៨ កញ្ញា ២០២៦

Written on 06/03/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី២៣ ថ្ងៃអង្គារ

ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី

(បុណ្យគោរព)

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៩៧-១០៤

ធម្មវិន័យមានឱជារស

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ នៅថ្ងៃនេះ យើងប្រារព្ធថ្ងៃកំណើតរបស់ព្រះនាងព្រហ្មចារិនីម៉ារី ជីវិតដ៏អស្ចារ្យរបស់ព្រះនាងបានបំភ្លឺព្រះសហគមន៍។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះនាងម៉ារីប្រៀបបីដូចជាព្រះអាទិត្យរះនៅពេលថ្ងៃត្រង់ ហើយបានប្រសូតពីគ្រួសាររាជវង្ស។ យើងខ្ញុំទូលសូមជំនួយពីការអធិដ្ឋានរបស់ព្រះនាង ដោយអស់ពីចិត្ត និងគំនិត។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ចូរយើងច្រៀងកោតសរសើរ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត នៅថ្ងៃបុណ្យដ៏វិសុទ្ធនេះ នៃព្រះនាងព្រហ្មចារិនីជាព្រះមាតារបស់ព្រះជាម្ចាស់។

៩៧- ទូលបង្គំស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់
ទូលបង្គំសញ្ជឹងគិតអំពីធម្មវិន័យនេះជារៀងរាល់ថ្ងៃ។
៩៨-
វិន័យរបស់ព្រះអង្គធ្វើឱ្យទូលបង្គំមានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវ
ដ្បិតទូលបង្គំរិះគិតពីវិន័យនេះជានិច្ច។
៩៩-
ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មានរបស់ទូលបង្គំទៅទៀត
ដ្បិតទូលបង្គំយកដំបូន្មានទាំងប៉ុន្មាននេះ មកសញ្ជឹងគិត។
១០០-
ទូលបង្គំចេះរិះគិតពិចារណា ជាងចាស់ៗព្រឹទ្ធាចារ្យទៅទៀត
ដ្បិតទូលបង្គំបានប្រព្រឹត្តតាមច្បាប់របស់ព្រះអង្គ។
១០១-
ទូលបង្គំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន
ដើម្បីប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១០២-
ទូលបង្គំមិនងាកចេញពីសេចក្តីដែលព្រះអង្គបានសម្រេចឡើយ
ដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។
១០៣-
ព្រះបន្ទូលសន្យារបស់ព្រះអង្គ
ប្រៀបបាននឹងអាហារដ៏ឆ្ងាញ់ពិសេសសម្រាប់ទូលបង្គំ
មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។
១០៤-
ច្បាប់របស់ព្រះអង្គធ្វើឱ្យទូលបង្គំចេះរិះគិតពិចារណា
ហេតុនេះហើយបានជាទូលបង្គំស្អប់ផ្លូវវៀចវេរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៧៤

សំណោកអំពីការបំផ្លិចបំផ្លាញព្រះវិហារ

កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ (មថ ១០,២៨)។

(ក)

(បទព្រហ្មគីតិ)

