រដូវធម្មតា សប្តាហ៍ទី១៤ ថ្ងៃសុក្រ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,៧៣-៨០
សូមព្រះអង្គបំភ្លឺខ្ញុំ
បន្ទរទី១ ៖ សូមសម្រាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា។
| ៧៣ | ព្រះអង្គបានបង្កើតទូលបង្គំមក ហើយប្រទានឱ្យទូលបង្គំបានរឹងប៉ឹងឡើង សូមប្រទានឱ្យទូលបង្គំមានប្រាជ្ញា ដើម្បីស្វែងយល់វិន័យរបស់ព្រះអង្គ។ |
| ៧៤ | ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គឃើញទូលបង្គំ គេនឹងមានអំណរ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ |
| ៧៥ | បពិត្រព្រះអម្ចាស់! ទូលបង្គំដឹងថា ការអ្វីដែលព្រះអង្គបានសម្រេច សុទ្ធតែសុចរិតទាំងអស់ ព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។ |
| ៧៦ | សូមសម្រាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ តាមព្រះបន្ទូលសន្យាជាមួយទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ។ |
| ៧៧ | សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើទូលបង្គំ ដើម្បីឱ្យទូលបង្គំរស់រានមានជីវិតផង ដ្បិតទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។ |
| ៧៨ | សូមឱ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គ។ |
| ៧៩ | សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ ដើម្បីឱ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។ |
| ៨០ | សូមជួយទូលបង្គំឱ្យប្រព្រឹត្តតាមក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យបានឥតខ្ចោះ កុំឱ្យទូលបង្គំត្រូវអាម៉ាស់ឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមសម្រាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា។
ទំនុកតម្កើងលេខ ៥៩,២-៥.១០-១១.១៧-១៨
សូមរំដោះទូលបង្គំឱ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ !
ព្រះបន្ទូលនៃការសង្រ្គោះទាំងនេះ បានបង្រៀនយើងពីការលះបង់ ដែលយើងគួរមានទៅព្រះបិតា (Eusebius of Caesarea)។
បន្ទរទី២៖ សូមការពារទូលបង្គំឱ្យរួចពីកណ្ដាប់ដៃរបស់អស់អ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ។
(បទកាកគតិ)
| ២- | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | ជួយរំដោះខ្ញុំ |
| ឱ្យរួចពីខ្មាំង | សត្រូវតូចធំ | វាមានគំនុំ | |
| ចង់ចាប់ធ្វើបាប | ។ | ||
| ៣- | សូមជួយរំដោះ | ជីវិតឱ្យរស់ | ជារៀងដរាប |
| ផុតពីពួកពាល | ពីអ្នកសាងបាប | អាក្រក់ឆ្អេះឆ្អាប | |
| ពួកមនុស្សស្រេកឈាម | ។ | ||
| ៤- | ឱព្រះអម្ចាស់ | ទោះខ្ញុំពុំខុស | ក៏គេព្យាយាម |
| ចាំស្ទាក់ប្រហារ | ជីវិតខ្ញុំភ្លាម | ពួកគេព្យាយាម | |
| ប្រឆាំងជានិច្ច | ។ | ||
| ៥- | ទោះខ្ញុំមិនខុស | ក៏ពួកទាំងនោះ | នៅតែមានល្បិច |
| ពួនចាំស្ទាក់ចាប់ | រូបខ្ញុំមិនភ្លេច | សូមកុំកែគេច | |
| បែរភក្ត្រមើលផង | ។ | ||
| ១០- | ទូលបង្គំខំប្រឹង | មើលទៅព្រះអង្គ | មិនឱ្យខានខក |
| ទ្រង់ជាកម្លាំង | កំពែងជម្រក | មិនឱ្យខ្មាំងមក | |
| ពាធាបំភ័យ | ។ | ||
| ១១- | ព្រះរបស់ខ្ញុំ | ហឫទ័យទូលំ | ទូលាយឥតបី |
| មេត្តាករុណា | សន្តោសប្រណី | ឱ្យខ្ញុំសប្បាយ | |
| ដោយខ្មាំងចាញ់ដៃ | ។ | ||
| ១៧- | រីឯខ្ញុំវិញ | ក្នុងចិត្តពោរពេញ | សរសើរមិនឈប់ |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់ជាម្លប់ | ថ្លែងមិនឈរឈប់ | |
| ហឫទ័យមេត្តា | ។ | ||
| ពេលព្រឹកព្រលឹម | ថ្លែងទាំងញញឹម | ពីក្តីករុណា | |
| របស់ព្រះអង្គ | ជាកំពែងការ | ជួយខ្ញុំនេះណា | |
| ពេលអាសន្នភ័យ | ។ | ||
| ១៨- | បពិត្រព្រះម្ចាស់ | ព្រះអង្គជាព្រះ | មានឫទ្ធិបារមី |
| ទូលបង្គំនឹងស្មូត | បទតម្កើងថ្វាយ | ព្រះអង្គនេះហើយ | |
| ជាកំពែងមាំ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ សូមការពារទូលបង្គំ ឱ្យរួចពីកណ្ដាប់ដៃរបស់អស់អ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ។
ទំនុកតម្កើងលេខ ៦០
ពាក្យអធិដ្ឋានក្រោយពេលមានមហន្តរាយ
“អ្នករាល់គ្នាជួបទុក្ខវេទនាក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង ! ខ្ញុំបានឈ្នះលោកនេះហើយ” (យហ ១៦,៣៣)។
បន្ទរទី៣ ៖ អ្នកណារងទុក្ខលំបាក អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។
| ៣ | ឱព្រះអម្ចាស់អើយ! ព្រះអង្គបោះបង់ចោលយើងខ្ញុំហើយ ព្រះអង្គធ្វើឱ្យយើងខ្ញុំបាក់ទ័ព ទោះបីជាព្រះអង្គព្រះពិរោធនឹងយើងខ្ញុំក៏ដោយ សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។ |
| ៤ | ព្រះអង្គបានធ្វើឱ្យផែនដីរញ្ជួយ និងប្រេះចេញពីគ្នា ឥឡូវនេះ សូមព្រះអង្គភ្ជិតដីនេះ ឱ្យបានជិតគ្នាឡើងវិញផង ព្រោះផែនដីកំពុងរង្គើ។ |
| ៥ | ព្រះអង្គធ្វើឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក ព្រះអង្គដាក់ទោសយើងខ្ញុំស្ទើរតែវង្វេងស្មារតី។ |
| ៦ | ព្រះអង្គប្រទានទង់ជ័យជាសញ្ញា ឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ អាចគេចផុតពីបរាជ័យ។ |
| ៧ | សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមឆ្លើយតបនឹងយើងខ្ញុំផង! ដើម្បីឱ្យប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គបានរួចជីវិត។ |
| ៨ | ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈរបស់ព្រះអង្គមកថា ៖ “យើងនឹងយកជ័យជម្នះ យើងនឹងបំបែកស្រុកស៊ីគែម យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកដល់ប្រជារាស្ត្ររបស់យើង។ |
| ៩ | ស្រុកកាឡាតជាទឹកដីរបស់យើង ហើយស្រុកម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ ស្រុកអេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយស្រុកយូដាជាដំបងរាជ្យរបស់យើង។ |
| ១០ | ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង យើងបោះស្បែកជើងយើងនៅទឹកដីអេដុម យកស្រុកនេះធ្វើជាកម្មសិទ្ធិហើយ។ យើងនឹងស្រែកជយោ ក្រោយពីបានឈ្នះស្រុកភីលីស្ទីន!”។ |
| ១១ | តើនរណានាំខ្ញុំចូលទៅក្នុងទីក្រុងដ៏មាំមួនបាន? តើនរណានាំខ្ញុំចូលទៅស្រុកអេដុម? |
| ១២ | ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំបាន! ក៏ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គឈប់យាងទៅជាមួយកងទ័ពយើងខ្ញុំទៀតហើយ។ |
| ១៣ | សូមយាងមកជួយយើងខ្ញុំឱ្យប្រឆាំងតទល់នឹងពួកសត្រូវផង ដ្បិតការសង្គ្រោះមកពីមនុស្សលោកឥតបានការអ្វីសោះ។ |
