១២ មិថុនា ២០២៦

Written on 23/02/2026
Mary Siya Khim

ព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូ

(បុណ្យឱឡារិក)

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៨

ចម្រៀងនៃភាពរីករាយក្នុងការសង្រ្គោះ

ព្រះអង្គហ្នឹងហើយជា​ “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល​ បាន​ត្រឡប់​មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” (កក ៤,១១)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ប្រជារាស្ដ្រ​យើង​អើយ ! តើ​យើង​បាន​ធ្វើអ្វីខ្លះ​ដល់​អ្នក? តើ​យើង​បាន​ធ្វើអ្វីឱ្យ​អ្នក​ធុញទ្រាន់? ចូរ​ឆ្លើយ​មក​យើង​មើល៍!

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ចិត្តខ្ញុំ​ប្រេះ​ឆា ឆ្អឹង​របស់ខ្ញុំ​រញ្ជួយ​ញាប់‌ញ័រ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។

(ក)

ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ប្រកាសឡើងថា
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់
ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឱ្យខ្ញុំមានសេរីភាព។

ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយ
តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត?

ដោយព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយខ្ញុំ
ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។

ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើមនុស្ស។

ផ្ញើជីវិតលើព្រះអម្ចាស់ នោះប្រសើរជាងទុកចិត្តលើអ្នកធំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(ខ)

(បទពាក្យ ៧)​

១០- ជនជាតិដទៃអ្នកប្រឆាំង បានឡោមព័ទ្ធពាំងលើរូបខ្ញុំ  
  តែដោយព្រះម្ចាស់អំណាចធំ ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ
១១- គេបានរោមជិតរឹតឡោមព័ទ្ធ ចង់ចូលសង្កត់ឱ្យខ្ញុំប្រែ  
  តែដោយព្រះអម្ចាស់មើលថែ ជួយប្រយុទ្ធដែរខ្ញុំបានជ័យ
១២- វាមកឡោមព័ទ្ធខ្ញុំជុំជិត ដូចជាហ្វូងឃ្មុំច្រើនដាសដី  
  តែវាត្រូវឆេះដូចភ្លើងព្រៃ ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ
១៣- ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ  
  រកឱ្យព្រះជួយឆាប់រហ័ស ពេលនោះព្រះម្ចាស់ទ្រង់យាងមក
១៤- ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក  
  មានព្រះនាមព្រះផុតទុក្ខសោក ព្រះអង្គចេញមកច្បាំងការពារ
១៥- មនុស្សសុចរិតចិត្តអង់អាច មិនចេះកោតខ្លាចស្រែកគ្រប់គ្នា  
  ច្រៀងថ្វាយព្រះអង្គមានឫទ្ធា សម្ដែងចេស្តាអានុភាព
១៦- ព្រះអង្គសម្ដែងបារមីខ្ពស់ ប្រសើរលើសលស់មិនទន់ទាប  
  ព្រះអង្គបង្ហាញឱ្យគេជ្រាប ឫទ្ធានុភាពអស្ចារ្យក្រៃ
១៧- ខ្ញុំត្រូវនៅរស់មានជីវិត មិនត្រូវស្លាប់ផុតចាកលោកីយ៍  
  ដើម្បីរៀបរាប់ពីសេចក្តី ស្នាព្រះហស្តថ្លៃព្រះអម្ចាស់
១៨- ព្រះអង្គប្រដៅវាយអប់រំ ទះតប់រូបខ្ញុំប្រាកដណាស់  
  តែទ្រង់ស្រឡាញ់មិនឱ្យប្រាស មិនឱ្យមានគ្រោះឬត្រូវស្លាប់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(គ)

១៩ ចូរនាំគ្នាបើកទ្វារនៃសេចក្ដីសុចរិតឱ្យខ្ញុំ
ដើម្បីខ្ញុំចូលទៅលើកតម្កើងព្រះអម្ចាស់។
២០
នេះនែ៎ ទ្វារដែលនាំចូលទៅរកព្រះអម្ចាស់
មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។
២១
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានឆ្លើយតបមកទូលបង្គំ
ព្រះអង្គបានសង្គ្រោះទូលបង្គំ។
២២
ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល
បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។
២៣
ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ
យើងក៏បានឃើញ ហើយស្ងើចសរសើរផង។
២៤
ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក
យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ!
២៥
ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ!
ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ!
២៦
សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់
យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។
២៧
មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ
ព្រះអង្គបានប្រទានពន្លឺឱ្យយើង
ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែរជាក្បួនរហូតដល់ជ្រុងអាសនៈ
២៨
ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ!
២៩
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ប្រជារាស្ដ្រ​យើង​អើយ ! តើ​យើង​បាន​ធ្វើអ្វីខ្លះ​ដល់​អ្នក? តើ​យើង​បាន​ធ្វើអ្វីឱ្យ​អ្នក​ធុញទ្រាន់? ចូរ​ឆ្លើយ​មក​យើង​មើល៍ !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣១,២-៤ក)