១- បពិត្រព្រះម្ចាស់អើយ ដូចម្តេចឡើយក៏ព្រះអង្គ  
  ឈប់នឹកទ្រង់បោះបង់ ឱ្យរញ៉ង់នៅកំព្រា
  ម្តេចក៏ទ្រង់ពិរោធ យើងរហូតឱ្យវេទនា  
  ភ្លេចអស់រាស្ត្រប្រជា ធ្លាប់គាំពារត្រាប្រណី
២- កុំភ្លេចព្រះសហគមន៍ ដែលទ្រង់សុំមកថ្នមបី  
  ជាកម្មសិទ្ធិប្រពៃ សូមអាល័យភ្នកនឹកនា
  គឺពួកកុលសម្ពន្ធ ដែលទ្រង់បានលោះមកជា  
  មរតកថ្លៃមហិមា រកពណ៌នាក៏ពុំបាន
  សូមនឹកដល់បងប្អូន ភ្នំស៊ីយ៉ូនល្អថ្កើងថ្កាន  
  ទ្រង់យកជាទីស្ថាន គង់នៅបានក្តីសុខដុម
៣- សូមយាងមកវិហារ ដែលគ្រាំគ្រាយូរខែឆ្នាំ  
  សក្ការៈត្រូវខ្ទេចខ្ទាំ លែងរឹងមាំខ្មាំងបំផ្លាញ
៤- បច្ចាមិត្រព្រះអង្គ ស្រែករំពងគ្រប់ទីស្ថាន  
  ដែលព្រះអង្គធ្លាប់បាន ជួបនឹងយើងរៀងរាល់ថ្ងៃ
៥- ពួកគេប្រៀបបានទៅ ផ្លែពូថៅអ្នកកាប់ព្រៃ  
  គេប្រឹងអត់សំចៃ រៀងរាល់ថ្ងៃឥតឈប់ឈរ
៦- គេយកផ្លែពូថៅ វាយសំដៅក្បាច់ដ៏ល្អ  
  រចនាស្រស់បវរ មិនឈប់ឈរមិនស្រណោះ
៧- គេដុតទីសក្ការ ដ៏ថ្លៃថ្លាចោលទាំងអស់  
  បន្ថោកដំណាក់ព្រះ ជាអម្ចាស់ឥតមានក្រែង
៨- គេនាំគ្នាគិតថា នឹងផ្តន្ទាឱ្យជាក់ស្តែង  
  ដុតបំផ្លាញកន្លែង គ្មានរអែងនៅក្នុងស្រុក
៩- យើងខ្ញុំលែងឃើញអ្វី ដែលប្រពៃតទៅមុខ  
  ជាទីសម្គាល់ទុក ថាជាតិយើងគឺជាអ្វី
  យើងលែងមានទាំងអស់ បាត់ទាំងឈ្មោះព្យាការី  
  គ្មាននរណាដឹងអី ថាយើងនៅច្នេះដល់ណា
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

(ខ)

១០- បពិត្រព្រះជាម្ចាស់! តើឱ្យបច្ចាមិត្តត្មះតិះដៀលព្រះអង្គដល់ពេលណា?
តើឱ្យខ្មាំងសត្រូវប្រមាថព្រះនាមព្រះអង្គដល់ណាទៀត?
១១-
ហេតុអ្វីបានជាព្រះអង្គមិនព្រមយាងមកជួយយើងខ្ញុំ
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះបារមីទុកដូច្នេះ?
១២-
បពិត្រព្រះជាម្ចាស់!
ព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ តាំងពីដើមរៀងមក
ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំជាច្រើនលើកច្រើនសា នៅក្នុងស្រុកនេះ។
១៣-
ព្រះអង្គបានបង្ក្រាបសមុទ្រ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ
ព្រះអង្គបានវាយកម្ទេចក្បាលនាគនៅក្នុងសមុទ្រ
១៤-
ព្រះអង្គបានវាយកម្ទេចក្បាលស្តេចក្រពើ
បោះវាទៅឱ្យស្តេចនានានៅវាលរហោស្ថានស៊ី។
១៥-
ព្រះអង្គបានធ្វើឱ្យមានទឹកផុសចេញពីប្រភពទឹកនានា ហូរដូចទឹកជ្រោះ
ព្រះអង្គបានធ្វើឱ្យទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។
១៦-
ព្រះអង្គជាម្ចាស់លើថ្ងៃ ជាម្ចាស់លើយប់
ព្រះអង្គបានដាក់ព្រះចន្ទ និងព្រះអាទិត្យ ភ្ជាប់នឹងកន្លែងរបស់គេ។
១៧-
ព្រះអង្គបានកំណត់ព្រំដែននៃផែនដី
ព្រះអង្គក៏បានបង្កើតរដូវប្រាំង និងរដូវវស្សាដែរ។
១៨-
ឱព្រះអម្ចាស់អើយ! សូមកុំភ្លេចថា បច្ចាមិត្តបានត្មះតិះដៀលព្រះអង្គ
សាសន៍ល្ងីល្ងើនោះ ជេរប្រមាថព្រះនាមព្រះអង្គ!។
១៩-
សូមកុំប្រគល់ជីវិតប្រជារាស្ត្ររបស់ព្រះអង្គ
ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងដ៏សាហាវ
សូមកុំបំភ្លេចប្រជារាស្ត្រដ៏កំសត់ទុគ៌តរបស់ព្រះអង្គ ជារៀងរហូតឡើយ។
២០-
សូមនឹកដល់សម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយយើងខ្ញុំ!
ប្រជាជននាំគ្នាលាក់ខ្លួន ព្រោះមានមនុស្សឃោរឃៅពាសពេញស្រុក។
២១-
សូមកុំឱ្យអស់អ្នកដែលត្រូវគេជិះជាន់ អាម៉ាស់មុខទៀតឡើយ
សូមឱ្យជនក្រីក្រ និងជនកំសត់ទុគ៌ត សរសើរតម្កើងព្រះនាមព្រះអង្គ។
២២-
ឱព្រះជាម្ចាស់អើយ ! សូមក្រោកឡើងការពារព្រះកិត្តិនាមរបស់ព្រះអង្គ
សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ ប្រមាថព្រះអង្គជារៀងរាល់ថ្ងៃ។
២៣-
សូមកុំបំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ
គេស្រែកយ៉ាងអឺងកងទាស់នឹងព្រះអង្គ ឥតឈប់ឈរឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (បច ៦,១០)