| ១៤ | បើព្រះជាម្ចាស់គង់នៅជាមួយយើងខ្ញុំ នោះយើងខ្ញុំនឹងមានជ័យជម្នះ ព្រះអង្គនឹងបង្ក្រាបបច្ចាមិត្តរបស់យើងខ្ញុំឱ្យរាប។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ អ្នកណារងទុក្ខលំបាក អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។
ពេលព្រឹក (ម៉ោង៩)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ១,៣១ខ)
តាមផ្លូវដែលអ្នករាល់គ្នាធ្វើដំណើររហូតមកដល់កន្លែងនេះ អ្នកឃើញស្រាប់ហើយថា ព្រះអម្ចាស់ជាព្រះរបស់អ្នក បីអ្នក ដូចឪពុកបីកូន។
—សូមកុំឱ្យសេចក្ដីសង្ឃឹមរបស់ទូលបង្គំប្រែទៅជាខកចិត្តឡើយ។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! នៅវេលាម៉ោងនេះ ព្រះអង្គត្រូវគេនាំយកទៅឆ្កាងឱ្យសោយទិវង្គតលើឈើឆ្កាង ដើម្បីសង្គ្រោះពិភពលោក។ យើងខ្ញុំសូមការលើកលែងទោសពីព្រះអង្គសម្រាប់អំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្តកាលពីអតីតកាល ហើយសូមព្រះអង្គការពារយើងខ្ញុំពីសេចក្តីអាក្រក់ទាំងឡាយ នៅពេលអនាគតផង។ សូមនាំយើងខ្ញុំចូលក្នុងព្រះរាជ្យនៃសេចក្តីសុខសាន្ត និងអំណរសប្បាយ ដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពេលថ្ងៃត្រង់ (ម៉ោង១២)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (បារ ៤,២៨-២៩)
កាលពីមុន កូនមានបំណងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ឥឡូវនេះ កូនប្រែចិត្តគំនិតហើយ! ចូរខិតខំស្វែងរកព្រះអង្គឱ្យខ្លាំងជាងមុនដប់ដង។ ព្រះអង្គដែលដាក់ទោសកូនឱ្យរងទុក្ខវេទនាយ៉ាងនេះ នឹងយាងមកជួយសង្គ្រោះកូន ហើយប្រទានអំណរសប្បាយឱ្យកូនជារៀងរហូត។
—ហើយព្រះអង្គសព្វព្រះហឫទ័យរំដោះអ្នកជានិច្ច!។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! នៅពេលថ្ងៃត្រង់នេះ ភាពងងឹតបានគ្របដណ្តប់ពេញផែនដីទាំងមូល ព្រះអង្គបានជាប់នៅលើឈើឆ្កាង ដូច ជាជនរងគ្រោះដែលគ្មានកំហុស ដើម្បីរំដោះយើងខ្ញុំ។ សូមឱ្យពន្លឺរបស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ ដើម្បីណែនាំយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពេលរសៀល (ម៉ោង ៣)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ប្រាញ ១,១៣-១៥)
ព្រះជាម្ចាស់មិនបានបង្កើតសេចក្តីស្លាប់ទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យ ឱ្យសត្វលោកបាត់បង់ដែរ។ ព្រះអង្គបង្កើតអ្វីៗទាំងអស់ឱ្យនៅស្ថិតស្ថេរ។ អ្វីៗដែលព្រះអង្គធ្វើឱ្យមានក្នុងលោកនេះ សុទ្ធតែផ្តល់ផលប្រយោជន៍សម្រាប់ជីវិត។ ក្នុងស្នាព្រះហស្តរបស់ព្រះអង្គ គ្មានជាតិពុលអ្វីដែលបណ្តាលឱ្យវិនាសឡើយ ហើយមច្ចុរាជក៏គ្មានអំណាចគ្រងរាជ្យលើផែនដីដែរ។ ដ្បិតសេចក្តីសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
—ហើយខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ព្រះអង្គបានសង្គ្រោះចោរដែលកែប្រែចិត្តគំនិតនៅលើឈើឆ្កាង ចេញពីការរងទុក្ខទៅកាន់អំណរសប្បាយក្នុងព្រះរាជ្យរបស់ព្រះអង្គ។ បពិត្រព្រះអម្ចាស់! នៅពេលយើងខ្ញុំទទួលមរណភាព សូមឱ្យយើងខ្ញុំដែលបានសារភាពអំពើបាបរបស់ខ្លួនមកឯព្រះអង្គ តាមទ្វារនៃស្ថានបរមសុខ ដើម្បីឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!