១៤ មិថុនា ២០២៦

Written on 23/02/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១១ ថ្ងៃអាទិត្យ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៨

ចម្រៀងនៃអំណរសប្បាយសម្រាប់ការសង្រ្គោះ

ព្រះអង្គនឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។

បន្ទរទី១ ៖ នៅ​ពេល​មាន​អាសន្ន ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គក៏បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។ អាលេលូយ៉ា!

(ក)

ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ នៅ​ពេល​មាន​អាសន្ន ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គក៏បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។ អាលេលូយ៉ា!

បន្ទរទី២ ៖ ព្រះអម្ចាស់​សម្ដែង​ព្រះបារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! អាលេលូយ៉ា!

(ខ)

(បទពាក្យ ៧)

៥- ពេលខ្ញុំមានទុក្ខតប់ប្រមល់                         ខ្ញុំអង្វរដល់ព្រះឥតប្រែ  
  ព្រះម្ចាស់ក៏តបមកវិញដែរ ទ្រង់ថ្នមបំពេរខ្ញុំបានសុខ
៦- បើព្រះអម្ចាស់គង់នឹងខ្ញុំ បាត់អស់ទុក្ខធំចេញពីមុខ  
  លែងភ័យខ្លាចលែងកើតទុក្ខ តើមនុស្សអាចធ្វើអ្វីខ្ញុំបាន
៧- ព្រះអម្ចាស់គង់នៅជាមួយ ទ្រង់ការពារជួយខ្ញុំសុខសាន្ត  
  ឃើញអ្នកប្រឆាំងខ្ញុំប៉ុន្មាន រត់ប្រាសចាកស្ថានដូចចិត្តប៉ង
៨- មានសង្ឃឹមជ្រកនិងពឹងពាក់ មានជំនឿជាក់និងបំណង  
  លើព្រះម្ចាស់ប្រសើរកន្លង ជាងពឹងផ្អែកនឹងមនុស្សក្បាលខ្មៅ 
៩- មានសង្ឃឹមជ្រកនិងពាក់ពឹង មានជំនឿរឹងមាំទាំទៅ  
  លើព្រះអម្ចាស់ទើបត្រឹមត្រូវ ជាងយើងពឹងទៅលើអ្នកធំ
១០- ជនជាតិដទៃអ្នកប្រឆាំង បានឡោមព័ទ្ធពាំងលើរូបខ្ញុំ  
  តែដោយព្រះម្ចាស់អំណាចធំ ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ
១១- គេបានរោមជិតរឹតឡោមព័ទ្ធ ចង់ចូលសង្កត់ឱ្យខ្ញុំប្រែ  
  តែដោយព្រះអម្ចាស់មើលថែ ជួយប្រយុទ្ធដែរខ្ញុំបានជ័យ
១២- វាមកឡោមព័ទ្ធខ្ញុំជុំជិត ដូចជាហ្វូងឃ្មុំច្រើនដាសដី  
  តែវាត្រូវឆេះដូចភ្លើងព្រៃ ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ
១៣- ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ  
  រកឱ្យព្រះជួយឆាប់រហ័ស ពេលនោះព្រះម្ចាស់ទ្រង់យាងមក
១៤- ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក  
  មានព្រះនាមព្រះផុតទុក្ខសោក ព្រះអង្គចេញមកច្បាំងការពារ
១៥- មនុស្សសុចរិតចិត្តអង់អាច មិនចេះកោតខ្លាចស្រែកគ្រប់គ្នា  
  ច្រៀងថ្វាយព្រះអង្គមានឫទ្ធា សម្តែងចេស្តាអានុភាព
១៦- ព្រះអង្គសម្តែងបារមីខ្ពស់ ប្រសើរលើសលស់មិនទន់ទាប  
  ព្រះអង្គបង្ហាញឱ្យគេជ្រាប ឫទ្ធានុភាពអស្ចារ្យក្រៃ
១៧- ខ្ញុំត្រូវនៅរស់មានជីវិត មិនត្រូវស្លាប់ផុតចាកលោកីយ៍  
  ដើម្បីរៀបរាប់ពីសេចក្តី ស្នាព្រះហស្តថ្លៃព្រះអម្ចាស់
១៨- ព្រះអង្គប្រដៅវាយអប់រំ ទះតប់រូបខ្ញុំប្រាកដណាស់  
  តែទ្រង់ស្រឡាញ់មិនឱ្យប្រាស មិនឱ្យមានគ្រោះឬត្រូវស្លាប់
១៩- ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស សុចរិតស្រីប្រុសមកប្រញាប់  
  ខ្ញុំនឹងចូលទៅឱ្យបានឆាប់ នឹងថ្លែងរៀបរាប់អរគុណទ្រង់
២០- ទ្វារនេះជាទ្វារព្រះអម្ចាស់ សូមជនស្រីប្រុសដើរតម្រង់  
  អ្នកសុចរិតអើយកុំបង្អង់ ទ្វារបើកបម្រុងនៅចាំអ្នក
២១- ខ្ញុំនឹងតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់  
  តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់
២២- ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ ប្រែជារឹងមាំបែរជាកល់  
  ជើងសសរផ្ទះមាំឥតខ្វល់ ល្បីល្បាញឮដល់សព្វជាតិសាសន៍
២៣- ព្រះអង្គសម្រេចការអស្ចារ្យ ដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់  
  អស្ចារ្យពេកក្រៃយើងឃើញច្បាស់ គួរស្ញប់ស្ញែងណាស់គួរគោរព
២៤- ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់ កំណត់ទុកច្បាស់ឱ្យយើងឈប់  
  នាំគ្នាសប្បាយកុំនៅជ្រប់ គ្រប់ភូមិគ្រប់ស្រុកអរទាំងអស់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់​សម្ដែង​ព្រះបារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! អាលេលូយ៉ា!

