រដូវធម្មតា សប្ដាហ៍ទី១៣ ថ្ងៃសុក្រ
សន្តថូម៉ាស ជាគ្រីស្តទូត
(បុណ្យគោរព)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,២៥-៣២
ខ្ញុំជំពាក់ចិត្តនឹងដំបូន្មានព្រះអង្គ
បន្ទរទី១ ៖ ទូលបង្គំសប្បាយចិត្តនឹងដើរតាមមាគ៌ារបស់ព្រះអង្គ ដ្បិតព្រះអង្គធ្វើឱ្យចិត្តទូលបង្គំបានភ្លឺស្វាង។
| ២៥ | ទូលបង្គំធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឱ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!។ |
| ២៦ | ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គ ឱ្យទូលបង្គំស្គាល់ផង!។ |
| ២៧ | សូមជួយទូលបង្គំ ឱ្យយល់អំពីអត្ថន័យនៃច្បាប់របស់ព្រះអង្គ ទូលបង្គំទើបនឹងសញ្ជឹងគិតអំពីការអស្ចារ្យដែលព្រះអង្គបានសម្តែង!។ |
| ២៨ | ទូលបង្គំមានទុក្ខយំសោកសង្រេង សូមលើកទឹកចិត្តទូលបង្គំឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។ |
| ២៩ | សូមនាំទូលបង្គំឱ្យចេញឆ្ងាយពីមាគ៌ាភូតភរនៃព្រះក្លែងក្លាយ សូមប្រណីសន្តោសបង្រៀនធម្មវិន័យឱ្យទូលបង្គំស្គាល់ផង! |
| ៣០ | ទូលបង្គំប្តេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ ទូលបង្គំសុខចិត្តធ្វើតាមសេចក្តីដែលព្រះអង្គសម្រេចមក។ |
| ៣១ | ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ! សូមកុំឱ្យទូលបង្គំខកចិត្តឡើយ! |
| ៣២ | ទូលបង្គំយកចិត្តទុកដាក់នឹងដើរតាមមាគ៌ារបស់ព្រះអង្គ ដ្បិតព្រះអង្គប្រោសចិត្តគំនិតទូលបង្គំឱ្យបានភ្លឺស្វាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំសប្បាយចិត្តនឹងដើរតាមមាគ៌ារបស់ព្រះអង្គ ដ្បិតព្រះអង្គធ្វើឱ្យចិត្តទូលបង្គំបានភ្លឺស្វាង។
ទំនុកតម្កើងលេខ ២៦
ពាក្យអធិស្ឋានរបស់ជនស្លូតត្រង់
ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឲ្យយើងវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ (អភ ១,៤)។
បន្ទរទី២ ៖ ទូលបង្គំទុកចិត្តលើព្រះអម្ចាស់ ! ទូលបង្គំនឹងមិនរង្គោះរង្គើឡើយ !
(បទកាកគតិ)
| ១- | ឱព្រះអម្ចាស់ | ព្រះអង្គជាព្រះ | ប្រពៃឧត្តម |
| សូមរកយុត្តិធម៌ | ឱ្យទូលបង្គំ | ដែលអស់យើងខ្ញុំ | |
| ទុកចិត្តព្រះអង្គ | ។ | ||
| ២- | ឱព្រះអម្ចាស់ | សូមស្ទង់ឱ្យច្បាស់ | លចិត្តមើលផង |
| ពិនិត្យរូបខ្ញុំ | ហើយពិសោធល្បង | ចិត្តខ្ញុំឥតហ្មង | |
| ស្មោះស្ម័គ្រជានិច្ច | ។ | ||
| ៣- | ទូលបង្គំស្រមៃ | នឹកពីព្រះទ័យ | ព្រះអង្គឥតភ្លេច |
| ហើយបានធ្វើតាម | ឥតមានកែគេច | តាមជាប់ជានិច្ច | |
| មិនគេចបែកបែរ | ។ | ||
| ៤- | ទូលបង្គំមិនធ្លាប់ | អង្គុយអែបជាប់ | ពួកពាលប៉ោឡែ |
| ឬពួកខិលខូច | ជនអាវ៉ាសែ | ពុតត្បុតហូរហែ | |
| ក៏មិនសេពគប់ | ។ | ||
| ៥- | ខ្ញុំមិនចូលចិត្ត | ពួកអ្នកប្រព្រឹត្ត | អាក្រក់ងល់ងប់ |
| មិនធ្វើល្ងីល្ងើ | អង្គុយរួមរួប | ទោះថ្ងៃឬយប់ | |
| នឹងពួកពាលា | ។ | ||
| ៦- | ឱព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | ស្មោះឥតរួញរា |
| ទូលបង្គំលាងដៃ | គឺបញ្ជាក់ថា | រូបខ្ញុំគឺជា | |
| មនុស្សឥតសៅហ្មង | ។ | ||
| ៧- | ព្រមទាំងបន្លឺ | សំឡេងរន្ទឺ | អរគុណព្រះអង្គ |
| និងរៀបរាប់ពី | ការអស្ចារ្យផង | របស់ព្រះអង្គ | |
| មានទាំងប៉ុន្មាន | ។ | ||
| ៨- | បពិត្រព្រះម្ចាស់ | ខ្ញុំចូលចិត្តណាស់ | ដំណាក់សុខសាន្ត |
| របស់ព្រះអង្គ | គឺជាទីស្ថាន | សិរីថ្កើងថ្កាន | |
| ព្រះអង្គស្ថិតនៅ | ។ | ||
| ៩- | សូមកុំទុកឱ្យ | ខ្ញុំស្លាប់ជាមួយ | មនុស្សបាបអាស្រូវ |
| កុំដកជីវិត | ទូលបង្គំយកទៅ | នឹងពួកឃោរឃៅ | |
| ធ្លាប់បង្ហូរឈាម | ។ | ||
| ១០- | ពួកនោះចូលចិត្ត | នាំគ្នាប្រព្រឹត្ត | ផ្ទុយពីបំរាម |
| អំពើទុច្ចរិត | ដែលព្រះលោកហាម | ខំបង្ហូរឈាម | |
| ឬស៊ីសំណូក | ។ | ||
| ១១- | ឯខ្ញុំចូលចិត្ត | ធ្វើតែសុចរិត | មិនព្រមច្របូក |