ព្រះ‌អម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា៖ «នៅ​វាល​រហោស្ថាន យើង​បាន​សម្ដែង​ការ​ប្រណី​សន្ដោស​ដល់ប្រជាជន​ដែល​សេសសល់​ពី​ស្លាប់​ក្នុង​ចម្បាំង ហើយ​អ៊ីស្រា‌អែល​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។ ពួក​គេ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សម្ដែង​ព្រះ‌អង្គឱ្យ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​ខ្ញុំ​ថា “យើង​ស្រឡាញ់​អ្នក ដោយ​ចិត្ត​ស្រឡាញ់ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាក់‌ទាញ​ចិត្ត​អ្នក ព្រោះ​យើង​ជំពាក់​ចិត្ត​នឹង​អ្នក​យ៉ាង​ខ្លាំង។ នាង​ព្រហ្មចារីអ៊ីស្រា‌អែល​អើយ! យើង​នឹង​ស្អាង​នាង​ឱ្យ​មាំ‌មួន​ឡើង​វិញ។

បន្ទរ៖ ចូរ​ទៅ​ដង​ទឹក​ពី​ប្រភព​នៃ​ការ​សង្គ្រោះ​នេះ
—ដោយ​អំណរ​សប្បាយ​ដ៏​លើស‌លប់។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ចិត្តខ្ញុំ​ប្រេះ​ឆា ឆ្អឹង​របស់ខ្ញុំ​រញ្ជួយ​ញាប់‌ញ័រ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣២,៤០)

យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​ជា​មួយ​ពួក​គេ។ យើង​នឹង​មិន​បែរ​ចេញ​ពី​ពួក​គេ​ទៀត​ទេ យើង​នឹង​ផ្តល់​សេចក្ដីសុខ​ឱ្យ​ពួក​គេ​រហូត យើង​នឹង​ឱ្យ​ពួក​គេ​កោត​ខ្លាច​យើង​ដោយ​ចិត្ត​ស្មោះ ដើម្បី​កុំ​ឱ្យ​ពួក​គេ​ងាក​ចេញ​ពី​យើង។

បន្ទរ៖ ទូល‌បង្គំសង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូល‌បង្គំ តែ​គ្មាន​នរណា​ម្នាក់​ អាណិត​សោះ!
—ទូលបង្គំសង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំ តែ​រក​មិន​បានឡើយ!

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៥,៨-៩)

រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​បាន​បង្ហាញ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ​ចំពោះ​យើង គឺ​ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។ ឥឡូវ​នេះ បើ​ព្រះ‌ជាម្ចាស់ប្រោស​យើង​ឱ្យ​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ដ​យ៉ាង​ហ្នឹង​ទៅ​ហើយ ព្រះ‌អង្គ​រឹត​តែ​សង្គ្រោះ​យើង​ឱ្យ​រួច​ពី​ព្រះ‌ពិរោធ ដោយ‌សារ​ព្រះ‌គ្រីស្ដ​ថែម​ទៀត​ជា​ពុំ‌ខាន។

បន្ទរ៖ លោក​ត្រូវ​គេ​ចាក់​ទម្លុះ ព្រោះ​តែ​ការ​បះ‌បោរ​របស់​យើង
—ដោយ‌សារ​ស្នាម​របួស​របស់​លោក យើង​ក៏​បាន​ជា​សះ‌ស្បើយ។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យរបស់ព្រះបុត្រា និងនឹករឭកដល់សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គសម្រាប់យើងខ្ញុំ។ សូមព្រះអង្គប្រណីសន្តោសយើងខ្ញុំដោយបង្ហូរព្រះអំណោយទាន តាមមុខរបួសព្រះបេះដូងរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!