បន្ទរទី៣ ៖ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ ដែល​ជា​ព្រះ​ដ៏​ពិតតែ​មួយ​ព្រះ‌អង្គ ព្រះ‌អង្គ​បំភ្លឺយើង។ អាលេលូយ៉ា!

(គ)

២៥ ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ!
ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ!
២៦
សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
សូមឱ្យពរអ្នករាល់គ្នា។
២៧
មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ
ព្រះអង្គបានប្រទានពន្លឺឱ្យយើង
ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួនរហូតដល់ជ្រុងអាសនៈ
២៨
ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ!
២៩
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ ដែល​ជា​ព្រះ​ដ៏​ពិតតែ​មួយ​ព្រះ‌អង្គ ព្រះ‌អង្គ​បំភ្លឺយើង។ អាលេលូយ៉ា!


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,១៥-១៦)

បងប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើឱ្យ​បង‌ប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឱ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បង‌ប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​ឱ្យ​បង‌ប្អូន​ទៅ​ជា​បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់។ ដោយ‌សារ​ព្រះ‌វិញ្ញាណ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អប្បា!» ឱ​ព្រះ‌បិតា! គឺ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខី‌ភាព​ឱ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ‌ធីតា​របស់​ព្រះជាម្ចាស់​មែន។

បន្ទរ៖ ដ្បិត​ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិត។
—ហើយ​យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយ‌សារ​ពន្លឺ​របស់​ព្រះ‌អង្គ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,២២-២៣)

យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភពលោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រីដែល​ហៀប​នឹង​សម្រាល​កូន។ មិន​ត្រឹម​តែ​ពិភព‌លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យើង ដែល​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ចិត្ត ទាំង​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់ប្រោស​យើង​ឱ្យ​ទៅ​ជា​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ និង​លោះ​រូប​កាយ​យើង​ទាំង​ស្រុង​ដែរ។

បន្ទរ៖ ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!។
—ព្រះអង្គ​បាន​រំដោះ​ជីវិត​ខ្ញុំ​ឱ្យ​រួច​ពី​រណ្ដៅ។

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ធម ១,៩)

ព្រះជាម្ចាស់បានសង្គ្រោះយើង និងបានត្រាស់ហៅយើងឱ្យមកធ្វើជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្តនោះទេ គឺស្របតាមគម្រោងការ និងស្របតាមព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រទានមកយើងក្នុងអង្គព្រះយេស៊ូគ្រីស្ត តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។

បន្ទរ៖ ព្រះអង្គ​ដឹក​នាំ​ពួក​គេ​យ៉ាង​សុខ‌សាន្ត ឥត​ភ័យ​ខ្លាច​អ្វីឡើយ។
—ព្រះ‌អង្គ​នាំ​ពួក​គេ​ទៅ​កាន់​ទឹក​ដី​ដ៏‌វិសុទ្ធ។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាព និងធម៌មេត្តាករុណា ! ព្រះអង្គប្រទានព្រះអំណោយទានដល់អស់អ្នកជឿ ឱ្យគោរពបម្រើ និងកោតសរសើរព្រះអង្គ។ សូមព្រះអង្គមេត្តាការពារយើងខ្ញុំកុំឱ្យជំពប់ជើងដួល នៅពេលយើងខ្ញុំរូតរះទៅទទួលជីវិតថ្មី ដែលព្រះអង្គបានសន្យា។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!