| ច្របល់នឹងពួក | ធ្លាប់ស៊ីសំណូក | សូមរំដោះយក | |
| រូបខ្ញុំនេះផង | ។ | ||
| ១២- | រូបខ្ញុំឈរនៅ | កន្លែងត្រឹមត្រូវ | សុចរិតទៀងត្រង់ |
| ទូលបង្គំនឹងលើក | តម្កើងព្រះអង្គ | ឱ្យខ្ពស់ឧត្តុង | |
| ក្នុងប្រជុំធំ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ទូលបង្គំទុកចិត្តលើព្រះអម្ចាស់ ! ទូលបង្គំនឹងមិនរង្គោះរង្គើឡើយ !
ទំនុកតម្កើងលេខ ២៨,១-៣.៦-៩
ការទូលអង្វរ និងពាក្យអរព្រះគុណ
“បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្តាប់ទូលបង្គំ” (យហ ១១,៤១)។
បន្ទរទី៣ ៖ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ។
| ១ | ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ។ ព្រះអង្គជាថ្មដាការពារនៃទូលបង្គំ! សូមព្រះសណ្តាប់សម្រែករបស់ទូលបង្គំផង! ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយតបនឹងទូលបង្គំទេនោះ ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្តៅមិនខាន! |
| ២ | ពេលទូលបង្គំដង្ហោយហៅព្រះអង្គ ទូលបង្គំលើកដៃសំពះ ទៅកាន់ទីសក្ការៈរបស់ព្រះអង្គ សូមទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។ |
| ៣ | សូមកុំដាក់ទោសទូលបង្គំ ដូចព្រះអង្គដាក់ទោសជនពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិតឡើយ គេនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងចិត្តនោះ។ |
| ៦ | សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យខ្ញុំស្រែកអង្វរ។ |
| ៧ | ព្រះអម្ចាស់ជាបន្ទាយ និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ ខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។ |
| ៨ | ព្រះអម្ចាស់ជាកម្លាំងការពារប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះព្រះគ្រីស្ត ដែលព្រះអង្គបានចាក់ប្រេងអភិសេក។ |
| ៩ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គផង! សូមព្រះអង្គធ្វើជាគង្វាលថែរក្សាពួកគេរហូតតរៀងទៅ!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ហើយព្រះអង្គបានសង្គ្រោះខ្ញុំ។
ពេលព្រឹក (ម៉ោង៩)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៥,១៩ខ-២០)
ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រីស្តថា ទុកឱ្យព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនឱ្យជានានឹងព្រះអង្គវិញទៅ។
—ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក» អាលេលូយ៉ា!
ពេលថ្ងៃត្រង់ (ម៉ោង១២)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ៥,១២ក.១៤)
គ្រីស្ដទូតបាននាំគ្នាសម្ដែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើព្រះអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។
—ពួកគេថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យពួកគេ អាលេលូយ៉ា!
ពេលរសៀល (ម៉ោង៣)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ៥,៤១-៤២)
ក្រុមគ្រីស្ដទូតចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានឱ្យគេមានកិត្តិយសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។ ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះយេស៊ូគ្រីស្ដនៅក្នុងព្រះវិហារ និងនៅតាមផ្ទះ ឥតឈប់ឈរឡើយ។
—ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំមានមោទនភាពនឹងប្រារព្ធបុណ្យគោរពសន្តថូម៉ាស ជាគ្រីស្តទូត។ តាមរយៈពាក្យទូលអង្វររបស់លោក សូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានជំនឿរឹងមាំ និងទទួលជីវិតរួមជាមួយព្រះយេស៊ូ ដែលសន្តថូម៉ាសបានទទួលស្គាល់ថា ជាព្រះអម្ចាស់។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមអរព្រះគុណព្រះជាម្ចាស់!