តើ​ស្ត្រីដែល​មាន​សម្ផស្ស ដូច​ពេល​អរុណរះ មាន​រូប​ឆោម​ល្អ​ដូច​ព្រះច័ន្ទ មាន​ពន្លឺរស្មីដូច​ព្រះ‌អាទិត្យ ហើយ​ដូច​ហ្វូងតារា​គួរ​ឱ្យ​ស្ញប់‌ស្ញែង​នេះជា​នរណា?។

បន្ទរ៖ អ្នកណាស្ដាប់ព្រះ‌បន្ទូលរបស់ព្រះជាម្ចាស់
—ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន។

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យឌ ១៣,១៨ខ-១៩)

សូម​លើក​តម្កើង​ព្រះជា​អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី គឺ​ព្រះ‌អង្គ​បាន​នាំ​ផ្លូវ​នាង ទៅ​វាយ​ក្បាល​របស់​មេ​ដឹកនាំ​ខ្មាំង​សត្រូវ​យើង។ មនុស្ស​ជំនាន់​ក្រោយ​នឹង​មិន​ភ្លេច​សេចក្ដីសង្ឃឹម​របស់​នាង​ឡើយ ហើយ​ចង​ចាំ​ស្នា​ព្រះហស្ត​របស់​ព្រះជាម្ចាស់ ប្រកប​ដោយ​តេជានុភាព​អស់កល្បជានិច្ច។

បន្ទរ៖ ព្រះនាងព្រហ្មចារិនីម៉ារីមានសុភមង្គលហើយ
—ដ្បិតព្រះនាងបានបង្កើតព្រះបុត្រានៃព្រះបិតា ដែលគង់នៅអស់កល្បជានិច្ច។

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ២១,៣)

ខ្ញុំ​ឮ​សំឡេង​បន្លឺយ៉ាង​ខ្លាំងៗ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល​ហ្ន៎ ព្រះពន្លា​របស់​ព្រះជាម្ចាស់ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក​ហើយ! ព្រះអង្គ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​នឹង​ទៅ​ជា​ប្រជារាស្ដ្រ​របស់​ព្រះអង្គ ហើយ​ព្រះជាម្ចាស់​ផ្ទាល់​នឹង​គង់​ជា​មួយ​ពួក​គេ។

បន្ទរ៖ ព្រះអង្គបានប្រទានពរដល់នាងលើសស្រ្តីទាំងឡាយ
—ហើយទ្រង់ក៏ប្រទានពរដល់បុត្រព្រះនាងដែរ។

ពាក្យអធិដ្ឋាន

ឱព្រះជាអម្ចាស់អើយ ! ព្រះអង្គតែងតែប្រទានព្រះអំណោយទានពីស្ថានបរមសុខមកអ្នកបម្រើព្រះអង្គ សូមឱ្យអស់អ្នកដែលបានទទួលការសង្គ្រោះ តាមរយៈកំណើតបុត្រាព្រះនាងម៉ារី បានប្រកបដោយសេចក្តីសុខសាន្តនៅថ្ងៃបុណ្យកំណើតព្រះនាងផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!