១០ មេសា ២០២៦

Written on 20/01/2026
Mary Siya Khim

ថ្ងៃសុក្រ សប្តាហ៍បុណ្យចម្លង

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,២៥-៣២

ខ្ញុំជំពាក់ចិត្តនឹងដំបូន្មានព្រះអង្គ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ព្រះ‌គ្រីស្ដដែល​រស់​ឡើង​វិញ​នោះ ព្រះ‌អង្គ​លែង​សោយ​ទិវង្គត​ហើយ អាលេលូយ៉ា !

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត អាលេលូយ៉ា !

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ អាលេលូយ៉ា !

២៥
ទូលបង្គំធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង
សូមប្រោសឱ្យទូលបង្គំបានរស់
ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!។
២៦

ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!។
២៧

សូមជួយទូលបង្គំឱ្យយល់អំពីអត្ថន័យនៃច្បាប់របស់ព្រះអង្គ
ទូលបង្គំទើបនឹងសញ្ជឹងគិតអំពីការអស្ចារ្យដែលព្រះអង្គបានសម្តែង!។
២៨

ទូលបង្គំមានទុក្ខយំសោកសង្រេង
សូមលើកទឹកចិត្តទូលបង្គំឡើងវិញ 
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។
២៩

សូមនាំទូលបង្គំឱ្យចេញឆ្ងាយពីមាគ៌ាភូតភរនៃព្រះក្លែងក្លាយ
សូមប្រណីសន្តោសបង្រៀនធម្មវិន័យឱ្យទូលបង្គំស្គាល់ផង!
៣០

ទូលបង្គំប្តេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ
ទូលបង្គំសុខចិត្តធ្វើតាមសេចក្តីដែលព្រះអង្គសម្រេចមក។
៣១

ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ
ឱព្រះអម្ចាស់អើយ! សូមកុំឱ្យទូលបង្គំខកចិត្តឡើយ!
៣២

ទូលបង្គំយកចិត្តទុកដាក់នឹងដើរតាមមាគ៌ារបស់ព្រះអង្គ
ដ្បិតព្រះអង្គប្រោសចិត្តគំនិតទូលបង្គំឱ្យបានភ្លឺស្វាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៧៦

ពាក្យអរព្រះគុណសម្រាប់ជ័យជម្នះ

គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ (ម៉ាថាយ ២៤,៣០)។

(ក)

(បទពាក្យ ៧)

២- ព្រះម្ចាស់សម្តែងឱ្យគេស្គាល់ រូបព្រះអង្គផ្ទាល់នៅយូដា  
  ឯអ៊ីស្រាអែលល្បីអស្ចារ្យ ព្រះនាមនេះណាឮឆ្ងាយក្រៃ
៣- ព្រះពន្លាជ័យល្អប៉ប្រឹម យេរូសាឡឹមក្រុងល្បាញល្បី  
  ដំណាក់ព្រះអង្គដ៏ប្រិមប្រិយ៍ ស្ថិតនៅលើដីក្រុងស៊ីយ៉ូន
៤- គឺទីនោះហើយទ្រង់សម្រេច ព្រះអង្គកម្ទេចឱ្យហ្មត់សូន្យ  
  គ្រឿងសស្ត្រាវុធច្រើនរាប់ផ្លូន ធ្នូដាវមាំមួនកប់ក្នុងដី
៥- បពិត្រព្រះម្ចាស់ដ៏ឧត្តម ព្រះអង្គជិតជុំដោយសិរី  
  រុងរឿងចិញ្ចែងចិញ្ចាចក្រៃ ពេលត្រឡប់វៃមកពីភ្នំ
៦- ទ្រង់ដកអាវុធពីអ្នកច្បាំង គេហេវហត់ខ្លាំងស្ទើររលំ  
  ទាហានពូកែដេកសំងំ មិនមកជួបជុំលែងប្រយុទ្ធ
៧- ឱព្រះនៃលោកយ៉ាកុបអើយ ទ្រង់គំរាមហើយគេតក់ស្លុត  
  រទេះចំបាំងគាំងរហូត សេះដើរមិនរួចលែងអង់អាច
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(ខ)

បពិត្រព្រះអង្គ! ព្រះគួរជាទីស្ញែងខ្លាចណាស់!
ពេលព្រះអង្គព្រះពិរោធ  តើនរណាអាចទ្រាំឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន?

ព្រះអង្គមានព្រះបន្ទូលជំនំជំរះពីលើមេឃមក
មនុស្សម្នាលើផែនដី នៅស្ងៀមស្ងាត់ដោយកោតខ្លាច
១០

នៅពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យ
ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។
១១

ព្រះអង្គធ្វើឱ្យកំហឹងរបស់មនុស្សលោក
ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ
អស់អ្នកដែលនៅសេសសល់ពីសង្គ្រាម នឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
១២

អស់អ្នកដែលនៅជុំវិញព្រះអង្គអើយ!
ចូរបន់ស្រន់ចំពោះព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា 
ហើយលាបំណន់ផង!
ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច!
១៣

ព្រះអង្គបំបាក់អំនួតរបស់ស្តេចនានា
ព្រះអង្គធ្វើឱ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដី 
តក់ស្លុត ស្ញែងខ្លាចព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ព្រះ‌គ្រីស្ដដែល​រស់​ឡើង​វិញ​នោះ ព្រះ‌អង្គ​លែង​សោយ​ទិវង្គត​ហើយ អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ២,៣២.៣៦)

ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​យេស៊ូនេះ​ឱ្យ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។ ហេតុ​នេះ សូម​ឱ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូនេះ ដែល​បង‌ប្អូន​បាន​ឆ្កាង ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​លោក​ឡើង​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រីស្ដហើយ»។
 
បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា!
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជាម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​សុចរិត អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៣,២៧-២៨)

បង‌ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​ឱ្យ​បាន​រួម​ជា​មួយ​ព្រះ‌គ្រីស្ត បង‌ប្អូន​ក៏​មាន​ព្រះ‌គ្រីស្ត​នៅ​ជាប់​ជា​មួយ​ដែរ។ ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ត្រីទៀត​ដែរ គឺ​បង‌ប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​ព្រះ‌គ្រីស្ត‌យេស៊ូ។
 
បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា!
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា!

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៥,៧-៨)

សូម​បង‌ប្អូន​ជម្រះ​ខ្លួន​ឱ្យ​បរិសុទ្ធផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​ឱ្យ​បង‌ប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ ដ្បិត​គេ​បាន​សម្លាប់​ព្រះ‌គ្រីស្ត​ធ្វើជា​យញ្ញ‌បូជា​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចម្លងរួច​ស្រេច​ទៅ​ហើយ។ ហេតុ​នេះ យើង​ត្រូវ​ធ្វើពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំបុ័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើនំបុ័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ‌ត្រង់​របស់​យើង។
 
បន្ទរ៖ នេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក អាលេលូយ៉ា!
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គបានប្រទានការអាថ៌កំបាំងដ៏អស្ចារ្យនៃបុណ្យចម្លងដល់យើងខ្ញុំ ដើម្បីសម្រុះសម្រួលជាមួយមនុស្សលោកក្នុងសម្ពន្ធមេត្រីរបស់ព្រះអង្គ។ សូមព្រះអង្គមេត្តារៀបចំចិត្តគំនិតរបស់យើងខ្ញុំ ឱ្យយើងខ្ញុំប្រព្រឹត្តគ្រប់កិច្ចការស្របតាមជំនឿ ដែលយើងខ្ញុំប្រកាស។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
 
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!