២១ ឧសភា ២០២៦

Written on 11/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៧ ថ្ងៃព្រហស្បតិ៍

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,១១៣-១២០

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

១១៣ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ
តែទូលបង្គំស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គ។
១១៤
ព្រះអង្គជាជម្រក និងជាខែលការពារទូលបង្គំ
ទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
១១៥
មនុស្សអាក្រក់អើយ! ចូរនាំគ្នាចេញឱ្យឆ្ងាយពីខ្ញុំទៅ!
ទុកឱ្យខ្ញុំប្រតិបត្តិតាមធម្មវិន័យនៃព្រះរបស់ខ្ញុំ!
១១៦
សូមព្រះអង្គជួយគាំទ្រទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ
ដើម្បីឱ្យទូលបង្គំមានជីវិត
សូមកុំឱ្យសេចក្តីសង្ឃឹមរបស់ទូលបង្គំ ប្រែទៅជាខកចិត្តឡើយ។
១១៧
សូមធ្វើជាបង្អែកសម្រាប់ទូលបង្គំ ដើម្បីឱ្យទូលបង្គំបានរួចជីវិត
ហើយផ្ចង់ចិត្តទៅរកក្រិត្យវិន័យរបស់ព្រះអង្គជានិច្ច។
១១៨
ព្រះអង្គបោះបង់ចោលអស់អ្នក
ដែលវង្វេងចេញឆ្ងាយពីក្រិត្យវិន័យរបស់ព្រះអង្គ
ដ្បិតអ្វីៗដែលពួកគេធ្វើ សុទ្ធតែជាការបោកបញ្ឆោត។
១១៩
ព្រះអង្គផាត់មនុស្សអាក្រក់ទាំងប៉ុន្មាននៅលើផែនដីចោល ដូចកម្ទេចសម្រាម
ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ដំបូន្មានរបស់ព្រះអង្គ។
១២០
រូបកាយទូលបង្គំភ័យញាប់ញ័រ ដោយកោតខ្លាចព្រះអង្គ
ទូលបង្គំគោរពកោតខ្លាចសេចក្តីដែលព្រះអង្គបានសម្រេច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៧៩,១-៥.៨-១១.១៣

សំណោកក្រុង​យេរូ‌សាឡឹម

«យេរូ‌សាឡឹម​អើយ! គួរ​ឲ្យ​ស្ដាយ​ពេក នៅ​ថ្ងៃ​នេះ
អ្នក​ពុំ​បាន​យល់ហេតុ‌ការណ៍​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​មក​អ្នក​សោះ (លក ១៩,៤២)។

(បទពាក្យ ៧)

១- បពិត្រព្រះជាអម្ចាស់អើយ ជនជាតិទាំងឡាយចូលឈ្លានពាន  
  វិហារវិសុទ្ធត្រូវរុករាន សាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទីរ
២- សាកសពអ្នកបម្រើព្រះអង្គ ត្រូវគេបោះបង់ឱ្យសត្វស៊ី  
  សាកសពអ្នកជឿពេញធរណី ត្រូវតិរច្ឆានស៊ីជាអាហារ
៣- គេបានសម្លាប់ប្រជាជន ជុំវិញទីក្រុងគ្មានមេត្តា  
  ឈាមរាស្ត្រហូរក្រាលពសុធា ចាស់ក្មេងមរណាគ្មានអ្នកកប់
៤- អ្នកស្រុកជិតខាងនាំគ្នាជេរ ប្រមាថឥតល្ហែគេលែងរាប់  
  គេសើចចំអកឡកឡឺយសព្វ រូបខ្ញុំគេស្អប់គេមើលងាយ
៥- ឱ ព្រះជាម្ចាស់ទូលបង្គំ ម្តេចទ្រង់សំងំដូចជិនណាយ  
  តើថ្ងៃណាទៅទើបទ្រង់ស្រាយ ពិរោធឱ្យឆ្ងាយមកស្រោចស្រង់
៨- សូមកុំចាប់ទោសយកកំហុស ព្រោះបុព្វបុរសខ្ញុំតែម្តង  
  មេត្តាលើកទោសកំហុសឆ្គង អាណិតខ្ញុំផងដ្បិតលិចលង់
៩- ឱព្រះជាម្ចាស់ព្រះសង្គ្រោះ សូមទ្រង់យាងចុះកុំបង្អង់  
  ដោយយល់សិរីដ៏រឿងរុង មេត្តាព្រះអង្គជួយផងណា
១០- ហេតុអ្វីបានជាទ្រង់បណ្តោយ ជាតិផ្សេងៗឱ្យមកពោលថា  
  តើព្រះគេនោះនៅឯណា សូមទ្រង់មេត្តាដាក់ទោសចុះ
១១- សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួច លាន់ឮក្រលួចគួរស្រណោះ  
  សូមប្រើបារមីជួយរំដោះ អ្នកដែលមានទោសដល់មរណា
១៣- ឯពួកយើងខ្ញុំដែលជារាស្ត្រ ដូចចៀមទាំងអស់របស់ទ្រង់  
  នាំគ្នាតម្កើងលើកព្រះអង្គ អស់កល្បយូរលង់អង្វែងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ៨០

ឱព្រះអម្ចាស់អើយ! សូមយាងមកថែទាំចម្ការទំពាំងបាយជូររបស់ព្រះអង្គ!

ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក! (វវ ២២,២០)។

ឱព្រះជាម្ចាស់ដែលជាគង្វាលនៃជនជាតិអ៊ីស្រាអែលអើយ! សូមមេត្តាព្រះសណ្តាប់យើងខ្ញុំផង
ព្រះអង្គតែងដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម
ព្រះអង្គគង់នៅលើពួកខេរូប៊ីម! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ

សូមសម្តែងព្រះចេស្តាឱ្យកុលសម្ពន្ធអេប្រាអ៊ីម បេនយ៉ាមីន និងមាណាសេឃើញ
សូមយាងមកសង្គ្រោះយើងខ្ញុំផង!

ឱព្រះជាម្ចាស់អើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!

បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! តើព្រះអង្គទ្រង់ព្រះពិរោធ
មិនព្រមស្តាប់ពាក្យអង្វរប្រជារាស្ត្រព្រះអង្គដល់កាលណាទៀត?

ព្រះអង្គធ្វើឱ្យយើងខ្ញុំសោកសង្រេងឥតស្រាកស្រាន្ត ឱ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។

ព្រះអង្គធ្វើឱ្យប្រជាជាតិជិតខាង ឈ្លោះគ្នាដណ្តើមយកទឹកដីយើងខ្ញុំ
ខ្មាំងសត្រូវចំអកឡកឡឺយដាក់យើងខ្ញុំ។

ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ!
សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស
នោះយើងខ្ញុំនឹងបានរួចជីវិត!។

ព្រះអង្គបានគាស់ដើមទំពាំងបាយជូរពីស្រុកអេស៊ីបមក
ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី
ហើយយកទំពាំងបាយជូរនោះមកដាំជំនួស។
១០
ព្រះអង្គឆ្ការដីយ៉ាងស្អាត ដើម្បីឱ្យដើមទំពាំងបាយជូរនោះចាក់ឫស
ហើយដុះពាសពេញនៅក្នុងស្រុក
១១
ម្លប់នៃទំពាំងបាយជូរនោះគ្របដណ្តប់ទៅលើភ្នំនានា
ហើយមែករបស់វាគ្របទៅលើដើមគគីរដ៏ខ្ពស់ៗ។
១២
ដើមទំពាំងបាយជូរបែកមែកសាខារហូតទៅដល់សមុទ្រ
ហើយមានពន្លកលាស់ចេញមករហូតទៅដល់ទន្លេអឺប្រាត។
១៣
ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការទំពាំងបាយជូរនេះ
បណ្តាលឱ្យអស់អ្នកធ្វើដំណើរកាត់តាមនោះ នាំគ្នាបេះផ្លែដូច្នេះ?
១៤
ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ
សត្វនានានៅទីវាល ក៏នាំគ្នាស៊ីដើមទំពាំងបាយជូរនេះដែរ។
១៥
ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមយាងមកវិញ!
សូមទតមើលពីស្ថានបរមសុខមក!
សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
១៦
សូមការពារចម្ការទំពាំងបាយជូរដែលព្រះអង្គបានដាំ
ដោយបារមីរបស់ព្រះអង្គផ្ទាល់
គឺបុត្រដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង!
១៧
សូមឱ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ
និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ
ត្រូវវិនាសសូន្យ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។
១៨
សូមដាក់ព្រះហស្តលើស្តេច ដែលគង់នៅខាងស្តាំព្រះអង្គ
គឺលើបុត្រមនុស្ស ដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង។
១៩
យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយ
សូមប្រោសប្រទានឱ្យយើងខ្ញុំរស់រានមានជីវិតឡើងវិញផង
នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។
២០
ឱព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូលអើយ!
សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស
នោះយើងខ្ញុំនឹងបានរួចជីវិត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១២,១៣)

យើង​ទាំង​អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា​ក្តី សាសន៍​ក្រិក​ក្តី អ្នក​ងារ​ក្តី អ្នក​ជា​ក្តី ក៏​យើង​បាន​ទទួល​ពិធី​ជ្រមុជក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ ដើម្បី​ផ្សំ​គ្នា​ឡើង​ជា​ព្រះ‌កាយ​តែ​មួយ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ព្រះ‌វិញ្ញាណ​តែ​មួយ​ដែរ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទត ៣,៥ខ-៧)

ព្រះ‌អង្គ​សង្គ្រោះ​យើង ដោយ​លាង​ជម្រះ​យើង​ឲ្យ​បាន​កើត​ជា​ថ្មី និង​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ ព្រះ‌អង្គ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​យ៉ាង​បរិបូណ៌ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌សង្គ្រោះ​របស់​យើង ដើម្បីឲ្យ​យើង​បាន​សុចរិត ដោយ‌សារ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ និង​ឲ្យ​យើង​បាន​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច​ជា​មត៌ក តាម​សេចក្ដីសង្ឃឹម​របស់​យើង។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ១,១២-១៤)

ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្ត​រីក‌រាយ ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន មាន​សមត្ថ‌ភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធនៅ​ក្នុង​ពន្លឺ។ ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដីងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យនៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះ‌អង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។

បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា ! សូមឱ្យព្រះវិញ្ញាណព្រះអង្គយាងមកសណ្ឋិតលើយើងខ្ញុំដោយឫទ្ធានុភាព ដើម្បីឱ្យយើងខ្ញុំពោរពេញដោយព្រះអំណោយទានព្រះអង្គ។ សូមព្រះវិញ្ញាណធ្វើឱ្យដួងចិត្តយើងខ្ញុំបានគាប់ព្រះហឫទ័យព្រះអង្គ និងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើតាមព្រះហឫទ័យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!