១៦ ឧសភា ២០២៦

Written on 10/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៦ ថ្ងៃសៅរ៍

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៨១-៨៨

ទូល‌បង្គំទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

៨១ ទូល‌បង្គំទន្ទឹង​រង់‌ចាំ​មើល​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំរង់‌ចាំ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។
៨២
ទូល‌បង្គំ​ខំប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ
ទូលបង្គំពោលថា “តើដល់ពេលណាទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?” ។
៨៣
ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ
តែទូលបង្គំមិនបំភ្លេចក្រិត្យវិន័យរបស់ព្រះអង្គឡើយ។
៨៤
តើទូលបង្គំត្រូវរង់ចាំដល់ពេលណាទៀត
ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នកដែលបៀតបៀនទូលបង្គំ?
៨៥
មនុស្សអួតបំប៉ោងមិនគោរពតាមវិន័យរបស់ព្រះអង្គទេ
គេនាំគ្នាជីករណ្តៅ ដើម្បីឱ្យទូលបង្គំធ្លាក់។
៨៦
វិន័យរបស់ព្រះអង្គទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់
សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយគ្មានហេតុផល។
៨៧
នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឱ្យវិនាសសូន្យ
ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលច្បាប់របស់ព្រះអង្គឡើយ។
៨៨
សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណា
ទូលបង្គំនឹងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៦១

ពាក្យអធិដ្ឋានរបស់ជនភៀសខ្លួន

ពាក្យអធិដ្ឋានរបស់មនុស្សសុចរិត ដែលផ្ញើសេចក្តីសង្ឃឹមលើអ្វីៗនៅស្ថានបរមសុខ (សន្តហ៊ីលឡារី)។

(បទកាកគតិ)

២- ឱព្រះម្ចាស់អើយ កុំគង់ព្រងើយ សូមព្រះសណ្តាប់
  យកព្រះទ័យទុក ដាក់ហើយត្រង់ត្រាប់ ពាក្យអង្វរគាប់
    ទូលបង្គំផង
៣- ពេលខ្ញុំនៅឆ្ងាយ សន្លឹមអន្លាយ ហាក់អស់កម្លាំង
  ខ្ញុំស្រែកហៅរក ព្រះនាមព្រះអង្គ សូមដឹកនាំខ្ញុំ
    ទៅកាន់ថ្មខ្ពស់
៤- ព្រះអង្គជាទី ជម្រករមណី រឹងមាំឥតមោះ
  ជាប៉មមាំមួន ជាកំពែងខ្ពស់ ព្រះជាអម្ចាស់
    តទល់សត្រូវ
៥- ទូលបង្គំចង់ រស់និត្យនៅក្នុង ពន្លាពេកកូវ
  របស់ព្រះអង្គ រហូតតទៅ ហើយសូមក្រាបនៅ
    ក្រោមម្លប់ព្រះអង្គ
៦- ឱព្រះម្ចាស់អើយ ព្រះអង្គនេះហើយ តែងស្តាប់ពាក្យខ្ញុំ
  ព្រះអង្គប្រទាន មកទូលបង្គំ មរតកដ៏ធំ
    បម្រុងទុកឱ្យ
៧- សូមទ្រង់ប្រទាន ព្រះរាជាមាន ជន្មាមិនថយ
  អាយុយឺនយូរ សតវត្សទៅក្រោយ ជាម្លប់ផ្តល់ឱ្យ
    ប្រជាប្រុសស្រី
៨- សូមមហាក្សត្រ គ្រងរាជ្យរហូត ក្រោមភក្ត្រម្ចាស់ថ្លៃ
  រហូតតទៅ ដោយព្រះហឫទ័យ មេត្តាប្រណី
    ករុណាស្មោះស្ម័គ្រ
៩- ខ្ញុំនឹងតម្កើង ព្រះម្ចាស់ខ្ពស់ឡើង រាល់ថ្ងៃឥតអាក់
  ឥតឈប់ឥតឈរ ឱ្យសមនឹងពាក្យ សន្យាលាយល័ក្ខណ៍
    ចំពោះព្រះអង្គ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

ទំនុកតម្កើងលេខ ៦៤

ពាក្យអធិដ្ឋានទូលអង្វរប្រឆាំងនឹងខ្មាំងសត្រូវ

ទំនុកតម្កើងនេះ រំឭកជាពិសេសបំផុត ស្តីអំពីទុក្ខលំបាករបស់ព្រះអម្ចាស់នៃយើង (សន្តអូគូស្ទីន)។

ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ទំនួញរបស់ទូលបង្គំ
ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។

សូមការពារទូលបង្គំ ឱ្យរួចផុតពីការឃុបឃិតរបស់ជនពាល
សូមឱ្យទូលបង្គំរួចផុតពីកណ្តាប់ដៃរបស់មនុស្សអាក្រក់។

គេប្រើពាក្យសម្តីដូចដាវដ៏មុតស្រួច
ពួកគេចោលពាក្យសម្តីដូចគេចោលព្រួញ។

ពួកគេលួចប្រហារមនុស្សទៀងត្រង់
គេប្រហារមិនឱ្យដឹងខ្លួន ដោយមិនខ្លាចក្រែងអ្វីឡើយ។

ពួកគេនិយាយលើកទឹកចិត្តគ្នា ឱ្យប្រព្រឹត្តអំពើអាក្រក់
ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ទាំងពោលថា “គ្មាននរណាឃើញទេ!” ។

គេនាំគ្នាបង្កអំពើឧក្រិដ្ឋ ទាំងពោលថា
“ឥឡូវនេះ យើងរៀបចំផែនការរបស់យើងយ៉ាងល្អរួចរាល់ហើយ!។
គ្មាននរណាអាចយល់គំនិតអប្រិយ
នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!

ប៉ុន្តែ ព្រះជាម្ចាស់បានប្រហារពួកគេ
ដោយមិនឱ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។

ពាក្យសម្តីរបស់ពួកគេបានធ្វើឱ្យពួកគេវិនាស
អស់អ្នកដែលឃើញពួកគេនាំគ្នាគ្រវីក្បាល។
១០
មនុស្សលោកទាំងអស់នាំគ្នាកោតស្ញប់ស្ញែង
គេប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ
គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។
១១
សូមឱ្យមនុស្សសុចរិតមានអំណរសប្បាយ ព្រោះតែព្រះអម្ចាស់
សូមនាំគ្នាមកជ្រកកោននឹងព្រះអង្គ
សូមឱ្យអស់អ្នកដែលមានចិត្តទៀងត្រង់លើកតម្កើងព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៥,១០-១១)

បើ​ព្រះ‌ជាម្ចាស់​សម្រុះ‌សម្រួល​យើង​ឱ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​សោយ​ទិវង្គត ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ព្រះ‌អង្គ​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ព្រះ‌ជន្ម​របស់​ព្រះ‌បុត្រា​ថែម​ទៀត ជា​ពុំ‌ខាន។ មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា​អម្ចាស់​នៃ​យើង ដែល​ព្រះ‌អង្គ​បាន​សម្រុះ‌សម្រួល​ឱ្យ​យើង​ជា​នា​នឹង​ព្រះ‌ជាម្ចាស់​វិញ​នៅ​ពេល​នេះ។
 
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១៥,២០-២២)

ព្រះ‌គ្រីស្ត​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់។ បើ​មនុស្ស​លោក​ត្រូវ​ស្លាប់​ព្រោះ​តែ​មនុស្ស​ម្នាក់ គេ​ក៏​នឹង​រស់​ឡើង​វិញ​ដោយ‌សារ​មនុស្ស​តែ​ម្នាក់​ដែរ។ មនុស្ស​ទាំង​អស់​បាន​ស្លាប់​រួម​ជា​មួយ​លោក​អដាំយ៉ាង​ណា គេ​ក៏​នឹង​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​យ៉ាង​នោះ​ដែរ។
 
បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៥,១៤-១៥)

ដ្បិត​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត​បាន​ជំរុញ​យើង ដោយ​យើង​យល់​ឃើញ​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​សម្រាប់​មនុស្ស​ទាំង​អស់ នោះ​មនុស្ស​ទាំង​អស់​ក៏​ដូច​ជា​បាន​ស្លាប់​ដែរ។ ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឱ្យ​អស់​អ្នក​ដែល​មាន​ជីវិតលែង​រស់​សម្រាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សម្រាប់​ព្រះ‌អង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។
 
បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គអប់រំចិត្តគំនិតយើងខ្ញុំឱ្យចេះធ្វើអំពើល្អអស់មួយជីវិត ដោយរួមជាមួយព្រះគ្រីស្តជាព្រះបុត្រាព្រះអង្គ។ សូមព្រះអង្គប្រោសប្រណីឱ្យយើងខ្ញុំភ្ជាប់ចិត្តនឹងគម្រោងការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លងដែលនាំឱ្យជីវិតយើងខ្ញុំកាន់តែប្រសើរទៅៗ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !