ​ទាល់​តែ​សោះ
ទូល‌បង្គំតែង‌តែ​ប្រកាស​ពី​ព្រះ‌ហឫទ័យស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ ដែល​បាន​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំពុំ​អាច​នៅ​ស្ងៀម មិន​ប្រកាសអំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ​
នៅ​កណ្ដាល​អង្គ​ប្រជុំធំ​បាន​ឡើយ។
១២
ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំដឹង​ថា​
ព្រះ‌អង្គ​តែង‌តែអាណិត​មេត្តា​ទូល‌បង្គំឥត​ឈប់​សោះ​ឡើយ
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ​
តែង‌តែ​តាម​ការ‌ពារ​ទូល‌បង្គំជា‌និច្ច។
១៣
មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ទូល‌បង្គំ
កំហុស​របស់​ទូល‌បង្គំ​ផ្ទាល់​បាន​តាម​យាយី​ទូល‌បង្គំ
ធ្វើ​ឱ្យ​ទូល‌បង្គំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញ
កំហុស​ទូល‌បង្គំ​មាន​ចំនួន​ច្រើន​ជាងសរសៃ​សក់​របស់​ទូល‌បង្គំ​ទៅ​ទៀត
ទូល‌បង្គំ​លែង​មាន​កម្លាំងប្រឈម​មុខ​ទៀត​ហើយ។
១៤
ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​រំដោះ​ទូល‌បង្គំ​ផង!
ព្រះ‌អម្ចាស់អើយ សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ​ជា​ប្រញាប់!
១៧
រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​វិញ
សូម​ឱ្យ​គេ​បាន​សប្បាយ​រីក‌រាយរួម​ជា​មួយ​ព្រះ‌អង្គ!
សូម​ឱ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះរបស់​ព្រះ‌អង្គ
ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។
១៨
ទូល‌បង្គំជា​មនុស្ស​កំសត់​ទុរគត
តែ​ព្រះ‌អម្ចាស់​បាន​គិត‌គូរ​ដល់​ទូល‌បង្គំ។
ព្រះ‌អង្គ​តែង‌តែ​សង្គ្រោះ និង​រំដោះ​ទូល‌បង្គំ
ឱ​ព្រះ​នៃ​ទូល‌បង្គំអើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!


ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១០,២០-២១)

នៅ​គ្រា​នោះ ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​សល់ គឺ​ពូជពង្ស​របស់​លោក​យ៉ាកុប​ដែល​រួច​ពី​ស្លាប់ លែង​ពឹង​ផ្អែក​លើ​ប្រជា‌ជាតិ​ដែល​វាយ​ប្រហារ​ខ្លួន​ទៀត​ហើយ ពួក​គេ​នឹង​ផ្ញើជីវិត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ប្រជាជន​ដែល​នៅ​សេស‌សល់ គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេសសល់ នឹង​នាំ​គ្នា​វិល​មក​រក​ព្រះ​ដ៏​មាន​ឫទ្ធិ‌ចេស្ដា​វិញ។
 
បន្ទរ៖ សូមឱ្យប្រជាជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះអម្ចាស់។
—ហើយឱ្យស្តេចទាំងប៉ុន្មាននៅលើផែន‌ដី កោតខ្លាចសិរីរុងរឿងរបស់ព្រះ‌អង្គ!។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១០,២៤.២៧)

ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជាជនរបស់​យើង​ដែល​រស់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​អើយ! មិន​ត្រូវ​ខ្លាច​ជន​ជាតិ​អាស្ស៊ីរី ដែល​កំពុង​តែ​លើក​ព្រនង់ និង​លើក​ដំបង​វាយ​អ្នក​រាល់​គ្នា ដូច​ជន​ជាតិ​អេស៊ីប ធ្លាប់​វាយកាល​ពី​មុន​នោះ​ឡើយ។ នៅ​គ្រា​នោះ ព្រះ‌អង្គ​នឹង​យក​អម្រែកចេញ​ពី​ស្មា​របស់​អ្នក​រាល់​គ្នា ព្រះ‌អង្គ​យក​នឹម​របស់​ខ្មាំង​សត្រូវចេញ​ពី​ក​របស់​អ្នក​រាល់​គ្នា។ នឹម​នោះ​ត្រូវ​ខ្ទាត​ចេញ ដោយសារ​ភាព​សម្បូណ៌‌សប្បាយ។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្រ របស់ព្រះ‌អង្គសូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ។


ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច”? នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១៣,២២-១៤,១)

ពេល​កំណត់​របស់​ក្រុង​បាប៊ីឡូន​ជិត​មក​ដល់ឥត​ពន្យារ​ឡើយ។ ព្រះ‌អម្ចាស់ អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ាកុប ព្រះ‌អង្គ​នៅ​តែ​ជ្រើស‌រើសជន​ជាតិ​អ៊ីស្រា‌អែល​ដដែល ព្រះ‌អង្គ​នឹង​ឱ្យ​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។
 
បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ចំពោះមនុស្សលោក។ សូមព្រះអង្គមេត្តាទទួលពាក្យអង្វររបស់យើងខ្ញុំ។ សូមព្រះអង្គតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យមានឆន្ទៈបរិសុទ្ធទៀងត្រង់ សុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះបុត្រា ដែលប្រសូតជាមនុស្សដូចយើងខ្ញុំផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!